កាលពីថ្ងៃទី២៣ខែមីនា ប្រទេសអ៊ីរ៉ង់ បានបដិសេធថា ខ្លួនមិនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានពន្យារពេលការគំរាមកំហែងបំផ្ទុះបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ ដោយសារអ្វីដែលលោកបានពណ៌នាថា ជាកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះ។
មន្ត្រីអឺរ៉ុបម្នាក់ បាននិយាយថា ខណៈដែលមិនទាន់មានការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ ប្រទេសអេស៊ីប ប៉ាគីស្ថាន និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ កំពុងដើរតួជាអ្នកបញ្ជូនសារ។ មន្ត្រីប៉ាគីស្ថានម្នាក់ និងប្រភពទីពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា ការចរចាដោយផ្ទាល់ស្តីពីការបញ្ចប់សង្គ្រាម អាចនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាត (Islamabad) យ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបពិភាក្សាគ្នា “យ៉ាងល្អ និងប្រកបដោយផ្លែផ្កា” អំពី “ការដោះស្រាយជម្លោះទាំងស្រុង និងសរុបនៅក្នុងមជ្ឈិមបូព៌ា”។
ជាលទ្ធផល លោកបានមានប្រសាសន៍ថា លោកកំពុងពន្យារពេលរយៈពេល ៥ ថ្ងៃ សម្រាប់ផែនការវាយប្រហារលើបណ្តាញថាមពលរបស់អ៊ីរ៉ង់។ ការប្រកាសរបស់លោកបានធ្វើឱ្យតម្លៃភាគហ៊ុនហក់ឡើងខ្ពស់ និងតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំងមកនៅក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការប្រែប្រួលភ្លាមៗចំពោះទីផ្សារដែលកំពុងធ្លាក់ចុះ បង្កឡើងដោយការគំរាមកំហែងរបស់លោកកាលពីចុងសប្តាហ៍ និងការប្តេជ្ញាចិត្តសងសឹករបស់អ៊ីរ៉ង់។
ក្រោយមក លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា បេសកជនពិសេសរបស់លោកគឺលោក Steve Witkoff និងកូនប្រសារលោក គឺលោក Jared Kushner ដែលធ្លាប់បានចរចាជាមួយអ៊ីរ៉ង់មុនពេលមានសង្គ្រាម បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់រហូតដល់ល្ងាចថ្ងៃ២២មីនា ហើយនឹងបន្តនៅថ្ងៃ២៣មីនា។
លោកបានប្រាប់អ្នកយកព័ត៌មានមុនពេលចាកចេញពី រដ្ឋផ្លរីដា ទៅកាន់ទីក្រុង Memphis ថា៖ «យើងមានកិច្ចពិភាក្សាខ្លាំងក្លាបំផុត។ យើងនឹងរង់ចាំមើលថាតើពួកគេនឹងនាំទៅដល់ទីណា។ ខ្ញុំអាចនិយាយបានថា យើងមានចំណុចឯកភាពគ្នាជាធំ ឬស្ទើរតែគ្រប់ចំណុចនៃកិច្ចព្រមព្រៀង»។
នៅក្នុងទីក្រុង Memphis លោកបានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនបានចរចាជាមួយអ៊ីរ៉ង់ “អស់រយៈពេលយ៉ាងយូរមកហើយ ហើយលើកនេះពួកគេពិតជាយកចិត្តទុកដាក់មែនទែន” ដោយបន្ថែមថា “ខ្ញុំគិតថា វាអាចនឹងបញ្ចប់ទៅដោយលទ្ធផលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អ្នករាល់គ្នា”។
លោកមិនបានបញ្ចេញអត្តសញ្ញាណមន្ត្រីអ៊ីរ៉ង់ ដែលបានទាក់ទងជាមួយលោក Witkoff និងលោក Kushner នោះទេ ប៉ុន្តែបានមានប្រសាសន៍ថា៖ «យើងកំពុងទាក់ទងជាមួយបុរសម្នាក់ដែលខ្ញុំជឿថា ជាអ្នកដែលទទួលបានការគោរពបំផុត និងជាមេដឹកនាំ»។
មន្ត្រីអ៊ីស្រាអែលម្នាក់ និងប្រភពពីរផ្សេងទៀតដែលដឹងអំពីបញ្ហានេះ បាននិយាយថា អ្នកសម្របសម្រួលនៅភាគីអ៊ីរ៉ង់ គឺលោក Mohammad Baqer Qalibaf ប្រធានសភាដ៏មានអំណាចរបស់អ៊ីរ៉ង់។
ប៉ុន្តែលោក Qalibaf បានសរសេរនៅលើបណ្តាញសង្គម X ថា មិនមានការចរចាបែបនេះជាមួយសហរដ្ឋអាមេរិកនោះទេ ហើយលោកបានចំអកឱ្យការលើកឡើងនេះថា ជាការប៉ុនប៉ងដើម្បីកែខៃទីផ្សារហិរញ្ញវត្ថុ។
លោកបានសរសេរថា៖ «មិនមានការចរចាណាមួយត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិកឡើយ ហើយព័ត៌មានក្លែងក្លាយត្រូវបានប្រើប្រាស់ដើម្បីបង្ខូចទីផ្សារហិរញ្ញវត្ថុ និងប្រេង ក៏ដូចជាដើម្បីគេចចេញពីភាពជាប់ផុងដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងជួបប្រទះ»៕









