ស្ត្រីបម្រើការងាររោងចក្រម្នាក់ ត្រូវតុលាការបានចោទ ពីបទញុះញង់ ដាក់ពន្ធនាគារ២ឆ្នាំ ជុំវិញការចែករំលែករឿងថៃឈ្លានពាន បើទោះបីរដ្ឋាភិបាលទទួលស្គាល់ថា ថៃបានឈ្លានពានទឹកដីខ្មែររាប់សឹបទីតាំង ដោយខុសច្បាប់ ចាប់តាំងពីមានបទឈប់បាញ់ជិត៣ខែមកនេះក្តី។
ការណ៍នេះ ជំរុញឱ្យមានការរិះគន់ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងប្រើដៃតុលាការយាយីពលរដ្ឋដែលស្រឡាញ់ជាតិទឹកដី ដើម្បីបិទបាំងកំហុសធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ដោយសារតែអសមត្ថភាព ទាមទារដីទាំងនោះត្រឡប់យកមកវិញ។
តុលាការក្រុងភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសកម្មការិនីរោងចក្រម្នាក់ ឈ្មោះ ហ៊ុន មុន្នីសាន អាយុ ៣៦ឆ្នាំ ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ដោយចោទពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ ប្រមាថអ្នករាជការសាធារណ: យោងតាមបញ្ញត្តិមាត្រា៤៩៤ ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមអត្ថបទខ្លីរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
ប្រភពដដែលបន្តថា អ្នកស្រី មុន្នីសាមន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ រាជធានីភ្នំពេញ។ ការចាប់ខ្លួន ចោទប្រកាន់ និងការផ្តន្ទាទោសទៅលើ អ្នកស្រី មុន្នីសាមន ក្រោយពីអ្នកស្រីបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ហៅការចោទប្រកាន់នេះថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចង់លាក់បាំងកំហុសធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសថៃ ៥១ទីតាំង។
លោកថា៖ «ចឹងទៅអ្នកណារិះគន់ចំណាត់ការរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនហ្នឹង តែងតែងទទួលការគំរាមកំហែង ឬចាប់ដាក់ពន្ធនាគារ បើរឿងរិះគន់ថៃឈ្លានពានអាហ្នឹងរឿងមួយហើយ ប៉ុន្តែរឿងមួយទៀត រិះគន់មិនបានតែម្តងចំពោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលមិនអាចទប់ស្កាត់ការឈ្លានពានរបស់ថៃ ឬមិនអាចទាមទារទឹកដីមកវិញ អាហ្នឹងជារឿងដែលគេមិនចង់ឱ្យរិះគន់ បានគេចាប់ដាក់គុក»។
បើតាមលោក អ៊ុំ សំអាន បើសិនរដ្ឋាភិបាលនៅតែបន្តចាប់ខ្លួនពលរដ្ឋខ្មែរ ព្រោះតែការបញ្ចេញមតិ ឬក៏ចង់បំបិទសិទ្ធិពលរដ្ឋមិនឱ្យឈឺឆ្អាលនឹងរឿងទឹកដី និងការឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជាទៀត ចង់មិនចង់ នៅថ្ងៃណាមួយពលរដ្ឋនឹងងើបតវ៉ាប្រឆាំងនឹងការដឹកនាំបែបអសមត្ថភាពរបស់រដ្ឋាភិបាលត្រកូលហ៊ុនជាក់ជាមិនខាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកវិធាននេះថា ជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ ស ម្រាប់ពលរដ្ឋដែលឈឺឆ្អាលរឿងបាត់បង់ទឹកដី។ លោកថា បើរដ្ឋាភិបាលគិតគូពីបញ្ហាជាតិ ក្នុងកាលៈទេសៈនេះ មិនត្រូវប្រើវិធានការចាប់ខ្លួន ឬចោទប្រកាន់ពលរដ្ឋ ដែលឈឺចាប់រឿងថៃឈ្លានពានទេ តែរដ្ឋាភិបាលត្រូវប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទាមទារទឹកដីខ្មែរដែលថៃឈ្លានពានយកត្រឡប់មកវិញ។
លោកថា៖ «សៀមឈ្លានពានទឹកដីកម្ពុជា ជារឿងដែលហួសហេតុ ជារឿងដែលត្រូវថ្កោលទោស ហើយត្រូវប្តឹងសៀមទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងទាមទារឱ្យសៀមដកកងទ័ពចេញពីទឹកដីកម្ពុជា។ ម្លោះហើយរដ្ឋាភិបាលមិនត្រូវប្រើយន្តការណាមួយចាប់ទោសអូសដំណើរដល់ប្រជាពលរដ្ឋ ក្នុងការទិតៀនរឿងព្រំដែន រឿងសៀមឈ្លានពាននេះ»។
លើសពីនេះ នាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា អំឡុងពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ សេរីភាពនៃការបញ្ចេញមតិហាក់ដូចជាមានសភាពអាប់អួរ ហើយក៏មានការចាប់ខ្លួនជាបន្តបន្ទាប់ទៅលើអ្នកសារព័ត៌មាន ពលរដ្ឋ សកម្មជននយោបាយ និងសកម្មជនសង្គម ដែលបានបញ្ចេញមតិ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គម។ ហើយក្នុងនោះ ក៏មានការចោទប្រកាន់ទាក់ទងនឹងបទញុះញង់ រហូតទៅដល់បទចោទ ផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសជាអាទិ៍ បទឧក្រិដ្ឋ និងបទមជ្ឈឹមមួយចំនួនផ្សេងទៀត ដែលនាំឱ្យមានការរិះគន់ពីអង្គការជាតិ សហគមន៍អន្តរជាតិ ក៏ដូចជាគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាសកម្មភាពបែបនេះ ធ្វើឱ្យប៉ះពាល់ដល់លំហរសេរីភាពបញ្ចេញមតិ លំហរសេរីភាពសារព័ត៌មាន និងលំហរសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកថា៖ «អ្វីដែលសំខាន់ យើងឃើញហើយថា ទាំងប្រជាពលរដ្ឋ ទាំងរាជរដ្ឋាភិបាល ចង់ឃើញនូវសាមគ្គីភាពឯកភាពជាតិរបស់ប្រជាពលរដ្ឋ និងគ្រប់ភាគីទាំងអស់ រួមគ្នាខ្មែរតែមួយ ដើម្បីខ្មែរខ្លាំង[…] ចឹងការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួន ទៅលើការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬក៏ការចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកធ្វើការងារសង្គមទៅលើការបញ្ចេញមតិរឿងព្រំដែននេះ វាហាក់ដូចជាអត់មានផលចំណេញទេ ផ្ទុយទៅវិញ វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ ដែលចំណុចនេះហើយដែលគេមានការរិះគន់ទៅលើការរឹតត្បិតនៃលំហរសេរីភាពនៃការបញ្ចេញមតិ»។
លោកថា ប្រសិនបើនៅតែមានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសផងដែរ។ ការណ៍នេះ លោក សំអាត ជំរុញដល់រដ្ឋាភិបាល ត្រូវបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា កត្តិកាសញ្ញានានា ហើយគោរពទៅតាមរដ្ឋធម្មនុញ្ញ គោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពលរដ្ឋបានអនុវត្តសិទ្ធិរបស់ពួកគាត់ឱ្យបានពេញលេញ។
បើតាមលីកាដូ អ្នកស្រី មុន្នីសាមន ជាពលរដ្ឋម្នាក់ស្ថិតក្នុងចំណោមមនុស្សចំនួន ៩៧នាក់ ដែលត្រូវបានចាប់ខ្លួនដោយប្រើសិទិ្ធ ពាក់ព័ន្ធនឹងភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគេ ដែលត្រូវបានចងក្រងដោយអង្គការផ្នែកសិទ្ធិមនុស្សមួយនេះ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងរដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃអង្គារនេះ។
សម្រាប់ លោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរ បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២២ខែមីនាដែរថា ដើម្បីរក្សានិងការពារអំណាចប្រកបដោយចីរភាព រដ្ឋាភិបាលគួរងាកមកអនុវត្តយុទ្ធសាស្ត្រ “កំណែទម្រង់ស៊ីជម្រៅ” ជាជាងការប្រើប្រាស់វិធានការបង្ក្រាប។
លោកគូសបញ្ជាក់ថា បញ្ហាព្រំដែន ជាបញ្ហាដែលប៉ះពាល់ដល់អារម្មណ៍ជាតិនិយមខ្លាំងបំផុត ដែលការណ៍នេះ រដ្ឋាភិបាលគួរផ្តល់ព័ត៌មានច្បាស់លាស់ ដូចជាការបង្ហាញផែនទី ការចរចា និងភស្តុតាងច្បាប់អន្តរជាតិឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីជៀសវាងការយល់ច្រឡំ និងការផ្ទុះឡើងនៃកំហឹងមហាជន។
បើយោងតាមសមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូ ដែលបានបូកសរុបឱ្យដឹងថា ក្នុងរយៈពេលជាង១ខែដើមឆ្នាំ២០២៦នេះ មានអ្នកកាសែត និងពលរដ្ឋដែលបានចុះផ្សាយ និងបញ្ចេញមតិទាក់ទងនឹងបញ្ហាព្រំដែនចំនួន ៧នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន និងមានអ្នកកាសែត២នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ ទាក់ទងទៅនឹងការបង្ហោះរូបថតមួយសន្លឹកនៅប្រាសាទតាក្របីមានជាប់រូបមីននៅពីខាងក្រោយ។
ពាក់ព័ន្ធទៅនឹងការប្រើប្រាស់បទចោទ ញុះញង់ នៃក្រមព្រហ្មទណ្ឌ ដើម្បីដាក់សម្ពាធទៅលើអ្នកហ៊ានបញ្ចេញមតិផ្សេងៗ រួមទាំងការបញ្ចេញមតិរឿងបញ្ហាព្រំដែននេះដែរ ទាំងអង្គការលីកាដូ និងសមាគមអាដហុក មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅបន្តប្រឈមនឹងនិន្នាការរឹតត្បិតខ្លាំងលើសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងសិទ្ធិទទួលបានយុត្តិធម៌។ សកម្មភាពនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងអាចប៉ះពាល់ដល់កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។
អង្គការសិទ្ធិមនុស្សទាំងនោះ បានអំពាវនាវដល់រដ្ឋាភិបាល គោរព និងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងអស់ ក្នុងការបញ្ចេញគំនិត មតិយោបល់ និងទស្សនៈរបស់ពួកគេ មិនថាជាការលើកឡើងដោយផ្ទាល់ ឬលើកឡើងតាមរយៈបណ្តាញសង្គមនោះទេ ហើយអាជ្ញាធរត្រូវតែបញ្ឈប់ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន និងសកម្មជននយោបាយ ដោយគ្រាន់តែអ្នកទាំងនោះបានបញ្ចេញមតិរបស់ពួកគេ ៕









