ការឈ្លានពានតាមព្រំដែនពីសំណាក់ភាគីថៃ បានរុញច្រានឱ្យមានការប្រឈមមុខដាក់គ្នាដោយអាវុធយ៉ាងសាហាវបំផុត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយសារមហិច្ឆតារំលោភបំពានលើតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
ការផ្ទុះអាវុធនេះ បានចាប់ផ្តើមឡើងនៅបរិវេណប្រាសាទតាមន្តធំ ដែលជាទីតាំងថៃតែងតែព្យាយាមបកស្រាយផែនទីសម័យអាណានិគមខុសពីការពិត ដើម្បីដណ្ដើមយកដីខុសច្បាប់។ បើទោះជាមានការព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែមិនព្រមដោះស្រាយបញ្ហាដែនដីឱ្យបានត្រឹមត្រូវ ដែលនាំឱ្យមានការវាយប្រហារឈ្លានពានសារជាថ្មីកាន់តែធ្ងន់ធ្ងរនៅក្នុងខែធ្នូ ឆ្នាំ២០២៥។
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ បើទោះជាមានការឈប់បាញ់គ្នាក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅតែតានតឹង និងមិនទុកចិត្តគ្នាឡើយ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាបានតវ៉ាជាផ្លូវការប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ ដែលបានសាងសង់ផ្លូវ និងសំណង់បេតុងពីប្រាសាទខ្នារ ឆ្ពោះមកតំបន់ប្រាសាទតាក្របីក្នុងទឹកដីកម្ពុជា។
លើសពីនេះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក៏មានសេចក្តីរាយការណ៍ថា ភាគីថៃបានវាស់វែង និងចែកដីឱ្យពលរដ្ឋខ្លួននៅភូមិជោគជ័យ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាតាមផែនទីខ្នាត ១លើ២រយពាន់(១/២០០ ០០០) នៃសន្ធិសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ជាការឆ្លើយតប ថៃបានប្រកាសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ថាខ្លួននឹងចាប់ផ្តើមសាងសង់ជញ្ជាំង និងរបងអេឡិចត្រូនិកបំពាក់កាមេរ៉ាសុវត្ថិភាពតាមព្រំដែននៅខែមេសា ឆ្នាំ២០២៦ ដើម្បីការពារដែនដីដែលខ្លួនបានឈ្លានពានកន្លងមក។
ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតនៃការឈ្លានពាននេះ គឺការសម្រុកត្រឡប់មកវិញយ៉ាងច្រើនសន្ធឹកសន្ធាប់នៃពលករកម្ពុជា។ យោងតាមរបាយការណ៍របស់អង្គការ សង់ត្រាល់ (CENTRAL) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ចន្លោះខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៥ មានពលករយ៉ាងហោចណាស់ ៩០ម៉ឺននាក់ ( ៩០០,០០០ នាក់)បានភៀសខ្លួនចេញពីថៃ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីសម័យកូវីដ-១៩។ ការត្រឡប់មកវិញនេះ បណ្តាលមកពីការភ័យខ្លាចការធ្វើទុក្ខបុកម្នេញ ការបិទព្រំដែនភ្លាមៗ និងពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលនឹងរឹបអូសដីធ្លី ឬលុបសញ្ជាតិ ប្រសិនបើពួកគេមិនព្រមត្រឡប់មកផ្ទះវិញ។
របាយការណ៍ដដែលនេះ ក៏បានបង្ហាញថា ការត្រឡប់មកវិញមានតម្លៃថ្លៃខ្លាំង និងតម្រូវឱ្យពលករចំណាយលុយផ្ទាល់ខ្លួនទាំងអស់។ ពលករបានរាយការណ៍ថា ពួកគេត្រូវចំណាយចន្លោះពី ៥០០ ទៅ ៥០០០ បាត (ប្រហែល ១៥ ទៅ ១៥៥ ដុល្លារ) ដើម្បីឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិដូង ដែលជាច្រកតែមួយគត់ដែលបើកក្នុងអំឡុងពេលជម្លោះផ្ទុះឡើងខ្លាំងក្នុងខែកក្កដា។ បញ្ហានេះ បានបណ្តាលឱ្យពលករប្រហែល ៨% ត្រូវជំពាក់បំណុលថ្មីថែមទៀត។
គិតត្រឹមខែមីនា ឆ្នាំ២០២៦ ស្ថានភាពការងារបានធ្លាក់ចុះដល់ចំណុចអាក្រក់បំផុត បន្ទាប់ពីថៃបានហាមឃាត់មិនឱ្យពលករកម្ពុជាថ្មីចូលក្នុងប្រទេសដោយសារបារម្ភពីសន្តិសុខជាតិ ដែលធ្វើឱ្យការធ្វើចំណាកស្រុកធ្លាប់ជាប្រភពចំណូលដ៏សំខាន់ត្រូវជាប់គាំងទាំងស្រុង។
យោងតាមរបាយការណ៍មួយទៀតរបស់អង្គការសង់ត្រាល់ ស្តីពី «ពីគោលនយោបាយទៅជាការអនុវត្ត» ចេញផ្សាយក្នុងខែមីនា ឆ្នាំ២០២៦ ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកត្រឡប់មកវិញបង្ហាញពីភាពងាយរងគ្រោះយ៉ាងខ្លាំង។
ការអង្កេតលើអ្នកត្រឡប់មកវិញចំនួន ៥២៧ នាក់ ក្នុង ១១ ខេត្ត រកឃើញថា លំហូរចូលនៃមនុស្សយ៉ាងច្រើននេះ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចនៅតាមជនបទ។ ក្នុងចំណោមអ្នកត្រឡប់មកវិញទាំងនោះ ស្ត្រីមានចំនួន ៥១% ហើយភាគច្រើនដល់ទៅ ៨៣% គឺជាអ្នកមានគ្រួសារ ដែលត្រូវទទួលបន្ទុកចិញ្ចឹមសមាជិកក្នុងផ្ទះពី ៤ ទៅ ៥ នាក់។
របាយការណ៍ខែមីនា ឆ្នាំ២០២៦ របស់អង្គការសង់ត្រាល់ បានបញ្ជាក់ថា អ្នកត្រឡប់មកវិញដល់ទៅ ៧០% បានទៅរស់នៅតាមខេត្តជាប់ព្រំដែន ដូចជាបន្ទាយមានជ័យ និងបាត់ដំបង ដែលជាកន្លែងកំពុងខ្វះខាតជំនួយយ៉ាងខ្លាំង។ ក្នុងចំណោមអ្នកឆ្លើយសំណួរ ជិត ៧០% មិនបានទទួលជំនួយអ្វីទាល់តែសោះ ហើយអ្នកដែលទទួលបានខ្លះ ភាគច្រើនគឺជាស្បៀងអាហារ និងការដឹកជញ្ជូនពីរដ្ឋាភិបាលប៉ុណ្ណោះ។ បញ្ហាធំមួយទៀត គឺការរកការងារធ្វើ ព្រោះទោះបីជាក្រសួងការងារ បានប្រកាសផ្ដល់ការងារប្រហែល ១៩ម៉ឺនកន្លែង(១៩០០០០) នៅភ្នំពេញក៏ដោយ ប៉ុន្តែអ្នកត្រឡប់មកវិញភាគច្រើនមានជំនាញខាងសំណង់ ឬកសិកម្ម ដែលមិនអាចយកទៅប្រើប្រាស់ក្នុងការងាររោងចក្របានឡើយ។
បំណុលបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ពលករដែលត្រឡប់មកវិញ។ របាយការណ៍របស់អង្គការ សង់ត្រាល់ ស្តីពី «ពីគោលនយោបាយទៅជាការអនុវត្ត» បានរកឃើញថា ៧១% នៃគ្រួសារអ្នកត្រឡប់មកវិញសុទ្ធតែមានបំណុល ដោយក្នុងនោះបំណុលជាមធ្យមក្នុងមួយគ្រួសារគឺ ៥ ៥០០ ដុល្លារ។ បញ្ហានេះគួរឱ្យបារម្ភខ្លាំងណាស់ ព្រោះក្រោយពេលត្រឡប់មកវិញ ពួកគាត់អាចរកចំណូលបានជាមធ្យមត្រឹមតែ ៦៤ ដុល្លារក្នុងមួយខែប៉ុណ្ណោះ ខណៈដែលការចំណាយប្រចាំខែជាមធ្យមមានរហូតដល់ ១៧៣ ដុល្លារ ដែលធ្វើឱ្យពួកគាត់មិនមានលទ្ធភាពសងបំណុលឡើយ។
ជាលទ្ធផល គ្រួសារដែលមានបំណុលដល់ទៅ ៨៥% មិនមានលទ្ធភាពបង់ប្រាក់ទាន់ពេលឡើយ ដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជា ការបាត់បង់ដីធ្លី កុមារត្រូវបោះបង់ការសិក្សាដើម្បីមកធ្វើការ និងការប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត។
យោងតាមរបាយការណ៍របស់អង្គការសង់ត្រាល់ដដែល សម្ពាធពីម្ចាស់បំណុលមីក្រូហិរញ្ញវត្ថុ ថែមទាំងបានបណ្តាលឱ្យមានការធ្វើអត្តឃាតកើនឡើងទៀតផង។ វិបត្តិបំណុលនេះ គឺជាបញ្ហាថ្នាក់ជាតិ ដ៏ធំមួយ ដោយសារកម្ពុជាមានបំណុលមីក្រូឥណទាន សម្រាប់មនុស្សម្នាក់ៗ ខ្ពស់ជាងគេបំផុតលើពិភពលោក ដែលគិតត្រឹមចុងឆ្នាំ២០២៥ មានគ្រួសារប្រហែល ៣លាន ៨សែនគ្រួសារ( ៣.៨ លាន) កំពុងជំពាក់កម្ចីខ្នាតតូចសរុបជាង ១៨ ពាន់លានដុល្លារ។
បញ្ហាដ៏អាក្រក់មួយទៀតនៃវិបត្តិឆ្នាំ២០២៥-២០២៦ គឺការអូសទាញអ្នកត្រឡប់មកវិញ ដែលអស់សង្ឃឹមឱ្យចូលក្នុងរបរឆបោកតាមអ៊ីនធឺណិត។ នៅពេលដែលគ្មានការងារស្របច្បាប់ធ្វើ ក្រុមឧក្រិដ្ឋជនដែលរស់នៅក្នុងបន្ទាយតាមតំបន់ព្រំដែន ដូចជាអូរស្មាច់ និងប៉ោយប៉ែត បានបង្កើនការជ្រើសរើសមនុស្សឱ្យចូលធ្វើការខុសច្បាប់។ គេប៉ាន់ប្រមាណថា របរឆបោកទាំងនេះ បង្កើតចំណូលបានរហូតដល់ទៅជាង ១២ពាន់លានដុល្លារ (១២.៥ ពាន់លានដុល្លារ)ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែលមួយភាគបួននៃសេដ្ឋកិច្ចផ្លូវការរបស់ប្រទេសកម្ពុជាទាំងមូល។
របាយការណ៍សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលមានចំណងជើងថា «A Wicked Problem» (បញ្ហាដ៏អាក្រក់មួយ) ចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបរាប់ពីវិបត្តិសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅតាមតំបន់ទាំងនេះ។ មនុស្សរាប់សែននាក់ ត្រូវបានគេបង្ខំឱ្យរស់នៅដូចជាទាសករ ដើម្បីធ្វើការឆបោកតាមអ៊ីនធឺណិត ដូចជា ការឆបោកយកប្រាក់គ្រីបតូ និងការឆបោកតាមរយៈមនោសញ្ចេតនាជាដើម។
នៅដើមខែមីនា ឆ្នាំ២០២៦ យោធាថៃ បានបង្ហាញទីតាំងឆបោកដែលត្រូវបានបោះបង់ចោលក្នុងតំបន់អូរស្មាច់ ដែលមានអគារដល់ទៅ ១៦០ និងធ្លាប់មានមនុស្សធ្វើការប្រហែល ២០,០០០ នាក់។ នៅទីនោះ គេបានរកឃើញបន្ទប់ដែលតុបតែងឱ្យដូចជាប៉ុស្តិ៍ប៉ូលីសសិង្ហបុរី អូស្ត្រាលី និងប្រេស៊ីល រួមទាំងមានឯកសណ្ឋានក្លែងក្លាយ ដើម្បីប្រើសម្រាប់បន្លំខ្លួនបោកប្រាស់តាមវីដេអូ។
នៅក្នុងទីតាំងឆបោកនោះ គេបានរកឃើញឯកសាររាយប៉ាយដែលមានព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះអន្តរជាតិជាច្រើន រួមទាំងបញ្ជីឈ្មោះ អាយុ និងចំនួនលុយក្នុងធនាគាររបស់ពលរដ្ឋជប៉ុនយ៉ាងលម្អិត។ បើទោះជាមានមនុស្សប្រហែល១០ម៉ឺននាក់(១០០០០០នាក់) ត្រូវបានដោះលែង ឬរត់រួចនៅដើមឆ្នាំ២០២៦ ដោយសារសម្ពាធអន្តរជាតិក៏ដោយ ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានព្រមានថា ពួកគេមិនទាន់ទទួលបានការជួយជ្រោមជ្រែងគ្រប់គ្រាន់ឡើយ។ អ្នកដែលរស់រានមានជីវិតទាំងនោះត្រូវបានទុកចោលឱ្យដើរស្វែងរកជំនួយដោយខ្លួនឯង ហើយខ្លះទៀតថែមទាំងប្រឈមនឹងការចាញ់បោកគេយកទៅលក់នៅកន្លែងឆបោកថ្មីៗផ្សេងទៀត។
តាមផ្លូវការទូត ទង្វើឈ្លានពានរបស់ថៃ បានបង្ហាញឱ្យឃើញពីចំណុចខ្សោយនៃយន្តការអាស៊ាន។ ដោយសារគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អាស៊ានមិនអាចឆ្លើយតបបានទាន់ពេល ដែលបណ្ដាលឱ្យការប៉ះទង្គិចគ្នាបន្តិចបន្តួច រីកធំទៅជាសង្គ្រាមពេញទំហឹង រហូតមានការបាញ់រ៉ុក្កែត និងប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារលើកម្ពុជា។ ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពដ៏ផុយស្រួយនេះ គឺត្រូវមានការចូលរួមជួយជ្រោមជ្រែងពីមហាអំណាចខាងក្រៅ ជាពិសេសសហរដ្ឋអាមេរិក និងចិន ទើបអាចសម្រុះសម្រួលគ្នាបាន។
ទោះជាយ៉ាងណាក៏ដោយ នៅខែកុម្ភៈ ឆ្នាំ២០២៦ មានការផ្លាស់ប្តូរថ្មី ដោយហ្វីលីពីនបានទទួលតំណែងជាអ្នកដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីម៉ាឡេស៊ី។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ រ៉ូមីអូ អេស ប្រោនណឺ ជូនៀ (Romeo S. Brawner Jr. ) អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានមកដល់កម្ពុជាដើម្បីត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពនៅតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។ បេសកកម្មចម្បងរបស់ក្រុមអ្នកសង្កេតការណ៍នេះ គឺដើម្បីធានាថា ភាគីទាំងពីរអនុវត្តតាមកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសគោលការណ៍ «នរណានៅទីណា ត្រូវរក្សានៅទីនោះ» ដើម្បីបង្កកទីតាំងទ័ព និងការពារកុំឱ្យមានការផ្ទុះអាវុធសារជាថ្មី។
ទោះបីជាមានការប្រឹងប្រែងទាំងនេះក៏ដោយ នយោបាយផ្ទៃក្នុងរបស់ថៃ នៅតែបន្តធ្វើឱ្យស្ថានភាពព្រំដែនមានភាពស្មុគស្មាញ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការពិសេសនៃព្រឹទ្ធសភាថៃបានប្រកាសថា ខ្លួននឹងបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ខាងមុខ ដើម្បីសម្រេចថាតើគួរលុបចោល MoU ឆ្នាំ២០០០ ស្តីពីព្រំដែនដីគោក និង MoU ឆ្នាំ២០០១ ស្តីពីព្រំដែនសមុទ្រ ឬយ៉ាងណា។ គណៈកម្មាធិការនេះ បានអះអាងថា ការលុបចោលកិច្ចព្រមព្រៀងទាំងនេះ នឹងបម្រើផលប្រយោជន៍ជាតិរបស់ថៃ ដោយសារពួកគេយល់ថាខ្លួនបានគ្រប់គ្រងតំបន់ជម្លោះភាគច្រើនដែលកម្ពុជាធ្លាប់កាន់កាប់វិញហើយ ដែលបញ្ហានេះធ្វើឱ្យការដោះស្រាយវិវាទជាអចិន្ត្រៃយ៍កាន់តែពិបាកទៅៗ។
ការផ្អាកកិច្ចពិភាក្សាលើតំបន់ទាមទារត្រួតគ្នា (OCA) ក្នុងឈូងសមុទ្រថៃ ក៏ជាផលប៉ះពាល់ដ៏ធំមួយនៃជម្លោះនេះដែរ។ តំបន់ត្រួតស៊ីគ្នាមានទំហំប្រមាណជាង ២៦ ០០០ គីឡូម៉ែត្រការ៉េនេះ មានទុនបំរុងថាមពលតម្លៃជាង ២៨០ ពាន់លានដុល្លារ ដែលប្រទេសទាំងពីរត្រូវការយ៉ាងចាំបាច់ សម្រាប់សេដ្ឋកិច្ចរយៈពេលវែង។ ទោះបីជាដំបូងឡើយ រដ្ឋាភិបាលថៃចង់រួមគ្នាទាញយកផលដើម្បីកាត់បន្ថយតម្លៃថាមពលក្នុងស្រុកក៏ដោយ ប៉ុន្តែសង្គ្រាមព្រំដែនបានធ្វើឱ្យការចរចាត្រូវជាប់គាំងទាំងស្រុង ព្រោះការយោគយល់គ្នាណាមួយអាចប៉ះពាល់ដល់ប្រជាប្រិយភាពនយោបាយក្នុងស្រុក។ បញ្ហានេះ បានធ្វើឱ្យគម្រោងថាមពលតម្លៃរាប់លានដុល្លារត្រូវខកខាន ដែលនាំឱ្យខាតបង់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ជាតិទាំងពីរ។
សង្គ្រាមសេដ្ឋកិច្ច បានធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅច្រកប៉ោយប៉ែត ដែលធ្លាប់មានទំហំពាណិជ្ជកម្មជិត៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ត្រូវកាត់ផ្ដាច់ទាំងស្រុង។
ចំពោះស្ថានភាពមនុស្សធម៌វិញ មនុស្សរាប់ពាន់នាក់នៅតែបន្តរស់នៅក្នុងភាពលំបាកវេទនា។ យោងតាមរបាយការណ៍របស់អង្គការ World Vision គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ មានមនុស្ស ៤៧,៧១៤ នាក់ (ក្នុងនោះមានស្ត្រីជាង ២៥,០០០ នាក់ និងកុមារ ១៥,០០០ នាក់) នៅតែបន្តភៀសខ្លួននៅតាមទីតាំងនានាក្នុងប្រទេសកម្ពុជា។ គ្រួសារទាំងនេះ មិនអាចត្រឡប់ទៅផ្ទះវិញបានឡើយ ដោយសារវត្តមានកងទ័ព និងគ្រាប់មិនទាន់ផ្ទុះ (UXO) ដែលនៅសេសសល់ក្នុងតំបន់ជម្លោះ។
រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបង្កើនការខ្ចីប្រាក់បន្ថែមដើម្បីដោះស្រាយវិបត្តិ និងរក្សាស្ថិរភាពសេដ្ឋកិច្ច។ សម្រាប់ឆ្នាំ២០២៦ ពិដាននៃការខ្ចីប្រាក់ត្រូវបានកំណត់រហូតដល់ ៣.២៣ ពាន់លានដុល្លារ (កើនឡើង ១២.៥% ធៀបនឹងឆ្នាំមុន) ដើម្បីយកមកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងប្រព័ន្ធឌីជីថល។
ទោះបីជាស្ថាប័នអន្តរជាតិដូចជា មូលនិធីរូបីយ៍ប័ណ្ណអន្តរជាតិ (IMF) និងធនាគារពិភពលោក វាយតម្លៃថា បំណុលសាធារណៈរបស់កម្ពុជា (ប្រហែល ២៥% ទៅ ៣០% នៃ GDP) នៅមានកម្រិតទាបដែលអាចគ្រប់គ្រងបានក៏ដោយ ប៉ុន្តែអ្នកវិភាគក្នុងស្រុកបានព្រមានឱ្យមានការប្រុងប្រយ័ត្ន និងស្នើរដ្ឋាភិបាលឱ្យគ្រប់គ្រងប្រកបដោយតម្លាភាពខ្ពស់ ដើម្បីជៀសវាងវិបត្តិបំណុលនាពេលខាងមុខ។
ការកើនឡើងនៃបំណុលនេះ កើតឡើងចំពេលដែលចំណូលរបស់គ្រួសារនៅតាមជនបទកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការបាត់បង់ប្រាក់បញ្ញើពីពលករនៅថៃ ដែលធ្លាប់មានចំនួនជិត ៣ ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។
ដើម្បីដោះស្រាយវិបត្តិនេះ របាយការណ៍របស់អង្គការ សង់ត្រាល់ ក្នុងខែមីនា ឆ្នាំ២០២៦ បានដាក់ចេញនូវដំណោះស្រាយសំខាន់ៗ ចំនួន ៥។ ទីមួយ គឺការពង្រីកកិច្ចគាំពារសង្គមឱ្យបានលឿន ដូចជា ការផ្ដល់សាច់ប្រាក់ និងស្បៀងអាហារដល់គ្រួសារពលករដែលត្រឡប់មកវិញ។ ទីពីរ គឺការលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនឱ្យជួលពលករទាំងនោះចូលធ្វើការ តាមរយៈការបញ្ចុះពន្ធ ឬជួយចេញប្រាក់ឈ្នួលមួយផ្នែក។ ទីបី គឺការជួយបណ្ដុះបណ្ដាលជំនាញថ្មីៗ ឱ្យស្របតាមតម្រូវការការងារក្នុងស្រុក។
ទីបួន ដែលសំខាន់បំផុតនោះ គឺការអនុញ្ញាតឱ្យពលករផ្អាកការបង់បំណុល ឬរៀបចំការសងប្រាក់ឡើងវិញ ដើម្បីការពារកុំឱ្យពួកគាត់ត្រូវបាត់បង់ដីធ្លី។ និងចុងក្រោយ គឺការសម្រួលឯកសារច្បាប់ផ្សេងៗ ដើម្បីត្រៀមលក្ខណៈឱ្យពលករអាចទៅធ្វើការនៅក្រៅប្រទេសដោយសុវត្ថិភាព និងស្របច្បាប់ឡើងវិញ នៅពេលដែលស្ថានភាពព្រំដែនមានភាពធូរស្រាល។
សរុបមក មហិច្ចតាវាតទីដែនដីដោយភាគីថៃក្នុងឆ្នាំ ២០២៥-២០២៦ បានវិវត្តពីការប៉ះទង្គិចអាវុធធម្មតា ទៅជាការឈ្លានពានពេញទម្រង់ ដែលប៉ះពាល់ដល់អាយុជីវិត និងសេដ្ឋកិច្ចពលរដ្ឋកម្ពុជាយ៉ាងដំណំ។ តួលេខពលករកម្ពុជាជិត ១ លាននាក់ (៩០០,០០០ នាក់) ដែលត្រូវបានបង្ខំចិត្តឱ្យចាកចេញពីថៃ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ពីអស្ថិរភាពដែលបង្កឡើងដោយការរំលោភបំពាននេះ។
នៅពេលដែលថៃត្រៀមប្រើប្រាស់វិធានការរឹតបន្តឹងព្រំដែនតាមរយៈការសាងសង់របង និងបន្តបិទផ្លូវសេដ្ឋកិច្ចរបស់ពលករកម្ពុជានៅខែមេសា ឆ្នាំ២០២៦ ខាងមុខ ការផ្ដល់ជំនួយមនុស្សធម៌ និងការដោះស្រាយវិបត្តិបំណុលជូនពលរដ្ឋដែលរងគ្រោះដោយសារទង្វើឈ្លានពាននេះ គឺជាកិច្ចការបន្ទាន់បំផុតដែលរាជរដ្ឋាភិបាលមិនអាចបង្អង់បានឡើយ៕









