រុស្ស៊ី​ប្រើ​ដ្រូន​ជិត​១ពាន់​គ្រឿង​វាយ​ប្រហារ​តាម​អាកាស​ដ៏​ធំ​បំផុត​លើ​អ៊ុយ​ក្រែន

រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​ធំ​ដោយ​ប្រើ​ប្រាស់​ដ្រូន​ជិត ១ ០០០ គ្រឿង មក​លើ​អ៊ុយ​ក្រែន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​​ណាស់ ៧ នាក់ ខណៈ​ដែល​ទីក្រុង​មូស្គូ​ហាក់​កំពុង​បង្កើន​ការ​វាយ​លុក​ក្នុង​រដូវ​ផ្កា​រីក ក្នុង​បំណង​បំបែក​ការ​តស៊ូ​របស់​អ៊ុយ​ក្រែន​នៅ​តាម​ខ្សែ​ត្រៀម​ជួរ​មុខ។

មន្ត្រី​អ៊ុយ​ក្រែន បាន​និយាយ​ថា ទីក្រុង​មូស្គូ​បាន​បាញ់​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​ជិត ៤០០ គ្រឿង និង​គ្រាប់​មីស៊ីល​គ្រុយ (cruise) ចំនួន ២៣ គ្រាប់​ នៅ​ពេល​យប់ បន្ទាប់​មក​បង្ហោះ​ដ្រូន​ចំនួន ៥៥៦ គ្រឿង​ទៀត​ នៅក្នុង​ការ​វាយ​ប្រហារ​ពេល​​ថ្ងៃ​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​ទី​២៤ខែមីនា ដោយ​បាន​វាយ​ប្រហារ​ចំ​ទីក្រុង​នានា​នៅ​ទូទាំង​ភាគ​ខាង​លិច​នៃ​ប្រទេស។

សរុប​មក ការបាញ់ស្រោចនេះ គឺជាកា​រទ​ម្លាក់​គ្រាប់​បែក​តាម​អាកាស​ដ៏​ធំ​បំផុត​មួយ​មក​លើ​អ៊ុយ​ក្រែន ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​ការ​ឈ្លាន​ពាន​ពេញ​ទំហឹង​កាល​ពី​ជាង ៤ ឆ្នាំ​មុន។

អាជ្ញាធរ​មូលដ្ឋាន បាន​ឱ្យ​ដឹង​ថា ដ្រូន​រុស្ស៊ីមួ​យ​គ្រឿង​បាន​វាយ​ប្រហារ​ចំ​វត្ត Bernardine ដែល​ជា​ព្រះ​វិហារ​សតវត្សរ៍​ទី​១៦ ស្ថិត​ក្នុង​មជ្ឈ​មណ្ឌល​មជ្ឈិម​សម័យ​នៃ​ទីក្រុង Lviv ដែល​ចុះ​បញ្ជី​ដោយ​អង្គ​ការ​យូណេស្កូ (Unesco) បណ្តាល​ឱ្យ​​មាន​ការ​​ខូច​​ខាត។

វីដេអូ​ដ៏រន្ធត់ដែលចែកចាយតាមអ៊ីនធឺណិត បានបង្ហាញពីដ្រូន​អត្ត​ឃាត (kamikaze) ដ៏​ធំ​មួយ​បាន​ធ្លាក់​ចំ​ផ្លូវ​ដ៏​មមា​​ញឹក​​ក្នុង​ទីក្រុង Lviv ។

ប្រធានាធិបតីអ៊ុយ​ក្រែន លោក Volodymyr Zelenskyy បាន​មាន​ប្រសាសន៍​ថា ការ​បាញ់​ស្រោច​នេះ​បាន​បង្ក​ឱ្យ​មាន​​ការ​ខូច​ខាត​នៅ​ក្នុង​តំបន់​ចំនួន​១១ ហើយ​លោក​បាន​បន្ត​អំពាវ​នាវ​ដល់​សម្ព័ន្ធ​មិត្ត​ឱ្យ​ផ្តល់​គ្រាប់​រំសេវ​ការ​ពារ​អាកាស​​បន្ថែម​ដល់​ទីក្រុង Kyiv ជា​បន្ទាន់។ លោក​បាន​បញ្ជាក់​ដដែលៗ​ថា អ៊ុយ​ក្រែន​ដែល​ពឹង​ផ្អែក​លើ​សហរដ្ឋ​អាមេ​រិក​​សម្រាប់​ប្រព័ន្ធ​ការ​ពារ​ ដែលអាចស្ទាក់ចាប់គ្រាប់​មីស៊ីល​បាលី​ស្ទិក កំពុង​ប្រឈម​នឹង​កង្វះ​ខាត ខណៈ​ដែល​ការ​យក​​ចិត្ត​​ទុក​ដាក់​របស់​ទីក្រុង​វ៉ាស៊ីន​តោន នៅ​តែ​ផ្តោត​លើ​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក-អ៊ីស្រាអែល ជាមួយ​ប្រទេស​អ៊ីរ៉ង់។

ប្រទេស​ជិតខាងគឺម៉ុលដាវី ក៏បាននិយាយផងដែរថា ខ្សែបណ្តាញអគ្គិសនីដ៏សំខាន់ដែលតភ្ជាប់ប្រទេសខ្លួន​ទៅ​កាន់​អឺរ៉ុប ត្រូវបានខូចខាតនៅក្នុងការ​វាយ​ប្រហារ​ពេល​យប់​រប​ស់​រុស្ស៊ី ហើយ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កាត់​បន្ថ​យ​ការ​ប្រើ​ប្រាស់​អគ្គិសនី​ក្នុង​អំឡុង​ពេល​ម៉ោង​ដែល​មាន​តម្រូវ​ការ​ខ្ពស់។

បន្ទាប់ពីបានឆ្លងកាត់រដូវរងាដែលមានការកាត់ផ្តាច់ចរន្តអគ្គិសនី និងកម្តៅយ៉ាង​ទូលំ​ទូលាយ អ៊ុយ​ក្រែន​កំពុង​ត្រៀម​​ខ្លួន​សម្រាប់​ការ​រុញ​ច្រាន​ជា​ថ្មី​ពី​រុស្ស៊ី។ សង្គ្រាម​បង្ហិន​កម្លាំង​របស់​ទីក្រុង​មូស្គូ ជា​ធម្មតា​តែង​តែ​បង្កើន​អាំង​តង់​ស៊ី​តេ​នៅ​ក្នុង​រដូវ​ផ្កា​រីក នៅ​ពេល​ដែល​លក្ខ​ខណ្ឌ​អាកាស​ធាតុ​មាន​ភាព​ប្រសើរ​ឡើង។ កងកម្លាំង​រុស្ស៊ី​ដែល​មាន​ចំនួន​ច្រើន​ជាង​ទ័ព​អ៊ុយ​ក្រែន​ប្រហែល ៣ ទល់នឹង ១ កំពុង​ស្វែង​រក​ការ​វាយ​ដណ្តើម​យក​ទឹ​កដី​នៅ​​តាម​ខ្សែ​ត្រៀម​ជួរ​មុខ​ភាគ​ខាង​កើត និង​ភាគ​ខាង​ត្បូង។

កងទ័ពរុស្ស៊ីបានបន្តការរំកិលទៅមុខយឺតៗនៅក្នុងតំបន់ Donetsk ភាគខាងកើតក្នុងអំឡុងពេលរដូវរងា ដោយ​បានខិតជិតទៅរកទីក្រុងសំខាន់ Sloviansk ពីទិសខាងជើង និងខាងកើត។ ពួកគេកំពុងកាន់កាប់ទីតាំង​ដែលមាន​ចម្ងាយប្រហែល ១២ ម៉ាយ (២០ គីឡូម៉ែត្រ) ពីជាយក្រុង។ អ្នកវិភាគព័ត៌មានបើកចំហ (open-source) ក៏បានរាយ​ការណ៍ពីការវាយដណ្តើមបានទឹកដីរបស់រុស្ស៊ីនៅជិត Zaliznychne ក្នុងតំបន់ Zaporizhzhia ផងដែរ។

វិទ្យា​ស្ថាន​សម្រាប់ការសិក្សាសង្គ្រាម (ISW) បានឱ្យដឹងកាលពីយប់ថ្ងៃ២៣មីនាថា វិមានក្រឹមឡាំងបានផ្លាស់​ប្តូរគ្រឿងចក្រធុនធ្ងន់ និងកងទ័ពបន្ថែមទៅកាន់ខ្សែត្រៀមជួរមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ