លោកហ្សេលែនស្គី ជំរុញឱ្យឆាប់​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​រ៉ុស្សី​ប្រឆាំង​អ៊ុយ​ក្រែន

គណៈ​ប្រតិភូ​អ៊ុយ​ក្រែន និង​សហរដ្ឋ​អាមេរិក បាន​បញ្ចប់​កិច្ច​ពិភាក្សា​ថ្ងៃ​ទី​ពីរ​នៅ​ក្នុង​រដ្ឋ​ផ្លរីដា ស្តីពី​ការ​ស្វែង​រក​មធ្យោ​​​បាយ​​បញ្ចប់​សង្គ្រាម​រយៈ​ពេល​បួន​ឆ្នាំ​ជាមួ​យ​រុស្ស៊ី។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ប្រធានា​ធិបតី Volodymyr Zelenskiy កាល​ពី​ថ្ងៃទី​២២ខែ​មីនា។

តំណាង​ភាគី​រុស្ស៊ី មិ​​នមា​ន​វត្តមាននៅក្នុងកិច្ចពិភាក្សា ដែលបានចាប់ផ្តើមនៅក្នុងរដ្ឋផ្លរីដា កាល​ពី​ថ្ងៃ​ទី​២១ខែ​មីនា​នោះ​ទេ។ កាល​ពី​ដើម​ឡើយ ពួក​គេ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​កិច្ច​ចរចា ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុ​ង​ទីក្រុង​​អាប៊ូ​ដាប៊ី (Abu Dhabi)។

លោក Zelenskiy បានមានប្រសាសន៍នៅក្នុងសន្ទរកថានាពេលល្ងាចថ្ងៃទី២២ខែ​មីនា​ថា៖«វាច្បាស់​ណាស់​ថា​ការ​យក​ចិត្ត​​ទុក​ដាក់​របស់​ភាគី​សហរដ្ឋ​អាមេរិក​នា​ពេល​បច្ចុប្បន្ន គឺ​ផ្តោត​ជា​ចម្បង​លើ​ស្ថាន​ភាព​ជុំវិញ​ប្រទេស​អ៊ីរ៉ង់ និង​តំបន់​​ទាំង​មូល ប៉ុន្តែ​សង្គ្រាម​របស់​រុស្ស៊ីប្រ​ឆាំង​នឹង​អ៊ុយ​ក្រែន ក៏​ត្រូវ​តែ​ឈាន​ដល់​ទី​បញ្ចប់​ផង​ដែរ»។

លោកបានបន្ថែមថា៖ «មានសញ្ញាបង្ហាញថា ការដោះដូរ (អ្នកទោសសង្គ្រាម) បន្ថែមទៀត អាច​នឹង​កើត​ឡើង​ ដែល​​ពិត​​ជា​ព័ត៌​មាន​ដ៏​ល្អ និង​ជា​ការ​បញ្ជាក់​ថា​វិស័យ​ការ​ទូត​កំពុង​មាន​ប្រសិទ្ធ​ភាព។ យើង​សង្ឃឹម​​ថា រឿង​នេះ​នឹង​លេច​ចេញ​ជា​រូប​រាង​ឡើង»។

លោក Zelenskiy មិនបានបញ្ជាក់ថា តើកិច្ចពិភាក្សានឹងបន្តទៀតឬយ៉ាងណា ពេល​ណា ឬ​កន្លែ​ងណា​​ដែល​ពួក​គេ​អាច​នឹង​ជួប​គ្នា ឬ​ក្នុងទម្រង់បែបណានោះទេ។

កាលពីព្រឹកថ្ងៃទី​២២ខែ​មីនា លោកបានជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តបន្តរក្សាសម្ពាធ​ទណ្ឌ​កម្ម​លើ​រុស្ស៊ី និង​បាន​អំពាវ​នាវ​ឱ្យ​មាន​ចំណាត់​ការ​តឹង​រ៉ឹង​ជាង​មុន ប្រឆាំង​នឹង​​អ្វី​ដែល​គេ​ហៅ​ថា ក្រុមនាវាដឹកប្រេងស្រមោលរបស់រុស្ស៊ី ដែលត្រូវបាន​ប្រើ​ប្រាស់​ដើម្បីគេចពីទណ្ឌកម្ម និងដើម្បីរារាំងទីក្រុងមូស្គូមិនឱ្យទទួលបានចំណូលពីប្រេង។

លោក​បានបន្ថែមថា៖ «ក្រុមនាវាស្រមោលរបស់រុស្ស៊ីមិនត្រូវមានអារម្មណ៍ថា មាន​សុវត្ថិ​ភាព​នៅ​ក្នុង​ដែន​ទឹក​អឺរ៉ុប ឬ​កន្លែង​ណាផ្សេ​ង​ទៀត​ឡើយ។ នាវា​ដឹក​ប្រេង​ដែល​បម្រើឱ្យ​ក​ញ្ចប់​ថវិកា​សង្គ្រាម អាច​នឹង​ត្រូវ​តែ​បញ្ឈប់ និង​រារាំង មិន​មែន​គ្រាន់​តែ​បណ្តោយ​ឱ្យ​ទៅ​នោះ​ទេ»។

ទីក្រុងវ៉ាស៊ីនតោន បានដកទណ្ឌកម្មមួយចំនួនលើប្រេងរុស្ស៊ីជាបណ្តោះអាសន្ន ដើម្បីជួយ​ដោះ​ស្រាយ​បញ្ហា​កង្វះ​ការ​ផ្គត់​ផ្គង់​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាមនៅអ៊ីរ៉ង់។ ចំណែកឯបណ្តាប្រទេសនៅអឺរ៉ុបមិនទាន់បានធ្វើ​ដូច្នេះនៅ​ឡើយទេ។

ផែនការសន្តិភាពមួយដែលកំពុងត្រូវបានជំរុញដោយសហរដ្ឋអាមេរិក នឹងតម្រូវឱ្យមានការបោះឆ្នោតប្រធានា​ធិបតី​​​នៅ​​ក្នុងប្រទេសអ៊ុយក្រែន រួមជាមួយការធ្វើសម្បទានទឹកដីផងដែរ។ លោក Zelenskiy ដែលអាណត្តិរបស់លោក​​បាន​ផុតកំណត់ទៅហើយនោះ កំពុងស្ថិតក្រោមសម្ពាធជាថ្មីពីលោក Trump ឱ្យរៀបចំការបោះឆ្នោត ខណៈដែល​ទីក្រុង​វ៉ាស៊ីនតោនកំពុងរុញច្រានទីក្រុងគីវ (Kyiv) ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។

ច្បាប់របស់អ៊ុយក្រែនហាមឃាត់ការបោះឆ្នោតក្នុងអំឡុងពេលសង្គ្រាម ប៉ុន្តែលោក Zelenskiy មានប្រសាសន៍ថា អ៊ុយក្រែននឹងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ប្រសិនបើសហរដ្ឋ​អាមេ​រិក​​ធា​នា​​បាន​នូវបទឈប់បាញ់រយៈពេលពីរខែ ដើម្បីទុកពេលរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងដាក់ចេញនូវការធានា​សន្តិ​សុខ។

អតីតអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Valeriy Zaluzhnyi ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតប្រចាំចក្រ​ភព​អង់​​គ្លេស និង​ត្រូវបានគេមើលឃើញថាជាបេក្ខជនប្រធានាធិបតីដ៏មានសក្តានុពលម្នាក់ បានលើកឡើងថា អ៊ុយក្រែន​មិន​ត្រូវការការផ្អាកការប្រយុទ្ធគ្នាដើម្បីបោះឆ្នោតនោះទេ។

លោកបានសរសេរនៅក្នុងអត្ថបទមួយដែលចេញផ្សាយកាលពីថ្ងៃទី​២២ខែ​​មីនា ដោយសារព័ត៌មានអ៊ុយក្រែន NV ថា៖ «អ្វី​​ដែល​អ៊ុយក្រែនត្រូវការ មិនមែនជាពេលវេលាដើម្បី​រៀបចំការបោះឆ្នោតនោះទេ ប៉ុន្តែគឺជាសន្តិភាពដែលទទួល​​បានតាមរយៈសង្គ្រាម ដែលនឹងធានានូវអនាគតសម្រាប់កូនចៅរបស់យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ