សាលា​ឧទ្ធរណ៍​បាត់​ដំបង​នឹង​បើក​សវនា​ការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកកាសែត លោក ហែម វណ្ណា

សាលាឧទ្ធរណ៍បាត់ដំបង នឹងបើកសវនាការលើសំណើរ​​​​សុំ​នៅក្រៅឃុំរបស់​អ្នក​សារព័ត៌មាន​​ លោក ហែម វណ្ណា នៅថ្ងៃ​ទី​២៦ ខែ​មីនា​ស្អែកនេះ ក្រោយ​អ្នកសារព័ត៌មាន​រូបនេះ ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ ​បង្គាប់ឱ្យ​ឃុំខ្លួនជាបណ្តោះអាសន្ន ក្រោម​បទ​ចោទ ញុះញង់ ក្រោយ​លោក​បានរាយការណ៍ព័ត៌មាន​ពីបញ្ហាការ​ឆបោក​តាមប្រព័ន្ធ​អនឡាញ​​ (Online Scammer)។

សមាគមអាដហុក​ ឱ្យ​ដឹងនៅលើទំព័រហ្វេសប៊ុក​របស់ខ្លួន​ថា ​សាលាឧទ្ធរណ៍បាត់ដំបង នឹងបើក​សវនាការជំនុំជំរះ​លើសំណុំរឿងសភាស៊ើបសួរ​របស់​អ្នកកាសែតមកពីស្ថាប័ន​ HVNN ឈ្មោះ ហែម វណ្ណា នៅព្រឹក​ថ្ងៃទី​២៦ ខែមីនាស្អែកនេះ។

លោក ហែម វណ្ណា ត្រូវ​បាន​លោក ស៊ឺង វុទ្ធី ចៅ​​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ចេញ​ដីកា​សម្រេច​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី១​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បន្ទាប់ពី​មេធាវី​បាន​ដាក់​ពាក្យ​សុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី​​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

លោក ហែម វណ្ណា មានតួនាទីជាចាងហ្វាងកាសែត HVNN ត្រូវបានតុលាកាសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំបណ្តោះខ្លួនជាអាសន្ននៅពន្ធនាគារ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយជាប់ចោទ​ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ «ស្តាប់​ឫ​ថត​ពាក្យ​​សម្ងាត់​ឯក​ជន» បន្ទាប់ពីលោកចុះផ្សាយព័ត៌មានពាក់ព័ន្ធថា “ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា ជាអ្នកបម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់ ជាទីអាថ៍កំបាំង នៅខាងក្រោយបន្ទាយកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត។ ករណី​​នេះ ត្រូវ​បាន​គេស​ង្ស័យ​ថា​អា​ច​ជា​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ បង្ខំ​ឲ្យ​ធ្វើ​ការ​​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scammer)” ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ​២០២៦ អ្នកសម្របសម្រួល​សមាគម​អាដហុកប្រចាំ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ធ្លាប់បានដាក់លិខិត​ស្នើទៅកាន់​​ប្រធាន​​សាលា​​ដំបូ​ង​ខេត្ត​បន្ទាយ​មានជ័យ ឱ្យ​ពិចារ​ណា និង​​ជួយ​​អន្តរា​​គម​ន៍​​​​ដោះ​លែង ​លោក ហែម វណ្ណា ឱ្យ​មាន​សេរីភាព​វិញ ដោយសារ​អ្នកសារ​ព័ត៌មាន​រូបនេះ បាន​ចូលរួមយ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​ ក្នុងកា​រ​កំចាត់​អំពើ​ឆបោក​តាម​អនឡាញ​ចេញពីកម្ពុជា ស្រប​តាម​ប្រតិបត្តិការ​ XXL (ប្រតិ​បត្តិ​ការ​បោស​​សម្អាត Online Scam ​ខ្នាត​ធំ​) ខណៈការ​ចុះផ្សាយ​ព័ត៌មាន​របស់​គាត់ ស្រប​ទៅតាម​ក្រម​សីល​ធម៌​ វិជ្ជា​ជីវៈ តែមាន​​​កំហុសបច្ចេក​ទេស ​​ដោយ​​​សារ​តែ​យក​សំដី​របស់​គេ​មក​ដាក់​ក្នុងកា​រ​ផ្សាយ ​​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត។

ចំណែក ​អង្គការ​​សង្គមស៊ីវិលជាតិ ​និង​អន្តរជាតិ​ចំនួន ២២​​ស្ថាប័ន ក៏ធ្លាប់​​បាន​​អំពាវនាវកាល​ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ​ឱ្យ​​​​ដោះលែង​​លោក ហែម វណ្ណា ផងដែរ ​ដោយ​ថា ការ​ចាប់​ខ្លួន​អ្នកសារ​ព័ត៌មាន​រូប​នេះ ហាក់បង្ហាញពី​និន្នការ​​របស់រដ្ឋាភិបាល ​ក្នុង​ការ​រឹតត្បិត​សំឡេង​សមាជិក​​​​​អ្នក​សារព័ត៌មាន តាមរយៈការ​​​ប្រើប្រាស់​​​ក្រម​ព្រហ្ម​ទណ្ឌ ជំនួសពីការ​​ប្រើប្រាស់​យន្តការ​ច្បាប់​ស្តីពី​​របប​សារព័ត៌​មាន។​

ពួកគេបានស្នើ​ឱ្យ​ប្រើប្រាស់​​ច្បាប់​ស្តីពីរបប​សារព័ត៌មាន​ ក្នុងការ​ដោះស្រាយ​វិវាទ​ដែល​ពាក់ព័ន្ធ​នឹង​​ការ​ងារ​សារព័ត៌​មាន ជំនួស​ឱ្យ​កា​រប្រើ​ប្រាស់​បទ​ចោទ​ព្រហ្ម​ទណ្ឌ និង​ការ​ពារ​សេរីភាព​សារព័ត៌​មាន ព្រមទាំងធានាថា អ្នកសារព័ត៌​មាន​​​អាច​អនុវត្ត​ភារកិច្ច​វិជ្ជាជីវៈ​របស់​ខ្លួន ដោយ​គ្មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​រំខាន ការ​គំរាម​កំហែង ការ​រឹតត្បិត ឬការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ