លោក ត្រាំ ពន្យារ​ពេល​វាយ​រោង​ចក្រ​ថាមពល​អ៊ីរ៉ង់​ដល់​ខែ​ក្រោយ​ខណៈ​មាន​ការ​ចរចា

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​ពន្យារ​ពេល​ការ​វាយ​ប្រហារ​លើ​រោង​ចក្រ​ថាមពល​របស់​អ៊ីរ៉ង់​រហូត​ដល់​ខែ​មេសា ហើយកា​រ​ចរចា​ជាមួយ​អ៊ីរ៉ង់​កំពុង​ដំណើរ​ការ​ទៅ​មុខ “យ៉ា​ង​ល្អ​ប្រសើរ”។

កាលពីថ្ងៃទី​២៦ខែ​មីនា លោក ត្រាំ បានគំរាមក្នុងអំឡុងកិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​សេត​វិមាន​ថា នឹង​បង្កើន​សម្ពាធ​លើ​អ៊ីរ៉ង់ ប្រសិន​បើ​មិន​មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​កើត​ឡើង​ទេ មុ​ន​ពេល​ដែល​លោកបា​នប​ង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ពេល​ក្រោយ​មក​ថា លោក​នឹង​ផ្អាក​ការ​វាយ​ប្រហារ​លើ​រោង​ចក្រ​ថាមពល​របស់​អ៊ីរ៉ង់​រយៈ​ពេល ១០ ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ៨ យប់ (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក)។

លោកបានបន្ថែមនៅក្នុងការបង្ហោះលើបណ្តាញ Truth Social របស់លោកថា៖ «ការ​ចរចា​​កំពុង​បន្ត​ធ្វើ​ឡើង ហើយ​ទោះបី​ជា​មា​នសេ​ចក្តី​ថ្លែង​ការណ៍​មិន​ពិត​ ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែងក្លា​យ ​(Fake News Media) និង​អ្នក​ផ្សេង​ទៀត​ក៏​ដោយ ក៏​ការ​ចរចា​នេះ​កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ល្អ»

ដោយ​ឡែក អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ខ្លួន​មិនបានចូលរួមក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។ លោក ត្រាំ មិនបានបញ្ជាក់អត្តសញ្ញាណ​ថា តើសហរដ្ឋអាមេរិកកំពុងចរចាជាមួយ​នរណា​​នៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ ខណៈ​ដែលមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានសម្លាប់នៅក្នុងសង្គ្រាម។

កាលពីថ្ងៃទី​២៣ ខែមីនា លោក ត្រាំ បានប្រកាសបញ្ឈប់រាល់ការវាយ​ប្រហារ​លើ​រោង​ចក្រ​អគ្គិសនី និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ក្នុង​រយៈ​ពេល ៥ ថ្ងៃ ប៉ុន្តែឥឡូវនេះលោកបានពន្យារពេលដល់ ១០ ថ្ងៃវិញ។

កាសែត Wall Street Journal បានស្រង់សម្តីអ្នកសម្របសម្រួលការចរចា​សន្តិភាព​ថា អ៊ីរ៉ង់​មិន​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​​ផ្អាក​​ការ​វាយ​ប្រហារ​លើ​រោង​ចក្រ​ថាមពល​រយៈពេល ១០ ថ្ងៃនោះទេ។

លោក ត្រាំ បានប្រាប់កម្មវិធី “The Five” របស់ប៉ុស្តិ៍ Fox News ថា ភាគីអ៊ីរ៉ង់​បាន​ស្នើ​សុំ​ផ្អាក​ការ​វាយ​ប្រហារ​លើ​រោង​ចក្រ​ថាមពល​រយៈ​ពេល ៧ ថ្ងៃ។ ទោះជាយ៉ាងណា មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​ទីក្រុង​តេអេរ៉ង់​នៅ​ឡើយ​ទេ។

ទោះបីជាមានការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមរបស់ លោក ត្រាំ ក៏ដោយ ក៏អ៊ីរ៉ង់នៅតែបន្តសងសឹកប្រឆាំង​នឹង​ការវាយប្រហាររបស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល ដោយ​បាន​វាយ​ប្រហារ​លើ​មូល​ដ្ឋាន​ទ័ព​របស់​​អ៊ីស្រា​អែល និង​សហរដ្ឋ​អាមេរិក។ អ៊ីរ៉ង់ក៏បានវាយប្រហារលើបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ និងបានរារាំងការនាំចេញប្រេងឥន្ធនៈ​ពីមជ្ឈិមបូព៌ាតាមរយៈច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០% នៃពិភពលោក។

កាលពីថ្ងៃទី២៦ខែ​មីនា លោក ត្រាំ បានផ្តល់យោបល់ឱ្យអ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹក​ប្រេង​​​ចំនួន ១០ គ្រឿងឆ្លងកាត់​ច្រក​​សមុទ្រ Hormuz ដើម្បី​បង្ហាញពីសុឆន្ទៈក្នុងការចរចា រួមទាំងនាវាខ្លះដែលមានដោតទង់ជាតិប៉ាគីស្ថានផង​ដែរ។

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី​២៦ខែ​មីនា ដោយ​យោង​តាម​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ថា ក្រសួង​ការ​ពារ​ជាតិ​កំពុង​ពិចារ​ណា​បញ្ជូន​កង​ទ័ព​ជើង​គោក​បន្ថែម​រហូត​ដល់ ១០,០០០ នាក់ទៅ​កាន់​មជ្ឈិម​បូព៌ា ដើម្បី​ឱ្យ​លោក ត្រាំ មាន​ជម្រើស​យោធា​កាន់​តែ​ច្រើន។

មន្ទីរបញ្ចកោណបានប្រាប់ Reuters ថា សហរដ្ឋអាមេរិក បានដាក់ពង្រាយទូក​ល្បឿន​លឿន​គ្មាន​មនុស្ស​បើក (Drone speedboats) សម្រាប់​ល្បាត ដែល​ជា​ផ្នែក​នៃប្រ​តិប​ត្តិ​ការ​ប្រឆាំង​នឹង​អ៊ីរ៉ង់ ហើយ​នេះ​ជា​លើក​ដំបូង​ដែល​ទីក្រុង​​វ៉ាស៊ីន​តោន បាន​បញ្ជាក់​ពី​ការ​ប្រើ​ប្រាស់​នាវា​ប្រភេទ​នេះ នៅ​ក្នុង​ជម្លោះ​ដែល​កំពុង​កើត​មាន។

លោក ត្រាំ បានព្រមានថា សហរដ្ឋអាមេរិកនឹងក្លាយ​ជា “សុបិនអាក្រក់បំផុត” របស់​អ៊ីរ៉ង់ ប្រសិន​បើ​អ៊ីរ៉ង់​មិន​អនុ​វត្ត​​តាម​ការ​ទាម​ទារ​របស់​សហរដ្ឋ​អាមេ​រិក ដែល​រួម​មាន​ការ​បើក​ច្រក​សមុទ្រ Hormuz និង​ការ​បញ្ចប់​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​​របស់​ខ្លួន។ លោក​បាន​បន្ថែម​ថា ការ​គ្រប់​គ្រង​លើ​ប្រេង​របស់​អ៊ីរ៉ង់ គឺ​ជា​ជម្រើស​មួយ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌​​មាន​​លម្អិត​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ