អំណាច​​លោក​​​ហ៊ុន ម៉ាណែត ​ប្រឈម​នឹង​ហានិ​ភ័យ​បើ​នៅ​​​តែ​បិត​មាត់​​អ្ន​ក​​រិះ​គន់​​​តែ​មិន​​​ធ្វើ​​កំណែ​ទម្រង់

ក្រុម​អ្នក​តាម​ដាន​​ព្រមាន​ពី​ហានិ​ភ័យ​អំណាច​របស់ លោក ហ៊ុន ម៉ាណែត បើ​នៅ​តែ​​​បន្ត​​ធ្វើ​​ការ​​បង្ក្រាប​បំបិទ​មាត់​​អ្នក​​​បញ្ចេញ​​មតិ ​ប៉ុន្តែ​​បែរ​​​ជាមិ​ន​​ព្រម​​​ធ្វើ​​កំណែ​ទម្រង់​ ដើម្បី​​​​ដោះ​​ស្រាយ​​វិបត្តិ​​សង្គម​​​​ដែល​​រីក​កាន់​​​តែ​ធំ​​​ដោយ​​អំពើ​​ពុក​​រលួយ ​និង​​បក្ខ​ពួក​និយម​​​ជា​ប្រព័ន្ធ​​ដែល​​រីក​​កាន់​​តែ​​ធំ​ ខណៈ​​បច្ចុប្បន្ន​​​មាន​​អ្នក​​នយោ​បាយ​​​សកម្ម​​ជន​​បរិស្ថាន​ សកម្ម​ជន​​សង្គម ​និង​​អ្នក​​កាសែត​​​ជិត ​១០០​​នាក់ ​ត្រូវ​​បាន​​ចាប់​​ឃុំ​​ខ្លួន​ទាំង​​អយុត្តិ​ធម៌​​ដោយ​​សារ​​​តែ​ភាព​​សកម្ម​​របស់​​ពួក​គេ​​លើ​កិច្ច​ការ​​ងារ​​សង្គម​។

​លោក ​ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​​បាន​ប្រាប់​វីអូឌី​នៅថ្ងៃទី​២៤ខែ​មីនា​​នេះ​ថា ការ​បន្ត​ចាប់​​ឃុំ​ខ្លួន​​អ្នក​​​បញ្ចេញ​មតិ​​ឥតស្រាកស្រាន ប៉ុន្តែ​​មិន​ធ្វើ​កំណែទម្រង់​ឱ្យស៊ីជម្រៅ ដើម្បី​ឈាន​​ទៅ​លុប​បំបាត់​អំពើ​​ពុក​រលួយ និង​​បក្ខពួកនិយមដែល​បាន​​ធ្វើ​ឱ្យ​កម្ពុជា​ទន់​ខ្សោយ​ ​វាគឺ​ជា​ហានិភ័យធំ​ណាស់​។ ​

លោក​លើកឡើងថា នៅពេល​ដែល​ប្រព័ន្ធ​សង្គម​ចុះ​​ខ្សោយ ​វាធ្វើ​ឱ្យអំណាច​​ផ្តាច់ការ​រីក​កាន់​តែ​ធំ​គ្រប់​គ្រង​ដឹក​នាំ​​ប្រទេស​​តាម​តែ​អំពើ​ចិត្តធ្វើឱ្យ​ប្រព័ន្ធ​ច្បាប់​​ក្លាយជា​សេនាធិការមួយ​ សម្រាប់​បម្រើឱ្យ​ពួក​មេ​ដឹកនាំ ធ្វើ​ឱ្យ​​វិស័យ​​ផ្សេងៗ​​​ដទៃ​ទៀត​​ចុះ​​ខ្សោយ​ទាំងអស់ ដែល​ធ្វើឱ្យ​រាំង​ស្ទះ​ដល់​​ការអភិវឌ្ឍ​សង្គម​ធ្ងន់​ធ្ងរ។ ការ​ណ៍​នេះ​​​ធ្វើ​​ឱ្យ​ជន​រង​គ្រោះ​នៅ​​ក្នុង​​សង្គម​ នឹងកាន់​តែរងគ្រោះ​ធ្ងន់​ធ្ងរ​ថែមទៀតដែល​អាច​នឹង​ងើប​បះ​បោរ​នៅ​ថ្ងៃ​ណា​មួយ​មិន​​ខាន​​។

លោកថា៖ «​អាហ្នឹងហើយ​​ជាហានិភ័យធ្ងន់​ធ្ងរ​​សម្រាប់​​ការ​អភិវឌ្ឍ​​ជាតិ​។ ​ករណី​នេះ ក្រុម​គ្រួសារ​​លោក ​ហ៊ុន សែន ​គាត់​​លុប​បំបាត់​មិន​​បា​ន​ទេ។ ​លុ​បបំ​បាត់​​អំពើ​​ពុក​​រលួយ​​បក្ខ​​ពួក​​និយម​ ​មិន​បាន​ដោយសារ​អី? ​ដោយ​សារ​​ក្រុម​គ្រួសារ​​គាត់​​​បង្កើត​​​ឱ្យ​មាន​​ក្បាល​ម៉ាស៊ីន​​ដឹកនាំ​នយោបាយហ្នឹង​​វា​សំពីង​​សំពោង​។ ​មន្ត្រី​​ជាន់​​ខ្ពស់​​រដ្ឋាភិ​បាល​​​វា​ឡើង​​ចូល​​ដល់​​ម៉ឺន​​នាក់​​​​ទៅ​​ហើយ​​រាល់​ថ្ងៃហ្នឹង​។​ អាហ្នឹង​​រាប់​​​ពី​​ថ្នាក់​​​នាយក​​រដ្ឋ​មន្ត្រី​ ដល់​អនុ​រដ្ឋ​លេខា​ធិការ និង​ដល់​​ទី​ប្រឹក្សា​​ដែលមាន​ឋានៈ​​ជាមន្ត្រី​ជាន់​ខ្ពស់​នោះ​​វាចូល​ម៉ឺន​ទៅ​ហើយ​ ឃើញ​តែ​តែង​តាំង​នេះ​​តែង​តាំង​នោះ​​សឹង​​រាល់​ថ្ងៃ»។

ជាមួយ​គ្នា​នេះ​ លោក សេង វណ្ណលី អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ ​បានប្រាប់​វីអូឌី​នៅថ្ងៃទី​​២៤ខែ​មីនា​នេះ​​ថា ការ​​ជ្រើស​រើស​យក​វិធានការបង្ក្រាប ​និង​បំបិទមាត់​អ្នក​រិះគន់​ជាជាង​ការធ្វើ​កំណែ​ទម្រង់​ស្ថាប័ន ​ដើម្បី​​លុប​​​​បំបាត់​អំពើ​​ពុក​​រលួយ ​និង​បក្ខពួក​​និយម ​គឺ​ជាយុទ្ធសាស្ត្រ​ដែល​បង្កហានិភ័យ​ខ្ពស់​ដល់​​ស្ថិរភាព​អំណាច​​របស់​មេដឹកនាំ​ក្នុង​រយៈ​​ពេល​​វែង។​​ លោក​ថា ​ទោះ​បីការ​ប្រើ​ប្រាស់​​កម្លាំងបាយ ​​​និង​តុលាការ​អាច​ជួយ​​រក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​ផ្ទៃ​ខាង​លើ​​បាន​មួយ​រយៈ​ក៏ដោយ​ ក៏ប៉ុន្តែ​វាមិន​បានដោះ​ស្រាយនូវ​ឫស​គល់​​នៃ​បញ្ហា​​ដែល​ជាកង្វល់​ពិត​ប្រាកដ​របស់​ប្រជាពល​រដ្ឋ​នោះទេ។

បើតាម​អ្នក​វិភាគ​រូប​នេះ ​នៅពេល​ដែល​រដ្ឋាភិបាល​បរាជ័យ​​ក្នុង​ការ​ផ្តល់​យុត្តិធម៌​​សង្គម និង​អនុញ្ញាត​​​ឱ្យ​វិសម​ភាព​សង្គម​​​កាន់​​តែ​រី​ក​​​ធំ​ធាត់​ វានឹ​ង​​ធ្វើ​​ឱ្យ​​ខូច​ខាត​​ដល់​​ជំនឿ​​ទុក​​ចិត្ត​​របស់​​សាធា​រណជន​ ដែល​​​ជាគ្រឹះ​ដ៏​សំខាន់​​នៃភាព​ស្របច្បាប់​នៃអំណាច។ លើ​សពីនេះ ​ការ​ប្រមូល​ផ្តុំ​ទ្រព្យ​សម្បត្តិ​ និងឱកាស​សេដ្ឋកិច្ច​នៅ​ក្នុង​ដៃ​​ឥស្សរ​ជន​ និង​បណ្តាញ​ឧកញ៉ា ​បង្កើត​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត ​ក្នុង​ចំណោម​ស្រទាប់​វណ្ណៈ​​កណ្តាល ​និង​ពល​រដ្ឋ​​​ក្រីក្រ ​ដែល​កំពុង​តែ​រងគ្រោះ​​ដោយ​សារ​តែ​បំ​​ណុល ​និង​ការឡើង​ថ្លៃទំនិញ​និង​ថាមពល។

លោកថា៖ «កំហឹងនៃសង្គមដែល​ត្រូវបាន​សង្កត់​សង្កិត​ ​ដោយ​សារ​ការបង្ក្រាប ​មិន​មែន​​រលាយ​បាត់​ទៅ​វិញ​នោះ​​ទេ ​ប៉ុន្តែ​វាសន្សំ​ទុក​នៅក្នុង​ចិត្ត​​រហូត​ដល់​ចំណុច​ផ្ទុះ​​ណាមួយ​ ដែល​រដ្ឋ​មិន​អាច​គ្រប់​គ្រង​​បាន ​​ជា​ពិសេស​​នៅ​​ពេល​​ដែល​មាន​វិបត្តិ​​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​។ ​ជារួម​មក​ការរក្សា​អំណាច ​តាម​រយៈ​ការ​បង្ក្រាប​ដោយ​គ្មាន​​ការ​កែទម្រង់​យុត្តិធម៌​សង្គម គឺ​ជាការ​បង្កើតនូវ​ស្ថិរភាពក្លែងក្លាយ​​ដែល​ងាយ​នឹងរង្គ្រោះ​រង្គើបំផុត ​នៅ​ចំពោះ​​មុខ​វិបត្តិ​ផ្សេងៗ ​ប្រសិន​បើ​ស្ថាប័ន​រដ្ឋ​នៅ​តែបន្ត​​បម្រើ​តែផល​ប្រយោជន៍គ្រួសារ និង​បក្ខពួកនិយម ​ជា​ជាង​ការពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍រួមរបស់​ពល​រដ្ឋ​គ្រប់​រូប ​នោះ​ហានិភ័យ​​នៃ​ការ​​បាត់​​បង់​​អំណាច​​នឹង​នៅ​​តែ​តាម​​លង​បន្លាច​​មេដឹក​នាំ​ជានិច្ច ​ទោះ​បីជាពួក​គេមាន​មាន​ឧបករណ៍បង្ក្រាប​ទំនើប​កម្រិតណាក៏ដោយ»

វីអូឌី មិន​អាច​ទាក់​ទង​ លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ដើម្បី​ស្នើ​សុំ​ធ្វើអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៤ខែ​មីនា​នេះ។

ប៉ុន្តែ​ទាក់​ទង​នឹងការ​ធ្វើកំណែទម្រង់​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​កាលពី​ថ្ងៃទី​២០ ​ខែ​មីនា ​​ឆ្នាំ​២០២៥​ថា កំណែទម្រង់​​រដ្ឋបាល​សាធា​រណៈ ​​គឺ​ជាបេះដូង​នៃការ​ធ្វើ​កំណែ​ទម្រង់​ និង​​ប្រសិទ្ធ​ភាព​ការ​​ងារ​​របស់​​រាជ​រដ្ឋាភិ​បាល ពីព្រោះ​​បើក្រសួង​ស្ថាប័ន​រដ្ឋបាលសាធារណៈ​​អត់​ប្រសិទ្ធភាព​ កុំ​និយាយ​ពីរឿង​ការ​ផ្តល់​​សេវា​​ឱ្យ​សោះ ​កុំនិយាយ​ពីការ​លើក​​កម្ពុជា​​ភាព​ប្រកួត​ប្រជែង​​ភាពទាក់​ទាញ​របស់កម្ពុជា​។​ការ​កែ​សម្រួល​​ស្ថាប័ន​​តួនាទី​ភារ​កិច្ច​​​របៀប​​របប​ការ​ងារ​ ការ​គ្រប់​គ្រង​មន្ត្រី​ ត្រូវ​​​តែ​ធ្វើ​​ជា​ជំហាន​ៗ ​ហើយ​​ត្រូវ​​តែ​​ហ៊ាន​​លះ​បង់ ​និងស្នើសុំការចូលរួមទាំង​អស់គ្នា​ដើម្បី​ទាំង​អស់​​គ្នា។

ប៉ុន្តែ​យ៉ាងណាក្តី ​ក្រុម​អ្នក​ឃ្លាំមើល ​បាន​លើកឡើង​ថា រហូត​មក​ដល់​ពេលនេះ ​​គេពុំ​ទាន់​ឃើញ​មាន​តម្រុយ​ណាមួយ​​​ដែល​​រដ្ឋាភិបាល​​របស់​ លោក ​ហ៊ុន ម៉ាណែត បាន​ធ្វើ​កំណែទម្រង់នោះ​ទេ ខណៈ​ដែល​ក្រសួង​ស្ថាប័ន​​រដ្ឋ​​​ស្ទើ​​តែទាំង​អស់​ បាន​ក្លាយ​ទៅ​ជាក្រសួង​ស្ថាប័ន​របស់​គ្រួសារ​ ​ត្រកូលមន្ត្រីមាន​អំណាច​មួយ ​ដូច​ជា​ក្រសួង​ការ​ពារ​ជាតិ​​ត្រកូល​​​ទៀ ក្រសួង​​​មហាផ្ទៃ​ត្រកូល​ស ជាដើម។

ត្រង់​ចំណុចនេះ ​លោក ​ម៉ែន ណាត បាន​ថ្លែងថា​ ការ​ពង្រីក​ចំនួន​​ក្រសួង ​ចំនួន​​ស្ថាប័ន ការតែង​តាំង​តួនាទី​ដល់​​​​អ្នក​ចុះ​ចូល​រដ្ឋាភិ​បាល ​ដូច​ដែល​​បាន​ធ្វើ​ឡើង​ជាបន្តបន្ទាប់​កន្លង​មក​ គឺ​បាន​​​បង្កើត​​ឱ្យ​​មាន​អំពើ​ពុក​រលួយ និង​​​បក្ខពួក​និយម​ជាប្រព័ន្ធ​។ អ្នក​ឃ្លាំមើល​រូប​នេះ ​​បន្តថា អំពើ​ពុក​រលួយ​កើត​ឡើង​ ដោយ​សារការ​យក​​មនុស្ស​​មក​​ដាក់ក្នុង​ស្ថាប័ន​​រដ្ឋ ​​ដើម្បី​បម្រើ​គោល​នយោបាយ​របស់​ក្រុមគ្រួសារបក្ខពួក​​ខ្លួន​ ដូច​ជា ការ​ទាក់​​ទាញ​​ពួកអ្នក​ប្រឆាំង​ឱ្យ​ចុះ​ចូល​រួច​តែង​តាំង​ឱ្យ​ធ្វើ​ជាមន្ត្រី​មាន​តួនាទី​ធំជាដើម។ បន្ថែម​ពីនេះ ​​ការ​តែង​តាំង​​ប្រពន្ធកូន​ចៅ​របស់​អ្នក​មាន​អំណាច ​​ឱ្យកាន់​តំណែង​ជាន់​ខ្ពស់​បន្តវេន​​ក្នុង​ជួរ​រដ្ឋាភិបាល ​តាំង​ពីថ្នាក់​ជាតិ​​​រហូត​ដល់​ថ្នាក់​មូលដ្ឋាន គឺ​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍជាតិ។

លោកថា៖ «អាហ្នឹង​ហើយ​ជាការ​បង្កើតបក្ខពួកនិយម ហើយ​បើបង្កើតចឹង​ ហើយទៅ​លុបបំបាត់ម៉េច​​បាន​? ពីព្រោះ​​​​មន្ត្រី​អស់​ហ្នឹង​ជា​មន្ត្រី​​ដែល​​ឡើង​​តាម​​ជើង​​ខោសា​ច់ញាតិ​​ម៉ែឪ​បង​​ប្អូន​ ​ទាំង​អ្នក​ខ្លះ​មាន​សមត្ថភាព​ទាំង​​អ្នក​ខ្លះ​អត់​សមត្ថភាព​​ទាល់​តែសោះ​អ៊ីចឹង។ ​ហើយ​ដល់​មន្ត្រី​អស់ហ្នឹង​​ប្រព្រឹត្ត​​អំពើ​​ខុស​ឆ្គង​​ ពួក​​អ្នក​​ធំ​នាំ​គ្នា​​ការ​ពារ​​សាច់​​ញាតិ​​​ខ្លួន​​​ឯង​ ម៉្លោះ​​ហើយ​វាធ្វើ​ឱ្យ​ប្រព័ន្ធ​អយុត្តិធម៌​សង្គម​ហ្នឹង​​គឺ​វារីកហ្មងៗ។ មាន​​ច្រើន​​ណាស់​ ​អាហ្នឹង​​វា​គ្រាន់​តែជាឧទាហរណ៍​ទេ​ បើ​យើង​ជជែក​ជជែក​ម៉ាថ្ងៃពីរ​ថ្ងៃ ក៏មិន​អស់ដែរ រឿង​អយុត្តិធម៌​សង្គម ​​រឿង​អំពើបក្ខពួកនិយមនេះ​។ ​ប៉ុន្តែ​ជារួម​ នៅក្នុង​រឿង​ហ្នឹង​ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​មួយ​បង្កើត​ឱ្យ​មាន​​សេនា​ធិការ​​ដឹកនាំជាតិ​ ​ទៅជា​សេនាធិ​ការក្រុមគ្រួសារ​និយម​បងប្អូន​ ​តែងតាំងសាច់​ញាតិ​​គ្នា​ឯង​ធ្វើ​ធំ​ អាហ្នឹង​​ហើយ​​​​វា​ធ្វើ​​ឱ្យ​ប្រព័ន្ធ​សង្គម​ទាំងមូលចុះខ្សោយ»។

ក្នុង​ស្ថានភាព​ដូចសង្គម​កម្ពុជា​បច្ចុប្បន្ន​ លោក ​ម៉ែន ណាត លើកឡើង​ថា បើ​​ចង់​ទាម​ទារ​ឱ្យមាន​ការអភិវឌ្ឍ​ជាតិ​​តាម​គោលការណ៍​នីតិរដ្ឋ​ តាម​គោល​ការណ៍​ប្រ​ជាធិប​តេយ្យ គឺ​​​ទៅ​​មិន​​​រួ​ច​​​ទេ ​ពី​ព្រោះ​អំពើ​ពុក​រលួយ​បក្ខ​ពួក​​និយម ​វាធ្វើឱ្យ​រាំង​ស្ទះ​ដល់​ដំណើរការអភិវឌ្ឍជាតិ​ទាំងស្រុង​។

លោក​បាន​លើក​ឡើង​​ពីវិស័យការពារ​ជាតិ ​​ដែលមាន​ភាព​ទន់​ខ្សោយ​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន ​គឺ​ដោយ​សារ​​តែ​ការ​រីកដុះដាលយ៉ាង​ខ្លាំង​​​នៃ​​អំពើ​ពុក​រលួយ ​បក្ខពួកនិយម ​​គ្រួសារ​និយម ​នៅ​ក្នុង​វិស័យនេះ ពីព្រោះ​សូម្បី​​​​រដ្ឋមន្ត្រីការ​ពារ​ជាតិ ​លោក ​ទៀ សីហា ​ក៏ទទួល​ការតែង​តាំង​ពីឪពុក​​​របស់​​ខ្លួន ​ក្រៅពីនេះ​​មាន​រដ្ឋ​លេខា​ធិការ អនុ​រដ្ឋ​លេខា​ធិការ​ និង​​​មេ​ប​ញ្ជាកា​រ​​ច្រើន​ណាស់ ​ត្រូវ​បាន​តែង​តាំង​ឱ្យកាន់​តំណែង​​តពីឪពុក​​តពី​សាច់​ញាតិ​​បង​​ប្អូន​​របស់​​ខ្លួន​ ​​ទាំង​ដែល​អ្នក​ខ្លះ​គ្មាន​ជំនាញ​គ្មាន​សមត្ថ​ភាព​​ទាល់​តែសោះ។

សម្រាប់ ​លោក ​អ៊ូ ច័ន្ទ​រ័ត្ន​ សហស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា ​បាន​ថ្លែងថា នៅ​ក្នុង​សង្គម​ណា​​ក៏ដោយ​​ការ​រិតត្បិត​​សេរីភាព​​បញ្ចេញ​មតិ​ក្តី​ ការរិតត្បិត​ការធ្វើ​សកម្មភាព​​បម្រើ​សង្គម​​ផ្សេងៗ​​ក្តី ​​វាជារឿង​មិន​​ល្អ​នោះ​ទេ បើ​ទោះ​បីជា​នៅក្នុង​ប្រទេស​ប្រកាន់​​របប​​កុម្មុយនីស្តផ្តាច់ការ ​​ក៏ប្រជា​ពល​រដ្ឋនៅក្នុង​ប្រទេស​នោះ ​មិន​សប្បាយ​​ចិត្ត​ចំពោះ​ការ​បិទ​មាត់​មិន​ឱ្យ​បញ្ចេញ​មតិនោះ​ដែរ។

លោកថា៖ «ដូច្នេះការរិតត្បិតសេរីភាពបញ្ចេញមតិនេះ ​វាធ្វើ​ឱ្យ​បាត់​បង់ការ​គាំទ្រ​ច្រើនទៅ​ៗ ពីព្រោះ​យើង​ដឹង​​ហើយ ​ទោះបីជានៅក្នុង​ក្រុម​តែមួយ​នៅក្នុង​បក្សតែមួយ ក៏គង់​តែមាន​អ្នក​ដែល​មាន​មតិផ្សេង​ដែរ ​ដូច្នេះកាល​ណា​បំបិទ​នឹង​កាន់​​តែខ្លាំង ​សូម្បីតែនៅក្នុង​ក្រុម​នៅក្នុង​បក្សខ្លួន​ឯង ​ក៏អាច​នឹងប៉ះពាល់​ដែរ»។

ជាមួយគ្នា​នេះ ​លោក ​សុន ឆ័យ ​អនុប្រធានគណបក្ស​ឆន្ទៈ​ខ្មែរ​ បាន​ចាត់​ទុកស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​​ថា​កំពុង​​ស្ថិត​នៅក្នុង​របត់​គ្រោះថ្នាក់ និង​បាន​ផ្តល់​ជាគំនិតដល់​រដ្ឋាភិបាល​​ឯក​បក្ស​នៃបក្ស​ប្រជា​ជន​​ថា គួរ​ងាក​មក​​អនុ​វត្ត​យុទ្ធ​សាស្ត្រ “កំណែទម្រង់​ស៊ីជម្រៅ” ជាជាងការប្រើប្រាស់វិធានការបង្ក្រាប។

​ដើម្បីពង្រឹងទំនុកចិត្តពីពលរដ្ឋ និងរក្សាស្ថិរភាពអំណាច​ អតី​ត​​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​ពង្រឹងអភិបាលកិច្ច និងការប្រឆាំងអំពើ​ពុ​ករលួយ ដោយ​លោកថា ​នៅ​ពេល​ដែលចំណូល​រដ្ឋថយចុះ ការលុបបំបាត់អំពើពុករលួយគឺជា “ប្រភពចំណូល” ដ៏ធំមួយ។ បន្ថែម​ពី​នេះ​ ​ត្រូវ​មាន​តម្លាភាពថវិកា​ដោយ​​ធានាថា ថវិកាជាតិត្រូវបានប្រើប្រាស់ចំគោលដៅ មិនត្រូវបានកិបកេងដោយ​មន្ត្រីខិលខូច។

​លោក សុន ឆ័យ ​​ក៏បាន​ជំរុញ​ឱ្យរដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ធ្វើកំណែទម្រង់រដ្ឋបាល​​សាធារ​ណៈ​ ​តាម​រយៈ​ការ​កាត់បន្ថយ​ការិយាធិបតេយ្យដែលស្មុគស្មាញ ដែលជាប្រភពនៃអំពើពុករលួយ និងជួយសម្រួលដល់​ការរកស៊ីរបស់វិស័យឯកជន ការដោះស្រាយបញ្ហាបំណុល និង​ជីវភាព​ពលរដ្ឋ តាម​​រយៈ​​ការ​​ធ្វើកា​រ​ជាមួយ​​ធនាគារកណ្តាល និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដើម្បីសម្រួលលក្ខខណ្ឌសងបំណុល ឬពន្យារពេលសង ដើម្បី​កាត់បន្ថយសម្ពាធផ្លូវចិត្ត និងសង្គម។

បន្ថែម​ពីនេះ​ លោក​សុន ឆ័យ​ ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាលស្តារ​ប្រព័ន្ធយុត្តិធម៌​ឡើ​ងវិញ​​ផង​ដែរ ​ដោយ​​ធ្វើ​​យ៉ាង​ណា​​ត្រូវ​​ធានា​ថា ទាំង​​អ្នក​មាន​អំណាច និង​ពល​រ​ដ្ឋ​​ក្រីក្រ ទទួល​បាន​ការ​កាត់ក្តីតាមច្បាប់​ដូចគ្នា ​ពីព្រោះ​នៅពេលពលរដ្ឋ​មានអារម្មណ៍​ថា​ទទួលបានយុត្តិធម៌ ពួកគេនឹងមានភាពកក់ក្តៅ និងគាំទ្ររដ្ឋាភិបាល។

សូមបញ្ជាក់ថា បច្ចុប្បន្ន​​បញ្ញាវន្ត​ខ្មែរ​ក្នុង​ចំនួន​​កាន់​តែច្រើន ​​ទាំង​បញ្ញវន្ត​ដែលមាន​និន្នាការឯក​រាជ្យ​ និង​បញ្ញ​​វន្ត​ដែល​​​​គាំទ្រ​​​រដ្ឋាភិបាល ​បាន​ចាត់​ទុក​ស្ថានភាពកម្ពុជា​បច្ចុប្បន្ន​ថា ​កំពុង​តែ​ស្ថិត​ក្នុង​គ្រាអាសន្ន និង​មាន​វិបត្តិ​គ្រោះ​ថ្នាក់ ​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​​ពិត​ប្រាកដ​ជាក់​ស្តែង ​​ដោយ​ចាប់​ផ្តើម​ពីការ​សម្អាត​អំពើ​​​ពុក​រលួយ ​​​បក្ខ​​ពួក​និយមដែល​បាន​និង​កំពុង​បំផ្លាញ​កម្ពុជា​​​​ជាប្រព័ន្ធ ​​​ធ្វើ​ឱ្យ​កម្ពុជា​ទន់​ខ្សោយ​យ៉ាងខ្លាំង​គ្រប់​​វិស័យ ជាពិសេស​វិស័យ​​ការ​ពារ​ជាតិ​​ដែល​ជាឱ្យ​កាស​​ធ្វើ​ឱ្យ​ប្រទេស​ថៃ​​ប្រមាថមើល​ងាយកម្ពុជា ដោយ​​រុល​ចូល​រាយបន្លាលួស​វាទយក​ទឹក​ដី​ខ្មែរ​តាម​អំពើ​ចិត្ត​ជារៀង​រាល់ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ