លោក ហ៊ុន ម៉ាណែត រំឭក​មន្ត្រី​ពី​ប្រសិទ្ធ​ភាព​បង្ក្រាប​ឧក្រិដ្ឋ​​កម្ម​អន​ឡាញ​ក្រោម​កង្វះ​ជំនឿ​​ពី​អ្នក​តាម​ដាន ​

នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​ជា​ថ្មី​ទៀត រំឭ​ក​មន្ត្រី​ពី​ប្រសិទ្ធ​ភាព​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ក្រោយ​ពី​រង​សម្ពាធ​ពី​សហគមន៍​អន្តរ​ជាតិ ដែល​គេ​រក​ឃើញ​ថា កម្ពុជា​ជា​សំបុក​ពួក​ឧក្រិដ្ឋ​ជន ដែល​ត្រូវ​តែ​បោស​សម្អាត ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ។

ការណ៍​នេះ ជំរុញឱ្យមានការលើកឡើងថា សារមេដឹកនាំរូបនេះ គ្រាន់​តែ​ជា​រូប​ភាព​ឆ្លើយ​តប​ទៅ​នឹង​ស​ម្ពាធ​របស់​អន្តរ​ជាតិ ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច និង​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​លំហូរ​វិនិ​យោគ​ប៉ុ​ណ្ណោះ គ្មាន​ប្រសិទ្ធ​ភាព​ដល់​ការ​បោស​សម្អាត​មេ​ខ្លោង​ដែល​ជា​សាច់​ញាតិ និង​មន្ត្រី​គ្រាក់ៗ​ដែល​ជា​បង្អែ​ក​ហិ​រញ្ញ​វត្ថុ​ជួយ​ពង្រឹង​អំណាច​គណបក្ស​កាន់​អំណាច​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ថ្លែងពីខេត្តស្វាយរៀង នៅថ្ងៃទី២៦​ខែមីនានេះ បានលើកឡើង​ថា  ដើម្បី​​ទា​​ក់​ទាញ​​​ឱ្យ​​មាន​​ការ​វិនិយោគ​ចូល​មក​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​ ​ជា​រឿង​សំខាន់​បំផុត ដែល​ទាម​ទារឱ្យ​​អាជ្ញា​ធរ​ ខេត្ត​ក្រុង ត្រូវ​តែ​ពង្រឹង និង​សកម្ម​បំផុត គឺ​​ត្រូវ​បង្កើន​ការ​ការ​ពារ​សន្តិ​សុខ សណ្ដា​​ប់ធ្នាប់​ឱ្យ​​ល្អ​បំផុ​ត​ក្នុង​តំបន់។

លោកគូសបញ្ជាក់ថា បញ្ហាការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត វាជា​បញ្ហា​ដ៏ធំ​របស់​កម្ពុជា ដែល​ជះ​​ផល​​អវិជ្ជ​មា​ន​​ដល់​វិស័យ​សេដ្ឋ​កិច្ច ឧហ្សាករណ៍ និងការវិនិយោគមានការជាប់គាំង។

លោកថា៖ «បញ្ហាឆបោកអនឡាញនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់ក​ម្ពុជា​ទេ តែ​ជា​បញ្ហា​តំបន់ ប៉ុន្តែ​ដើម្បី​បោស​សម្អាត​ វា​ទាល់​តែ​យើង​ក៏​ចេះ​កែ​ខ្លួន​ឯង​ អ៊ីចឹង​​នៅ​ក្នុ​ង​កិច្ច​ការ​ងារ​នេះ កម្ពុជា​បាន​ប្ដេ​​​​ជ្ញា​​​ចិត្តហើយ​ក៏​មិន​មែន​តែ​ធ្វើ​ក្នុង​រយៈ​ពេល​ខ្លី​​ យើង​នឹង​​បន្ត​ធ្វើ​វា​ជា​កត្តា​ចាំបាច់​ក្នុង​ការ​រៀប​ចំ​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ»។

យ៉ាងណាអ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង ​វណ្ណលី និយាយ​ថា សារ​របស់​លោក​ ហ៊ុន ម៉ាណែត ​ជា​ញឹក​ញាប់​មក​នេះ ជា​យុទ្ធ​សាស្រ្ត​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​អន្តរ​ជាតិ​ ពិសេស​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​មួយ​ចំនួន ដែល​កំពុង​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​សម្អាត​ឋាន​សួរ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច និង​ការ​ធ្លា​ក់​ចុះ​នៃ​លំហូរ​វិនិយោគ។

ប៉ុន្តែលោក​ថា ការខ្វះចំណាត់ការលើមេខ្លោងពិតប្រាកដ ពាក់ព័ន្ធ​សាច់​ញាតិ និង​មន្ត្រី​គ្រាក់ៗ​ ដែល​ជាខ្ន​ង​បង្អែក​ផ្នែក​ហិរញ្ញ​វត្ថុ និង​នយោ​បាយ​ដ៏​រឹង​មាំរ​បស់​គណបក្ស​កាន់​អំណាច​នោះ ​លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថ​ភាព​វះ​កាត់​សាច់​ស្អុយ​ទំាង​នោះ​ឡើយ ​ដែ​ល​ជា​ក្តី​បារម្ភ​ថា កម្ពុជា​មិន​អាច​រើ​ខ្លួន​ពី​ជម្រក​ពួក​ឧក្រិដ្ឋ​ជន​បាន​នោះ​ទេ។

លោកថា៖ «ដោយសារលោកបារម្ភពីការរង្គោះរង្គើដល់ស្ថិរភាព​ផ្ទៃក្នុ​ង​នៃ​ក្រុម​គ្រួសារ និង​បក្ខ​ពួក បន្ថែម​ពី​នេះ​ប្រព័ន្ធ​​យុត្តិ​ធម៌​ និង​ស្ថាប័ន​អនុវ​ត្ត​ច្បាប់​នៅ​កម្ពុជា ហាក់​នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នៃ​បុគ្គល​ដែល​មាន​អំណាច ដែល​ធ្វើ​ឲ្យ​វិធាន​ការ​នានា​ត្រូវ​បាន​អនុវ​ត្ត​តែ​ទៅ​លើ​កូន​ចៅ​ថ្នាក់​ក្រោម ដើម្បី​បង្គ្រប់​កិច្ច​តែ​មាន​រូប​ភាព ការ​បង្ក្រាប​ប៉ុណ្ណោះ»។

សម្រាប់លោក សេង វណ្ណលី បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ បាន​ក្លាយ​​​ជាវិបត្តិ​រួម​ក្នុង​តំបន់​ និង​សកល​លោក​ក៏​ពិត​មែន ប៉ុន្តែចំណុចរសើបបំផុតដែល​សាធារណ​ជន​កំពុង​តាម​ដាន គឺ​ភាព​ខុស​គ្នា​រវាង​របៀប​ដោះ​ស្រាយ​របស់​ប្រទេស​ដទៃ និង​កម្ពុជា។

លោកសង្កត់ធ្ងន់ថា ភាពបរាជ័យក្នុងការបំបែកបណ្តាញពុករលួយល​ក្ខណៈ​ប្រព័ន្ធ​បែប​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ពាក្យ​សន្យា​របស់​ លោក ហ៊ុន ម៉ាណែត ប្រែ​ជា​គ្មាន​តម្លៃប៉ុ​ណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំណាច​ពិត​ប្រាកដ​ប្រហែល​ជា​មិន​ស្ថិត​នៅ​លើ​ច្បាប់​នោះ​ឡើយ គឺ​វា​ស្ថិត​នៅ​លើ​ផល​ប្រយោជន៍​របស់​ក្រុម​បក្ខ​ពួក ​ដែល​កំពុងគ្របដណ្តប់​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ទាំង​មូល។

ស្ថានភាពបែ​ប​នេះ បង្ហាញថា របាំងការពារពីអ្នកមានអំណាចនៅតែជា​ឧ​បសគ្គ​រាំ​ង​ស្ទះ​ដល់​ការ​លុប​បំបាត់​បទ​ល្មើស​​ទាំង​ស្រុង ហើយ​ប្រសិន​បើ​ការ​បង្ក្រាប​នៅ​តែ​ធ្វើឡើ​ង​ក្នុង​លក្ខណៈ «វាយតែ​បង្គួយ មិន​ហ៊ាន​វាយ​ពស់» នោះ​កម្ពុជា​នឹង​ពិបាក​ក្នុង​ការ​ស្តារ​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ ក៏ដូច​ជា​ការ​ដក​ខ្លួន​ចេញ​ពី​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​ ដែល​មា​ន​ហានិ​ភ័យ​ខាង​លាង​លុយ​កខ្វក់​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន។

ភាព​ស្ទាក់ស្ទើរក្នុងការចាត់ការមន្ត្រីគ្រាក់ៗ ដែលគប់គិត​​ជាមួយ​ក្រុ​ម​ឆបោក មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជំនឿ​ចិត្ត​រប​ស់​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​អវិជ្ជ​មាន​ដល់​វិនិ​យោគិន​បរទេស ដែល​ចង់​ឃើញ​បរិយា​កាស​ធុរ​កិច្ច​មួយ​ប្រកប​ដោយ​តម្លា​ភាព និង​នីតិ​រដ្ឋ​ពិត​ប្រាកដ។

ជុំវិញបញ្ហា​នេះ មេឧ​ក្រិដ្ឋជន​ឆបោក​ជន​ជាតិ​តៃ​វ៉ាន់​ម្នាក់ និង​ជា​ថៅកែ​កាស៊ីណូ​មួយ​នៅ​ខេត្ត​ព្រះ​សី​ហនុ ត្រូវ​បាន​គេបាញ់​សម្លាប់​​នៅ​​យប់​​ថ្ងៃ​​ទី​២៣ ​ខែ​​មីនា ឆ្នាំ​២០២៦​នេះ ដែល​សមត្ថ​កិច្ច​មិន​ទាន់​រក​ឃើញ​ខ្មាន់​កាំភ្លើង​នៅ​ឡើយ។

ជុំវិញបញ្ហានេះ លោក សេង វណ្ណលី និយាយថា ករណី​ឃាតកម្ម​នេះ ឆ្លុះប​ញ្ចាំង​ពីភា​ព​ធូ​ររលុងនៃ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល និង​សន្តិ​សុខ​ក្រោម​ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។

ក្នុងន័យនេះ លោក​ពន្យល់ថា វត្តមានរបស់ឧក្រិដ្ឋជនឆ្លងដែន​ដែល​មា​នដីកាចា​ប់​ខ្លួន​ពី​អន្តរ​ជាតិ ប៉ុន្តែ​អាច​រស់​នៅ និង​ធ្វើ​សកម្ម​ភាព​ដោយ​សេរី​លើ​ទឹក​ដីកម្ពុជា រហូត​ទាល់​តែ​មាន​ករណី​ឃាត​កម្ម​បាញ់​សម្លាប់​គ្នា​យ៉ាង​រន្ធត់​ ទើប​ធ្លាយ​រឿង​ចេញ​មក គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​វិបត្តិ​ដ៏​ជ្រៅ​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល និង​សន្តិ​សុខ​ជាតិ។

បញ្ហានេះ​បង្ហា​ញ​ថា បូរណភាពនៃស្ថាប័នអនុវត្តច្បាប់ កំពុង​រង​ការ​ច្រេះ​ស៊ី​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដែល​អនុ​ញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន​ប្រើ​ប្រាស់​ឥទ្ធិពល​ទឹក​ប្រាក់​ ដើម្បី​ទិញ​យក​នូវ «ភាព​រស់​រាន» និង «ការ​ការ​ពារ» ​ពី​សំណាក់​មន្ត្រី​មាន​អំណាច​មួយ​ចំនួន។

លោក​បញ្ជាក់​ថា នៅពេលដែលឧក្រិដ្ឋជនកម្រិតធ្ងន់អាច​ជ្រក​កោន​ក្រោម​រូប​ភាព​ជា​អ្នក​វិនិយោគ​ ឬ​មាន​ខ្នង​បង្អែក​រឹង​មាំ វា​មិន​ត្រឹម​តែ​ជា​ការ​បរាជ័យ​នៃ​ផ្នែក​ចារកម្ម និង​នគរបាល​យុត្តិ​ធម៌​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​គឺជា​កា​រដា​ក់​សញ្ញា​សួរ​ទៅ​លើ​ឆន្ទៈ​នយោ​បាយ​ពិត​ប្រាកដ​របស់​រដ្ឋា​ភិ​បាល​ក្នុង​​ការ​សម្អាត​ផ្ទះ​ខ្លួន​ឯង។

លោកថា ស្ថានភាពនេះ បានប្រែក្លាយកម្ពុជាឱ្យទៅជាជម្រកប្រកបដោយ​សុវត្ថិ​ភាព សម្រាប់​មេខ្លោង​ឧក្រិដ្ឋ​កម្ម ដែល​​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​វា​ជាល​ទ្ធផល​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ដែល​ផ្តល់​អាទិ​ភាព​លើ​ផល​ប្រយោជន៍​សេដ្ឋ​​កិច្ច​​កខ្វក់ និង​បណ្តាញ​បក្ស​ពួក​និយម ជាង​ការ​រឹត​បន្តឹង​យន្ត​ការ​ត្រួត​ពិនិត្យ​ជន​បរទេស និង​ការ​អនុវត្ត​ច្បាប់​អន្តោ​​ប្រវេសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ