រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត រងការរិះគន់ពីអ្នកជំនាញ និងអ្នកឃ្លាំមើលនានាថា បានបន្តបង្កើនចំនួនមន្ត្រីនយោបាយច្រើនហួស ដែលបង្កើតជាបន្ទុកថវិកាជាតិកាន់តែធ្ងន់សង្កត់ករាស្ត្រ ខុសពីមេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលគេកំពុងធ្វើកំណែទម្រង់ ដោយកាត់បន្ថយចំនួនក្រសួងស្ថាប័នរដ្ឋ និងមន្ត្រី ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ។
ទិដ្ឋភាពអភិបាលកិច្ចនៅកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញឱ្យឃើញពីការដើរផ្ទុយគ្នាស្រឡះ រវាងយុទ្ធសាស្ត្រពង្រឹងស្ថាប័នបែបទំនើប ដែលបណ្ដាប្រទេសក្នុងតំបន់កំពុងតែសម្រុកធ្វើ។
គិតត្រឹមដើមឆ្នាំ២០២៦នេះ ប្រទេសវៀតណាមដែលមានប្រជាជនប្រមាណ១០០លាននាក់ មានក្រសួងត្រឹមតែ១៤ក្រសួង និងស្ថាប័នថ្នាក់ស្មើក្រសួងតែ៣ប៉ុណ្ណោះ និងមានសមាជិករដ្ឋាភិបាលចំនួន២៥រូបក្នុងនោះនាយករដ្ឋមន្ត្រី១រូប ឧបនាយករដ្ឋមន្ត្រី៧រូប រដ្ឋមន្ត្រីចំនួន១៤រូប និងប្រធានស្ថាប័នមានឋានៈស្មើរដ្ឋមន្ត្រីចំនួន៣រូប។
ចំណែកកម្ពុជាដែលមានប្រជាជនប្រមាណតែ១៧លាននាក់ នៅក្នុងឆ្នាំ២០២៦ នៃរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នេះ មានក្រសួងចំនួន២៨ និងស្ថាប័នរដ្ឋផ្សេងៗរហូតដល់១៧ផ្សេងទៀត។ ក្នុងនោះមានសមាជិករដ្ឋាភិបាលបានកើនឡើងដល់ជាង១៥០០រូប ដោយគិតត្រឹមឋានៈចាប់ពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី គឺកើនឡើងលើសសមាជិករដ្ឋាភិបាលអាណត្តិទី៦ជិត ១ពាន់រូប។ ក្នុងនោះគ្រាន់តែថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ មានរហូតដល់៣៩រូប ក្នុងនោះមានរដ្ឋមន្ត្រី១រូប រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ៣៨រូប ក្រសួងយុត្តិធម៌មានថ្នាក់ដឹកនាំរហូតដល់៣៥រូប ក្នុងនោះរដ្ឋមន្ត្រី១រូប រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ៣៤រូប។
លោក សេង វណ្ណលី នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរ មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានប្រាប់វីអូឌីនៅថ្ងៃទី២៦ខែមីនានេះថា ខណៈដែលប្រទេសជិតខាងខិតខំកាត់បន្ថយក្រសួង កាត់បន្ថយចំនួនមន្ត្រី កាត់បន្ថយការចំណាយមិនចាំបាច់ និងលើកកម្ពស់សមត្ថភាពបុគ្គលិករដ្ឋតាមរយៈបច្ចេកវិទ្យា លោក ហ៊ុន ម៉ាណែត បែរជាបង្កើនចំនួនមន្ត្រីនយោបាយ និងពង្រីកបណ្ដាញមន្ត្រីអែបអបយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបង្កើតជាបន្ទុកថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។
លោកថា៖ «ការមានក្រសួងច្រើន ឬមន្ត្រីច្រើនលើសលុប មិនត្រឹមតែជាបន្ទុកថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាជាឧបសគ្គដល់ការអភិវឌ្ឍ ប្រសិនបើការបែងចែកតួនាទីមិនបានច្បាស់លាស់។ ភាពចាំបាច់នៅក្នុងការធ្វើកំណែទម្រង់ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ នៅក្នុងសម័យឌីជីថល រដ្ឋាភិបាលដែលឆ្លាត មិនមែនរដ្ឋាភិបាលដែលមានមនុស្សច្រើនធ្វើការនោះទេ ប៉ុន្តែជារដ្ឋាភិបាលដែលរហ័សរហួននិងមានតម្លាភាព»។
បើតាម លោក វណ្ណលី ការធ្វើកំណែទម្រង់នឹងជួយកាត់បន្ថយការិយាធិបតេយ្យដែលស្មុគស្មាញ និងបង្កើនផលិតភាពការងារ ក៏ដូចជាធានាថា ថវិកាជាតិត្រូវបានប្រើប្រាស់ចំគោលដៅអភិវឌ្ឍន៍ ជាជាងចំណាយទៅលើប្រាក់បៀវត្សរ៍មន្ត្រីដែលមិនមានការងារធ្វើច្បាស់លាស់។ លើសពីនេះ ការមានក្រសួងច្រើនពេក នាំឱ្យកើតមានបញ្ហា ដូចជា ជាន់តួនាទីដែលបង្កឱ្យមានភាពមិនច្បាស់លាស់ នៅក្នុងការទទួលខុសត្រូវនៅពេលដែលស្ថាប័នពីរឬបីមានសមត្ថកិច្ចលើកិច្ចការតែមួយ បង្កើតឱ្យមាននីតិវិធីស្ទួនដែលបង្ខំឱ្យប្រជាពលរដ្ឋត្រូវរត់ការច្រើនកន្លែង ចំណាយពេលយូរ និងត្រូវបង់ប្រាក់ក្រៅផ្លូវការច្រើន។
ជាងនេះទៅទៀត លោក វណ្ណលី ថា វាក៏បង្កើតឱ្យមានការបាត់បង់ផលិតភាព ដោយសារថវិកាជាតិមួយផ្នែកធំត្រូវបានយកទៅចិញ្ចឹមយន្តការរដ្ឋបាល ដូចជា ថ្លៃអគ្គិសនី សម្ភារៈការិយាល័យ និងប្រាក់ខែ ជាជាងយកទៅវិនិយោគទៅលើវិស័យអប់រំ សុខាភិបាល ឬហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ប្រព័ន្ធដែលមានមន្ត្រីច្រើនលើសតម្រូវការ ជារឿយៗនាំឱ្យមានការគ្រប់គ្រងមិនបានដិតដល់ ដែលជាឱកាសបង្កឱ្យមានអំពើពុករលួយ និងធ្វើឱ្យមានការយឺតយ៉ាវក្នុងការផ្តល់សេវាសាធារណៈ។
លោកថា៖ «ការកាត់បន្ថយ គឺជារឿងដែលត្រូវតែធ្វើ ក៏ប៉ុន្តែត្រូវធ្វើដោយការប្រុងប្រយ័ត្ន និងធ្វើដោយផ្អែកទៅលើវិទ្យាសាស្ត្ររដ្ឋបាល ធ្វើទំហំតូចតែខ្លឹម គឺជាគំរូដែលប្រទេសជឿនលឿនជាច្រើនអនុវត្ត រួមទាំងប្រទេសជិតខាងផង ដូចជា ប្រទេសវៀតណាម ថៃ ម៉ាឡេ ឥណ្ឌូនេស៊ី ហ្វីលីពីន ជាពិសេសសាំងហ្គាពួតែម្តង។ កម្ពុជាអាចពិចារណាលើការច្របាច់បញ្ចូលគ្នាក្រសួងដែលមានភារកិច្ចប្រហាក់ប្រហែលគ្នា ដើម្បីកាត់បន្ថយចំណាយរដ្ឋបាល និងសម្រួលនីតិវិធីឱ្យបានត្រឹមត្រូវ ជាពិសេសតាមរយៈច្រកចេញចូលតែមួយពិតប្រាកដ មិនមែនច្រកចេញចូលតែមួយដែលកំពុងតែធ្វើកន្លងមកនេះទេ»។
ទន្ទឹមនឹងការកាត់បន្ថយចំនួនមន្ត្រី លោក វណ្ណលី ជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវពង្រឹងគុណភាពមន្ត្រីតាមរយៈការជ្រើសរើសមន្ត្រីដោយផ្អែកទៅលើសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំនួសមនុស្សក្នុងកិច្ចការដដែលៗ ដែលនេះនឹងជួយឱ្យសេវាសាធារណៈ ដូចជា ការធ្វើប្លង់ដីជាដើម មានភាពឆាប់រហ័ស និងមានតម្លៃសមរម្យ ដែលអាចបង្កើនទំនុកចិត្តក្នុងចំណោមពលរដ្ឋនិងអ្នកវិនិយោគិន។
ជាមួយគ្នានេះ លោក ឱក សេរីសោភ័គ អ្នកជំនាញអភិបាលកិច្ច បានថ្លែងក្នុងកិច្ចពិភាក្សានៃកម្មវិធីចក្ខុផតខាសកាលពីពេលថ្មីៗនេះថា ដើម្បីឱ្យសេវាសាធារណៈមានគុណភាព មានប្រសិទ្ធភាព និងលឿន រដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅជាក់ស្តែង ដោយមន្ត្រីណាដែលអសកម្ម មន្ត្រីណាដែលខិលខូច មន្ត្រីណាដែលធ្វើបាបប្រជាពលរដ្ឋ ល្មមដល់ពេលត្រូវផ្លាស់ប្តូរចេញហើយកុំទុកទៀត។
លោកថា៖ «ធ្វើសង្គ្រាមជាមួយថៃ ធ្វើឱ្យយើងបើកភ្នែកថា យើងលែងអាចនៅទន់ខ្សោយទៀតបានហើយបើសិនជាយើងចង់ការពារខ្លួន។ ការឱ្យយើងរឹងប៉ឹងបានទាល់តែយើងមានមធ្យោបាយ មានមធ្យោបាយបានទាល់តែយើងធ្វើកំណែទម្រង់ស៊ីជម្រៅ បានវាបានលុយនឹងម៉ោ យើងកាត់អ្វីដែលវាអត់ប្រយោជន៍ មិនគ្រាន់តែអត់ប្រយោជន៍ទេ ខ្ជះខ្ជាយទៅទៀត ហើយអាមន្ត្រីច្រើនមន្ត្រីប៉ោង ក្រសួងច្រើនក្រសួងដែលអត់បានការ ហើយយកតែលុយពន្ធរបស់ប្រជាពលរដ្ឋ អាហ្នឹងហើយដែលត្រូវកាត់»។
ក្នុងនាមជាអ្នកបច្ចេកទេសសិក្សាស្រាវជ្រាវពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភ័គ មើលឃើញថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានក្រសួងច្រើនរហូតដល់២៨ មានមន្ត្រីច្រើន មានរដ្ឋលេខាធិការច្រើន មានអនុរដ្ឋលេខាធិការច្រើន មានទីប្រឹក្សាច្រើនរាប់ពាន់នាក់ ក៏ប៉ុន្តែការផ្តល់សេវា គឺនៅមានកម្រិតយឺតយ៉ាវពុំទាន់មានប្រសិទ្ធភាពនៅឡើយ ដែលចាំបាច់ត្រូវតែធ្វើកំណែទម្រង់។ លោកបានលើកជាសំណួរថា តើការដែលយើងមានមន្ត្រីច្រើនវាដូចពាក្យខ្មែរដែលថា គ្នាច្រើនអន្សមខ្លោចមែនដែរឬអត់? ខណៈបច្ចុប្បន្នទាំងពាណិជ្ជករ ក៏ដូចជាក្រុមSME ក៏ដូចជាប្រជាពលរដ្ឋ គឺសុទ្ធតែថ្ងូរខ្លាំងណាស់ ដោយសារតែការកៀបពីមន្ត្រីជំនាញ ជាពិសេសពន្ធដារ។
ចំណែក លោក ឡោ គីហ៊ាង អ្នកតាមដានការវិវត្តសង្គម បានលើកឡើងពីសារសំខាន់ និងភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់ទៅលើប្រព័ន្ធរដ្ឋបាល។ លោកថា ពីមុនមកការធ្វើកំណែទម្រង់រដ្ឋបាល ក៏មានភាពចាំបាច់ដែរ ប៉ុន្តែនៅពេលនេះគឺវាកាន់តែចាំបាច់ និងកាន់តែបន្ទាន់ ដែលត្រូវតែធ្វើកំណែទម្រង់ទៅទៀត ពីព្រោះចាប់តាំងពីមានការផ្ទុះសង្គ្រាមជាមួយថៃ ទោះបីលើកយកវិស័យណាមួយមកប្រៀបធៀប គឺកម្ពុជាចាញ់ថៃទាំងអស់ ទាំងសេដ្ឋកិច្ច យោធា និងប្រជាជន។ លោកថា នៅពេលនេះវាគួរដល់ពេលដែលខ្មែរទាំងអស់គ្នា ទាំងរដ្ឋាភិបាល ទាំងប្រជាជន ត្រូវតែខ្លាំងដើម្បីត្រៀមទប់ទល់ទៅនឹងមហិច្ឆតាឈ្លានពានពីប្រទេសជិតខាង។
វីអូឌី មិនអាចទាក់ទង លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៦ខែមីនានេះ។
ប៉ុន្តែទាក់ទងនឹងការធ្វើកំណែទម្រង់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល ពីព្រោះបើក្រសួងស្ថាប័នរដ្ឋបាលសាធារណៈអត់ប្រសិទ្ធភាព កុំនិយាយពីរឿងការផ្តល់សេវាឱ្យសោះ កុំនិយាយពីការលើកកម្ពុជាភាពប្រកួតប្រជែងភាពទាក់ទាញរបស់កម្ពុជា។ការកែសម្រួលស្ថាប័នតួនាទីភារកិច្ចរបៀបរបបការងារ ការគ្រប់គ្រងមន្ត្រីត្រូវតែធ្វើជាជំហានៗ ហើយត្រូវតែហ៊ានលះបង់ និងស្នើសុំការចូលរួមទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។
សម្រាប់ លោក សេង វណ្ណលី ការណ៍ដែលរដ្ឋាបាលហាក់មិនអើពើនឹងការរិះគន់កាន់តែខ្លាំងឡើងរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន ចំពោះអំពើពុករលួយ និងបក្ខពួកនិយម គឺដោយសារតែប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នបានកម្ចាត់ និងកម្ទេចចោលនូវរាល់តួអង្គត្រួតពិនិត្យ និងយន្តការតុល្យភាពអំណាច ដែលអនុញ្ញាតឱ្យក្រុមអ្នកកាន់អំណាចធ្វើអ្វីៗបានតាមទំនើងចិត្ត ដោយគ្មានការព្រួយបារម្ភពីការទទួលខុសត្រូវ។
លោកថា ស្ថានភាពនេះ កាន់តែអាក្រក់ទៅៗ នៅពេលដែលពលរដ្ឋរាប់លាននាក់ កំពុងប្រឈមនឹងការខ្វះខាត និងជាប់បំណុលវ័ណ្ឌក ខណៈដែលជនភៀសសឹក និងសហគ្រិនក្នុងស្រុក កំពុងដង្ហោយហៅរកការជួយជ្រោមជ្រែងពីរដ្ឋ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងកាត់បន្ថយការនាំចូលទំនិញពីប្រទេសជិតខាង។ ការខកខានក្នុងការកាត់បន្ថយចំណាយលើរឿងមិនចាំបាច់ ដើម្បីយកមកសង្គ្រោះវិស័យអាទិភាព និងជួយសម្រាលទុក្ខលំបាករបស់រាស្ត្រ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីកង្វះឆន្ទៈពិតប្រាកដ ក្នុងការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ ផ្ទុយពីពាក្យសន្យាភូតភរដែលត្រូវបានលើកឡើងកន្លងមក។
សម្រាប់អ្នកវិភាគរូបនេះ ការរក្សាស្ថិរភាពអំណាចតាមរយៈការបំប៉នបក្ខពួកនិយម ជាជាងការដោះស្រាយវិបត្តិសេដ្ឋកិច្ចជាក់ស្ដែងដូចដែល លោក ហ៊ុន ម៉ាណែត កំពុងតែធ្វើបច្ចុប្បន្ន មិនត្រឹមតែបំផ្លាញធនធានជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានគម្លាតរវាងវណ្ណៈដឹកនាំ និងជីវភាពពលរដ្ឋកាន់តែឆ្ងាយទៅៗ ដែលជាសញ្ញានៃការដឹកនាំប្រកបដោយអសមត្ថភាព និងការក្បត់ទំនុកចិត្តរបស់ម្ចាស់ឆ្នោត៕









