ជនសង្ស័យ​២០​នាក់​ថ្មី​ទៀត​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រុង​ព្រះសី​ហនុ​​ពាក់​​ព័ន្ធ​បទ​ល្មើស​ឆបោក​អន​ឡាញ​

មន្ត្រី​ជំនាញ ​ទម្លាយ​ឱ្យ​ដឹង​ថា ជន​សង្ស័យ​២០​នាក់​ថ្មី​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ នៅ​ភូមិ​គ្រឹះ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ខណៈ​រដ្ឋាភិ​បាល​បង្ហាញ​ការ​តាំង​ចិត្ត​ថា នឹង​បោស​សម្អាត​បទ​ឧក្រិដ្ឋ​នេះ​ឱ្យ​អស់​ត្រឹម​ខែ​​មេសា​​ខាង​មុខ។

គេហទំព័រ​របស់​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ បាន​ឱ្យ​ដឹង​ថា វិធាន​ការ​ចុះ​បង្ក្រាប​ករណី Scam Online នេះ​ធ្វើ​ឡើង​នៅ​រសៀល​​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៦។ វិធាន​នេះ ឃាត់​ខ្លួន​ជន​បរទេស​បាន​ចំនួន​២០​នាក់ ក្នុង​នោះ​ខ្មែរ​ចំនួន​៣នាក់ កុំព្យូទ័រ ២៤ គ្រឿង និង​ទូរស័ព្ទ​ចំនួន ៣៨៩​គ្រឿង។ បច្ចុប្បន្ន​ជន​បរទេស និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​ដើម្បី​បន្ត​នីតិ​វិធី។

បើតាម​រដ្ឋបាលខេត្ត ប្រតិបត្តិការ​នេះ ជា​ការ​គ្រប់​គ្រង​ជន​បរទេស​ដែល​ស្នាក់​នៅ​ខុស​ច្បាប់ ស្រប​ទៅ​នឹង​ការ​អនុវត្ត​ខ្លឹម​សារ​អនុ​ក្រឹត្យ​លេខ​០៣ របស់​រាជ​រដ្ឋាភិ​បាល។ ហើយ​នេះ «ក៏ជា​សារ​មួយ​យ៉ាង​ច្បាស់​ដល់​ក្រុម​ជន​ល្មើស​ថា សមត្ថ​កិច្ច​កម្ពុជា​មិន​អត់​ឱន​ចំពោះ​សកម្ម​ភាព​ខុស​ច្បាប់​ទាំង​នេះ​ឡើយ»។

ក្រសួងមហាផ្ទៃ ធ្លាប់អះអាងថា រដ្ឋាភិបាលនឹងបោសសម្អាតឧក្រិដ្ឋកម្ម​អនឡាញ​នេះ ឱ្យ​អស់​ត្រឹម​ខែ​មេសា​ដែល​នៅ​សល់​ជាង​១ខែ​ទៀត​នេះ។

ការបង្ហាញការតាំងចិត្តរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នេះ ក្រោយ​ពី​អន្តរជាតិ​រក​ឃើញ​ថា មេដឹក​នាំ​កម្ពុជា ជា​​អ្នក​​ការ​ពារ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន គំរាម​កំហែង​ដល់​សន្តិ​សុខ​ដល់​ពិភព​លោក និង​តំបន់។

យ៉ាងណា មេឧក្រិដ្ឋជនមួយចំនួន ដែលសហគមន៍អន្តរ​ជាតិ​ចង្អុល​មុខ​ចំៗ ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​លាង​លុយ​កខ្វក់ និង​ស្គែម​អន​ឡាញ​នេះ ដូច​ជា អ្នក​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា លី យ៉ុង​ផាត់ និង​លោក ទ្រី ភាព ជា​ដើម ដែល​​​ជាម​នុស្ស​ស្និទ្ធ​នឹង​មេដឹក​នាំ ពួក​គេ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មីនា​នេះ បើ​ទោះ​បី​រដ្ឋាភិ​បាល​​អះ​​អាង​ថា យុទ្ធនា​ការ​នេះ ត្រូវ​កាត់​ផ្តាច់​បណ្តាញ​មេខ្លោង និង​បណ្តាញ​បញ្ជា​របស់​មេឧក្រិដ្ឋ​ជន​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ