ស្ថានីយប្រេងឥន្ទនៈស្ទើរតែទាំងអស់ នៅខេត្តព្រះសីហនុ ត្រូវបានគេអះអាងមកថា គ្មានឧស្ម័នហ្គាស សម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទៀតនោះទេ ដែលការណ៍នេះ បណ្តាលឱ្យអ្នកប្រកបរបរដឹកភ្ញៀវបារម្ភពីបញ្ហាប្រឈមជីវភាព និងវិបត្តិបំណុល។
អ្នកប្រកបមុខរបររត់ម៉ូតូកង់បី ឬផាសអាប់ នៅខេត្តព្រះសីហុនមួយចំនួន បាននិយាយនៅថ្ងៃពុធនេះថា កង្វះខាតហ្គាសកំពុងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ខណៈពួកគាត់ ជំពាក់លុយធនាគារវណ្ឌករ។
បើតាមប្រភពនោះ ចាប់ពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមីនានេះ គេសង្កេតឃើញមានម្ចាស់យានជំនិះគ្រប់ប្រភេទ ជាពិសេសម៉ូតូផាសអាប់រាប់ពាន់គ្រឿង ដែលប្រើប្រាស់ឧស្ម័នហ្គាស បានស្វះស្វែងជិះរកស្ថានីយប្រេងឥន្ទនៈ ដែលមានឧស្ម័នហ្គាស សម្រាប់ផ្គត់ផ្គត់ឬចាក់លើមធ្យោបាយធ្វើដំណើររបស់ពួកគេរៀងៗខ្លួន។ ខណៈស្ថានីយប្រេងឥន្ទនៈស្ទើរតែទាំងអស់ក្នុងក្រុងព្រះសីហនុ មិនមានហ្គាសលក់ជូនអតិថិជនខ្លួនទេ។
ម្ចាស់ស្ថានីយប្រេងឥន្ទនៈភាគច្រើននៅខេត្តព្រះសីហនុ បានប្រកាសថា ស្ថានីយពួកគេមិនមានឧស្ម័នហ្គាស ឬហ្គាស សម្រាប់លក់ជូនអតិថិជនទៀតឡើយ ហើយមាននៅសល់តែប្រេងសាំងធម្មតា សាំងស៊ុបពែរ និងប្រេងម៉ាស៊ូតតែប៉ុណ្ណោះ។
អ្នកស្រី ពេជ្រ ម៉ាល័យ ម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែងនៅព្រះសីហនុ បានឲ្យដឹងថា ស្ថានីយគាត់ មិនមានហ្គាសលក់ជូនអតិថិជនរបស់ខ្លួនទេ ចាប់តាំងពីថ្ងៃទី២៣ ខែមីនាមកម៉្លេះ ហើយក៏មិនដឹងថា ថ្ងៃណាស្ថានីយខ្លួនមានហ្គាសលក់ជូនអ្នកប្រើប្រាស់ទៀតដែរ។
អ្នកស្រីបន្តថា ទោះបីឧស្ម័នហ្គាសនេះ បានកើនតម្លៃខ្ពស់បែបណាក្តី ប៉ុន្តែមានម្ចាស់យានយន្តដែលប្រើប្រាស់ឧស្ម័នហ្គាសរាប់រយពាន់គ្រឿងក្នុងមួយថ្ងៃៗ បានចូលមករកសេវានេះ ជាប់មិនដាច់។
អ្នកស្រីថា៖ «បច្ចុប្បន្នស្ថានីយខ្ញុំ បើកលក់ធម្មតា មានសាំងធម្មតា សាំងស៊ុបពែរ និងប្រេងម៉ាស៊ូត។ តែស ម្រាប់ហ្គាស ខ្ញុំអត់ទាន់មានទេ ដោយសារខាងក្រុមហ៊ុនអស់ដែរ។ ចឹងត្រូវរង់ចាំស្តុកថ្មីចូលទើបផ្គត់ផ្គង់ម កបន្ថែមទៀត។ តែអត់ទាន់កំណត់ពេលវេលាថា ថ្ងៃហ្នឹង ឬថ្ងៃស្អែក ឬពេលណាបានទេ។ បច្ចុប្បន្នអត់មានហ្គាសលក់ទេ មានតែសាំង ស៊ុបពែរ និងម៉ាស៊ូត»។
ស្រដៀងគ្នាដែរ លោក មាស បូរ៉ា ជាម្ចាស់ដេប៉ូ ផ្គត់ផ្គង់ធុងហ្គាស តាមផ្ទះ និងភោជនីយដ្ឋាននានា ក្នុងក្រុងព្រះសីហនុ ក៏បានត្អូញត្អែរពីផលវិបាកក្នុងការស្វែងរកឧស្ម័នហ្គាសពីតាមស្ថានីយនានា មកផ្គត់ផ្គង់អតិថិជនរបស់ខ្លួនដែរ ព្រោះថាបច្ចុប្បន្ននេះ នៅតាមស្ថានីយប្រេងឥន្ទនៈស្ទើរតែទាំងអស់នៅខេត្តព្រះសីហនុ មិនមានហ្គាសក្នុងស្តុកទៀតទេ។
លោកបន្តថា គិតត្រឹមថ្ងៃអង្គារ មានស្ថានីយប្រេងឥន្ទនៈ ត្រឹមមួយ ឬពីរកន្លែងប៉ុណ្ណោះ ក្នុងក្រុងព្រះសីហនុ នៅមានឧស្ម័នហ្គាស សម្រាប់លក់ជូនអតិថិជន។ ហើយអតិថិជនត្រូវមកនាំយានយន្តរបស់ខ្លួន មកតម្រង់ជួររង់ចាំទទួលសេវានេះ ចន្លោះចាប់ពី ៣ទៅ៥ម៉ោង ឬច្រើនជាងនេះ។
ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះ បញ្ជាក់ថា មុខរបររបស់គាត់ទំនងជានឹងត្រូវផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្នក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ព្រោះមិនមានហ្គាសសម្រាប់ផ្តល់ជូនបន្តជូនអតិថិជនទៀតឡើយ។
លោកថា៖ «ខ្ញុំអាចនឹងបិទមុខរបរហ្នឹងរកស៊ីមុខរបរផ្សេង ហើយចំពោះអ្នកតម្រូវការតាមផ្ទះ ឬតាមហាងអីហ្នឹង ក៏អាចនឹងអត់មានហ្គាសចំអិនអាហារដែរ »។
ដោយឡែក សម្រាប់ក្រុមអ្នករត់ម៉ូតផាសអាប់ ដែលកំពុងរង់ចាំទទួលសេវាចាក់ហ្គាស ពីស្ថានីយប្រេងឥន្ទនៈតេលាមួយកន្លែង នៅម្តុំចំណោទរ៉ារទេះភ្លើង ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា បានអះអាងថា ពួកគាត់បានមកតម្រង់ជួររង់ចាំចាក់ហ្គាសនៅស្ថានីយនេះ តាំងពីម៉ោង ៣ជិតភ្លឺ ដោយត្រូវដេករង់ចាំឲ្យស្ថានីយនេះបើកទ្វារបំរើអតិថិជននៅម៉ោង ៥ព្រឹក។
ពលរដ្ឋទាំងនោះ បន្តថា ការរង់ចាំចាក់ហ្គាសនេះ ត្រូវចំណាយពេលចន្លោះពី៣ទៅ៥ម៉ោង ឬក៏ច្រើនជាងនេះ ព្រោះមានម៉ូតូផាសអាប់រាប់រយគ្រឿង បានមកតម្រៀបជួរគ្នារង់ចាំចាក់ហ្គាសនេះ តាមលេខរៀង។
លោកថា៖ «យប់មិញ ខ្ញុំស្វែងរកចាក់ហ្គាសអស់គ្រប់កន្លែង។ គេងមួយយប់ស្អែកឡើងឮមានគេថា ស្ថានីយនេះមានហ្គាស ក៏មកតម្រង់ជួរជាមួយគេដើម្បីចាក់ហ្គាស។ ក្រុងព្រះសីហនុ មានសល់តែស្ថានីយនេះមួយទេមានហ្គាសចាក់ គឺបិទគ្រប់ស្ថានីយអស់ហើយ។ ឥឡូវចាក់ហើយអត់រត់ដឹកភ្ញៀវទៀតទេ ទុកគ្រាន់ជិះដឹកគ្រួសារទៅផ្សារ។ ហើយយើងរត់ដឹកភ្ញៀវ ក៏ពិបាករកកន្លែងចាក់ហ្គាសដែរ។ យើងមកចាំតម្រង់ជួរតាំងពីម៉ោង៦ព្រឹកមកដល់ពេលនេះ ជិតម៉ោង ១០ហើយ នៅមិនទាន់បានចាក់ទៀត ចំណាយពេលចាក់ពីរបីម៉ោងមិនទាន់បានចាក់ផង»។
ក្រុមអ្នករត់ផាសអាប់មួយចំនួនទៀត ក៏បានត្អូញត្អែរថា កង្វះឧស្ម័នហ្គាសនេះ នឹងប៉ះពាល់ដល់ការរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារ និងគ្មានលុយបង់ធនាគារជាដើម។ ពលរដ្ឋខ្លះទៀត និយាយថា នឹងវិលត្រឡប់ទៅស្រុកកំណើតវិញជាបណ្តោះអាសន្នសិន ដោយរង់ចាំតម្លៃឧស្ម័នហ្គាសនេះ ចុះថ្លៃសិន ទើបវិលមកប្រកបមុខរបរនេះ នៅក្រុងព្រះសីហនុវិញ។
លោកថា៖ «ចប់ហ្នឹងបង ផាសអាប់ ឥឡូវយ៉ាប់រកកន្លែងចាក់ហ្គាស់អត់បាន។ ពីល្ងាចមិញបើកបីការ៉ាស់ អស់ហ្គាសទាំងបី។ ការ៉ាសបើកហើយបិទ ដោយគេប្រាប់ថាអស់ហ្គាសហើយ។ [..]យ៉ាប់ណាស់បង ហ្គាសក៏ឡើងថ្លៃ ដឹកភ្ញៀវក៏មិនបានថ្លៃ ហើយភ្ញៀវក៏មិនសូវមានទេ ស្ងាត់កំពង់សោមអស់ហើយ។ ឥឡូវមានតែចាក់ហ្គាសហើយវិលទៅផ្ទះ នៅឯស្រុកកំណើតវិញ ព្រោះហ្គាសមួយកំពង់សោមអស់រលីងហើយ គឺមានតែស្ថានីយតេលានេះមួយទេ»។
ដោយឡែក បុគ្គលបំរើការងារនៅស្ថានីយប្រេងឥន្ទនៈតេលាខ្មែរ មានទីតាំងនៅចំណោតរ៉ារទេះភ្លើង បានឲ្យដឹងដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ យ៉ាងហោចក្នុងវេណធ្វើការរបស់ពួកគេ រយៈពេល ៨ម៉ោង មានម៉ូតូផាសអាប់ជិត ២ពាន់គ្រឿង បានចូលមកចាក់ហ្គាសនៅស្ថានីយនេះ។
បុគ្គលិករូបនេះបន្តថា តម្លៃហ្គាសនៅស្ថានីយនេះ គឺមានតម្លៃ ៣២០០រៀលក្នុងមួយលីត្រ ពោលគឺកើនតម្លៃទ្វេរដងបើធៀបពេលមុន។ យ៉ាងនេះក្តីក៏មានក្រុមអ្នករត់ម៉ូតូកង់បី ឬផាសអាប់រាប់សិបគ្រឿង បានតម្រង់ជួរចាំចាក់ហ្គាស ចាប់ពីម៉ោងជាង៣ជិតភ្លឺ ដោយបាននាំគ្នាចងអង្រឹងសម្រាកនៅលើផាសអាប់របស់ខ្លួន រង់ចាំស្ថានីយនេះបើកទ្វារនៅម៉ោង ៥ព្រឹក។
ទោះជាបែបនេះក្តី លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជា នឹងមិនខ្វះហ្គាសប្រើប្រាស់ទេ បើទោះបីជាក្រុមហ៊ុនសូគីម៉ិច ប្រកាសផ្អាកផ្គត់ផ្គង់ឧស្ម័ន្រ LPG ឬហ្គាសជាបណ្តោះអាសន្នបែបណាក្តី។
តាមរយៈវីដេអូឃ្លីប បង្ហោះតាមបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី២៣ ខែមីនា លោក កែវ រតនៈ បញ្ជាក់ថា «ក្រុមហ៊ុនសូគីម៉ិចផ្គត់ផ្គង់ឧស្ម័ន្រ LPG បានត្រឹមប្រមាណ បីភាគរយប៉ុណ្ណោះ នៅក្នុងទីផ្សារសរុបរបស់កម្ពុជា ដូច្នេះប្រសិនបើក្រុមហ៊ុនសូគីម៉ិច មិនអាចផ្គត់ផ្គង់ចាប់ពីខែមេសាតទៅ កម្ពុជាក៏នៅមានប្រភពមួយចំនួនធំទៀត ដែលអាចផ្គត់ផ្គង់ហ្គាស ជូនប្រជាពលរដ្ឋបានដែរ។ ដូច្នេះ លោកស្នើកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ឬភ័យស្លន់ស្លោរឲ្យសោះនៅក្នុងស្ថានភាពនេះ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ធ្លាប់បាននិយាយថា ការផ្គត់ផ្គង់ឧស្ម័នហ្គាស ឬLPG គឺមានការចង្អៀតតឹងជាងគេ បើធៀបនឹងប្រេងឥន្ធនៈផ្សេងទៀត ដែលការណ៍នេះរដ្ឋាភិបាលនិងក្រសួង កំពុងធ្វើការជាមួយប្រទេសនានាក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហានេះ។
លោកថា៖ «សព្វថ្ងៃនេះ យើងមានក្រុមហ៊ុន៧ ដែលនាំចូលឧស្ម័នLPGនេះ ក្នុងចំណោមក្រុមហ៊ុនទាំង៧នេះ គឺនៅតែបន្តនាំចូល LPG ជាបន្តបន្ទាប់មកកម្ពុជា សម្រាប់ខែមីនា និងខែមេសាខាងមុខ។ មានការបញ្ជាទិញយកមកដល់ហើយក្នុងស្តុក កំពុងដឹកជញ្ជូនជាបន្តបន្ទាប់ និងមានការទើបនឹងកំពុងតែដាក់បញ្ជាទិញថ្មី ហើយនឹងកំពុងតែស្វះស្វែងរកប្រភពថ្មីៗបន្ថែមទៀត»។
កាលពីថ្ងៃទី២១ ខែមីនា ក្រុមហ៊ុនសូគីម៉ិច បានប្រកាសថា ខ្លួនមិនអាចនាំចូលនូវឧស្ម័ន LPG បានទៀតទេ ចាប់តាំងពីដើមខែមីនាឆ្នាំ២០២៦នេះ ដោយសារតែស្ថានភាពសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេង និងឧស្ម័ន្រទូទាំងពិភពលោក។
យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានសង្កត់ធ្ងន់ថា កម្ពុជានៅតែមានឧស្ម័ន LPG ប្រើដដែល ដោយកម្ពុជានៅមានប្រភពជាច្រើនទៀតសម្រាប់នាំហ្គាសចូលមកកម្ពុជា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៤ ខែមីនាថា តម្លៃហ្គាសនៅលើទីផ្សារកម្ពុជាបានកើនលើសពី ១០០ភាគរយហើយ នៅពេលតម្លៃលក់រាយកើនដល់ជិត ៤០០០រៀលក្នុង១លីត្រ។
លោកអះអាងថា បញ្ហាហ្គាសនឹងបង្កផលប៉ះពាល់ដល់ពលរដ្ឋខ្លាំងជាងសាំង និងម៉ាស៊ូត ដែលទាមទារឱ្យរដ្ឋាភិបាលគិតគូរ ពិសេសការកំណត់តម្លៃលក់រាយ និងរកប្រភពពីក្រៅប្រទេសដើម្បីអាចផ្គត់ផ្គង់គ្រប់គ្រាន់បាន។ ត្រង់ចំណុចនេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលធានាតម្លាភាព ក្រោយក្រុមហ៊ុនសូគីមិចរបស់ឧកញ៉ា សុខ គង់ ប្រកាសផ្អាកផ្គត់ផ្គង់ហ្គាសក្នុងទីផ្សារកម្ពុជា ដែលក្រសួងរ៉ែអះអាងថា ប៉ះពាល់តែ ៣ភាគរយនៃទីផ្សារសរុប។ ប៉ុន្តែលោកកត់សម្គាល់ថា ក្រោយក្រុមហ៊ុននេះប្រកាសផ្អាកតម្លៃហ្គាសហក់ឡើងភ្លាមៗយ៉ាងខ្លាំង។
លោកថា៖ «មែនទែនទៅ តម្លៃហ្គាសនេះ គួរតែពិចារណាឱ្យបានស៊ីជម្រៅ នៅក្នុងការកំណត់តម្លៃ ព្រោះហ្គាសនេះ ពីដើមមកយើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារឡានក៏មិនសូវមានប្រើហ្គាស ហើយពលរដ្ឋភាគច្រើន ប្រើធ្យូង ឬក៏ប្រើអុសណា៎។ ប៉ុន្តែ ឥឡូវនេះជាទូទៅ ខ្ញុំមើលឃើញនៅតាមជនបទអី តាមស្រែចម្ការអីហ្នឹង ក៏នាំគ្នាប្រើហ្គាសគ្រប់គ្នា។ ហើយហ្នឹងដោយសារឃើញថា ហ្គាសវាថោក វាស្រួលប្រើណាស់ ដល់ពេលនេះ ហ្គាសឡើងថ្លៃ អាហ្នឹងខ្ញុំមើលទៅ វាអាចនឹងប៉ះពាល់ មែនវាអាចទេ វាគឺកំពុងតែផ្ដល់ផលប៉ះពាល់ហ្នឹង ធំធេងជាងសាំងទៅទៀត»
សម្រាប់ លោកបណ្ឌិត មាស នី យល់ថា រដ្ឋាភិបាលត្រូវបង្ហាញនូវគោលនយោបាយជាក់លាក់ក្នុងការកាត់បន្ថយតម្លៃប្រេងមិនឱ្យឡើងលឿន តាមតម្លៃប្រេងពិភពលោកនោះទេ ហើយត្រូវធានាកុំឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ តាមរយៈការបរិច្ចាគពីរដ្ឋាភិបាល ការបញ្ចុះពន្ធ និងបង្កើនការផលិតក្នុងស្រុក ឬនាំចូលប្រេងឱ្យបានគ្រប់គ្រាន់។ លើសពីនេះ លោកចង់ឱ្យរដ្ឋាភិបាលមានវិធានការសន្សំសំចៃថាមពល ដូចជាធ្វើការពីផ្ទះជាដើម៕









