មន្ត្រី​អ៊ីរ៉ង់ថា​​ផែន​ការ​បញ្ចប់​សង្គ្រាម​របស់​អាមេ​រិក «លម្អៀង» និង​​អយុត្តិ​​ធម៌

សំណើ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ ដែល​បាន​អូស​បន្លាយ​ពេល​ជិត ៤ សប្តាហ៍ គឺ​ជា​សំណើ «លម្អៀង​​ទៅ​រក​ភាគី​ម្ខាង និង​អយុត្តិ​ធម៌»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​ភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters កាល​ពី​ថ្ងៃទី​២៦ខែ​មីនា ខណៈ​ដែល​លោក​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ការ​ទូត​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ទោះ​បី​ជា​បច្ចុប្បន្ន​នៅ​ខ្វះ​ខាត​ផែន​ការ​ជាក់​ស្តែង​សម្រាប់​កិច្ច​ចរចា​សន្តិភាព​ក៏​ដោយ។

មន្ត្រីរូបនេះ បានបន្តថា សំណើដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុង​តេអេរ៉ង់ តាមរយៈប្រទេសប៉ាគីស្ថាននោះ «ត្រូវ​បានពិនិត្យ​យ៉ាងល្អិតល្អន់​កាលពីយប់ថ្ងៃពុធ ដោយ​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និង​តំណាង​មេដឹកនាំកំពូល​របស់​អ៊ីរ៉ង់»។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា សំណើនោះខ្វះខាតលក្ខខណ្ឌ​អប្បបរមា​ ដើម្បីសម្រេចបានជោគជ័យ ហើយ​បម្រើ​​តែផលប្រយោជន៍​របស់​​សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ។ ទោះជាយ៉ាងណា​ក៏ដោយ លោក​បាន​បញ្ជាក់​ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនប្រកាន់​ខ្ជាប់នូវ «តថភាពនិយម» នោះ «ផ្លូវឆ្ពោះទៅមុខអាចនឹងត្រូវរកឃើញ» ដើម្បី​ដោះ​ស្រាយ​វិបត្តិនេះ។

កាលពីព្រឹកថ្ងៃទី​២៦ខែ​មីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន​ព្រមាន​ទីក្រុង​តេអេរ៉ង់​ឱ្យ «យក​ចិត្ត​​ទុក​​ដាក់» ចំពោះ​កិច្ចចរចា​ដើម្បីបញ្ចប់ជម្លោះ ដែលបានចាប់ផ្តើមឡើងដោយការវាយប្រហាររបស់​សហរដ្ឋ​អាមេ​រិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី​២៨ ខែកុម្ភៈ។

លោក Trump បានសរសេរនៅលើបណ្តាញ​សង្គម Truth Social ថា អ៊ីរ៉ង់កំពុង «អង្វរករ» ចង់បានកិច្ចព្រម​ព្រៀង បន្ទាប់​​ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាន​លើកឡើងថា សារដែលផ្ញើតាមរយៈអ្នកសម្របសម្រួលមិន​​​មែនជាការសន្ទនាគ្នាដោយផ្ទាល់នោះទេ ហើយអ៊ីរ៉ង់ក៏មិនមានបំណងចរចានៅពេលបច្ចុប្បន្ននេះដែរ។

ដោយហៅអ្នកចរចាអ៊ីរ៉ង់ថា «ខុសប្លែកពីគេ និង ចម្លែក» លោក Trump បានបន្ថែមថា៖ «ពួក​គេ​គួរ​តែ​ចាប់​ផ្តើម​យក​​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ឆាប់ មុន​ពេល​អ្វីៗ​ហួស​ពេល ព្រោះ​នៅ​ពេល​ដែល​វា​បាន​កើត​ឡើង​ហើយ​ គឺ​គ្មាន​ផ្លូវ​ត្រឡប់​​​ក្រោយ​វិញ​ទេ ហើយ​លទ្ធផ​លនឹ​ង​មិន​ល្អមើ​ល​ឡើយ»។

ក្រោយ​​មក លោក Trump បានពណ៌នាជនជាតិអ៊ីរ៉ង់ថាជា «អ្នកចរចាដ៏ពូកែ» ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​«មិន​ប្រាកដ​ថា លោក​មាន​បំណង​ចង់​ធ្វើ​កិ​ច្ច​ព្រម​ព្រៀង​ជាមួយ​ពួក​គេ ដើម្បី​បញ្ច​ប់​សង្គ្រាម​នោះ​ទេ»។

យោង​តាមប្រភពព័ត៌មាន និងរបាយការណ៍នានា សំណើ ១៥ ចំណុច​របស់សហរដ្ឋ​អាមេរិក ដើម្បី​បញ្ចប់​ជម្លោះ រួម​មាន ការ​ទាម​ទារ​តាំង​ពី​ការ​រំសាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​រប​ស់​អ៊ីរ៉ង់ ការ​កាត់​បន្ថយ​សមត្ថ​ភាព​មីស៊ីល​ រហូត​ដល់​ការ​ផ្ទេរ​ការ​គ្រប់​គ្រង​ច្រក​សមុទ្រ Hormuz ជាដើម។

ប្រភពពីអ៊ីរ៉ង់ បានឱ្យដឹងថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម អ៊ីរ៉ង់​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន ដោយ​ទាម​ទារ​ឱ្យ​មាន​​ការ​ធានា​មិន​ឱ្យ​មាន​សកម្ម​ភាព​យោធា​នៅ​ពេល​អនា​គត ការ​សង​ជំងឺ​ចិត្ត​ចំពោះ​ការ​បាត់​បង់ និង​ការ​គ្រប់​គ្រង​​ច្រក​សមុទ្រ​ជា​ផ្លូវ​ការ។ ប្រភព​ក្នុង​តំបន់​ក៏​បាន​បង្ហើប​ថា អ៊ីរ៉ង់​បាន​ប្រាប់​អ្នក​សម្រប​សម្រួល​ថា​ ប្រទេស​លី​បង់​ត្រូវ​​តែ​​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ណាមួ​យ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ