ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ទម្លាយឱ្យដឹងពីការចាប់ខ្លួនមន្ត្រីគយនៅខេត្តកោះកុង ក្រុមអ្នកតាមដាននិយាយថា ប្រសិទ្ធភាពនៃការទប់ស្កាត់អំពើពុករលួយ ត្រូវបោសសម្អាតពីថ្នាក់កំពូលទៅ បើមិនដូច្នោះទេ ពលរដ្ឋនៅតែបន្តរងគ្រោះ គ្មានទីបញ្ចប់ ខណៈការដឹកនាំបច្ចុប្បន្នបានក្លាយជាប្រព័ន្ធគ្រួសារនិយម។
ជនសង្ស័យចំនួន ៤រូប ត្រូវចាប់ខ្លួន ក្នុងនោះក៏មាន លោក ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង លោក ម៉ៅ ទិត្យា បុគ្គលិកជាប់កិច្ចសន្យា ផងដែរ។
នេះបើតាមការឱ្យដឹងពី លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយកូនប្រុសលោក ឱម យ៉ិនទៀង ជាប្រធានអង្គភាពនេះ។
ពួកគេត្រូវបាន ACU បញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី១៨ ខែមីនា ប៉ុន្តែទើបទម្លាយឱ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ។
ជនសង្ស័យចំនួន៤រូប រងការចោទថា បានគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងការចាប់រថយន្ត ដឹកទំនិញ និងជំរិតទារប្រាក់តាមទំនើងចិត្ត ។
ជុំវិញវិធានចាប់ខ្លួននេះ លោកបណ្ឌិត មាស នី និយាយថា ការអនុវត្តវិធានការច្បាប់ទៅលើមន្ត្រីប្រព្រឹត្តអំពើពុករលួយ គឺជារឿងចាំបាច់ ដែលរដ្ឋាភិបាលត្រូវតែលុបបំបាត់ ដោយមានគោលជំហរច្បាស់លាស់ ខណៈអំពើពុករលួយក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន នៅមានកម្រិតខ្ពស់នៅឡើយ។
លោកបញ្ជាក់ថា លោកគាំទ្រចំពោះវិធាននេះ ប៉ុន្តែថា ភាពជោគជ័យនៃការបោសសម្អាតអំពើពុករលួយ វាលុះណាតែវិធានធ្វើចាប់ពីមន្ត្រីថ្នាក់លើទៅ បើរកឃើញថាមានជាប់ពាក់ព័ន្ធ។
លោកបន្តថា៖ «កំចាត់អំពើពុករលួយនេះហាក់បីដូចជាធ្វើបានតែសម្រាប់អ្នកអត់ខ្នង ឬក៏ធ្វើបានតែមន្ត្រីក្រោមៗ រីឯមន្ត្រីថ្នាក់ខាងលើ ដូចជាមិនសូវឃើញមាន ជាឧទាហរណ៍សំខាន់ណាមួយ ដែលបង្ហាញថា អំពើពុករលួយនេះ គឺមានការបោសសំអាតពីលើដែរទេ គឺវាបោសសំអាតតែក្រោមផ្ទះ អានេះជារឿងសំខាន់ទៀត»។
លោកកត់សម្គាល់ថា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ហាក់មិនទទួលបានផ្លែផ្កាច្រើនទេ ដ្បិតលោកសង្កេតឃើញ វិធានការលុបបំបាត់អំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ហាក់មិនមានអ្វីប្រែប្រួលច្រើនទេ ព្រោះការអនុវត្ត ហាក់ធ្វើឡើងតាមរបៀបច្បោលៗ។
លោកថា៖ «វិធានការឬករណីនៃការចាប់ចងទាក់ទិនអំពើពុករលួយនេះ វាហាក់ដូចជាមិនមែនជាការងារមួយ ដែលធ្វើដូចទ្រឹស្ត្រីអ្នកនយោបាយថា យុទ្ធនាការដូចភ្លៀងរលឹមនោះទេ ប៉ុន្តែវាជាយុទ្ធនាការភ្លៀងកក់ខែទៅវិញ?។ ធ្វើទៅ ធ្វើហើយ ក៏ស្ងាត់មួយរយៈពេលធំអញ្ចឹងទៅ រួចទើបឃើញធ្វើមួយពីរករណីទៀត ក៏បាត់ទៅវិញអញ្ចឹងទៅ ហើយនៅក្នុងអំឡុងពេលអំពើពុករលួយនេះ នៅកម្ពុជាត្រូវបានគេមើលឃើញកើតមានសឹងតែគ្រប់ទិសទី»។
សម្រាប់ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បាននិយាយថា លោកគាំទ្រចំណាត់ការកម្ចាត់អំពើពុករលួយ ប៉ុន្តែថាការអនុវត្តវិធានការច្បាប់ ត្រូវគ្របដណ្តប់ទំាងថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ប្រកបដោយតម្លាភាព ទើបអាចសង្គ្រោះជនរងគ្រោះទូទៅបាន។
លោកបន្តថា៖ «ចំពោះបញ្ហាទាំងអស់នេះវាជារឿងរស៊ើបណាស់ សម្រាប់សង្គមរបស់យើង ជាពិសេសយើងឃើញហើយ ប្រជាពលរដ្ឋតែងតែទទូចចង់ឃើញការអនុវត្តច្បាប់ដោយស្មើភាពគ្នា ហើយចង់ឃើញរដ្ឋាភិបាល មានគោលជំហរច្បាស់លាស់ នៅក្នុងការដោះស្រាយពីបញ្ហាពុករលួយរបស់មន្ត្រីមួយចំនួន ដែលពាក់ព័ន្ធ »។
សម្រាប់មន្ត្រីអង្គការការពារសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ង៉ែត ស៊ីណាប់ និយាយថា ការចាត់វិធានការលើមន្ត្រីពុករលួយដោយតម្លាភាព បានផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកវិនិយោគ និងជនបរទេសដែលងាយរងគ្រោះផងដែរ។
លោកថា៖ «រឿងហ្នឹងបើគាត់ពិនិត្យឃើញមានបទល្មើស ការចាប់ខ្លួននេះ វាជាការត្រឹមត្រូវ ចំណាត់ការមួយស្របទៅតាមនីតិវិធីរឿងរ៉ាវ ក្នុងការប្រព្រឹត្តបទល្មើសទាំងអស់នោះ ដែលធ្វើឲ្យមានភាពល្អប្រសើរ ចំពោះភាពសុខដុមរម្យនា របស់ប្រជាពលរដ្ឋ ជារឿងត្រឹមត្រូវណាស់។ ខ្ញុំមើលឃើញថាអញ្ចឹងបាទ»។
ប្រហាក់ប្រហែលនេះដែរ លោក សេក មុន្នី និយាយក្នុងនាមជាអាជីវករម្នាក់ ដែលប្រកបរបររកទទួលទាន លើការងារដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកោះកុងថា ចំណាត់ការទប់ស្កាត់អំពើពុករលួយ ផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងដល់វិស័យឯកជន ឬអ្នករកស៊ី ដូចពួកគាត់។
លោកថា៖ «ក្នុងនាមខ្ញុំជាអាជីវករម្នាក់ ប្រកបរបរត្រឹមត្រូវ និងគោរពច្បាប់ សូមគាំទ្រចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានឃាត់ខ្លួនមន្ត្រីគយ និងបុគ្គលពាក់ព័ន្ធ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៅខេត្តកោះកុង។ យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តសកម្មភាពបែបនេះឱ្យកាន់តែខ្លាំងក្លា និងទូលំទូលាយបន្ថែមទៀត នៅតាមមាត់ច្រកព្រំដែន ដើម្បីជួយសម្រួលដល់អាជីវករតូចធំ អាចរកស៊ីដោយភាពកក់ក្តៅ និងមានយុត្តិធម៌»។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ធ្លាប់អះអាងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបង្កើតអំពើពុករលួយនិងគ្រួសារនិយមក្នុងអង្គភាពនេះ និងថាគ្មានសមត្ថភាព កម្ចាត់អំពើពុករលួយ ដែលកំពុងចាស់ស្រេះក្នុងសង្គមបានទេ។
បើតាមលោក អ៊ុំ សំអាន លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១នៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវជាកូនប្រុសបង្កើតរបស់ លោក ឱម យ៉ិនទៀង នៅស្ថាប័នតែមួយរវាងឱពុក និងកូន ដែលថា ប្រព័ន្ធដឹកនាំបែប បក្ខពួក និងគ្រួសារនិយម មិនអាចទប់ស្កាត់អំពើពុករលួយបានទេ។
លើសពីនេះ របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ រកឃើញថា កម្ពុជាស្ថិតនៅលេខរៀងទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២។ ចំណាត់ថ្នាក់នេះ ស្ថានភាពអំពើពុករលួយរបស់កម្ពុជា បានធ្លាក់ដុនដាបខ្លាំងបើធៀបនឹងឆ្នាំមុនៗ៕









