ថៃ​​​ពង្រីក​​កា​រឈ្លាន​ពាន​ឥត​ឈប់​​​ខណៈ​កម្ពុជា​បន្ត​បោះ​ដៃ​រក​ការ​ចរចា​ដោយ​សន្តិ​វិធី

ខណៈ​​​ថៃ​ពង្រីក​ការ​កាន់​កាប់ដី​ខ្មែរ​ជាក់​ស្តែង រហូត​​ទាម​ទារ​ឱ្យ​រដ្ឋាភិ​បាល​ខ្លួន​លុប​MoU​ឆ្នាំ​២០០០ ជាមួយ​កម្ពុជា ដែល​​គេ​​មើល​ឃើញ​ថា​ថៃ​ចង់​ពង្រីក​មហិច្ឆ​តា​ឈ្លាន​ពាន​បន្ថែម​ទៀត​នោះ រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត នៅ​មិ​ន​ព្រម​ប្តឹង​ថៃ ហើយ​នៅ​តែ​បន្ត​បោះ​ដៃ​រក​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី។

ការណ៍​នេះ អ្នក​តាម​ដាន​ ព្រមាន​ថា ទឹក​ដី​ខ្មែរ​ច្រើន​កន្លែង​ទៀត​នឹង​ត្រូវ​បាន​បាត់​បង់ បើ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត នៅ​តែ​មិន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ រួម​ទាំង​ប្រញាប់​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ។

​ជ្រុងមួយនៃបញ្ហានេះ អ្នក​ឃ្លាំ​មើល​នានា ​មើ​ល​​ឃើញ​​ថា ភាគី​​កម្ពុជា​​ហាក់​នៅ​​ងាប់​ក្រឡា ​ដោ​យ​​នៅ​តែ​បន្ត​​ទទូច​ឱ្យ​​ថៃ​​វិល​​ចូល​​តុចរចា ខណៈ​ថៃ​​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពន្យា​ពេលការ​​ចរចា ​តែពង្រីក​ការ​កាន់កាប់​​ដីខ្មែរ​ជាក់​​ស្តែង​​​​​មិនបន្ធូរ​ដៃ​ ចាប់តាំងពីមានបទឈប់បាញ់ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥​មក ដែល​មានរយៈពេលជិត៣ខែ​មក​នេះ។

ប្រតិកម្ម​របស់​អ្នក​ឃ្លាំមើល​ទាំង​នេះ ​កើតមាន​ឡើង​បន្ទាប់ពីក្រសួង​ការបរទេសកម្ពុជា​ បាន​ចេញ​​សេច​ក្តី​ថ្លែង​​ការណ៍​​​​​ថ្មី​​ចុង​​ក្រោយ​​មួយ ​ចុះ​​​ថ្ងៃ​​​ទី​​២៥​​ខែ​​មីនា​ ​ដោយ​​បាន​​​ទទូច​ឱ្យភាគីថៃ​វិល​ចូលតុ​ចរចា​​ ដោយ​ប្រើ​យន្ត​ការ​​ទ្វេ​ភាគី​​ដែល​​មាន​​ស្រាប់​។

កម្ពុជា​​បញ្ជាក់សារ​ជាថ្មីថា គណៈ​កម្មការ​ចម្រុះ​ខណ្ឌសីមាព្រំដែនគោក​(JBC) គឺ​​​ជា​ស្ថាប័ន​​បច្ចេក​ទេស​​មាន​​​សមត្ថ​កិច្ច ​និង​យន្តការ​ដែល​បង្កើត​ឡើង​​ដោយ​ភាគី​ទាំងពីរ ​ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​​រវាង​ប្រទេស​កម្ពុជា-ថៃ​។

សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​​៣​របស់​គណៈកម្មាធិការព្រំដែនទូទៅ​​(GBC) ចុះ​​​ថ្ងៃ​ទី​​២៧ ខែ​​ធ្នូ​ ​ឆ្នាំ​២០២៥ បាន​​បញ្ជាក់​​យ៉ាង​​ច្បាស់​​​​ពី​សារៈ​​សំខាន់​​នៃ​តួនាទី​​របស់​JBC និង​​ការ​បន្ត​​ការ​ងារ​​ចាប់​​ផ្តើម​​វាស់​វែង​​និង​​ខណ្ឌ​សីមា ​ក្នុង​ការស​ម្រេច​ឱ្យបា​ន​នូវ​​សន្តិ​ភាព​​យូរ​អង្វែង​ ​នៅ​​តា​ម​​បណ្តោយ​​ព្រំដែន​រវាង​​ប្រទេស​ទាំង​ពីរ។

សេចក្តីថ្លែងការណ៍បន្តថា JBC​កម្ពុជា​​ត្រៀម​​ខ្លួន​​​ជា​ស្រេច ​ដើម្បី​បន្ត​ចាប់​ផ្តើម​ការ​​ងារ​វាស់​វែង​​​នេះ​​​​​ជា​បន្ទាន់​ដោយ​​ផ្អែក​​​​លើ​​អ​នុ​សញ្ញា​បារាំង-សៀម ឆ្នាំ​​១៩០៤ និង​​សន្ធិ​សញ្ញា​ឆ្នាំ​​១៩០៧ ព្រម​​ទាំង​​ផែន​ទី​​ដែល​​ផលិត​ដោ​យ​​គណៈ​កម្ម​ការ​ខណ្ឌ​សីមា​​ឥណ្ឌូចិន-សៀម ដើម្បី​​កំណត់​​ខណ្ឌ​សីមា​​ព្រំដែន​​រវាង​​ប្រទេស​​ទាំង​ពីរ​​តាម​​កា​​រព្រ​ម​ព្រៀង​​គ្នា​​ដែ​ល​​នឹង​ជួយ​ទប់​ស្កាត់​ជម្លោះ​នា​ពេល​អនាគត។

បន្ថែមពីនេះ កម្ពុជាថា ​ការដាក់​ឱ្យ​ដំណើរការពេញ​លេញ​​នៃក្របខណ្ឌយន្តការ​ GBC​ និងគណៈ​កម្ម​ការ​ព្រំដែ​ន​​តំបន់​​​(RBC) គឺ​ជាម​ធ្យោបា​យ​​ប្រាកដ​និយម​​ក្នុង​ការ​​ធានា​​នូវ​សន្តិ​ភាព​យូរ​​អង្វែង ​និង​​​វិបុល​ភាព​​រួម​គ្នា​​ដែល​​កម្ពុជា​​រំពឹង​ទុក។

លោក​អ៊ុំ សំអាន ​អ្នក​ជំនាញ​កិច្ច​ការព្រំដែន​​នៃ​រដ្ឋាភិបាល​ក្រៅ​ប្រទេស​២៣​តុលា ​បាន​​ប្រាប់​​វីអូឌី​​នៅ​​ថ្ងៃ​ទី​២៧ខែ​​មីនា​​​នេះ​ថា ស្រប​ពេល​​ដែល​​គណៈ​កម្មការជំនាញ​ព្រឹទ្ធសភា​របស់​ថៃ ផ្តល់​អនុ​សា​សន៍​ឱ្យ​រដ្ឋាភិ​បាល​​ថៃ​​លុប​​Mo​U​ឆ្នាំ​​២០០០ ​ស្តីពី ព្រំដែន​​គោក​នេះ​ ថៃ​​នឹង​​ឈប់​​ទទួល​​ស្គាល់​ផែន​ទី​ខ្នាត​១លើ​២០០​ពាន់​ហើយ​ថៃ​នឹងប្រើផែនទី​ខ្នាត១លើ៥០ពាន់ ​ដែល​ថៃគូសដោយឯកតោភាគី ​ហើយ​ការចរចាទ្វេភាគី​​តាម​រយៈ​យន្ត​​ការ​ JBC, ​GBC និង​RBC នឹង​ត្រូវជាប់​គាំង។ ហេតុ​ដូច្នេះ​ ​លោកថា ​ថៃ​នឹងបន្ត​ឈ្លានពាន​ទឹកដីកម្ពុជា​តាម​អំពើ​​ចិត្ត​ទៅ​តាម​ផែនទីខ្នាត​១លើ​៥០​ពាន់​​របស់​ខ្លួន ហើយ​កម្ពុជា​​ពិបាក​ដេញ​ថៃ​ចេញ​ពីទឹក​ដី​ខ្មែរ​​ចំនួន​៥១​ទីតាំង​​ដែល​ថៃកំពុង​គ្រប់​គ្រង។

លោកថា៖ «ដូច្នេះដើម្បី​បណ្តេញ​ថៃ​ចេញ​ពីទឹក​ដី​ខ្មែរ​យើង​ចំនួន​​៥១​ទីតាំង ​ដែល​ថៃ​បាន​ឈ្លានពាន​​ទឹក​ដី​ខ្មែរ​​យើង​​​យក​ទៅគ្រប់​គ្រង ​តាម​រយៈ​សង្គ្រាម តាម​សង្គ្រាម​ទាំង​ពីរ​លើក ​ខ្ញុំ​យល់​ថា កម្ពុជា​ប្រញ៉ាប់​ប្តឹងថៃទៅ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​​(ICJ) ហើយ​និង​ទៅកាន់​សហប្រធាន​សន្តិភាព​​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ អានឹង​ទើប​​អាច​​ដោះ​​ស្រាយ​​បញ្ហា​​ព្រំដែន​​កម្ពុជា​​និង​ថៃ​បាន ​ហើយ​ក៏អាច​ទាម​ទារ​ទឹកដីមក​វិញ​បាន​។ ​ក៏ប៉ុន្តែ​រហូត​មក​​ដល់​​ពេល​​នេះ ​រដ្ឋាភិបាល​លោក ​ហ៊ុន ម៉ាណែត ​មិន​ទាន់​បានប្តឹង​ថៃ​ទៅ​កាន់​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​នៅ​​ឡើយ​​ទេ គ្រាន់​តែជូន​ដំណឹងទៅ​ ICJ​ កាល​ពី​ខែមិថុនា ​ឆ្នាំ​២០២៥ ហើយ​មើល​ទៅ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ ​គ្មាន​បំណង​ប្តឹង​ទៅ​សហ​ប្រធានកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះទេ»

ជាមួយគ្នានេះ​ លោក​ សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រនយោបាយ ​ក៏​បាន​ប្រាប់វីអូឌីដែរ​ថា ស្ថាន​ភាព​បច្ចុប្បន្ន​ ​គឺ​ជាការ​សាក​ល្បង​ដ៏ស្រួចស្រាល់​​មួយ​​សម្រាប់​កម្ពុជា ក្នុង​ការ​​ការ​ពារ​​បូរណ​​ភាព​ទឹក​ដី ខណៈ​​ភាគី​ថៃ​ហាក់​​កំពុង​​​ប្រើប្រា​ស់​​យុទ្ធ​សាស្ត្រ​​ពន្យា​​ពេល​​ចរចា ​តែពង្រីក​ការ​កាន់​កាប់​​​ជាក់​​ស្តែង​​នៅ​លើ​​ដែន​​អធិប​តេយ្យ​​របស់​​កម្ពុជា។ ​ដូច្នេះ​ដើម្បី​​ការ​ពារ​​ទឹ​ក​​ដី ​និង​ជំរុញ​ឱ្យ​ថៃ​ដក​កងទ័ព​ចេញ​ពីទឹក​ដីកម្ពុជា​​វិញ​​បាន កម្ពុជា​​គួរ​ពិចារណា​​លើកា​រ​​វិធាន​ការ​​សំខាន់​​ៗ​មួយ​​ចំនួន ​ដូច​ជា ការ​ពង្រឹង​យន្តការការទូត​​កម្រិត​អន្តរ​ជាតិ ​ដោយ​មិន​​ត្រូវ​ពឹងផ្អែក​តែលើការចរចាទ្វេ​ភាគី​ ដែល​​ថៃ​កំពុង​តែព្យា​យាម​គេច​​វេសនោះទេ។

ជាមួយគ្នានេះ ​កម្ពុជា​ត្រូវ​បន្តចងក្រងភស្តុតាង​​ឱ្យ​រឹងមាំ​អំពីការរំលោភ​​បំពាន​សាងសង់​សំណង់​​​អចិន្ត្រៃយ៍​របស់​​ថៃ​ ដើម្បី​ដាក់​ជូន​សហគមន៍​អន្តរជាតិ​ឱ្យ​បាន​​ដឹងឮ​​ជាចំហរ ព្រោះ​សកម្មភាព​ឈូស​ឆាយ​ធ្វើផ្លូវ​លើ​ដែន​អធិប​តេយ្យ​​របស់​កម្ពុជា គឺ​ជាការ​រំលោភបំពាន​យ៉ាងធ្ងន់​ធ្ងរ​លើ​ស្មារតី​នៃ​ MoUឆ្នាំ​២០០០ ដែល​ហាម​ឃាត់​​មិន​ឱ្យ​​មាន​ការ​​កែ​ប្រែ​ស្ថានភាព​ដើម​មុន​បោះ​បង្គោល​ព្រំដែន​​​រួច​រាល់។ លើសពីនេះ កម្ពុជា​គួរប្រើប្រាស់​វេទិកា​អាស៊ាន​ ឬ​យន្តការអង្គការ​សហប្រជា​ជាតិ ​​ក្នុងការ​ជំរុញ​ឱ្យ​ថៃ​វិល​ត្រឡប់​មក​តុចរចា ​ឬក៏​ជំរុញ​យន្ត​ការ JBC និងGBC ដោយ​​ឱ្យថៃវិល​មក​​តុចរចា​ដោយ​​មាន​តម្លាភាព​។

លោកថា៖ «ស្របពេលជាមួយគ្នា​នេះ កម្ពុជាត្រូវ​តែពង្រឹងវត្តមាន​ស៊ីវិល ​និងកម្លាំងការពារ​ព្រំដែន​នៅ​តាម​ចំណុច​​យុទ្ធសាស្ត្រ​ ដែល​ថៃកំពុង​តែរំលោភបំពាន ដើម្បី​ទប់​ស្កាត់​ការលេប​​​យក​ដីបន្ថែម​​ តាម​រូបភាព​ស៊ី​​សន្សឹមៗ ហើយ​​បើសិនជាការ​ចរចាទ្វេភាគី​​មិន​មាន​ប្រសិទ្ធភាពទេ គឺ​ត្រូវ​តែ​រៀបចំ​សំណុំ​រឿង​ដាក់​ទៅ​កាន់​តុលា​ការ​​អន្តរជាតិ ​ដូចករណីប្រាសាទ​ព្រះវិហារ​កាលពីលើកមុន ​ដើម្បី​ឱ្យ​មាន​ការបក​ស្រាយ​ច្បាប់​អន្តរ​ជាតិ​ឱ្យ​​បាន​​ច្បាស់​លាស់ ​និង​បង្ខំឱ្យ​ថៃ​ត្រូវ​តែគោរព​តាម​ខ្សែ​​បន្ទាត់​ព្រំដែន ​ដែល​ទទួល​ស្គាល់​ជាលក្ខណៈសកល ពី​ព្រោះ​​​តាម​បទពិសោធន៍​​ប្រវត្តិសាស្ត្រ​​ថៃ ​គឺមិន​ងាយ​ដក​ទ័ព​ថយទេ ​ហើយមិន​ងាយ​ចុះចាញ់​ដោយ​ងាយៗ​នោះ​ទេ ប្រសិនបើ​សម្ពាធផ្លូវ​ច្បាប់​អន្តរជាតិ ​ឬការតវ៉ា​ដែលមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ពីភាគីកម្ពុជា»

សម្រាប់ ​លោក ​វន ចាន់ឡូត ​អ្នក​សិក្សាភ្នែកច្បាប់ ​មើល​ឃើញ​ថា ភាគីថៃ​បាន​​​សម្រេចចិត្ត​​ច្បាស់​លាស់​ក្នុង​ការ​ប្រើ​កម្លាំង​​ដើម្បី​​ឈ្លាន​ពានក​ម្ពុជា​​​ ទៅ​​តាម​​មហិច្ឆ​តា​នយោបាយ​​របស់​​ខ្លួន ក្នុង​​នោះ​​ក្រុម​អ្នក​​នយោ​បាយ​ថៃ​ក្នុង​​ជំហ៊ាន​​ទី២ ក៏​បាន​​សម្រេច​ចិត្ត​​លុប MoU​ឆ្នាំ​​២០០០។​ ការសម្រេច​​នេះ គឺ​​​វា​បង្ក​នូវ​មហន្ត​រាយ​ធំធេង​​រវាង​​ប្រទេស​កម្ពុជា​និង​​ថៃ ​​ពីព្រោះ​​កម្ពុជា​ទំនង​​មិន​​សុខ​ចិត្ត​​ទេ ​​នៅ​ពេល​ថៃ​ធ្វើការ​សម្រេច​ចិត្ត​ដ៏គ្រោះ​ថ្នាក់​ហើយ​​បើកការ​ឈ្លានពាន​ទាំងកំរោល​លើ​កម្ពុជា។

អ្នក​វិភាគ​រូបនេះ​ លើកឡើងថា នេះគឺ​ជាការ​សម្រេចចិត្តដើរថយក្រោយ​របស់​ភាគីថៃ ​ហើយបើ​យើង​មើល​ទៅ​លើការ​​គាំទ្រ​របស់​​រដ្ឋាភិបាល ​លោក​ អនុទីន ​វិញគឺកើតចេញព្រោះ​​តែបុព្វហេតុ​​នៃ​ការ​ឈ្លាន​ពាន​លើ​កម្ពុជា ​ហើយ​នៅមុនកា​របោះ​​​ឆ្នោត លោក ​​អនុទីន ​បាន​​ធ្វើ​ការ​​ឈ្លាន​​ពាន​​បាន​​លទ្ធ​​ផល​​​​​ជា​ផ្លែ​ផ្កា ធ្វើ​​ឱ្យ​​ប្រជា​ជន​​ថៃ​​មាន​ការពេញ​ចិត្ត​​រហូត​ដល់មាន​ការ​បោះ​ឆ្នោត​ឱ្យ លោក ​អនុ​ទីន ​ឈ្នះ​​ឆ្នោត​​អា​ច​​បន្ត​កាន់​តតំ​ណែង​ជា​​នាយក​រដ្ឋ​មន្ត្រី​​បន្ត​ទៀត។ ដូច្នេះ លោក ​ចាន់​ឡូត ​យល់​​ថា នេះ​គឺ​​ជា​ការស​ម្រេច​​ចិត្ត​​ទាំង​​ផ្នែក​​យោធា​​ទាំង​​ផ្នែក​​នយោ​បាយ​ ​និ​ង​​ប្រជាជាតិ​​របស់​​ថៃ ក្នុង​​ការ​​​​ឈ្លាន​​ពាន​​ទឹក​ដី​​កម្ពុជា ខណៈ​​ភាគី​កម្ពុជា​ហាក់​មិន​មាន​​ប្រតិ​កម្ម​​​អ្វី​​គួរ​​ឱ្យ​កត់​​សម្គាល់​​សោះ ​ក្រៅ​ពី​​ប្រើ​​ពា​ក្យ​ពេចន៍​​អំពាវ​នាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​​ការ​ឈ្លាន​ពាន​​ទាំង​​ដែល​​​ដឹង​លទ្ធផល​​ជាមុន​​ហើយ​ថា ការ​អំពាវនាវនេះ នឹងមិន​អាច​​ទទួលបានលទ្ធផល​ជាផ្លែផ្កា​ឡើយ។

លោក​ថា៖ «​ដរាបណាកម្ពុជា​មិន​ប្រើប្រាស់កម្លាំង​ ដើម្បីទៅ​​​ទប់​​ស្កាត់​​កម្លាំង​ឈ្លាន​ពាន​​របស់​​ភាគី​ថៃ​។​វា​មាន​​ជម្រើស​​តែមួ​យ​​គត់ ​​គឺប្រើ​ប្រា​ស់ក​ម្លាំង​យោធា​ដើម្បីដេ​ញ​​យោធា​ថៃ​ដែល​កំពុង​គ្រង់​គ្រង​​ឈរ​ជើង​នៅ​លើ​​ទឹក​ដី​​របស់​កម្ពុជា។ យន្តការច្បាប់​ការទូតក្នុងកាលៈ​ទេសៈ​នេះ ​ហាក់​​លែងមាន​តម្លៃប៉ុន្មាន​​ហើយ ​ពី​ព្រោះ​​ពិភព​លោក​​កំពុ​ង​​តែ​ជាប់​​ដៃ​ក្នុង​​​បញ្ហា​ធំៗ​​ជាច្រើន​។ ជាក់​ស្តែងទៅ​ពិភព​លោក​ ជារួម​​កម្រ​នឹង​មាន​​ប្រតិ​កម្ម​ខ្លាំង​ក្លា​ណាស់ ប្រសិ​ន​បើ​ប្រទេស​​ដែល​​​ទទួ​ល​រង​ការ​​រំលោភ​​បំពាន​​​នៅ​ស្ងាត់​​ស្ងៀម មិន​​​ធ្វើ​អ្វី​​ មិន​​ឆ្លើយ​​តប​អ្វី ​ដើម្បី​​ឱ្យ​​សហគមន៍​អន្តរ​ជាតិ​​មានកា​រ​​ស្ញើច​​សរសើរ​នោះ»។

ចំណែក ​លោក មួង ណារ៉េត ​អ្នក​ធ្វើអត្ថាធិប្បាយលើ​បណ្តាញ​សង្គម ថ្លែង​​ថា នៅ​ថ្ងៃទី​២៦ខែ​មីនា ​ថៃ​បាន​ដាក់​កុង​តឺ​ន័រ​​​ត្រួត​មួយ​ជាន់​​ទៀត​ នៅ​ទីតាំង​​ដែល​​ពួក​គេ​​បាន​​ព័​ទ្ធ​​យក​​​ដី​ខ្មែរ​​ក្នុង​​ឃុំ​ថ្មដា ​ខេត្ត​​ពោធិ៍​​សាត់​ ហើយ​​MMO​​​ថៃ​ម្នាក់​ បាន​​មក​ចង្អុល​​មុខ​​ទាហាន​​ខ្មែរ​​ឱ្យ​​ចេញ​ឱ្យ​​ឆ្ងាយ​​ពី​ទូរ​កុង​តឺន័រ ​ដែល​​​ទាហាន​ថៃ​​បាន​​ដាក់​​វាទ​យក​​​ដី​ខ្មែរ​នោះ​ ​ដើម្បី​កុំ​ឱ្យ​​មាន​​បញ្ហា​ ដែល​​នេះ​គឺ​​ជា​ការ​​ប្រមាថ​​មើល​​ងាយ​​ទាហាន​​ខ្មែរ​​យ៉ាង​ធ្ងន់​​ធ្ងរ​​បំផុត​ពី​​សំណាក់​​ចោរ​ឈ្លាន​ពាន​​។

លោកថា៖ «ប្រជាពលរដ្ឋស៊ីវិលថៃម្នាក់នេះ ចង្អុលបញ្ជាដេញទីណាត់​ទីណែង​​តើ​អធិប​តេយ្យរបស់​យើង​នៅ​កន្លែង​ណា? ហើយ​យើងនៅ​លេ​ង​ល្បែង​ថៃ​ដ​ល់​ណាទៀត? យើង​ទៅ​ដើរ​ឈរ​ថត​រូប​ស្រី​គេ​ក្លាហាន​គេ​បាន​រូប​បង ស្រី​ដូច​នួន​ល្អង​បាន​ត្រឹម​រូប​ថត​ដល់​ពេល​ណាឱ្យ​គេ​មើល​ងាយយើង​ដល់​ពេល​ណា​ទៀត?យើង​ទៅ​បាញ់​ថ្នាំអា​ទូរ​ហ្នឹង​ទូរ​ចោរ​ទេ ហើយ​យើង​ទៅ​ថត​វីដេអូ​យើង​មើល​ទូរ​ហ្នឹង យើង​មើល​ម៉ា​ជីវិត​យើង​ទៀត​ ក៏​ទូរហ្នឹង​តិច​ទៀត​ឡើង​ដល់​កប់​ពពក​ ហើយ​​​វាអត់​បាន​ប្រយោជន៍​អី​ទេ ​​ពី​ព្រោះ​ថៃ​គ្មាន​មក​ស្តាប់​យើង​ទៅមើល​ទូរ​ហ្នឹង​ទេ គឺថៃ​ខ្លា​ច​តែ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ និងយន្តការដែល​យើង​អត់​ធ្វើ​ ​​រួច​ទៅ​យើង​នៅ​លេង​ល្បែង​ថៃ​ ថៃ​មើល​ងាយ​យើង​មើ​ល​ងាយ​ដល់​ទាហាន​យើ​ង​ទៀត»

បន្ថែមពីនេះ លោក ​អ៊ុំ សំអាន និង​​អ្នក​ឃ្លាំមើល​​ទាំង​​នេះ ​​​ក៏​​ជំរុញ​ឱ្យ​​រដ្ឋាភិ​បាល ​លោក ​ហ៊ុន ម៉ា​ណែត​ត្រូវ​ប្តឹង​ថៃ​​ទៅ​​ICC​ផង​ដែរ ​​ពី​បទ​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ ​និង​​បទ​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​ ​ដែល​ថៃ​បាន​ទម្លាក់​គ្រាប់​បែក​និង​​បាញ់​​​ផ្លោង​​​​​លើ​​ផ្ទះ​​ជន​​ស៊ីវិល​​កម្ពុជា​ ​​លើ​​ប្រាសាទ​ព្រះ​​វិហា​រ ​ប្រាសាទ​តា​ក្របី ​​​លើ​​វត្ត​អារាម​ សាលា​រៀន​ មន្ទីរ​ពេទ្យ​ និង​​ស្ពាន ផ្លូវ​ថ្នល់​​ជាដើម ដើម្បី​​ទាម​​ទារ​សំណង​ និង​​ផ្តន្ទា​​ទោស​​​មេដឹ​ក​នាំ​​ថៃ។​ លោក ​សំអាន​និយាយ​​ថា បន្ថែម​ពី​នេះ កម្ពុជា​​ត្រូវ​​​​ប្តឹង​​​ថៃ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​ទាមទារ​ឱ្យ​​ថៃ​ដក​ទ័ព​ចេញ​ពីទឹក​ដីកម្ពុជា​​​ជាបន្ទាន់ ​និង​ឈប់​ឈ្លានពាន​ទឹក​ដីកម្ពុជា​ជាបន្តទៀត។

លោកថា៖ «មួយ​ទៀត ​កម្ពុជា​ក៏ត្រូវស្តារប្រជាធិបតេយ្យ​​​ដោះ​លែង​អ្នក​ទោស​នយោបាយ​ គោរព​សិទ្ធិមនុស្ស​ រៀប​​ចំ​បោះ​​ឆ្នោត​​ដោយ​សេរី ​និងយុត្តិធម៌ ហើយ​ត្រូវ​ធ្វើម៉េច​​ឱ្យមាន​ការបង្រួប​បង្រួមជាតិ​​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បី​​ឱ្យ​​ខ្មែរខ្លាំង ​ហើយ​កាលណា​ខ្មែរ​ឯកភាព​គ្នា​ ខ្មែរ​ខ្លាំង​ អាច​ប្រឆាំងទៅ​នឹងការឈ្លាន​ពាន​របស់​ថៃបាន ​ហើយ​​កាលណាកម្ពុជា​​ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ ​ហើយ​ធ្វើម៉េចបង្ក្រាប​បទ​ល្មើស​នៃការ​ឆបោក​តាម​អន​ឡាញ​ឱ្យ​​បាន ​ពេល​នោះ​សហគមន៍​អន្តរ​ជាតិ​​​គេនៅ​ខាង​យើង​គាំទ្រ​​យើង​ហើយ​»។

បើ​តាម ​លោក ​អ៊ុំ សំអាន និង​​អ្នក​ឃ្លាំមើ​ល​​ទាំង​នេះ​ យល់​​ស្រប​គ្នាថា​ ​កាល​ណា​​បើ​​កម្ពុជា​​​ស្អុយ​​ឈ្មោះ​​ជាប់​​ឈ្មោះ​​ជា​ប្រទេស​​​ដែល​​មាន​​មេដឹក​​នាំ​​​ពាក់​ព័ន្ធ​ទៅ​នឹងការឆបោក​តាម​អនឡាញ​ គឺគ្មា​ន​ប្រទេសណា​គេចង់​ជួយ​​កម្ពុជា​ទេ នៅ​ពេល​ថៃ​យកលេស​រឿង​ការឆបោក​តាម​អនឡាញ ​ដើម្បី​ឈ្លាន​ពាន​កម្ពុជា ហើយ​​នៅ​​ពេល​កម្ពុជា​​​ស្តារមុខមាត់នៅ​លើ​ឆាក​អន្តរជាតិ​ ​ងាកមក​លើផ្លូវ​ប្រជា​ធិបតេយ្យវិញ ​​ពេល​នោះ​ប្រទេស​ប្រជា​ធិប​តេយ្យ​ធំៗ​នៅ​​លើ​​ពិភពលោក ​ដូច​ជា អាមេរិក​ ​ជប៉ុន​ និង​​បារាំង​ជាដើម គេនឹង​ជួយ​កម្ពុជា​ បើមិន​ដូច្នោះ​ទេ​កម្ពុជា​​នឹងឯកកោគ្មាន​ប្រទេសណា​គេជួយ​​កម្ពុជា ​និង​ដាក់សម្ពាធ​ទៅ​​លើ​ថៃ ​ដែល​ឈ្លានពាន​កម្ពុជា​នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ