នៅកម្ពស់ជាង១ពាន់ម៉ែត្រពីនីវូទឹកសមុទ្រ អមដោយបរិយាកាសដែលត្រូវបានគេប្រដូចទៅនឹងឋានសួគ៌ ស្ទើរតែពុំមាននរណានឹកស្មានថា ឧទ្យានជាតិភ្នំបូកគោ ធ្លាប់ជាមជ្ឈមណ្ឌលឆបោកអនឡាញដ៏មមាញឹកនោះឡើយ។
វីឡាប្រណីតៗ អមជាមួយស្លាកយីហោភោជនីយដ្ឋាន និងហាងទំនិញជាភាសាចិនស្អេកស្កះ បង្ហាញថាទីនេះធ្លាប់ជាកន្លែងដែលមានមនុស្សរស់នៅច្រើនកុះករ។ ប៉ុន្តែបច្ចុប្បន្នវាប្រែជាស្ងប់ស្ងាត់បន្សល់ទុកតែសំណល់រ៉ាយប៉ាយ ដូចជា ទីក្រុងដែលត្រូវបានគេបោះបង់ចោល។
ការចាកចោលឋានសួគ៌បូកគោ
អ្នករស់នៅទីនោះ អះអាងថា ភាពស្ងប់ស្ងាត់នេះ គឺបណ្ដាលមកពីការចាកចេញយ៉ាងគំហុករបស់ជនជាតិចិន កាលពីចុងខែមករាកន្លងទៅ។
អតីតកម្មករនៅលើភ្នំបូកគោ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌីថា ទីនេះមានជនជាតិចិនរស់នៅខ្ទង់ម៉ឺននាក់ តែពួកគេបានចាកចេញអស់ភ្លាមៗត្រឹមរយៈពេលតែពីរយប់ប៉ុណ្ណោះ។
ប្រភពនិយាយថា៖ «ខ្លះក៏មានវ៉ាលីស ខ្លះក៏ទៅខ្លួនទទេ តែទឹកផឹកក៏គ្មាន។ ទៅដល់ក្រោម កន្លែងការ៉ាស់សាំង ប្រហែលជាទាក់ទងគ្នាវាមកយក។ សំខាន់ពីលើហ្នឹងទៅដើររហូត មួយយប់ទល់ភ្លឺ។ ខ្ញុំឃើញវាដើរប្រហែលជាខ្ទង់ម៉ោង៧ ម៉ោង៨យប់ អាហ្នឹងកំពុងតែផ្អើលខ្លាំង ប្រហែលជាម៉ោង៣ ម៉ោង៤(ទៀបភ្លឺ) ដើរដល់ក្រោម។ ដូចជាពីរយប់ពីរថ្ងៃ។ ខ្ញុំមានបានដេកឯណា ដឹកឥវ៉ាន់ចុះក្រោមឱ្យចិន វាជួលដឹក»។
កម្មកររូបនេះ គឺជាអ្នកស៊ីឈ្នួលបើកឡានដឹកឥវ៉ាន់ដូចជាកុំព្យូទ័រ និងសម្ភារៈផ្សេងៗ ឱ្យជនជាតិចិនចុះពីលើភ្នំបូកគោក្នុងរយៈពេលពីរយប់ជាប់គ្នានោះ។ ក្នុងមួយយប់លោកដឹកបានពីរជើង ក្នុងមួយជើងបានឈ្នួល ៥០ដុល្លារ។ លោកបានដឹងយ៉ាងច្បាស់ និងទទួលស្គាល់ថាពួកគេពិតជាប្រតិបត្តិករអនឡាញ ហើយភ្នំបូកគោ គឺពិតជាទីតាំងដ៏ល្អសម្រាប់ការងារនេះ។
ប្រភពនិយាយថា៖ «ពីមុននៅនេះសប្បាយណាស់ អ៊ូអរណាស់។ អ្នកអត់ដឹងគេថានៅភ្នំពេញ ពេលចូលដល់ក្នុង មានទាំងអស់ ខារ៉ាអូខេ ក្លឹប កន្លែងផឹកស៊ី មន្ទីរពេទ្យអីមានមួយចប់! ហាង ផ្សារទំនើប អីមានទាំងអស់។ តែតាហ្នឹង (សុខ គង់) ឱ្យមកគឺមកហើយ ធំអីជាងតាហ្នឹង។ បុរីធ្វើឱ្យចិនជួល ខ្មែរយើងឯណាទៅជួល។ ទៅជួលមិនដឹងរកស៊ីអី»។
សំណល់បញ្ជាក់ពីការពិត
គំនរសម្រាមធំមួយពោរពេញដោយស្បែកជើង សម្ភារៈស្ទូឌីអូ និងសំណល់រលួយ ជះក្លិនស្អុយក្បែរផ្លូវមួយឆ្ពោះទៅវាលស្រែ១០០។ នៅក្បែរគំនរសម្រាម គឺជាគម្រោងលំនៅដ្ឋានប្រណីត ក្រោន អ៊ីស្ទេត របស់ក្រុមហ៊ុនអចលទ្រព្យសុខា។ គ្រែដេកតម្រួតជាច្រើនឈុត ត្រូវបានគេដាក់គរលើគ្នា ហាក់ត្រៀមដឹកទៅកន្លែងណាមួយ។
បំណែកកញ្ចក់បែករាយប៉ាយនៅតាមមុខផ្ទះមួយចំនួន។ នៅលើរបងបុរី មានដាក់អំបែងកែវហាក់ទប់ស្កាត់ការផ្លោះចេញចូល ឯខ្សែអ៊ីនធឺណិតក្បែរនោះធ្លាក់រញ៉េរញ៉ៃ សុទ្ធសឹងបង្ហាញពីការចាកចេញដ៏តក់ក្រហល់របស់មនុស្សដែលធ្លាប់រស់នៅទីនេះ។
កម្មករសំណង់ក្បែរនោះបដិសេធមិនផ្ដល់ព័ត៌មានលម្អិត ដោយគ្រាន់តែបញ្ជាក់ថាម្ចាស់ផ្ទះទាំងនោះឈប់រស់នៅទីនេះហើយ។
គម្រោងលំនៅដ្ឋាន ក្រោន អេស្ទេត ជាតំបន់១ ស្ថិតក្នុងចំណោមតំបន់ទាំង៥ នៃទីតាំងឧស្សាហកម្មអនឡាញលើភ្នំបូកគោ។ តំបន់នីមួយៗ មានមនុស្សរាប់ពាន់នាក់។
ការចាកចេញយ៉ាងគំហុកពីភ្នំបូកគោ កើតឡើងក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការបង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ក្រោយការបញ្ជូនមេខ្លោង លោក ចេន ហ្ស៊ី ទៅកាត់ទោសនៅប្រទេសចិន នៅដើមខែមករា ឆ្នាំ២០២៦។
ទោះយ៉ាងណា អភិបាលខេត្តកំពត លោក ម៉ៅ ធនិន្ទ ពុំធ្វើអត្ថាធិប្បាយលម្អិតជុំវិញបញ្ហាសំណល់ និងវត្តមានជនជាតិចិននៅលើភ្នំបូកគោ ដោយលោកឱ្យអ្នកសារព័ត៌មានទៅជួបផ្ទាល់។
លោក ម៉ៅ ធនិន្ទ និយាយថា៖ «អ្នកណាប្រាប់ក្មួយ អ្នកណាប្រាប់ក្មួយ អ្នកណាប្រាប់ក្មួយ? ឥឡូវចេះទៅ ឥឡូវក្មួយចង់ដឹងការពិតក្មួយមកមក ហើយចាំពូជូនឱ្យគេជូនឡើងទៅមើលណា កុំសួរអី។ ក្មួយចង់ដឹងការពិតក្មួយអញ្ជើញមកៗ ចាំពូឱ្យគេជូនឡើងទៅមើល អាហ្នឹងបានច្បាស់! ទាន់ទេក្មួយ កុំឮគេថា ព្រោះពាក្យខ្មែរយើងគេថា ឮដប់មិនស្មើឃើញម្តង អញ្ចឹងក្មួយចង់ដឹងការពិតក្មួយមកចុះ ពូឱ្យគេជូនទៅមើលណា»។
ចំណែកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ អះអាងថា ពុំមានសម្ភារៈបន្សល់ទុកលើភ្នំបូកគោឡើយ។
លោកថា៖ «នៅលើបូកគោដូចជាមិនមានសល់ បន្សល់ទុកនូវសម្ភារៈអ្វីផ្សេងៗ ដូចជាមិនមានទេបាទ»។
វាជារឿងធម្មតាទៅហើយ ដែលអាជ្ញាធរតែងបដិសេធ ឬពុំផ្ដល់ព័ត៌មានលម្អិត ទោះបីការពិតត្រូវបានលាតត្រដាងជាបន្តបន្ទាប់។
ជាក់ស្ដែង គឺករណីឃាតកម្មនិស្សិតកូរ៉េខាងត្បូង ដែលរកឃើញសាកសពនៅជើងភ្នំបូកគោ កាលពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់មានការស៊ើបអង្កេតរកឃើញជនល្មើសជាជនជាតិចិនបីនាក់ ដែលដឹកសាកសពចុះពីលើភ្នំ។ សាលាដំបូងខេត្តកំពតចោទប្រកាន់ពីបទឃាតកម្មដោយអំពើឃោរឃៅ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ នៅសប្ដាហ៍ទី២ ខែកុម្ភៈ ភ្នំបូកគោ បានលេចឈ្មោះ ក្នុងពេលអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ ធ្វើបច្ចុប្បន្នភាព ស្ដីពី លទ្ធផលបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកបានបញ្ជាក់ថា ជនបរទេសបានចាកចេញពីទីនេះអស់ ១០០ភាគរយ។
ចុងក្រោយបំផុត គឺការចុះផ្សាយរបស់កាសែតអាមេរិក ដឹ ឌីប្លូម៉ាត (The Diplomat) នៅខែមីនានេះ ដែលបានសម្ភាសន៍ផ្ទាល់ជាមួយអតីតសន្តិសុខម្នាក់លើភ្នំបូកគោ ដែលអះអាងថា រូបគេធ្លាប់ត្រូវបានថៅកែជនជាតិចិន បញ្ជាឱ្យធ្វើទារុណកម្ម វាយ និងឆក់ លើបុគ្គលិក ឬទាសករអនឡាញផ្សេងទៀត។
ប៉ុន្តែ តាមរយៈការផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានខេមបូចា កាលពីឆ្នាំ២០២៣ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ អះអាងថា ពុំមាននរណាម្នាក់ត្រូវបានឃុំខ្លួន ឬធ្វើទារុណកម្មនៅលើភ្នំបូកគោទេ ក្រោយប៉ូលិសចុះទៅពិនិត្យ តាមពាក្យបណ្ដឹងរបស់ជនបរទេសដែលបានខលប្ដឹងថាមានករណីនេះ។ តែយ៉ាងណា លោកបានបញ្ជាក់ថា ប៉ូលិសតែងតែទាក់ទងម្ចាស់អគារមុនពេលចុះទៅពិនិត្យទីតាំង។
ការពិតពីឧទ្យានជាតិបូកគោក្រោមការគ្រប់គ្រងរបស់លោក សុខ គង់
ទោះមានឈ្មោះជាឧទ្យានជាតិ តែភ្នំបូកគោត្រូវបានរដ្ឋាភិបាលកម្ពុជាសម្បទានឱ្យទៅក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ អភិវឌ្ឍន៍រយៈពេល៩៩ឆ្នាំ លើផ្ទៃដី៤ម៉ឺនហិកតា។ គិតត្រឹមឆ្នាំ២០២៤ លោក សុខ គង់ ចំណាយលុយ ៧ ទៅ៨រយលានដុល្លារ វិនិយោគនៅទីនេះ ក្រោមសម្ព័ន្ធក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប (Sokimex Investment Group) ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត លើវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច ក្រុមហ៊ុនទឹកសុទ្ធ ចម្ការបន្លែសុវត្ថិភាព ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ និងក្រុមហ៊ុនអចលទ្រព្យ។
ក្រោយការបង្ក្រាបករណីជួញដូរមនុស្ស និងជំរិតទារប្រាក់នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៨ ខេត្តកំពត បានក្លាយជាគោលដៅថ្មីរបស់ក្រុមឧក្រិដ្ឋជន ដែលក្រោយមកបានវិវត្តទៅជាឧស្សាហកម្មឆបោកអនឡាញ។ ឧក្រិដ្ឋកម្មនេះរីកលូតលាស់កាន់តែធំ នៅពេលលេចវត្តមានក្រុមបងធំម៉ាប់ (Big Fatty Gang) នៅដើមឆ្នាំ២០២២ ដែលបានបើកប្រតិបត្តិការនៅក្នុងអគារចំនួន៩ ក្រោយសណ្ឋាគារឋានសួគ៌សុខា។
ទោះបីក្រុមនេះត្រូវបានអាជ្ញាធរតៃវ៉ាន់ចាប់ខ្លួនបាននៅចុងឆ្នាំ២០២២ តែឧស្សាហកម្មឆបោកនេះមិនបានរលំរលាយឡើយ ហើយថែមទាំងបានពង្រីកខ្លួនកាន់តែធំ សាយភាយទៅតាមគម្រោងលំនៅដ្ឋានផ្សេងទៀតរបស់ក្រុមហ៊ុនសុខា ខណៈសណ្ឋាគារ ឋានសួគ៌សុខា ផ្ទាល់ ក៏ត្រូវបានរុះរើផ្លាកនិងជំនួសមកវិញដោយយីហោកាស៊ីណូផងដែរ។
ពួនសម្ងំក្នុងគម្រោងអភិវឌ្ឍលំនៅឋានប្រណីតៗ ហ៊ុំព័ទ្ធដោយរបាំងធម្មជាតិច្រាំងថ្មចោទ និងមានច្រកតែមួយសម្រាប់ចេញចូល ឧទ្យានជាតិភ្នំបូកគោបានក្លាយជាឋានសួគ៌សម្រាប់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញពេញទំហឹងអស់រយៈពេលជាង៣ឆ្នាំមកនេះ។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា លើកឡើងថា មាតាធម្មជាតិធ្លាប់ស៊ើបអង្កេត និងព្រមានពីការផ្ដល់ដីសម្បទានឱ្យ លោក សុខ គង់ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។ កញ្ញាបន្តថា ទោះបីជនបរទេសបានចាកចេញពីទីនោះ ប៉ុន្តែកញ្ញាពិបាកជឿទុកចិត្តថា ឧទ្យានជាតិមួយនេះនឹងមានសុវត្ថិភាព ឬស្រស់ស្អាតដូចមុន ក្រោយទេសភាព និងជីវៈចម្រុះជាច្រើនត្រូវបានបំផ្លាញដោយសំណង់អគារអនឡាញ។
កញ្ញា មាន លីសា និយាយថា៖ «ចលនាធម្មជាតិទាមទារឱ្យរដ្ឋាភិបាលស្ដារឧទ្យានជាតិភ្នំបូកគោពីមុនត្រឡប់មកវិញ។ ស្នើឱ្យរដ្ឋាភិបាលចូលទៅមើលនៅក្នុង review នៅក្នុង feedback មានន័យថា ការបញ្ចេញមតិរបស់ភ្ញៀវអន្តរជាតិផង។ នៅក្នុង Google Maps គឺមានការបញ្ចេញមតិរបស់ភ្ញៀវអន្តរជាតិច្រើនណាស់ ទាក់ទងជាមួយថា ឧទ្យានជាតិភ្នំបូកគោបច្ចុប្បន្ន គឺមិនស័ក្តិសមជាមួយឋានៈជាឧទ្យានជាតិទេ ព្រោះតែធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងទីនោះ គឺកំពុងតែរងការគំរាមកំហែងធ្ងន់ធ្ងរ»។
វាសនាឋានសួគ៌បូកគោ
ទោះបច្ចុប្បន្ននៅតែមានភ្ញៀវទេសចរទៅកម្សានជាហូរហែ តែអារម្មណ៍ពួកគេចំពោះភ្នំបូកគោមិនដូចមុនឡើយ។ សំណល់ឧក្រិដ្ឋកម្មអនឡាញ សំណង់ទុកចោលភ្ជាប់ដោយស្លាកយីហោជាភាសាចិនស្អេកស្កះ និងបទពិសោធន៍មិនល្អដែលភ្ញៀវទេសចរធ្លាប់ជួប នៅតែដក់ជាប់ក្នុងការចងចាំរបស់ពួកគេ។
កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ភ្ញៀវទេសចរមួយក្រុមត្រូវបានអង្គរក្សឈុតខ្មៅពីរនាក់តាមសួរ និងបញ្ឈប់ពួកគេមិនឱ្យបង្ហោះដ្រូននៅវត្តសំពៅប្រាំ ខណៈទីនោះពុំធ្លាប់មានការហាមឃាត់ទាល់តែសោះ។ ការហាមឃាត់នេះ ក៏ព្រោះតែវត្តសំពៅប្រាំ ស្ថិតនៅជាប់អគារទាំង៩ខ្នង ដែលជាទីប្រតិបត្តិការឆបោកដ៏សកម្ម។
បើទោះបីពេលនេះ ភ្នំបូកគោលែងមានវត្តមានជនបរទេស តែបុគ្គលិកទីនោះបង្ហើបថា ពួកគេមិនបានទៅណាឆ្ងាយឡើយ ដោយមួយចំនួនបានជួលផ្ទះ និងសម្ងំលាក់ខ្លួនក្នុងទីរួមខេត្តកំពត រង់ចាំឱកាសល្អឡើងទៅដំណើរការឧក្រិដ្ឋកម្មសាជាថ្មី។
ប្រភពនិយាយថា៖ «ខ្វះអីផ្ទះជួលមួយកំភ្លូសនៅកំពត ចិនជួលនៅពេញហ្នឹង។ ខ្លះក៏មានប៉ាស្ព័រ (លិខិតឆ្លងដែន) ខ្លះក៏អត់។ តែបើអត់មានប៉ាស្ព័រ អត់ហ៊ានចេញទេ នៅតែផ្ទះជួល។ តែបើសិនពួកមានប៉ាស្ព័រ វាចេញដើរធម្មតា។ ហើយវាអត់ខ្លាចទេ! ប្រសិនបើមានប៉ូលីសសួរ មានប៉ាស្ព័រអត់អីទេ តែបើអត់មាន គេគាបរកលុយ។ ចុះខ្វះអីលុយវា ចុះទៅគ្រាន់តែដេកស៊ីរាប់ខែ»។
ស្របពេលដែលប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម តាមការកំណត់របស់រដ្ឋាភិបាលត្រឹមអំឡុងខែមេសាខាងមុខនេះ សកម្មជនបរិស្ថាន ក៏ដូចជាប្រជាពលរដ្ឋកំពុងរង់ចាំមើលវាសនាឧទ្យានជាតិភ្នំបូកគោ ថានឹងត្រឡប់ក្លាយជាឋានសួគ៌ទេសចរណ៍ ឬជាឋានសួគ៌ឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕









