សង្គម​ស៊ីវិល​​និង​​បក្ស​​ប្រឆាំង​​ជំរុញ​​ឱ្យ​​តុលាការ​ ដោះលែ​ង​​លោក ភុន យុទ្ធ

មន្ត្រី​​សិទ្ធិ​​មនុស្ស​ ​ជំរុញ​ឱ្យ​តុលាការ​​ខេត្ត​​តាកែវ ​ដោះលែ​ង​​បុរស​​ពិការ​​ជើង​ ​​​លោក ភុន យុទ្ធ ដែល​​​​​គេ​​ស្គាល់​​ថា​ ជា​​​អ្នក​​ហ៊ាន​​​​រិះ​គន់​​​ការ​​​ដឹក​​នាំ​​របស់​​លោក ហ៊ុន សែន និង​​លោក ហ៊ុន ម៉ាណែត ពី​​បញ្ហា​​អភិ​បាល​​កិច្ច អយុត្តិ​ធម៌​​សង្គម និង​​បញ្ហា​​ព្រំដែន​​ជា​​ដើម។

នាយក​ទទួលបន្ទុក​​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ប្រាប់​វីអូឌី​​នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ដោយ​​ជំរុញ​​ឱ្យ​តុលាការ​ពិចារណា​​​ដោះលែង​ជន​ពិការ​ពី​កំណើត​រូប​នេះ​វិញ ដើម្បី​ឱ្យ​លោក ភុន យុទ្ធ អាច​​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​កំពុង​តែ​ពិបាក​ខ្លាំង។

​លោកថា៖ «យើង​គ្រាន់តែ​សង្ឃឹម​ថា សាលាដំបូង​​នឹង​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​វិញ ដោយសារ​លោក​​​ជា​ជនពិការ​ជើង​ទាំងពីរ។ លោក​មាន​កូន​ដែល​កំពុងតែ​រៀន មាន​ប្រពន្ធ ហើយ​ជីវភាព​ក្រីក្រ​តោកយ៉ាក ដូច្នេះ​​​គឺ​ត្រូវការ​លោក ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ​ណា​បាទ»។

នៅ​​ម៉ោង​ជាង ១១​ព្រឹក​​ថ្ងៃ​ទី៣០ ខែ​មីនា សាលាដំបូង​ខេត្ត​តាកែវ​ បាន​បញ្ចប់​សវនាការ​ជា​​​លើក​ដំបូង​លើ​សកម្មជន​នយោ​បាយ ​លោក ភុន យុទ្ធ ពី​បទ​ «មិន​រាងចាល​ក្នុង​បទមជ្ឈិម បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​» និង​បទ «​ញុះ​ញង់​​​ឱ្យ​​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ជាអាទិ៍» ដោយ​មាន​មេធាវី​របស់​អង្គការ​លីកាដូ​ជួយ​​ការពារ​ក្ដី។ បន្ទាប់​ពី​សវនាការ​រួច តុលាការ​​​ក៏​​​លើក​​ពេល​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស ​លោក ភុន យុទ្ធ ទៅ​ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ​​២០២៦។

វីអូឌី ​ពុំ​អាច​សុំ​ការ​ពន្យល់​​បន្ថែម​ពី​​ប្រធាន​សាលាដំបូង​ខេត្ត​តាកែវ​ នៅ​ថ្ងៃ​ទី៣០ ខែ​មីនា បាន​ទេ។

ទោះជាយ៉ាងណា បើ​តាម​មាត្រា​ច្បាប់ ៤៩៤-៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ជុំវិញ​​បទ​ចោទ​​ញុះញង់​ដ៏​ពេញ​និយម​ដែល​រដ្ឋាភិ​បាល​​​ប្រើ​​បង្ក្រាប​​​សំឡេង​ជំទាស់​​នោះ លោក ភុន យុទ្ធ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស ១៨​ខែ។

ភរិយា​លោក ភុន យុទ្ធ គឺអ្នកស្រី វ៉ិត មុំ ថ្លែង​នៅ​មុខ​សាលាដំបូង​ខេត្ត​តាកែវ ក្រោយ​ចូល​ស្ដាប់​សវនាការ ដោយ​ទឹក​មុខ​​ភ័យ​​ខ្លាច និង​បង្ហើប​​ថា ក្នុង​សវនាការ ​មន្ត្រី​តុលាការ​បាន​ស្រែក​​សម្លុត​ស្វាមី​​អ្នកស្រី​យ៉ាង​ខ្លាំង។ ទោះ​យ៉ាងណា​អ្នក​ស្រី​នៅ​តែ​ទទូច​​​ដល់​តុលាការ​ដោះលែង​​ស្វាមី​ឱ្យ​មាន​សេរីភាព​វិញ។

​អ្នកស្រីថា៖ «និយាយ​រួម​ទៅ​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​ឈឺ​ផង​អី​ផង! ប្ដី​ខ្ញុំ​ក៏​ឈឺ ហើយ​កូន​ខ្ញុំ​ក៏​រៀន។ ណាមួយ​យើង​ជា​ជន​ពិការ​ផង យើង​ក្រីក្រ​ផង និង​រក​អី​មិន​បាន​អ៊ីចឹង​ទៅ វា​ពិបាក​ភ្នែក​មើល​ណាស់! សូម​តុលាការ​បន្ថយ​ទោស​ឱ្យ​គាត់ (ភុន យុទ្ធ) ឆាប់​ចេញ​មក»។

ទាក់ទង​ករណី​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​លោក សុន ឆ័យ បាន​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​​ដោះលែង​ លោក ភុន យុទ្ធ ជា​បន្ទាន់។ លោក​ចាត់​ទុក​ការ​រិះគន់​​របស់​ជន​ពិការ​រូប​នេះ​ថា ជា​​ការ​បញ្ចេញ​មតិ ហើយ​បើ​ទោះ​បី​ជា​ប៉ះពាល់​ដល់​រដ្ឋាភិបាល ក៏​អាជ្ញាធរ​ពុំ​គួរ​ចាប់​ឃុំ​គាត់​មួយ​ដង​ជា​ពីរ​​ដង​នោះ​​​ទេ។ លោក​លើក​ហេតុផល​ថា រដ្ឋាភិបាល​​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ឆ្លើយ​បំភ្លឺ​​ចំពោះ​រាល់​ការ​រិះគន់​​ពី​ពលរដ្ឋ ហើយ​​លោក​ហៅ​ការ​បន្ត​ឃុំ​​ខ្លួន​ ​លោក ភុន យុទ្ធ ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រពន្ធ និង​កូន ហើយ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​សម្រាប់​​ពលរដ្ឋ​ឱ្យ​ឈឺ​ចាប់​ជាមួយ​ថែម​ទៀត​ផង។

លោក សុន ឆ័យ ថ្លែង​ថា​៖ «គួរ​លែង​គាត់​ទៅ ហើយ​បើ​ទោះជា​​យ៉ាងណាក៏ដោយ ការ​លែង​គាត់​ឲ្យ​មាន​សេរីភាព​នេះ វា​អាច​ចាត់ទុកថា​រដ្ឋាភិបាល​ហាក់​ដូចជា​​យល់ឃើញ​កំហុស​របស់​ខ្លួន ហើយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មានការ​បង្ហាញ​អំពី​​របៀប​​ដោះស្រាយ​មួយ ​ដែល​ឲ្យ​ពលរដ្ឋ​អាច​ទទួល​យក​បាន​ផង​ដែរ»។

លោក ភុន យុទ្ធ ត្រូវ​បាន​ចាប់​ខ្លួន​លើក​ទី៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២៥ ក្រោម​​បទ​ញុះញង់​ដដែល ដោយ​សារ​​លោក​​បន្ត​​រិះគន់​​ពី​ភាព​​អសកម្ម​របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​បញ្ហា​ព្រំដែន ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ។ លើក​​ទី​១​​ លោក​​ជាប់​ឃុំ ៦​ខែ ហើយ​លើក​ទី២ លោក ភុន យុទ្ធ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ​​ញុះ​ញង់ ដែល​រដ្ឋាភិបាល​តែង​ប្រើ​ជា​ប្រចាំ ​ដើម្បី​បំបិទ​មាត់​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ