ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការលើកឡើងដែលថា លោក ប្រាក់ សុខុន បាននិយាយថាព្រមប្រគល់ដីឱ្យថៃ បើការវាស់វែងលើដីជាក់ស្តែងចូលដីខ្មែរបន្តិចបន្តួច កម្ពុជាព្រមឱ្យថៃនោះថា ជាការបំភ្លើសខុសពីការពិត មានរបៀបវារៈនយោបាយ។
ការចេញបកស្រាយរបស់ក្រសួងនេះ ចំពេលដែលការអត្ថាធិប្បាយរបស់លោក ប្រាក់ សុខុន នេះ ត្រូវបានគេចែកចាយលើបណ្តាញសង្គម និងខ្លះរិះគន់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ពីអសត្ថភាពការពារទឹកដី។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៣០ខែមីនានេះថា ការលើកឡើងបែបនេះ ជាការបំភ្លៃខុសពីការពិត។
សម្រាប់អ្នកនាំពាក្យ នៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹក ពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន បានប្រាប់ពលរដ្ឋពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។
ក្រសួងបញ្ជាក់ថា ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិត បានយកប្រសាសន៍របស់ លោក ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជាសុខចិត្តកាត់ដីឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម។
យ៉ាងណា បើគេស្តាប់ប្រសាសន៍របស់លោក ប្រាក់ សុខុន ឡើងវិញ ក្នុងពិធីសំណេះសំណាលនោះ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនោះ ពិតជាបាននិយាយពីជម្រើសប្រគល់ដីឱ្យថៃ ។
លោកគូសបញ្ជាក់ដូចនេះថា៖ «បើវាស់ទៅខាងណារបស់យើង យើងគ្រាន់តែសុំរបស់យើងមកវិញ ខាងណារបស់គេយើងឱ្យទៅគេទៅ។ ហើយយើងត្រៀមលក្ខណៈ ប្រសិនបើមានចូលអីបន្តិចបន្តួចចឹងទៅ យើងប្រគល់ឱ្យគេ សុខចិត្តយើងរើ និងកសាងផ្ទះសម្បែងបងប្អូនយើងនៅជាប់ព្រំដែនសារជាថ្មីឡើងវិញ។ ប៉ុន្តែនេះអត់ គេប្រើកម្លាំងចូលមកកាន់កាប់យកលួសបន្លាមកព័ទ្ធយកកុងតឺន័រមកឃាំង ដោតទង់ជាតិខ្លួនលើដីខ្មែរ វាជារឿងមួយហួសចិត្តដែរនិយាយទៅ»។
តំណាងរាស្ត្រគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន បានអះអាងថា បើគេចេះភាសាខ្មែរច្បាស់ គេអាចស្តាប់សម្តីលោក ប្រាក់ សុខុន និយាយពេលនោះ មិនច្រឡំ ពីជម្រើសព្រមប្រគល់ដីឱ្យថៃ ក្រោយមេដឹកនាំធ្វើឱ្យទឹកដីច្រើនកន្លែទៅប្រទេសថៃ។
លោកសង្កត់ធ្ងន់ថា លោកប្រាក់ សុខុន និយាយត្រូវ ដោយថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពេលនេះ គ្មានសមត្ថភាពធ្វើសង្គ្រាម ដើម្បីដណ្តើមទឹកដីយកពីថៃមកវិញបានទេ រីឯជម្រើសប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីទាមទារទឹកដីក៏មិនប្តឹងទៀត ដូច្នេះលោកថា មានតែជម្រើសកាត់ដីឱ្យថៃ ដើម្បីដោះដូរសន្តិភាព និងអំណាច ដូចដែលលោក ហ៊ុន សែន ធ្វើជាមួយវៀតណាមកន្លងមក។
ការណ៍នេះ លោកថា ដីខ្មែរច្រើនកន្លែងទៀត នឹងបន្តបាត់បង់ទៅប្រទេសជិតខាង បើគ្មានការផ្លាស់ប្តូរ។
លោកថា៖ «យើងបាត់ដីរួចទៅហើយនៅខាងកើត លោក ហ៊ុន សែន បានកាត់ដីទៅឱ្យយួនដើម្បីសងគុណយួន។ ឥឡូវនេះដោះស្រាយមិនចេញចង់កាត់ដីទៅឱ្យថៃ ដើម្បីដោះដូរយកសន្តិភាព និងអំណាចទៀត ដូច្នេះបើសិនជាត្រកូលហ៊ុនបន្តកាន់អំណាចតទៅទៀត ទឹកដីខ្មែរយើងបាត់បង់បន្ថែមទៀតទាំងទៅខាងថៃ និងទៅខាងវៀតណាម»។
យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និយាយនៅថ្ងៃចន្ទនេះថា ការការពារបូរណភាពទឹកដីនិងប្រជាជន ជាអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាល ក៏ដូចលោក ហ៊ុន សែន។
លោកថា៖ «សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថាគោលដៅឆ្ពោះទៅមុខរបស់កម្ពុជា គឺការបញ្ចប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងដើរលើមាគ៌ាសន្តិភាព តែមិនអាចធ្វើសម្បទានទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិបានឡើយ»។
តែយ៉ាងណា ការលើកឡើងរបស់លោក ប្រាក់ សុខុន ហាក់ស៊ីគ្នា ទៅនឹងអ្វីដែល លោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងកន្លងមកដែរ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុក អំឡុងមន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជា បើកការចរចាជាមួយថៃពីបញ្ហាព្រំដែន ដោយលោកថា ព្រំដែនកម្ពុជាមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ។
លោកថា បញ្ហានេះត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចរស់នៅជាមួយគ្នាតាមបណ្តោយព្រំដែនដោយសុខសាន្ត ក្នុងរយៈយូរអង្វេងទៅមុខទៀត។
ប៉ុន្តែអ្នកឃ្លាំមើលថា សាររបស់ លោក ហ៊ុន ម៉ាណែត នេះឆ្លុះបញ្ចាំងពីកង្វះឆន្ទៈការពារទឹកដី ខណៈថៃពេលនោះគំរាមបើកការឈ្លានពានយកដីខ្មែរ តាមផែនទីខ្នាត១លើ៥០ពាន់ ដែលថៃគូរដោយឯកតោភាគី ដើម្បីសម្រេចមហិច្ឆតាលេបទឹកដីខ្មែរច្រើនជំនាន់មកនេះ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ធ្លាប់បង្ហាញការព្រួយបារម្ភពីបញ្ហាបូរណភាពទឹកដីខ្មែរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកថា៖ «បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន រក្សាជំហរបែបនេះមែន យើងបារម្ភថា ការការពារបូរណភាពទឹកដីរបស់ខ្មែរហ្នឹង មើលទៅជាហានិភ័យខ្ពស់ណាស់ នៅក្រោមអំណាចគ្រួសាររបស់លោក ហ៊ុន សែន។ ម្លោះហើយសូមប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅស្រុកហ្នឹង នាំគ្នាដាក់សម្ពាធរដ្ឋាភិបាលនេះឱ្យមែនទែន កុំឱ្យទទួលយកលក្ខខណ្ឌណាមួយរបស់ថៃក្នុងការដោះដូរទឹកដីព្រំដែន ដើម្បីទទួលយកសន្តិភាពរបស់ក្រុមគ្រួសារហ៊ុន ព្រោះធ្វើឱ្យបាត់បង់បូរណភាពជាតិ ហើយបាត់បង់ទឹកដីជាអំពើក្បត់ជាតិ បាទ!»។
បើតាមអ្នកឃ្លាំមើល បច្ចុប្បន្ននេះ ថៃបានរាយលួយបន្លាដាក់កុងទីន័រ និងជីកប្រឡាយពង្រីកព្រំដែនថ្មី តាមផែនទីដែលថៃគូសដោយឯកតោភាគី រួមទាំងធ្វើហេដ្ឋារចនាសម្ព័ន្ធ រំលោភយកដីខ្មែរជាង៥០ទីតាំង ក្រោយមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ទាំងគ្មានការរំខានពីក្រសួងការពារជាតិកម្ពុជា។
យ៉ាងនេះក្តី មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។ ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









