ព្រលឹមព្រាងៗម៉ោង ៥ទៀបភ្លឺ មនុស្សរាប់ពាន់នាក់ បានធ្វើដំណើរទៅទស្សនាបាតុភូត«សមរាត្រីអង្គរ» នៅបរិវេណប្រាសាទអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនានេះ។ ពួកគេក្រោកពីព្រលឹម រៀបចំខ្លួនទៅអង្គុយចាំមើលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តអមដោយទូរស័ព្ទដៃ និងកាមេរ៉ា ចាំផ្ដិតរូបភាពដ៏អស្ចារ្យ ផ្សព្វផ្សាយតាមបណ្ដាញសង្គម។
អ្នកទស្សនាភាគច្រើនជាយុវជនមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តផ្សេងទៀត រួមមាន ព្រះសង្ឃ និងភ្ញៀវទេសចរបរទេស ដោយបង្ហាញទឹកមុខញញឹមរាក់ទាក់ ហាក់ជាសញ្ញាផ្តល់តម្លៃស្នាដៃបុព្វបុរសខ្មែរសង់សំណងអច្ឆរិយជាសម្បត្តិបេតិភណ្ឌពិភពលោក។
យុវតីនៅខេត្តសៀមរាប កញ្ញា ឈាន លីហ្សា យល់ថា បាតុភូតនេះឆ្លុះបញ្ចាំងពីឈើសឈាម និងការលះបង់របស់បុព្វបុរសខ្មែរដែលកូនខ្មែរ ត្រូវរួមគ្នាជួយផ្សព្វផ្សាយពីអរិយធម៌ និងវប្បធម៌ប្រាប់ពិភពលោក។
កញ្ញាផ្តាំឱ្យយុវជនខ្មែរត្រូវខំរៀនសូត្រ ពង្រឹងសមត្ថភាព ការពារទឹកដីឱ្យគង់ កុំឱ្យបរទេសឈ្លានពានបន្តទៀត។
កញ្ញា ឈាន លីហ្សា និយាយថា៖ «យើងជាយុវជនជំហានដំបូងយើងត្រូវខំប្រឹងរៀន បន្ទាប់មកនៅពេលយើងមានចំណេះដឹង យើងផ្សព្វផ្សាយ ហើយក្នុងនាមយើងជាពលរដ្ឋ និងយុវជន យើងត្រូវរួបរួមគ្នា ជាកម្លាំងតែមួយ ដើម្បីជាកម្លាំងរួមក្នុងការថែរក្សាវប្បធម៌ និងកេរដំណែលដែលរក្សាទុក»។
យុវជនម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ លោក យ៉ន ណារ៉ុង ដែលមកទស្សនាបាតុភូតនេះ ផ្តល់តម្លៃខ្ពស់លើស្នាដៃបុព្វបុរស ដែលយុវជនគួររកមធ្យោបាយរក្សាកេរដំណែលដូនតាឱ្យគង់វង្សភ្ជាប់នឹងបុរាណកាល បច្ចុប្បន្ន និងអនាគត។
លោកជំរុញឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវចាប់ដៃគ្នាអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើន ដោយត្រូវផ្ដល់តម្លៃការសាមគ្គីជាតិ ស្របគ្នានឹងដូនតាខ្មែរខិតខំកសាងប្រាសាទ បង្កប់គុណតម្លៃរួបរួមគ្នាខ្មែរតែមួយ។
លោក យ៉ន ណារ៉ុង និយាយថា៖ «ពហិការអីវ៉ាន់ជនជាតិសៀម ដែលឈ្លានពានទឹកដីកម្ពុជាយើង រួបរួមសាមគ្គីគ្នា ក្នុងការអភិវឌ្ឍប្រទេសជាតិ ចូលរួមចំណែកទីក្រុង ឬក៏យើងអាចទាក់ទាញភ្ញៀវទេសចរបានច្រើន»។
បើក្រឡេកមើលលើបរិវេណប្រាសាទអង្គរវត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អង្គុយចាំមើល ខ្លះឈរ និងខ្លះកាន់ទូរសព្ទថតពីទិដ្ឋភាពព្រះអាទិត្យរៀបនឹងរះ។ ពួកគេបង្ហាញអារម្មណ៍រីករាយហាក់ជាសញ្ញាផ្តល់តម្លៃលើស្ថាបត្យកម្មបុរាណខ្មែរ ដែលជាស្នាដៃរបស់ព្រះមហាក្សត្រខ្មែរសម័យអង្គរ។
យុវតីរស់នៅខេត្តសៀមរាប កញ្ញា អុល កញ្ចនា យល់ថា បើខ្មែររួបរួមគ្នា នឹងធ្វើឱ្យវិស័យទេសចរណ៍ដើរទៅមុខ ភ្ជាប់នឹងសមត្ថភាពរបស់យុវជនត្រូវពង្រឹង ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ និងការពារបូរណភាពទឹកដី។ កញ្ញាយល់ថា ក្នុងនាមយុវជនត្រូវចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ ជួយផ្សព្វផ្សាយ និងសិក្សាស្វែងយល់ពីស្នាដៃបុព្វបុរសខ្មែរ។
កញ្ញា អុល កញ្ចនា និយាយថា៖ «ខ្ញុំមើលឃើញទី១ ការរួបរួមគ្នា ឬធ្វើឱ្យវិស័យទេសចរណ៍ដើរ តែវាមកមុនជាមួយសមត្ថភាពរបស់យុវជន ក្នុងការបន្តការសិក្សា ស្វែងយល់ផ្សេងៗ ជាពិសេសទាក់ទងប្រវត្តិសាស្ត្រ ជាមួយប្រព័ន្ធអប់រំ ដែលប្រព័ន្ធអប់រំមកហើយ គ្រប់វិស័យមកតាមក្រោយ ហើយខ្ញុំសូមយុវជនទាំងអស់ចូលរួមចូលរួមជាមួយពលរដ្ឋ កសាងសមត្ថភាព ដើម្បីអភិវឌ្ឍន៍ប្រទេសយើងរីកចម្រើន»។
ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងពន្យល់ពីព្រឹត្តិការណ៍ «សមរាត្រីអង្គរ» (Equinox Angkor™) ជាបាតុភូតបង្ហាញពីចំណេះដឹងរបស់បុព្វបុរសខ្មែរ បានគិតយ៉ាងល្អិតល្អន់នូវប្លង់ស្ថាបត្យកម្ម ការគណនាគណិតវិទ្យា ដំណើរតារាសាស្ត្រ និងជំនឿ របស់ដូនតាខ្មែរ។
ចំណែក យុវតីរស់នៅខេត្តសៀមរាប កញ្ញា នី សុផាន់នីកា យល់ថា សង្គ្រាមថៃ និងខ្មែរ ផ្ទុះកាលពីពេលកន្លងទៅ ជាសញ្ញាដាស់ស្មារតីឱ្យកូនខ្មែរត្រូវឈឺចាប់ ចំពោះការបាត់បង់ទឹកដី ហើយត្រូវរកមធ្យោបាយ រួបរួមគ្នាទាមទារដីដែលបាត់បង់ត្រឡប់មកវិញ។
កញ្ញាថា៖ «ពេលមានបញ្ហាអី ចេះសាមគ្គីគ្នា ដូចមានសង្គ្រាមថៃ និងខ្មែរ ពលរដ្ឋសាមគ្គីគ្នា ទើបមានភាពជោគជ័យដល់ឥលូវ»។
ឆ្លើយតបរឿងនេះ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បង្ហោះសារតាមបណ្តាញសង្គមថា បាតុភូតនេះ ជាផ្ទាំងទស្សនីយភាពស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិជ្រាបពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កើតនូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា ។
លោកថា អ្នកទស្សនាបានថតរូបភាពទុកជាអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ដែលព្រឹត្តិការណ៍នេះ កើតមានឡើងពីរដងក្នុងមួយឆ្នាំ។
អ្នកស្រាវជ្រាវផ្នែកវប្បធម៌ និងជាប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី សង្កេតឃើញថា អ្នកដឹកនាំជំនាន់ក្រោយៗ មិនបានប្រតិបត្តិតាមគំរូព្រះមហាក្សត្រសម័យអង្គរ គឺព្រះបាទជ័យវរ័្មនទី៧ មកអនុវត្តនោះទេ ទើបធ្វើឱ្យប្រទេសជាតិចុះខ្សោយ បែកបាក់សាមគ្គីជាតិ។
លោកយល់ថា រដ្ឋាភិបាលត្រូវបណ្តុះផ្នត់គំនិតជាតិនិយមដល់យុវជន និងអប់រំពួកគាត់ឱ្យខ្លាំងក្លា ដើម្បីការពារមាតុភូមិ និងការពារឧត្តមគតិរបស់ព្រះមហាក្សត្រជំនាន់មុនៗ។
លោក ខៀវ ធី ថ្លែងថា៖ «អ្វីសំខាន់យើងត្រូវតែអប់រំយុវជនយើង ឱ្យបានចូលសាលារៀនទាំងអស់គ្នា។ បណ្ដុះផ្នត់គំនិតជាតិនិយម ស្នេហាជាតិឱ្យបានខ្លាំងខ្លាបំផុត ទើបយើងបានទទួលនូវការពារមាតុភូមិយើង ហើយការពារនូវឧត្ដមគតិវង្សក្សត្រវរ្ម័ន»។
លោក ខៀវ ធី ពន្យល់ថា ដូនតាខ្មែរបានគណនាបែបតារាសាស្ត្រ ដោយសិក្សាពីដំណើរគោចរព្រះអាទិត្យ ភ្ជាប់ទៅនឹងស្ថាបត្យកម្ម និងលោកធាតុវិទ្យាឆ្លុះបញ្ចាំងពីចក្រវាឡ ដែលបុព្វបុរសយកប្រាង្គកណ្ដាលជាចំណុចសូន្យនៃគោចរព្រះអាទិត្យ ធ្វើឱ្យមើលឃើញព្រះអាទិត្យរះឡើងចំកំពូលប្រាសាទចំត្រង់ល្អ។
ក្រសួងទេសចរណ៍ ចាត់ទុកថា «សមរាត្រីអង្គរ» បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ មកជួបជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យ។
ក្រុមយុវជន បារម្ភថា ការបែកបាក់សាមគ្គីរវាងអ្នកនយោបាយនៅតែបន្តរហូតបច្ចុប្បន្ន ជាកត្តាសំខាន់មួយធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះ ប៉ះពាល់ជីវភាពសហគមន៍ និងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដាំក្បាលចុះ៕









