ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅប្រទេសចិន នាថ្ងៃទី១៤-១៥ ខែឧសភា បន្ទាប់ពីបានពន្យារពេលដំណើរទស្សនកិច្ចដ៏សំខាន់នេះ ដោយសារតែសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។
នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិន ដោយប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជិត១០ឆ្នាំ។ លោក ត្រាំ ក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួល លោក ស៊ី នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅចុងឆ្នាំនេះផងដែរ ហើយមន្ត្រីនានាកំពុង “បញ្ចប់ការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទាំងនេះ”។ នេះបើយោងតាមអ្វីដែលលោកបានសរសេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៥ខែមីនា។
លេខាធិការសារព័ត៌មានសេតវិមាន អ្នកស្រី Karoline Leavitt បានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់ លោក ត្រាំ ដោយបានប្រាប់អ្នកយកព័ត៌មានថា ប្រធានាធិបតី ស៊ី បានយល់យោគ និងទទួលយកសំណើក្នុងការលើកពេលដំណើរទស្សនកិច្ចនេះ។
អ្នកស្រី Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ខែមីនាថា៖ «ប្រធានាធិបតី ស៊ី បានយល់ថា វាជារឿងសំខាន់ណាស់សម្រាប់ប្រធានាធិបតី (ត្រាំ) ក្នុងការមានវត្តមាននៅទីនេះ ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធទាំងនេះ»។
ទីក្រុងប៉េកាំង មិនទាន់មានប្រតិកម្មចំពោះកាលបរិច្ឆេទដែលលោក ត្រាំ បានបញ្ជាក់នៅឡើយទេ ទោះបីជាជាទូទៅ វាមិនដែលបង្ហាញពីកាលវិភាគរបស់លោក ស៊ី ទុកមុនយូរយ៉ាងនេះក៏ដោយ។ ក្រសួងការបរទេសចិនបាននិយាយកាលពីដើមខែនេះថា ខ្លួនកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ។
ដំណើរទស្សនកិច្ចនេះ ដែលដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ត្រូវបានពន្យារពេល បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ កាលពីខែមុន ដែលបានសម្លាប់មេដឹកនាំកំពូលៗរបស់ប្រទេសនេះ។ ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារលើអ៊ីស្រាអែល និងបណ្តារដ្ឋសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ឈូងសមុទ្រ ហើយបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ដែលនាំឱ្យមានវិបត្តិប្រេងឥន្ធនៈសកល។
លោក ត្រាំ បានជំរុញឱ្យសម្ព័ន្ធមិត្តអាមេរិកជួយបើកច្រកសមុទ្រនេះឡើងវិញ។ លោកក៏បានគំរាមអ៊ីរ៉ង់ដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពល ប្រសិនបើមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ពេញលេញតាមផ្លូវទឹកនោះទេ។ នៅពេលសួរថា តើសង្គ្រាមអ៊ីរ៉ង់នឹងថយចុះនៅពេលដែលលោក ត្រាំ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែរឬទេ អ្នកស្រី Leavitt បាននិយាយថា ពួកគេបាន “ប៉ាន់ប្រមាណជានិច្ចថាមានរយៈពេលប្រហែលពី ៤ ទៅ ៦ សប្តាហ៍ ដូច្នេះអ្នកអាចគណនាដោយខ្លួនឯងបាន”។
លើកចុងក្រោយដែលប្រធានាធិបតីអាមេរិកបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ។
លើកចុងក្រោយដែលលោក ត្រាំ និងលោក ស៊ី បានជួបគ្នា គឺកាលពីខែវិច្ឆិកាឆ្នាំមុន នៅប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល APEC។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានញាំញីជាយូរមកហើយដោយបញ្ហារកាំរកូស តាំងពីជម្លោះពាណិជ្ជកម្ម រហូតដល់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ នឹងត្រូវគេតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹង៕









