ភរិយា លោក ភុន យុទ្ធ ​មិន​​សុំ​​ទោស​ទោះ​ជួប​វិបត្តិ​ជីវភាព​ក្រោយ​គេ​ចាប់​ប្តី​ឃុំ​ខ្លួន​ជា​លើក​ទី៣

ភរិយា​​​បុរស​​ពិការ​​ជើង​​​​ពី​​កំណើត​​​គឺ​​លោក ភុន យុទ្ធ ដែល​​គេ​ស្គាល់​ថា​ ជា​​អ្នក​ហ៊ាន​​រិះ​គន់​​ការ​​ដឹក​នាំ​របស់ ​​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពី​បញ្ហាអភិបាល​កិច្ច អយុត្តិ​ធម៌​សង្គម និង​បញ្ហា​ព្រំដែន​ជា​ដើម​នោះ កំពុង​ជួប​បញ្ហា​​ជីវភាព​​កាន់​តែ​ធ្ងន់​ធ្ងរ ក្រោយ​គេ​ចាប់​ប្តី​គាត់​ដាក់​ពន្ធនា​គារ​​ជា​ថ្មី​ច្រើន​ខែម​ក​នេះ ខណៈ​ប្តី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​លើក​ទី៣។

តែយ៉ាងណាមក​ដល់ពេ​ល​នេះ ស្ត្រីរូបនោះ អះអាងថា ស្វាមី​គាត់​​មិន​មាន​​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ ហើយ​ថា ​អ្នក​​ស្រី​​​មិន​​សុំ​ទោស​អ្នក​ចោទ​ប្រកាន់ ដើម្បី​ជា​ថ្នូរ​លើក​លែង​ទោស​ដែរ ដោយ​ថា ទ្រាំ​ជន្នៈ​នឹង​ឧបសគ្គ​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​ ដើម្បី​បញ្ជាក់​ថាប្តី​គាត់​ពិត​ជា​មិន​បាន​ធ្វើ​អ្វី​ខុ​សពិ​ត​មែន។

ភរិយា​លោក ភុន យុទ្ធ អ្នកស្រី វ៉ិត មុំ ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី២៦ ខែមី​នា​ថា​ តុលាការ​​នឹង​បើក​សវនា​ការ​​​​​លើ​​សំណុំ​រឿង​​ប្ដី​អ្នក​ស្រី​​​​ជា​លើ​ក​ដំបូង​នៅ​​ព្រឹក​​ថ្ងៃ​​ទី​៣០ ខែ​មីនា បន្ទាប់​​​ពី​​អាជ្ញាធរ​​ខេត្ត​តាកែវ​បានចា​ប់​ខ្លួន​ កាល​ពីថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ​​២០២៥។

អ្នកស្រីថា៖ «និយាយទៅ ប្តី​ខ្ញុំ​គាត់​មិនឱ្យ​សុំទោស ព្រោះ​គាត់​មិនបាន​ធ្វើ​អី​ខុស​ផង​។ អ៊ីចឹង​ហើយ​ ​ណាមួយ​គាត់​ជា​ជនពិការ​ផង ហើយ​ណាមួយ​យើង​មិន​បានធ្វើ​អី​ខុស គាត់​និយាយ​ប៉ុណ្ណឹង​ក៏​ខុស​ដែរ ចាប់គាត់ អ៊ីចឹង​ហើយ​ប្តី​ខ្ញុំ​គាត់​មិនឱ្យ​សុំទោស​គេ​»។

ថ្លែងទាំង​ទឹក​មុខ​ក្រៀមក្រំ អ្នកស្រី វ៉ិត មុំ អះអាង​ថា ខ្លួនកំពុង​មាន​​ជំងឺ​ ហើយ​ប្ដី​អ្នកស្រី គឺ​លោក ភុន យុទ្ធ ក៏​មាន​ជំងឺ​​ប្រចាំ​កាយ ត្រូវ​​ទិញ​ថ្នាំ​​ពេទ្យ​​ពី​ក្រៅ​​​ផ្ញើ​ទៅ​ជា​ប្រចាំ​​ផង​ដែរ។ បច្ចុប្បន្នអ្នកស្រី​ត្រូវ​ខំរក​លុយ​​ទាំងត្រដាប​ត្រដួស ​​​ដើម្បី​​មើល​ថែ​កូន​ដែល​ត្រូវ​ទៅ​​រៀនរាល់ថ្ងៃផង និងការ​ចំណាយ​របស់ប្ដី​ក្នុង​ពន្ធនាគារ​ផង។

ស្ថានភាពគ្រួសារ​នេះ​​ពិត​ជា​លំបាក​ខ្លាំង​ណាស់ ខណៈ​មុខរបរ​ស្នូល​​មាន​តែ​ចិញ្ចឹម​ទា និង​មាន់​តិចតួច លើ​ដី​របស់សាច់ញាតិ  និង​​​ស៊ីឈ្នួល​​លាងចាន​នៅ​តាមរោង​បុណ្យ និង​មង្គលការជាដើម។ សម្រាប់​អ្នកស្រី​ពិត​ជា​ចង់​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​​ប្ដី​មក​វិញ​​ណាស់ ទោះ​លោក ភុន យុទ្ធ ខុស ឬ​ត្រូវ​យ៉ាងណា​ក៏​ដោយ។

​អ្នកស្រី វ៉ិត មុំ និយាយថា៖«និយាយ​រួម​ទៅ រដ្ឋាភិបាល​ហ្នឹង ទោះបីជា​គាត់ (ភុន យុទ្ធ) ខុស​ក៏​ដោយ​​​មិន​​ខុស​​ក៏​ដោយ​ សូម​​ការ​​ដោះ​លែង​​គាត់​ឱ្យ​ជួបជុំ​ប្រពន្ធ​កូន​ទៅ។ វា​បាន​ចំណូល​ចូល​ទៅ បើ​គាត់​នៅ​​ផ្ទះ​ខ្ញុំ (វិតមុំ) ទៅ​ក្រៅ​រក​ចិញ្ចឹម​គ្រួសារ​ជួបជុំ​ប្រពន្ធ​កូន។ បើ​អត់​គាត់​ទៅ គាត់​អ្នក​បង្គោល​​មេ​គ្រួសារ ហើយ​បើ​គាត់​អត់​បាន​រក​អី​ទេ គាត់​បាន​​ចិញ្ចឹម​​មាន់​ទា​នៅ​ផ្ទះ ចំណូល​បាន​ចូល​ផ្គត់ផ្គង់​កូន​រៀន ហូប​ចុក​ទៅ​មុខ​ទៀត»។

បច្ចុប្បន្នភរិយាលោក ភុន យុទ្ធ និង​កូនស្រីបាន​​សុំ​ផ្ទះ​ប្អូន​ជីដូន​មួយ​ស្នាក់​នៅ ដោយ​បារម្ភ​ពី​សុខភាព​​ពេល​យប់​ ខណៈ​​ផ្ទះ​​ខ្ទម​តូច​​អ្នកស្រី​​​នៅ​ដាច់ពីគេ។ ទោះ​យ៉ាងណា អ្នកស្រី និង​កូនស្រី​តែង​ទៅ​មក​ដាក់​ចំណី និង​ទឹក​ឱ្យ​មាន់​ទា​ជា​​ប្រចាំ។

​ឪពុក​លោក ភុន យុទ្ធ គឺ​លោក ហ៊ុន យន ប្រាប់​វីអូឌី​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ដោយ​លោក​ហាក់​ទទួល​ស្គាល់​ថា កូន​ប្រុស​ពិត​​ជា​និយាយ​​ប៉ះពាល់​​ដល់​រដ្ឋាភិបាល​មែន។ ក្នុង​មាន​វ័យ​៩២​ឆ្នាំ និង​​សុខភាព​ចាស់​ទ្រុឌទ្រោម​ផង លោក​តែង​មក​ដេក​ចាំ​ខ្ទម​​កូន​រាល់​ថ្ងៃ ជាមួយ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​អូស​មើល​ហ្វេសប៊ុក និង​ស្ដាប់​ធម៌​អារ្យ។ ឪពុកជនពិការ​រូប​នេះ​និយាយ​មួយៗ​ ដោយ​​​ស្នើ​ឱ្យ​រដ្ឋាភិបាល​យោគយល់​​ដល់​កូន​ប្រុស​ពិការ ហើយ​លោក​អះអាង​ថា លោក ភុន យុទ្ធ តែង​ប៉ប៉ាច់ប៉ប៉ោច​និយាយ​ច្រើន​​បែប​នេះ​តាំង​ពី​ដើម​មក។

​លោក ហ៊ុន យន និយាយ​ថា៖«តាម​ច្បាប់ បើ​តាម​គិត​ទៅ​មនុស្ស​អ៊ីចឹង គួរ​យើង​យោគយល់​ដែរ។ ព្រោះ​វា (ភុន យុទ្ធ) នេះ​មិន​គ្រប់គ្រាន់​ទេ។ ពិការ​ហើយ​សតិ​សម្រាប់​​យើង​ក៏​មិន​ដឹង​ពិត​ប្រាកដ​ដែរ ហើយ​ចេះ​តែ​ប៉ប៉ាច់ប៉ប៉ោច»

លោក ភុន យុទ្ធ មាន​វ័យ ៤៣​ឆ្នាំ ជា​កូន​ពៅ​​ក្នុង​គ្រួសារ ដែល​មាន​បងប្អូន​៦​នាក់ ក្នុងនោះ ស្រី​២​នាក់ និង​ប្រុស​ពិការ​ខ្វិន​​ពី​កំណើត ៤នាក់ ប៉ុន្តែ បងប្អូន​ប្រុស​លោក​នៅ​មាន​ជីវិត ២​នាក់​ ក្នុង​នោះ​ម្នាក់​ប្រកប​របរ​សុំ​ទាន​នៅ​រាជធានី​ភ្នំពេញ។ លោក ភុន យុទ្ធ រៀន​បាន​ថ្នាក់​ទី៨ ហើយ​ចេះ​អាន និង​សរសេរ​ភាសាខ្មែរ​បាន​សមល្មម។ ក្រោយ​រៀបការ​និង​មាន​​កូនស្រី​ម្នាក់ លោក​និង​​​ភរិយា​​បាន​ទៅ​រស់នៅ​ខេត្ត​សៀមរាប ដោយ​ជួល​បន្ទប់​ស្នាក់នៅ និង​ដើរ​លក់​វត្ថុ​អនុស្សាវ​រីយ៍​​​សម្រាប់​​ភ្ញៀវ​​ទេសចរ​​​ដើម្បី​ចិញ្ចឹម​​ជីវិត។

​លោក ភុន យុទ្ធ ត្រូវបានសមត្ថកិច្ខខេត្តសៀមរាប ចាប់ឃុំខ្លួនជាលើកទី១ នៅ​ឆ្នាំ២០១៩ សម័យលោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី  ដោយតុលាការចោទ​ពី​បទ​​ញុះញង់ ហើយ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ១៨​ខែ ដោយសារ​​​និយាយ​រិះគន់​ភាព​អវិជ្ជ​មាន​​របស់​​រដ្ឋាភិបាល ​លោក ហ៊ុន សែន ។

កាលនោះ ​លោក​បាន​ជាប់​ឃុំ ៦​ខែ ហើយ​លោក​បាន​ត្រឡប់​មក​រស់​នៅ​ស្រុក​កំណើត នៅ​ភូមិ​ត្រពាំងឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្ត​តាកែវ វិញ។ ប៉ុន្តែ​ ​លោក​ ភុន យុទ្ធ ត្រូវចាប់ឃុំខ្លួនជាលើកទី២ នៅដើមឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់​លោក ហ៊ុន ម៉ាណែត ខណៈ​គាត់នៅបន្តរិះគន់​ពីបញ្ហាអ​ភិបាល​កិច្ច អំពើ​ពុក​រលួយ និង​បញ្ហា​ព្រំដែ​ន​ជាដើម។

ការជាប់ឃុំលើកទី២នេះ លោក ភុន យុទ្ធ ត្រូវតុលាការ​ផ្ដន្ទាទោសឱ្យជាប់់ពន្ធនាគារ១៨ខែ ចោទពី​បទ​ញុះញង់ ដែលជាបទចោទ​​ដ៏​ពេញ​និយម តាំងពីការដឹកនាំរបស់លោក ហ៊ុន សែន តមក​ដល់អាណត្តិលោក ហ៊ុន ម៉ាណែត។

ចំណែក ការចាប់ខ្លួនលើកទី៣ ធ្វើឡើងនៅថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០២៥ ក្រោម​​បទ​ញុះញង់​ដដែល ដោយសារលោកបន្ត​​រិះគន់​​ពី​ភាព​អសកម្ម​របស់​ ​លោក ហ៊ុន ម៉ាណែត ពិសេស​ស្ដីពី​បញ្ហា​ព្រំដែន ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ​ ដែលការចាប់ខ្លួនលើកទី៣នេះ​ ក្រោយពីលោក ភុន យុទ្ធ ចេញពីពន្ធនាគារបានប្រហែល១​​ខែប៉ុណ្ណោះ ខណៈភាពសកម្ម​រិះ​គន់​​របស់​​គាត់​​នៅ​​តែ​​បន្ត។

លោក ភុន យុទ្ធ និយាយ​ថា៖ «ខ្ញុំបាទ​ឈ្មោះ ហ៊ុន យុទ្ធ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ។ ខ្ញុំបាទ​មាន​​សំណួរ​សួរ​ទៅកាន់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នៅ​ពេលដែល​ឯកឧត្តម​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី តើ​ឯកឧត្តម​មាន​វិធានការ​​បែប​ណា​ទៅលើ​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់​នៅ​កម្ពុជា​? «យួន​ក៏ដោយ អ្នកការពារ​យួន​ក៏ដោយ យើង​មិន​ត្រូវ​ខ្លាច​ទេ ព្រោះ​យើង​ជា​ម្ចាស់​ទឹកដី ជា​ម្ចាស់​ឆ្នោត​។ យើង​មានរឿង​អី​ដែល​យើង​ត្រូវ​ខ្លាច​ពួកវា​? បើ​វា​ការពារ​យួន នាំគ្នា​ទៅ​បោះឆ្នោត​​ទម្លាក់​វា​ចេញទៅ​។ វា​មិនមែន​ម៉ែឪ​យើង​ទេ វា​ស៊ីប្រាក់ខែ​យើង »។

ជុំវិញករណីនេះ ​មន្ត្រី​សង្គមស៊ីវិល​ចាត់ទុក​សម្ដី​លោក ភុន យុទ្ធ គឺ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​ដែល​ត្រូវ​ធានា​ដោយ​រដ្ឋ បើ​​យោង​​តាម​រដ្ឋធម្មនុញ្ញ​មាត្រា ៤១ និង​បទដ្ឋាន​អន្តរជាតិ ស្ដីពី​សិទ្ធិមនុស្ស ក៏​ដូចជា​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​​នយោ​បាយ និង​សេចក្តី​ថ្លែងការណ៍​ជា​សកល ស្ដីពី​សិទ្ធិមនុស្ស មាត្រា ១៩​ជាដើម។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​​លីកាដូ (LICADHO) លោក អំ សំអាត ​យល់ថា ការ​ចោទ​​ប្រកាន់ និង​​​ឃុំ​ខ្លួន​​លោក ភុន យុទ្ធ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព និង​លំហ​សេរីភាព​ក្នុង​ការ​បញ្ចេញ​​មតិ​របស់​ពលរដ្ឋ។ លោកបន្ត​ថា គ្រួសារ​លោក ភុន យុទ្ធ ​ជា​គ្រួសារ​ក្រីក្រ​ណាស់​។ ប៉ុន្តែ​ពួកគេ​មាន​ឆន្ទៈ​បញ្ចេញ​មតិ​រិះ​គន់ ​ដើម្បី​​ស្ថាបនា ដែល​​លោក​ហៅ​​ថា ជា​ភាព​​​អស្ចារ្យ​របស់​លោក ភុន យុទ្ធ។

 ​លោក អំ សំអាត ថ្លែង​ថា៖ «វា​ជា​រឿង​មួយ​ដែល​យើង​មើលទៅ សេរីភាព​ក្នុងការ​បញ្ចេញមតិ​​ហ្នឹង វា​ហាក់បីដូច​ជាមាន​​ភាព​​រឹត​ត្បិត​​មែន​ទែន​ បាទ! ដែល​​​វា​​ផ្ទុយ​​អំពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​ធានា​ក្នុងការ​បញ្ចេញមតិ សេរីភាព​​ក្នុងការ​បញ្ចេញ​មតិ វា​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ អ៊ីចឹង ការដែល​ចាប់ខ្លួន​ដោយសារតែ​រឿង​ការ​បញ្ចេញ​មតិ វា​ធ្វើឱ្យប៉ះពាល់​​ច្រើន ធ្វើឱ្យ​មនុស្ស​ឬក៏​បុគ្គល​គ្រប់រូប​ហ្នឹង គាត់​មិន​ហ៊ាន​បញ្ចេញមតិ ឬក៏​កម្រិត​សេរីភាព​​នៅក្នុង​ការបញ្ចេញ​មតិ​របស់ខ្លួន ដោយ​សារតែ​ភាពភ័យខ្លាច»​។​

ចំណែក ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ​មិន​ឆ្លើយ​តប​នឹងសំណួរ​​វីអូឌី​ ជុំវិញបញ្ហានេះ។

យ៉ាងណា មន្ត្រី​គណបក្ស​ប្រឆាំង​​​ទាមទារ​​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​រូប​នេះ​វិញ​ជា​បន្ទាន់ ដើម្បីបញ្ជាក់ថារដ្ឋាភិ​បាល​ពិតជា​មាន​ឆន្ទៈ​គោរព​រដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិមនុស្ស និងសិទ្ធិនយោ​បាយ។

​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ អះអាង​ថា រដ្ឋាភិបាល​គួរ​​ពិចារណា​​​ឡើង​​វិញ​​ចំពោះ​​ការ​​ឃុំ​​ខ្លួន ​លោក ភុន យុទ្ធ។ លោក​​ថា មតិ​យោបល់​​របស់​​ពលរដ្ឋ​គឺ​ជា​សិទ្ធិ។

ផ្ទុយ​ទៅ​វិញ​ការ​ចាប់​ខ្លួន​នេះ លោកថា ​បង្ហាញ​ពី​ការ​មិន​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ក្នុង​​ការ​ផ្តល់​ចម្លើយ និង​ពន្យល់​​ពលរដ្ឋ​ឲ្យ​​បាន​​សមរម្យ ពី​ក្ដី​បារម្ភ​នានា​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស។ ទន្ទឹម​នឹង​នេះ​ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​​ប្រើ​អំណាច​​ចាប់ចង​​ពលរដ្ឋ ក្នុង​ករណី​បញ្ចេញ​មតិ​យោបល់​ពី​បញ្ហា​សង្គម។

លោក សុន ឆ័យ ថ្លែង​ថា៖ «គាត់​ជា​ជនពិការ ហើយ​គាត់​មាន​មតិ​យោបល់ ​គឺ​ខ្ញុំ​ជឿ​ថា គឺជា​ការ​មិន​សប្បាយចិត្ត​ក្នុង​ស្ថានភាព​រស់​នៅ ជីវភាព​រស់នៅ និង​ការយល់ឃើញ​របស់​គាត់​បញ្ហា​លំបាក​ក្នុង​​សង្គម ហើយ​ការ​បញ្ចេញ​មតិយោបល់ វា​​ជា​​គោលការណ៍ ជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​អាច​បញ្ចេញ​មតិយោបល់​បាន ព្រោះ​យើង​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិប​តេយ្យ​​​សេរី​​ពហុបក្ស ហើយ​​ការគោរព​សិទ្ធិមនុស្ស ជា​មូលដ្ឋាន​ធំជាង​គេ​បង្អស់ ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​​ពហុ​បក្ស​​នេះ»។

ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ ​អះអាង​ថា បើ​​​លោក ភុន យុទ្ធ រិះគន់​រដ្ឋាភិបាល នោះ​អាជ្ញាធរ​គួរ​​ពន្យល់​​​ដល់​​ពលរដ្ឋ ហើយ​អាជ្ញាធរ​មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដើម្បី​ចេញ​បំភ្លឺ ជាជាង​ការ​ចាប់​ចង​ចោទ​ប្រកាន់​ពលរដ្ឋ​ខ្លួន​​ឯង​​បែប​​នេះ។

ការចាប់ឃុំខ្លួនលើកទី៣នេះ លោក ភុន យុទ្ធ បានទទួលទោសបាន​​ជិត ៥​ខែហើយ គិតត្រឹមខែមីនានេះ។ ចំណែកសវនាការ​នៅ​ដើមសប្ដាហ៍​ក្រោយ ​អង្គការ​លីកាដូ​​នឹង​ផ្ដល់​​មេធាវី​ការពារ​ក្ដី។ ​របាយការណ៍​របស់​អង្គការ​លីកាដូ ក្នុង​ឆ្នាំ​២០២៥ បង្ហាញ​​ថា មាន​មនុស្ស ៨២​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដោយ​សារ​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម។

សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល ​មើល​ឃើញ​ថា ការ​ចាប់ចង​ពលរដ្ឋ​ដោយសារ​ការ​បញ្ចេញ​មតិ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​សិទ្ធិ​​សេរី​ភាព និង​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ