តម្លៃ​មាស​ហក់​ឡើង​ជាង​២% ខណៈ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​​បាន​​កាត់​​បន្ថយ​​ការ​​ព្រួយ​​បារម្ភ​​អំពី​​អតិ​​ផរណា

តម្លៃ​មាស​បាន​ហក់​ឡើង​ខ្ពស់​នៅ​ថ្ងៃ​​ទី​២៥ខែ​មីនា​នេះ ខណៈ​ដែល​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​បាន​ជួយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​អំពី​អតិផ​រណា​ដែល​កំពុង​បន្ត​កើត​មាន បន្ទាប់​ពី​មាន​សេច​ក្តី​រាយ​ការណ៍​ថា ទីក្រុង​វ៉ាស៊ីន​តោន​កំពុង​រៀប​​ចំ​​សេចក្តី​ស្នើដើ​ម្បី​បញ្ចប់​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា។

តម្លៃ​មាស Spot បាន​កើន​ឡើង ២,៥៦% ដល់ ៤.៥៨៨ ដុល្លារ​ក្នុង​មួយ​អោន ខណៈ​ដែល​តម្លៃ​មាស​សម្រាប់​ចែក​ចាយ​ក្នុង​​ខែ​​មេសា បាន​កើន​ឡើង​ជាង ៤% ដល់ ៤.៥៩៧,៧ ដុល្លារ​ក្នុង​មួយ​អោន។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃទី​២៤ខែ​មីនា​ថា សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ កំពុង​ស្ថិត​ក្នុង “ការ​ចរចា​នាពេល​ឥឡូវ​នេះ” ហើយ​បាន​បង្ហាញ​ថា ទីក្រុង​តេហេ​រ៉ង់​ចង់​សម្រេច​បាន​នូវ​កិច្ច​ព្រម​​ព្រៀង​​សន្តិ​ភាព ទោះ​បី​ជា​សាធារណ​រដ្ឋ​ឥស្លាម​មួយ​នេះ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ស្ថិត​ក្នុង​ការ​ពិភាក្សា​ផ្ទាល់​ជាមួយ​​ទីក្រុ​ង​វ៉ាស៊ីន​តោន​ក៏​ដោយ។

ថ្លែងនៅក្នុង​ការិយាល័យ Oval លោក ត្រាំ បានបញ្ជាក់ថា លោកបានសម្រេច​ចិត្ត​ដក​ថយ​ពី​ការ​គំរាម​កំហែង​នាពេ​ល​ថ្មីៗ​នេះ ក្នុង​ការ​បញ្ជា​ឱ្យមា​ន​ការ​វាយ​ប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​របស់​អ៊ីរ៉ង់ “ផ្អែក​លើកា​រ​ពិត​ដែល​ថា យើង​​កំពុង​ចរចា”។ លោក ត្រាំ បាន​លើក​ឡើង​នៅ​ពេល​សួរ​ឱ្យ​ពន្យល់​បន្ថែម​អំពី​ការ​ផ្លាស់​ប្តូរ​ជំហរ​នេះ​ថា “ពួក​គេ​កំពុង​​និយាយ​ជាមួយ​យើង ហើយ​ពួក​គេ​កំពុង​និយាយ​ដោយ​ហេតុ​ផល”។

តម្លៃប្រេ​ង​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​អត្ថា​ធិប្បាយ​របស់​លោក ត្រាំ។ តម្លៃប្រេងឆៅ Brent ដែលជាសន្ទស្សន៍គោល​អន្តរ​ជាតិ បានធ្លាក់ចុះប្រហែល ៦% មកនៅត្រឹម ៩៨,៣១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះប្រហែល ៥% មកនៅត្រឹម ៨៧,៦៥ ដុល្លារក្នុងមួយបារ៉ែលផងដែរ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងភាពខ្លាំងនៃរូបិយប័ណ្ណអាមេរិក​ធៀប​នឹងកញ្ចប់រូបិយប័ណ្ណផ្សេងៗ បានធ្លាក់ចុះ ០,១៧% នៅដើមម៉ោងជួញដូរក្នុងតំបន់អាស៊ី។

ទោះជាយ៉ាងណាក៏ដោយ តម្លៃមាសនៅតែមានកម្រិតទាបជាងប្រហែល ១៧% បើ​ធៀប​នឹង​តម្លៃ​ខ្ពស់​បំផុត​កាល​ពី​ចុង​ខែ​មករា។

ធនាគារ Goldman Sachs បានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃមាសនាពេលថ្មីៗនេះ គឺភាគច្រើនស្របទៅ​នឹងគំរូប្រវត្តិសាស្ត្រ ដោយចាត់ទុកថាការរំពឹងទុកនៃអត្រាការប្រាក់ខ្ពស់ និងការប្រែប្រួលទីផ្សារ គឺជាកត្តា​ជំរុញដ៏សំខាន់នៅ​ពី​ក្រោយ​ការធ្លាក់ចុះនេះ។

លោក Daan Struyven សហប្រធានផ្នែកស្រាវជ្រាវទំនិញសកលនៃធនាគារខាងលើ បានមានប្រសាសន៍នៅ​ថ្ងៃទី​២៥​ខែ​​មីនា​​នេះ​​ថា “យើងមិនគិតថាការធ្លាក់ចុះនេះជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ បើពិនិត្យតាមក្រប​ខ័ណ្ឌ​​​តម្លៃដែលមានស្រាប់របស់យើង”។ លោកបានកត់សម្គាល់ថា ការកើនឡើងនៃការរំពឹងទុកលើអត្រាការ​ប្រាក់ បានដាក់សម្ពាធ​​លើ​តម្រូវការរបស់វិនិយោគិន ជាពិសេសតាមរយៈមូលនិធិមាស (ETFs) ដែល “ងាយ​រងគ្រោះខ្លាំងចំពោះអត្រាការ​ប្រាក់”។

លោក Struyven ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយផងដែរថា ស្ថានភាពតានតឹងខ្លាំងនៃទីផ្សារ ក៏អាចដាក់សម្ពាធ​លើ​មាស​ផង​ដែរ ដោយសារតែវិនិយោគិនដែលប្រឈមនឹងការហៅបង់​ប្រាក់​បន្ថែម (margin calls) មាន​និន្នាការលក់មាសរួមជាមួយទ្រព្យសម្បត្តិផ្សេងទៀត។

លោកក៏បានលើកឡើងផងដែរថា ការងើបឡើងវិញនៃតម្លៃមាសនាពេលចុងក្រោយនេះ បានហក់ឡើងហួសពីកត្តាមូលដ្ឋាន ដោយផ្នែកខ្លះនៃការកែតម្រូវតម្លៃនេះ បានឆ្លុះបញ្ចាំងពី “ការវិលមករកភាពប្រក្រតីវិញបន្តិចបន្តួច”។ ទោះ​ជាយ៉ាងណាក៏ដោយ Goldman នៅតែរក្សាទស្សនវិស័យសុទិដ្ឋិនិយម ដោយព្យាករណ៍​ថា មាសនឹងឡើងដល់ ៥.៤០០ ដុល្លារនៅដាច់ឆ្នាំនេះ ដែលគាំទ្រដោយការបន្តទិញរបស់ធនាគារ​កណ្តាលនានា ខណៈដែលបណ្តាប្រទេសទាំងនោះ​ស្វែង​រកការធ្វើពិពិធកម្មទៅក្នុងទ្រព្យសម្បត្តិដែល​មាន “ហានិភ័យភូមិសាស្ត្រនយោបាយ និងហានិភ័យហិរញ្ញវត្ថុទាប”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ