សាច់ញាតិបុរសដែលត្រូវប៉ូលិសខេត្តបាត់ដំបងធ្វើទារុណកម្មរហូតស្លាប់ កាលពីជិត ៥ឆ្នាំមុន បានថ្លែងទាំងទឹកភ្នែក បន្តទាមទារយុត្តិធម៌ ដែលការទាមទារនេះ ខណៈករណីអយុត្តិធម៌មួយករណីទៀតបានកើតឡើង ដោយសារបុរសជាកូនអភិបាលស្រុកកងមាសម្នាក់ ត្រូវបានតុលាការដោះលែងឱ្យរួចទោស ក្នុងហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ ដ៏កក្រើកមួយក្នុងរាជធានីភ្នំពេញថ្មីៗនេះ បុកក្មេងប្រុសម្នាក់ឱ្យរបួសធ្ងន់ធ្ងរ។
ក្នុងសំណេរលើហ្វេសប៊ុករបស់បងស្រីបង្កើតសព លោក ពេជ្រ ធារ៉េត គឺអ្នកស្រី ពេជ្រ លីណា រៀបរាប់ថា កូនប្រុសលោកធំម្នាក់បុកគេហើយ នៅមានពេលឈរថតសុំទោសយ៉ាងសង្ហា ដែលខុសគ្នាដាច់ស្រឡះពីរាស្ត្រក្រីក្រដូចប្អូនប្រុសអ្នកស្រី។ អ្នកស្រីរំលេចថា ប្អូនប្រុសខ្លួនគ្រាន់តែជាប់សង្ស័យ ក៏ត្រូវស្លាប់យ៉ាងអយុត្តិធម៌ ដោយមិនអាចសុំទោសនោះទេ។
ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៥ ខែមីនា អ្នកស្រី ពេជ្រ លីណា ថា ខ្លួនពិតជាចង់បានយុត្តិធម៌សម្រាប់ប្អូនប្រុសខ្លួនណាស់ ទោះករណីនេះត្រូវបានកប់បាត់ជិតឈឹងទៅហើយក្ដី។ អ្នកស្រីរៀបរាប់ដោយហាក់គ្មានសង្ឃឹមទទួលយុត្តិធម៌សម្រាប់ប្អូនប្រុសអ្នកស្រីនោះទេ ព្រោះសូម្បីក្រសួងមហាផ្ទៃនៅតែមិនអាចបង្ហាញពីមូលហេតុពិតនៃការស្លាប់នេះ។
អ្នកស្រី ពេជ្រ លីណា និយាយថា៖ «បើនិយាយឱ្យអស់ទៅគឺខ្ញុំមិនជឿទេ ព្រោះថាមនុស្សស្លាប់មានស្លាកស្នាមប៉ុនៗហ្នឹងហើយ បែរជាអត់មានអ្នកណាទទួលខុសត្រូវលើការស្លាប់ប្អូនខ្ញុំ ទៅវិញខ្ញុំអត់ជឿ ហើយខ្ញុំអត់ទទួលយកទេ តាំងពីហ្នឹងមក ខ្ញុំក៏ធ្លាប់ប្រកាសដែរថាខ្ញុំអត់ទទួលយកទេ»។
វីអូឌី ពុំអាចសុំការបំភ្លឺករណីនេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេនៅថ្ងៃទី២៥ ខែមីនា ដោយសារលោកពុំលើកទូរស័ព្ទ។ ចំណែកមន្ត្រីអធិការស្រុកសង្កែ បានត្រឹមលើកទូរស័ព្ទនិងប្រាប់ថា អតីតអធិការស្រុកសង្កែ លោក ស៊ុន សុវណ្ណ បានចូលនិវត្តហើយ ខណៈអធិការថ្មីទើបចូលកាន់ដំណែងបានជាង ២ឆ្នាំ។
លោក ពេជ្រ ធារ៉េត បានស្លាប់នៅអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីប៉ូលិសបានចាប់ឃុំខ្លួនសួរចម្លើយរយៈពេលជាង ៣ម៉ោង ពាក់ព័ន្ធនឹងការសង្ស័យថា លោកបានរាយខ្សែភ្លើងឆក់សម្លាប់ប្រពន្ធរបស់ខ្លួន។ ប៉ុន្តែសាច់ញាតិបដិសេធ ព្រោះជនរងគ្រោះបានទៅធ្វើការនៅខេត្តឆ្ងាយពីផ្ទះ។ ក្រោយជនរងគ្រោះស្លាប់ បានបន្សល់ទុកស្នាមជាំ និងរបួសលើខ្លួនប្រាណជាច្រើនកន្លែង ដែលធ្វើឱ្យសាច់ញាតិចោទមន្ត្រីនគរបាលពាក់ព័ន្ធថា បានធ្វើទារុណកម្ម និងស្នើក្រសួងមហាផ្ទៃស្រាវជ្រាវករណីនេះ។
ជាង២ខែក្រោយទើបគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចុះស៊ើបអង្កេត និងបញ្ជាក់ថា ឃាតកម្មពិតជាអាចជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មពីអាជ្ញាធរនៅពេលសួរចម្លើយ។ ស្ថាប័នជំនាញនេះ ក៏បានបង្ហាញចំណុចសង្ស័យ ដូចជា ស្នាមរបួសមុន និងក្រោយត្រូវបានចាប់ខ្លួន និងការចោទថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនហួសកម្រិត។ ចំណែកកំណត់ហេតុរបស់មន្ត្រីប៉ូលិសមានការកោសលុប ហើយមួលបង្កាច់ជនសង្ស័យថា ពុំចេះអក្សរជាដើម។
ជាលទ្ធផលជិត ២ឆ្នាំក្រោយមក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានអះអាងថា ករណីលោក ពេជ្រ ធារ៉េត បានស្លាប់ដោយសារជំងឺគាំងបេះដូង ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ដូចរបាយការណ៍របស់មន្ត្រីប៉ូលិសមូលដ្ឋានទៅវិញ។
ករណីនេះ មិនខុសនឹងករណីកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ដែលបានបើករថយន្តទាំងស្រវឹងជោគជាំបុកក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ របួសធ្ងន់នោះទេ។ ពលរដ្ឋឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកកាសែត ក្រោយកើតហេតុភ្លាមៗថា បុរសឈ្មោះ សាមីន វុត្ថារិទ្ធ ជាជនបង្ក ប៉ុន្តែមាននារីម្នាក់ចេញមកអះអាងទទួលកំហុសជំនួស។ ជាលទ្ធផលបុរសស្រវឹងស្រាជាកូនប្រុសមន្ត្រីមានអំណាចបានរួចទោស ហើយស្ត្រីឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន បែរជាជាប់ទោសទៅវិញ។
សម្រាប់អ្នកស្រី ពេជ្រ លីណា នៅតែមានបំណងប្ដឹងករណីនេះទៅតុលាការ ដើម្បីស៊ើបអង្កេតឡើងវិញ បើសិនអ្នកស្រីមានលទ្ធភាព ឬបើមានសង្គមស៊ីវិលជួយ។ អ្នកស្រីអះអាងថា មិនចង់ឱ្យប្អូនប្រុសស្លាប់ទាំងវេទនាទទេៗបែបនេះនោះទេ។
អ្នកស្រីថា៖ «ចាស!ខ្ញុំចង់ប្តឹងណាស់ហើយ ប៉ុន្តែខ្ញុំនិយាយទៅ បើខ្ញុំមានសមត្ថភាពបន្តទៀត ខ្ញុំក៏ចង់ប្តឹងដែរ និយាយមែន។ តែខ្ញុំអត់មានពេលវេលា ខ្ញុំអត់មានថវិកានឹងធ្វើដំណើរ អ៊ីចឹងទៅរកស៊ីចិញ្ចឹមកូនខ្ញុំទាំងពីរ អ៊ីចឹងខ្ញុំអត់មានពេលទេ ហើយតែក្នុងចិត្តខ្ញុំក៏ខ្ញុំចង់ធ្វើដែរ ខ្ញុំគិតថាប្រសិនបើច្បាប់ចង់ផ្តល់យុត្តិធម៌ពិតប្រាកដមែន មិនលំបាកឱ្យក្រុមគ្រួសារលំបាកអ៊ីចឹងទេ ខ្ញុំនិយាយមែនហើយ មិនឱ្យលំបាកអ៊ីចឹងទេ ហើយខ្ញុំខកខានដោយសារមូលហេតុ ដោយសារខ្ញុំមានបញ្ហាជីវភាពផងអីផង អ៊ីចឹងខ្ញុំខកខាន ខ្ញុំមិនមែនបោះបង់ចោលរឿងករណីប្អូនខ្ញុំ ហើយខ្ញុំក៏មិនមែនទទួលយកក្នុងរបាយការណ៍ហ្នឹងដែរ»។
ជុំវិញករណីនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់វីអូឌីថា សាច់ញាតិអាចប្ដឹងបាន បើសិនជនរងគ្រោះនៅមានឯកសារ មានភស្តុតាង និងមានឆន្ទៈចង់ប្តឹង ហើយអាជ្ញាយុកាលនៃបទល្មើសមិនទាន់ផុតកំណត់។ ប៉ុន្តែលោកមើលឃើញថា ក្រុមគ្រួសារជនរងគ្រោះភាគច្រើនជាប់ពាក់ព័ន្ធនឹងរឿងរំលោភសិទ្ធិមនុស្សពីអ្នកមានលុយ មានអំណាច ហាក់មិនចង់ប្តឹងទេ ដោយសារពួកគេមានជីវភាពខ្វះខាត និងពុំយល់នីតិវិធីដែលមន្ត្រីតែងបង្កភាពស្មុគស្មាញខ្លាំង។
លោក យិន ម៉េងលី ថ្លែងថា៖ «កាលណារឿងដែលគាត់ប្តឹង គឺសុទ្ធតែជារឿងប្តឹងជាមួយអ្នកមានលុយ មានអំណាច ដូចជារឿងនេះពាក់ព័ន្ធជាមួយមន្ត្រីនគរបាលយុត្តិធម៌ ឃើញទេ អ៊ីចឹងគាត់អត់ចង់ប្តឹងទេ វាពិបាក ច្បាស់ហើយ គាត់អត់យល់ ហើយបើរកមេធាវីឯកជនគាត់ត្រូវចំណាយលុយរាប់រយរាប់ពាន់ដុល្លារទៀត នេះហើយដែលយើងសង្កេតឃើញថា ពលរដ្ឋគាត់សុខចិត្តបោះបង់ចោលទៅ គាត់ថាវាស្មុគស្មាញពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌នេះ។ អ៊ីចឹងសរុបមកវិញរឿងគាត់បើសិនជាគាត់ចង់ប្តឹង គាត់មានឯកសារប៉ុណ្ណា អូខេ! គាត់អាចមកពិគ្រោះយោបល់ ឬក៏ដាក់ពាក្យបណ្តឹង ហើយសុំមេធាវីតាមនីតិវិធី សមាគមនឹងជួយគាត់តាមហ្នឹង»។
មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ចែងថា «បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ។ ចំណែកអាជ្ញាយុកាលបទល្មើសឧក្រិដ្ឋ មានថិរវេលា ១៥ឆ្នាំ ខណៈបណ្ដឹងអាជ្ញានឹងពុំរលត់ទេ បើជនល្មើសនៅមានជីវិត ដូចករណី លោក ពេជ្រ ធារ៉េត ដែលមន្ត្រីប៉ូលិសស្រុកសង្កែបន្តមានសេរីភាពធម្មតា។
ចំណែកទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មើលឃើញថា ករណីនេះមានមន្ទិលសង្ស័យជាច្រើន ហើយបានស្លាប់ក្នុងដៃសមត្ថកិច្ចទៅទៀត ដូច្នេះសមត្ថកិច្ច និងតុលាការត្រូវស្វែងរកការពិត ដើម្បីផ្ដល់យុត្តិធម៌ដល់សាច់ញាតិឱ្យខាងតែបាន។
លោកថា៖ «សមត្ថកិច្ចត្រូវតែធ្វើការស៊ើបអង្កេតរឿងហ្នឹងឱ្យបានល្អិតល្អន់ ដើម្បីបង្ហាញការពិតជូនសាធារណជន ហើយប្រសិនបើគ្រាន់តែឆ្លើយថាបញ្ហាខ្យល់គ បញ្ហាចេះចុះអញ្ចឹងហើយ ធ្វើឱ្យសាច់ញាតិក៏ដូចជាសាធារណជននៅតែមានមន្ទិលសង្ស័យ អញ្ចឹងសមត្ថកិច្ចដូចជាតុលាការក្តី ត្រូវតែធ្វើការស៊ើបអង្កេតរកយុត្តិធម៌ ផ្តល់យុត្តិធម៌ដល់សាច់ញាតិជនរងគ្រោះបាទ»។
អ្នកស្រី ពេជ្រ លីណា នៅតែយល់ថា ករណីឃាតកម្មលើប្អូនប្រុសហាក់បីដូចជាទើបកើតឡើងថ្មីៗនៅឡើយ ហើយភាពឈឺចាប់នៅបន្តលងបន្លាចអ្នកស្រីជានិច្ច ខណៈក្ដីរំពឹងស្វែងរកយុត្តិធម៌បានកប់បាត់ស្រមោលសូន្យឈឹង។
របាយការណ៍សមាគមអាដហុកសម្រាប់ឆ្នាំ២០២៥ បានលើកឡើងពីការសួរចម្លើយលើជនសង្ស័យដែរ ដោយអាដហុកចង់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ បញ្ចៀសការធ្វើទារុណកម្មយកចម្លើយ ហើយងាកមកពង្រឹងការអនុវត្តអធិការកិច្ច និងមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីណាដែលពាក់ព័ន្ធនឹងអំពើទារុណកម្ម ព្រោះកម្ពុជាជារដ្ឋហត្ថលេខីនៃអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម។ លោក យិន ម៉េងលី រំលឹកថា ទង្វើនេះបានបង្កផលប៉ះពាល់ខ្លាំងណាស់ បើអំពើទារុណកម្មកើតឡើងនៅក្នុងដំណាក់កាលនៃការសួរចម្លើយ៕









