ក្រោយឃាត់ខ្លួន៥ថ្ងៃ ទីបំផុតករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ ត្រូវបានតុលាការបានសម្រេចដោះលែងកូនអភិបាលស្រុកកងមាស ខណៈស្ត្រីភាគីរថយន្តត្រូវបានចោទប្រកាន់ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ»។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា។ លិខិតបានអះអាងថា សេចក្តីសម្រេចនេះ ធ្វើឡើងដោយផ្អែកតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោក ពិនិត្យកាំមេរ៉ាសុវត្ថិភាព និងចម្លើយរបស់សាក្សី ដោយរកឃើញថាឈ្មោះ សាមីន វុត្ថារិទ្ធិ កូនប្រុសអភិបាលស្រុកកងមាស គឺជាអ្នករួមដំណើរ ខណៈអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជានារីឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន។ លិខិតដដែលបន្តថា ជនបង្កបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកគេចខ្លួនពីកន្លែងកើតហេតុ ក្រោយបុកម៉ូតូមួយគ្រឿងបើកបរដោយកុមារាម្នាក់ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អះអាងថា នឹងបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
វីអូឌី មិនអាចរកប្រតិកម្មពីគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរណ៍នោះ បានទេគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា ពលរដ្ឋម្នាក់ដែលបានតាមដានករណីនេះ គឺកញ្ញា រិន ចាន់ធី ថ្លែងថា កញ្ញាមិនសុខចិត្តនឹងការសម្រេចនេះឡើយ ដ្បិតសាក្សីជាច្រើននាក់នៅកន្លែងកើតហេតុបានបញ្ជាក់ថា មនុស្សប្រុសជាអ្នកបើកបរក្នុងពេលកើតហេតុ។ កញ្ញាទាមទារឱ្យតុលាការស្រាវជ្រាវករណីនេះឡើងវិញ។
កញ្ញាថា៖ «បងអត់យល់ស្របជាមួយនឹងការសម្រេចហ្នឹងទេ វាអត់សមហេតុផល បើយើងផ្អែកទៅលើសាក្សីនៅកន្លែងកើតហេតុ ហើយនិងវីដេអូភស្តុតាងអីផ្សេងៗ។ ចង់និយាយថាមហាជនគេអត់ទទួលស្គាល់នឹងការសម្រេចរបស់អយ្យការហ្នឹង»។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា បានបណ្តាលឱ្យក្មេងប្រុស ១នាក់រងរបួសធ្ងន់។ គ្រានោះដែរ កូនប្រុសអភិបាលស្រុកកងមាសបោះពាក្យសម្តីថា «បុកស្លាប់ប៉ុណ្ណឹង បង់លុយឱ្យ ២ម៉ឺនដុល្លារបញ្ចប់រឿង» ដែលបានធ្វើឱ្យពលរដ្ឋខឹងសម្បារ និងប្រើហិង្សាលើរូបគេ។
បន្ទាប់ពីប៉ូលីសបានឃាត់ខ្លួនយកទៅសាកសួរ នៅថ្ងៃទី២៣ ខែមីនា ភាគីម្ចាស់រថយន្តទាំងពីរនាក់ បានចេញវីដេអូថតដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សំពះ និងលុតជង្គង់សុំទោសក្រុមគ្រួសារជនរងគ្រោះ និងមហាជន។
តែយ៉ាងណា សកម្មភាពនេះ នៅតែមិនអាចបន្សាបការសង្ស័យរបស់ពលរដ្ឋបានឡើយ ទៅលើសមាសភាពពិតជនបង្ក ដែលគេជឿថាគឺជាកូនប្រុសអភិបាលស្រុកកងមាស។
ជុំវិញករណីនេះ អតីតប្រធានខុទ្ទការល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីបណ្ដាញសង្គមថា ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ត្រូវចេញមុខសុំទោសសាធារណជនចំពោះការណ៍ដែលបានផ្តល់ភស្តុតាងក្លែងក្លាយ ដើម្បីការពារជនល្មើស។ សំណេរបន្តថា ការបង្កើតភស្តុតាងក្លែងក្លាយ គឺជាបទល្មើសឧក្រិដ្ឋ ក្នុងចេតនាធ្វើឱ្យរាំងស្ទះដល់ដំណើរការស្វែងរកយុត្តិធម៌។
លោកជំរុញឱ្យតុលាការក្រុងភ្នំពេញ បើកការស៊ើបអង្កេតចំពោះអំពើនៃការបង្កើតភស្តុតាងក្លែងក្លាយដោយស្នងការនគរបាល លោក ជួន ណារិន្ទ ខណៈរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា គួរតែចាត់វិធានការចំពោះ លោក ជួន ណារិន្ទ និងកូនចៅ ដែលបង្កើតភស្តុតាងក្លែងក្លាយនេះ៕









