តម្លៃហ្គាស (LPG) នៅទីផ្សារកម្ពុជាកំពុងហក់ឡើងយ៉ាងគំហុកក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ខណៈការលក់រាយពុំត្រូវបានកំណត់តម្លៃជាក់លាក់ ពីក្រសួងពាណិជ្ជកម្មឡើយ។ បើប្រៀបធៀបនឹងមុនមានវិបត្តិនៅមជ្ឈិមបូព៌ា តម្លៃហ្គាស ១លីត្រ ត្រឹម ១៧៥០រៀលប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា តម្លៃហ្គាសបានកើនដល់ជិត ៤០០០រៀលក្នុង១លីត្រ ឬលើស ៤០០០រៀល អាស្រ័យលើការកំណត់របស់ឈ្មួញរៀងៗខ្លួន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងប្រាប់វីអូឌី នៅថ្ងៃទី២៤ ខែមីនាថា តម្លៃហ្គាសនៅលើទីផ្សារកម្ពុជាបានកើនលើសពី ១០០ភាគរយហើយ នៅពេលតម្លៃលក់រាយកើនដល់ជិត ៤០០០រៀលក្នុង១លីត្រ។ លោកអះអាងថា បញ្ហាហ្គាសនឹងបង្កផលប៉ះពាល់ដល់ពលរដ្ឋខ្លាំងជាងសាំង និងម៉ាស៊ូត ដែលទាមទារឱ្យរដ្ឋាភិបាលគិតគូរ ពិសេសការកំណត់តម្លៃលក់រាយ និងរកប្រភពពីក្រៅប្រទេសដើម្បីអាចផ្គត់ផ្គង់គ្រប់គ្រាន់បាន។ ត្រង់ចំណុចនេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលធានាតម្លាភាព ក្រោយក្រុមហ៊ុនសូគីមិចរបស់ឧកញ៉ា សុខ គង់ ប្រកាសផ្អាកផ្គត់ផ្គង់ហ្គាសក្នុងទីផ្សារកម្ពុជា ដែលក្រសួងរ៉ែអះអាងថា ប៉ះពាល់តែ ៣ភាគរយនៃទីផ្សារសរុប។ ប៉ុន្តែលោកកត់សម្គាល់ថា ក្រោយក្រុមហ៊ុននេះប្រកាសផ្អាកតម្លៃហ្គាសហក់ឡើងភ្លាមៗយ៉ាងខ្លាំង។
លោកថា៖ «មែនទែនទៅ តម្លៃហ្គាសនេះ គួរតែពិចារណាឱ្យបានស៊ីជម្រៅ នៅក្នុងការកំណត់តម្លៃ ព្រោះហ្គាសនេះ ពីដើមមកយើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារឡានក៏មិនសូវមានប្រើហ្គាស ហើយពលរដ្ឋភាគច្រើន ប្រើធ្យូង ឬក៏ប្រើអុសណា៎។ ប៉ុន្តែឥឡូវនេះជាទូទៅ ខ្ញុំមើលឃើញនៅតាមជនបទអី តាមស្រែចម្ការអីហ្នឹង ក៏នាំគ្នាប្រើហ្គាសគ្រប់គ្នា។ ហើយហ្នឹងដោយសារឃើញថា ហ្គាសវាថោក វាស្រួលប្រើណាស់ ដល់ពេលនេះ ហ្គាសឡើងថ្លៃ អាហ្នឹងខ្ញុំមើលទៅ វាអាចនឹងប៉ះពាល់ មែនវាអាចទេ វាគឺកំពុងតែផ្ដល់ផលប៉ះពាល់ហ្នឹង ធំធេងជាងសាំងទៅទៀត»។
សម្រាប់លោកបណ្ឌិត មាស នី យល់ថា រដ្ឋាភិបាលត្រូវបង្ហាញនូវគោលនយោបាយជាក់លាក់ ក្នុងការកាត់បន្ថយតម្លៃប្រេងមិនឱ្យឡើងលឿន តាមតម្លៃប្រេងពិភពលោកនោះទេ ហើយត្រូវធានាកុំឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ តាមរយៈការបរិច្ចាគពីរដ្ឋាភិបាល ការបញ្ចុះពន្ធ និងបង្កើនការផលិតក្នុងស្រុក ឬនាំចូលប្រេងឱ្យបានគ្រប់គ្រាន់។ លើសពីនេះ លោកចង់ឱ្យរដ្ឋាភិបាលមានវិធានការសន្សំសំចៃថាមពល ដូចជាធ្វើការពីផ្ទះជាដើម។
វីអូឌី ពុំអាចសុំការឆ្លើយបំភ្លឺពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ជុំវិញសំណើកំណត់តម្លៃហ្គាសលក់រាយលើទីផ្សារ និងវិធានការរក្សាតម្លៃប្រេងឥន្ធនៈ ខណៈតម្លៃលក់រាយនៅកម្ពុជា បានហក់ឡើងខ្ពស់ជាងគេនៅលើពិភពលោក ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងមក។
បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ ៥៤០០ ខណៈម៉ាស៊ូតឡើងដល់ ៦៧០០រៀល។ តម្លៃសាំងបានកើនប្រមាណជាង ៦៧ភាគរយ រីឯម៉ាស៊ូតកើនជាង ១០០ភាគរយ។ កាលពីថ្ងៃទី២០ ខែមីនា ក្រសួងពាណិជ្ជកម្ម បានកាត់បន្ថយពន្ធអាករចូលរដ្ឋ ពី១០ភាគរយ មិនត្រឹម ៤ភាគរយ សម្រាប់សាំងធម្មតា ខណៈ ០ភាគរយសម្រាប់ម៉ាស៊ូត។
ចំណែក រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កាលពីថ្ងៃទី២៣ ខែមីនា បានចេញមុខអះអាងថា ការប្រើហ្គាសនៅកម្ពុជាពុំទាន់ខ្វះទេ ទោះក្រុមហ៊ុនសូគីម៉ិចប្រកាសផ្អាកផ្គត់ផ្គង់ក្ដី។ ប៉ុន្តែលោកបានស្នើពលរដ្ឋតាមផ្ទះកាត់បន្ថយប្រើហ្គាស ដោយងាកទៅប្រើឆ្នាំងអគ្គិសនីជំនួសវិញ ដើម្បីទុកហ្គាសឱ្យអ្នករត់កង់បីប្រើសម្រាប់មុខរបរប្រចាំថ្ងៃ។ លើសពីនេះ លោកអះអាងថា កម្ពុជានឹងពុំដំឡើងថ្លៃអគ្គិសនីនោះទេ។
ទន្ទឹមនេះ រដ្ឋាភិបាលបានចេញបទបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័ន កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងបេសកកម្មនានាដែលមិនចាំបាច់ ដោយធ្វើឡើងតាមរយៈវីដេអូអនឡាញវិញ។ ចំណែក បញ្ហាចរាចរណ៍តម្រូវឱ្យមន្ត្រីប៉ូលិសចុះសម្រួល ដើម្បីបញ្ចៀសការកកស្ទះ ដែលធ្វើឱ្យខាតប្រេងឥន្ធនៈជាដើម។
ជុំវិញបញ្ហាតម្លៃហ្គាសនេះ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ យល់ថា នេះជាភាពខុសឆ្គងរបស់រាជរដ្ឋាភិបាល ដែលពុំបានកំណត់តម្លៃលក់រាយឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ លោកចង់រដ្ឋាភិបាលកំណត់អាទិភាពសម្រាប់ពលរដ្ឋដែលត្រូវប្រើប្រាស់ហ្គាសចាំបាច់ តាមរយៈការចេញប័ណ្ណសម្គាល់ជាដើម។
លោក សុន ឆ័យ ថ្លែងថា៖ «អាហ្នឹងគឺជាកំហុសនៃការគ្រប់គ្រងហើយ រឿងកំណត់តម្លៃវាៗកំណត់បានទាំងអស់ គ្រាន់តែថា យើងមើលទីផ្សារតម្លៃកម្រិតណា ការចំណាយទៅលើការនាំចូល ចំណាយក្នុងការដឹកជញ្ជូន ចំណាយ យើងឱ្យខាងក្រុមហ៊ុនចំណេញប៉ុណ្ណា យើងកំណត់បានដូចគ្នា ហ្គាស ក៏ដូចប្រេងម៉ាស៊ូត ក៏ដូចប្រេងសាំងដែរ។ គ្រាន់តែថា យើងមិនអាចរក្សាតម្លៃចាស់បានប៉ុណ្ណឹងទេ ប៉ុន្តែប្រសិនណាបើរដ្ឋមិនកំណត់ដូចប្រេងសាំង ដូចប្រេងម៉ាស៊ូតទេ អាហ្នឹងពួកក្រុមហ៊ុនវាធ្វើតាមចិត្តហើយ ដូច្នេះយើងគួរតែអំពាវនាវឱ្យរដ្ឋាភិបាលកំណត់ កំណត់មិនមែនជាការដាក់តម្លៃទេ ប៉ុន្តែធម្មតាអ្នកឯកទេសគេមានវិធីកំណត់របស់គេ មិនអាចបណ្តោយឱ្យពួកលក់ប្រេង លក់ហ្គាសហ្នឹង គាត់តម្លើងតម្លៃតាមអំពើចិត្តទេបាទ»។
ក្រៅពីតម្លៃហ្គាសនេះ លោក សុន ឆ័យ ក៏បន្តស្នើរដ្ឋាភិបាលពិចារណាកាត់បន្ថយពន្ធលើអាករបន្ថែម ចំពោះសាំង និងម៉ាស៊ូត ដោយលោកជំរុញឱ្យរដ្ឋាភិបាលអនុវត្តយន្តការចាំបាច់មួយចំនួន ដូចជា កាត់បន្ថយផ្នែករដ្ឋបាល ក្រដាសស្នាមស្មុគស្មាញ ឬកម្រៃផ្សេងៗដែលធ្វើឱ្យអ្នកលក់រាយបង្កើនតម្លៃជាដើម។ ទន្ទឹមនឹងនេះ លោកក៏ស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គិសនីផង ខណៈកម្ពុជាមានតម្លៃខ្ពស់ខ្លាំង បើប្រៀបធៀបជាមួយប្រទេសជិតខាង៕









