គណបក្សប្រឆាំងនៅក្រៅប្រទេស បានធ្វើយុទ្ធនាការទាមទារទឹកដីពីថៃឈ្លានពាន ក្រោមសារថា មេដឹកនាំបក្សកាន់អំណាចមិនព្រមប្តឹងថៃ ជាសញ្ញាកាត់ទឹកដីឱ្យទៅថៃ ដើម្បីរក្សាអំណាច ដែលការណ៍នេះ ពួកគេ ឱ្យពលរដ្ឋចូលរួមបង្កើនសម្ពាធ ដើម្បីបុព្វហេតុជាតិ ។
យុទ្ធនាការនេះ ក៏ចំពេលដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បន្តអះអាងថា ខ្លួនកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះទង្វើឈ្លានពានរបស់ថៃ ចាប់ពីតាំងមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានរយៈជិត៣ខែមកនេះ។
តំណាងរាស្រ្តគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន កាលពីថ្ងៃទី២២ ខែមីនានេះ ធ្វើបទបង្ហាញពីបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងវេទិការសាធារណៈ ស្តីពី ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រទេសកូរ៉េខាងត្បូង។ លោកអះអាងថា វេទិការនេះ មានមន្ត្រីមកពីគណបក្សប្រឆាំង យុវជន និងពលរដ្ឋខ្មែរ ប្រមាណជាង ២០០នាក់ បានចូលរួមស្តាប់ និងចោទសួរ។
លោក អ៊ុំ សំអាន បាននិយាយថា តាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយថ្មីៗនេះ បានបង្ហាញថា ដីខ្មែរជាង៥០ទីតាំង ត្រូវបានថៃឈ្លានពាន ក្រោយមានបទឈប់បាញ់ ។
លោកបន្តថា បើទោះបីថៃពង្រីកការឈ្លានពានបែបនេះក្តី តែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារទឹកដីខ្មែរ យកត្រឡប់មកវិញទេ ។
លោកចោទថា ការណ៍នេះ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងព្យាយាមកាត់ដីខ្មែរឱ្យទៅថៃ ដើម្បីដូរយកសន្តិភាព និងអំណាច។
សម្រាប់ លោក អ៊ុំ សំអាន ការដែលមេដឹកនាំបក្សកាន់អំណាច មិនប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ដើម្បីទាមទារទឹកដី ដោយសារតែមេដឹកនាំ លោក ហ៊ុន សែន ជាប់ជំពាក់កាត់ដីឱ្យវៀតណាម តាមរយៈធ្វើសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨២ ៨៣ និង ៨៥ រំលោភកិច្ចព្រមព្រៀង២៣តុលា ដែលកិច្ចព្រមព្រៀងនេះត្រូវឱ្យមោគភាពចោល។
លើសពីនេះ លោកថា បើមេដឹកនាំបក្សាកាន់អំណាចប្រើកិច្ចព្រមព្រៀង ដើម្បីទាមទារដីខ្មែរដែលថៃឈ្លានពាន វានឹងរាលដាលដល់ផលប្រយោជន៍វៀតណាម ដែលវៀតណាមបានសម្រេចមហិច្ឆតាលេបទឹកដីខ្មែរ ជំនាន់ លោក ហ៊ុន សែន គ្រប់គ្រង។
បន្ថែមពីនេះ លោក អ៊ុំ សំអាន ឱ្យវីអូឌីដឹងនៅថ្ងៃទី២៣ខែមីនានេះថា ការដែលលោកទៅធ្វើបទបង្ហាញ នៅប្រទេសកូរ៉េ និងគ្រោងទៅប្រទេសជប៉ុន ពីបញ្ហាព្រំដែននេះ គឺក្នុងបំណងជំរុញឱ្យយុវជន និងពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បង្កើនសម្ពាធទៅរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យប្តឹងថៃ ដើម្បីទាមទារទឹកដីខ្មែរយកត្រឡប់មកវិញ។
មួយវិញទៀត លោកថា យុទ្ធនាការនេះ ក៏ចង់ពញ្ញាក់អារម្មណ៍ពលរដ្ឋខ្មែរ កុំឱ្យចាញ់បោកអ្នកនយោបាយដែលបង្កើតព្រឹត្តិការណ៍សប្បាយៗ ដើម្បីឱ្យពួកគេភ្លេចគិតពីការបាត់បង់ទឹកដី។
លោកថា៖ «ដូច្នេះយើងមកនេះ ដើម្បីផ្សព្វផ្សាយពីបញ្ហាព្រំដែនឱ្យពលរដ្ឋចូលរួមជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងប្តឹងថៃ ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយនិងប្តឹងថៃទៅកាន់សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ បើមិនចឹងទេ ទឹកដីយើងនឹងបាត់បង់ហើយ ប្រសិនបើខ្មែរយើងនៅតែស្ងាត់ស្ងៀម គឺត្រកូលហ៊ុនហ្នឹង សុខចិត្តកាត់ដីឱ្យថៃ ដើម្បីដូរយកសន្តិភាពនិងអំណាចហើយ»។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណ ដើម្បីសុំប្រតិកម្មតបចំពោះការលើកឡើងនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។ ប៉ុន្តែ កាលពីថ្ងៃទី២២ខែមីនានេះ លោកបានអះអាងថា រដ្ឋាភិបាលកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ។
លោកថា៖ «រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសកម្មភាពដែលកងកម្លាំងថៃធ្វើឱ្យមានការកែប្រែស្ថានភាពនៅលើដីជាក់ស្តែង ក្នុងតំបន់ដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់ ហើយធ្វើកំណត់ទូតតវ៉ាជាផ្លូវការនូវរាល់ទីតាំងទាំងអស់ ដែលកងកម្លាំងថៃប្រព្រឹត្តខុសពីកិច្ចព្រមព្រៀង ក្រោយពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។
លើសពីនេះ លោកថា ជាពិសេស សកម្មភាពកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរថៃ ដែលបានវាស់វែង និងបែងចែកដីចំនួន៣កន្លែងដល់ពលរដ្ឋរបស់ខ្លួន ក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧។
លោកគូសបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ឬទឹកដីណាមួយ តាមរយៈការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ ហើយថា កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ និងស្របច្បាប់របស់ខ្លួន ក្នុងការកំណត់ព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរ។
យ៉ាងណា សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែត ណាត ហៅការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះថា ជាការខុសឆ្គង។ ក្នុងន័យនេះ លោកពន្យល់ថា រដ្ឋាភិបាលមានកាតព្វកិច្ចការពារទឹកដី ទប់ស្កាត់សត្រូវឈ្លានពាន មិនមែនជាតួអង្គតានដានសត្រូវឈ្លានពាននោះទេ។
លោកថា តួអង្គតាមដានព្រឹត្តិការណ៍សង្គម អាចនិយាយបានថា ជាក្រុមអ្នកសារព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិល ចំណែករដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះមុខរដ្ឋធម្មនុញ្ញ និងរដ្ឋសភា ពីកាតព្វកិច្ចការពារបូរណភាពទឹកដី និងត្រូវប្តឹងថៃឱ្យដកកងទ័ពចេញពីទឹកដីកម្ពុជា មិនមែនជាអ្នកតាមដានការឈ្លានពានទេ។
លោកថា៖ «តាមដាន តាមឃ្លាំមើលយ៉ាងម៉េច តួនាទីអស់លោកជាអ្នកទទួលខុសត្រូវចំពោះមុខប្រជាជាតិ ត្រូវតែអនុវត្ត ត្រូវតែការពារឱ្យបាននូវដែនអធិបតេយ្យរបស់កម្ពុជា ប្រើពាក្យហ្នឹងខុសពីតួនាទីហើយ។[…]រឿងខ្លួនឯងបង្កើតអយុត្តិធម៌ដល់ជាតិទាំងស្រុងហើយ អត់ប្តឹងថៃផ្តល់យុត្តិធម៌ឱ្យវិញ ធ្វើម៉េចថៃគេផ្តល់ឱ្យយើង។ តែគេបំពានបានគេបំពានទៀតហើយ»។
ថ្មីៗនេះ ក្រសួងការបរទេសកម្ពុជា បានទម្លាយឱ្យដឹងពីការចេញលិខិតថ្មីមួយទៀត ប្រឆាំងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដោយសំអាងថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថៃបន្តឈ្លានពានដីខ្មែរមិនឈប់ជាច្រើនទីតាំង ជាពិសេសក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្រសួងនិយាយក្នុងសេចក្តីប្រកាសព័ត៌មានថ្មីមួយទៀត ចុះថ្ងៃទី១៧ខែមីនានេះថា កម្ពុជាប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ថៃ ដោយថាថៃបានកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ។
បើតាមក្រសួង តំបន់ដែលថៃបន្តឈ្លានពាន ក្រោយបទឈប់បាញ់ តំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។
នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងរូបសំណាកព្រះពុទ្ធផងដែរ។
នៅភូមិថ្មជូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ ព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅភាគខាងលិចនៃតំបន់ដំណាក់ស្តេច។
នៅតំបន់អានសេះ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន ព្រមទាំងលើកទង់ជាតិថៃ។ សកម្មភាពស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយអង្គ។
នៅតំបន់តាថាវ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួន នៅក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា រួមទាំង ម្តុំប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវ។
នៅតំបន់តាសឺម និងចាក់ច្រែង ខេត្តព្រះវិហារ ប្រដាប់អាវុធថៃបានឈូសឆាយដី និងសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន។
កម្ពុជាសង្កត់ធ្ងន់ថា កងកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗ ក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។
តំបន់ទាំងនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ ដោយផែនទីមាត្រដ្ឋាន១លើ២រយពាន់របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧៕









