សាលាឧទ្ធរណ៍បាត់ដំបង គ្រោងប្រកាសសាលដីកាលើសំណើរសុំនៅក្រៅឃុំរបស់អ្នកសារព័ត៌មាន លោក ហែម វណ្ណា នៅដើមខែមេសា បន្ទាប់ពីបានសាកសួរអស់រយៈពេលប្រហែល១ម៉ោង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំបណ្តោះខ្លួនជាអាសន្ននៅពន្ធនាគារ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ «ស្តាប់ឫថតពាក្យសម្ងាត់ឯកជន» បន្ទាប់ពីលោកចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។
លោកបានចុះផ្សាយពេលនោះថា “ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា ជាអ្នកបម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់ ជាទីអាថ៍កំបាំង នៅខាងក្រោយបន្ទាយកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត។ ករណីនេះ ត្រូវបានគេសង្ស័យថាអាចជាការបង្ខាំងមនុស្សខុសច្បាប់ បង្ខំឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ (Online Scammer)” ។
នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ សាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការជំនុំជម្រះអសាធារណៈលើសំណុំរឿងសភាស៊ើបសួររបស់ឈ្មោះ ហែម វណ្ណា ដែលលោកបានសម្រេចដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់សាលាឧទ្ធរណ៍បាត់ដំបង។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានឱ្យដឹងលើទំព័រហ្វេសប៊ុកថា បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលប្រហែល១ម៉ោង ដោយមានវត្តមានមេធាវី និងកូនក្តីនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
លោក ហែម វណ្ណា ត្រូវបានលោក ស៊ឺង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកា មិនអនុញ្ញាតឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ការចាប់ឃុំខ្លួន និងចោទប្រកាន់ទៅលើអ្នកសារព័ត៌មានរូបនេះ ត្រូវបានអង្គការជាតិ និងអន្តរជាតិជាង ២០ស្ថាប័ន បង្ហាញការសោកស្តាយ និងអំពាវនាវឱ្យដោះលែងលោក វណ្ណា ឱ្យមានសេរីភាពវិញ ដោយសារអ្នកសារព័ត៌មានរូបនេះ បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ឬអនឡាញនៅកម្ពុជា។
ពួកគេបានលើកឡើងដែរថា ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ ហាក់បង្ហាញពីនិន្នការរបស់រដ្ឋាភិបាល ក្នុងការរឹតត្បិតសំឡេងសមាជិកអ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ជំនួសពីការប្រើប្រាស់យន្តការច្បាប់ស្តីពីរបបសារព័ត៌មាន។
សម្រាប់អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងនៅថ្ងៃទី២៦ខែមីនានេះថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ វាបានក្លាយជាវិបត្តិរួមក្នុងតំបន់ និងសកលលោកក៏ពិតមែន ប៉ុន្តែចំណុចរសើបបំផុតដែលសាធារណជនកំពុងតាមដាន គឺភាពខុសគ្នារវាងរបៀបដោះស្រាយរបស់ប្រទេសដទៃ និងកម្ពុជា។
ក្នុងន័យនេះ លោកសំអាងថា រដ្ឋាភិបាលក្នុងប្រទេសជិតខាងមួយចំនួន បានបង្ហាញឆន្ទៈក្នុងការវះកាត់សាច់ស្អុយ ដោយហ៊ានចាត់វិធានការច្បាប់លើមន្ត្រីជាន់ខ្ពស់ ឬបុគ្គលដែលមានខ្នងបង្អែកនយោបាយរឹងមាំដែលពាក់ព័ន្ធនឹងការការពារក្រុមឧក្រិដ្ឋជន។
តែផ្ទុយទៅវិញ ការអនុវត្តច្បាប់នៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហាក់នៅមានកម្រិត និងមានភាពរើសអើងនៅឡើយ។
លោកសង្កត់ធ្ងន់ថា ភាពបរាជ័យក្នុងការបំបែកបណ្តាញពុករលួយលក្ខណៈប្រព័ន្ធបែបនេះ មិនត្រឹមតែធ្វើឱ្យពាក្យសន្យារបស់លោក ហ៊ុន ម៉ាណែត ប្រែជាគ្មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញថា អំណាចពិតប្រាកដប្រហែលជាមិនស្ថិតនៅលើច្បាប់នោះឡើយ គឺវាស្ថិតនៅលើផលប្រយោជន៍របស់ក្រុមបក្ខពួកដែលកំពុងគ្របដណ្តប់ លើជោគវាសនារបស់ប្រទេសជាតិទាំងមូល៕









