ហោចណាស់ ភូមិចំនួន៣៧១ ស្ថិតក្នុងខេត្តចំនួន៧ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវបានអង្គការសកម្មភាពកម្ចាត់មីន ហៅកាត់ស៊ីម៉ាក់ សន្និដ្ឋានបឋមថាមានគ្រាប់បែកចង្កោមប្រមាណ ១២ ទៅ១៣ម៉ឺនគ្រាប់ បន្សល់ទុកក្រោយការឈ្លានពានរបស់យោធាថៃ។
នេះបើតាមអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series» កាលពីថ្ងៃទី២៥ ខែមីនា។
យោងយាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាពស៊ីម៉ាក់ លោក ហេង រតនា ឱ្យដឹងថា គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ១៣ម៉ឺនគ្រាប់ អាចផ្ទុកកូនគ្រាប់ប្រមាណ ៦ទៅ៧លានគ្រាប់ ជាប្រភេទគ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ ១៥៥ មីលីម៉ែត្រ។ យ៉ាងណា ការស្រាវជ្រាវនៅតែបន្ត ដែលអាចរកឃើញលើសនេះ។
តំបន់រងផលប៉ះពាល់ចំនួន៣៧១ភូមិ ត្រូវនឹងពហុកោណ៣៦០០ទីតាំង គិតជាផ្ទៃដីប្រមាណជាង២ពាន់គីឡូម៉ែត្រក្រឡា(២ ៣៦០គីឡូម៉ែត្រក្រឡា) ស្ថិតនៅខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ រួមទាំងខេត្តសៀមរាប។ គ្រាប់បែកចង្កោមទាំងនេះ ត្រូវបានយោធាថៃ បាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិល និងទីតាំងកងទ័ព។
យោងតាមស៊ីម៉ាក់ដដែល គ្រាប់បែកចង្កោមដែលទាហ៊ានថៃ បាញ់មកលើទឹកដីកម្ពុជាគឺជាប្រភេទ ស៊េរី អ៊ឹម (M-Series) មាន៣ប្រភេទសំខាន់គឺ M42, M46 និងM85។
ការផ្ទុះអាវុធជាង២០ថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ភាគីយោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ និងទំនើបៗជាច្រើនប្រភេទ វាយប្រហារមកលើកម្ពុជា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះរួមមានទាំងអាវុធខុសច្បាប់សង្គ្រាម ដូចជា ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម។ ជនស៊ីវិលកម្ពុជាជាង២០នាក់បានស្លាប់ និងជាង៨០នាក់រងរបួសនៅកំឡុងពេលនោះ។
ប៉ុន្តែ សំណល់យុទ្ធភ័ណ្ឌរបស់យោធាថៃ នៅតែបន្តសម្លាប់ពលរដ្ឋកម្ពុជារហូតមកទល់ពេលនេះ។ កាលពីថ្ងៃទី១៩ ខែមីនា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រាប់បែកចង្កោមប្រភេទM46 នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មើលឃើញថា គ្រាប់បែកចង្កោមដ៏ច្រើននេះ នឹងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅពេលមានភ្លើងឆេះព្រៃ។ លោកបន្តថា ករណីនេះកម្ពុជាមិនអាចប្រើយន្តការចរចាទ្វេភាគីនោះឡើយ ពោលគឺត្រូវតែប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងដៃគូអន្តរជាតិផ្សេងទៀត ព្រោះទង្វើយោធាថៃគឺជាអំពើឈ្លានពាន។
លោក ម៉ែន ណាត ថ្លែងថា៖ «ដូចជាទាមទារឱ្យថៃត្រូវតែដកកងទ័ពចេញឱ្យផុតពីទឹកដីកម្ពុជា ទាមទារឱ្យថៃសងជំងឺចិត្តដល់ការខូចខាតទ្រព្យសម្បត្តិជាតិខ្មែរ និងទាមទារឱ្យថៃគោរពខ្សែបន្ទាត់ព្រំដែនដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។ អ៊ីចឹងអាហ្នឹងគឺជាដំណោះស្រាយដើម្បីកុំឱ្យថៃបន្តរំលោភសន្ធិសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ដូចជា ករណីគ្រាប់បែកចង្កោមហ្នឹងជាដើម»។
គ្រាប់បែកចង្កោម គឺជាអាវុធដែលផ្ទុកនូវគ្រាប់តូចៗជាច្រើន ដែលអាចជះឥទ្ធិពលលើផ្ទៃដីធំទូលាយ តាមរយៈអំបែង។ គ្រាប់ដែលមិនផ្ទុះភ្លាមៗ នឹងបង្កគ្រោះថ្នាក់យូរអង្វែងដល់ជនស៊ីវិល ជាពិសេសកុមារ ដែលអាចច្រឡំយកគ្រាប់ទាំងនេះជារបស់លេង។
អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ត្រូវបានចូលជាធរមាននៅឆ្នាំ២០១០ ដែលបង្កើតឡើងដើម្បីការពារអាយុជីវិតមនុស្សជាតិ។ អនុសញ្ញានេះ បានចែងយ៉ាងច្បាស់ថា រដ្ឋភាគីទាំងអស់ត្រូវហាមឃាត់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ការអភិវឌ្ឍ ការផលិត ការស្តុកទុក ការកាន់កាប់ ឬការផ្ទេរគ្រាប់បែកចង្កោមឡើយ៕









