អ្នក​ឃ្លាំមើល​ថា តាម​ច្បាប់​​ការ​កាត់​ដី​ឱ្យ​​បរទេស​​ទោះ​តិច​​​ឬ​ច្រើន​ត្រូវ​មាន​​ទោស​ពី​បទ​​​ក្បត់​ជាតិ​

អ្នក​​ឃ្លាំមើ​ល​​ថា តាម​​ច្បាប់​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​កា​រ​កាត់ដី​​ឱ្យ​​បរទេស​​​បើ​​ទោះបី​ជា​មា​ន​​ចំនួន​​តិច ​ឬ​ច្រើន​ ត្រូវ​មា​ន​​​ទោស​​ពី​បទ​​​ក្បត់​ជាតិ ដែល​ការ​លើក​ឡើង​នេះ ​បន្ទា​ប់​​ពី លោក ប្រាក់ សុខុន ​ទម្លាយ​​​ឱ្យ​​ដឹង​​ថា កម្ពុជា​​បាន​​​ត្រៀ​ម​​​​ល​ក្ខ​ណៈប្រ​​​គល់​​ទឹក​​​ដី​​ឱ្យ​ថៃ​​បើ​សិន​មាន​ការ​ចូល​បន្តិចបន្តួច ដើម្បីកសាងផ្ទះ​​ពលរដ្ឋ​ខ្មែរ​ឡើ​​ង​វិ​ញ​​នៅ​តា​ម​បណ្តោយ​ព្រំដែន។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​នេះ ​បាន​កើតមាន​ឡើង​បន្ទាប់​ពីរដ្ឋមន្ត្រីក្រសួងការបរទេស ​​លោក ​ប្រាក់​ សុខុន​បានទម្លាយ​ឱ្យ​ដឹង​នៅ​ពេល​លោក​​ដឹកនាំអ្នក​ការ​ទូត​​​​បរទេស​ ទៅ​ពិនិត្យ​មើល​ស្ថានភាព​ព្រំ​ដែន​​ដែល​ថៃ​បាន​ដាក់​​​រាយ​​បន្លា​លួស ​និង​ទូរ​កុងតឺន័រ​វាទ​យក​ទឹកដីខ្មែរ​ នៅ​ឃុំ​ថ្មដា ស្រុក​​វាល​វែ​ង ​ខេត្ត​ពោធិ៍សាត់​​ កាល​ពីថ្ងៃទី​២​៧ខែ​មីនា​។

លោក​ថា កម្ពុជា​​មិន​ចង់​ជ្រើសរើស​ជម្រើស​ខាងផ្នែក​យោធា ដើម្បី​​ការ​ពារ​​អធិប​តេយ្យ​​ភាព​​របស់​​ខ្លួន​​នោះ​​ទេ ប៉ុន្តែ​​កម្ពុជា​​ត្រូវ​​​បង្ខំ​ចិត្ត​ការ​ពារ​​ទឹក​​ដី​​របស់​ខ្លួន​ ដែល​​ត្រូវបាន​​បន្សល់​ទុក​ឱ្យ​តាំង​ពីជំនាន់​​អា​ណា​និគមន៍​និយម​បារាំង ​ដោយ​​​មាន​ឯក​សារត្រឹ​ម​ត្រូវ​ដូច​​ជា​អនុញ្ញា សន្ធិសញ្ញា​បារាំង-​សៀម ​ដែល​​មាន​ទាំង​ផែន​ទីគូស​វា​ស​ខ្សែ​ព្រំដែន​​ត្រឹម​ត្រូវ​ដោយ​​អ្នក​ជំនាញ​ឥណ្ឌូចិន-​សៀម​។​

ប៉ុន្តែ​លោក​បញ្ជាក់​ថា រឿង​ដែល​ធំគឺ​រឿង​ខាង​ថៃ​​មិន​គោរព​​ចង់​បាន​​ទឹក​ដី​របស់​កម្ពុជា​ ដូច្នេះ​​ជម្រើស​របស់​កម្ពុជា​មាន​​តែតាម​ផ្លូវការទូត​ និង​តាម​ផ្លូវច្បាប់​ ​ដោយ​​​ប្រឹងប្រែង​ឱ្យអស់ពីសមត្ថ​ភាព ​​គឺ​សើរើ​ឯកសារចាស់​​សើរើ​សន្ធិ​សញ្ញា​ អនុសញ្ញា យក​ផែនទី​ដែល​គូស​វាស​ដោយគណៈ​កម្ម​ការបារាំង-សៀម​តាំង។​ លោក​ថា កម្ពុជា​​​ប្រឹងប្រែង​តស៊ូ​ទាម​​ទារ​នូវអ្វីដែល​​ជារបស់​កម្ពុជា​។ កម្ពុជា​​បាន​និយាយ​ជាមួយ​ខាង​ភាគី​សៀម​ថា សូម​នាំ​គ្នា​វាស់វែងទៅ ពីព្រោះ​យើង​​មាន​យន្តការ​ យើង​មាន​ស្ថាប័ន​សម្រាប់ធ្វើការ​វាស់វែង​កំណត់​ខ្សែបន្ទាត់​ព្រំដែន​​ជាមួយ​គ្នា។

លោកថា៖ ​«បើ​វាស់ទៅឃើញ​ថាខាងណារបស់​យើង​ យើង​គ្រាន់​តែសុំ​របស់​យើង​មក​វិញ​ខាងណារបស់​គេ​យើង​ឱ្យទៅ​គេទៅ​ ហើយ​យើង​ត្រៀម​លក្ខណៈ ​ប្រ​សិន​បើមា​ការចូល​បន្តិចបន្តួច​អី​ចឹង​ទៅ ​យើង​ប្រគល់​ឱ្យ​គេ ​​សុខចិត្តយើង​រើនិង​កសាង​ផ្ទះសំបែង​ជូន​បងប្អូន​យើង​នៅ​កន្លែងដីជាប់​ព្រំដែន​​ហ្នឹង​​សារជាថ្មីឡើង​វិញ​​។​ ​ប៉ុន្តែនេះ​អត់​ទេ​ គេយកប្រើ​​កម្លាំង​មក​កាន់​កាប់​យក​លួស​បន្លាមក​ព័ទ្ធ​យក​កុង​តឺន័រយក​មក​ឃាំង ​ដោត​ទង់​ជាតិ​របស់​ខ្លួន​លើ​ដី​ខ្មែរ ​វាជារឿង​មួយ​ដែល​យើង​ហួស​ចិត្ត​ដែរនិយាយ​ទៅ​។​ ចឹងមាន​តែផ្លូវការទូត​យើង​ចរចាជាមួយគ្នា​ យើង​ឱ្យអន្តរជាតិ​គាត់​ឃើញការ​ពិត​គាត់​​ជួយ​ទទួល​ស្គាល់​ការពិត ​ជួយ​ចង្អុល​មុខ​អ្នក​ដែល​ឈ្លានពាន​យើង»

ប៉ុន្តែ​យ៉ាងណាក្តី ​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ នៅ​ថ្ងៃ​ទី​៣០​ ខែមីនានេះ ​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ​​បដិ​សេធ​​ថា អ្វី​​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ ​គឺ​ជាការ​បំភ្លៃ​ខុស​ពីខ្លឹម​សារដើម​ ​ដែល​លោក​​ ប្រាក់ សុខុន​ បាន​ថ្លែង​កាល​ពីថ្ងៃ​ទី​​​២៧​ខែ​​មីនា​។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា​៖ «ក្រុមជនដែលមានរបៀបវារៈ​​នយោបាយទុច្ច​រិត​បាន​យក​ប្រសាសន៍​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​ទៅ​ធ្វើ​អត្ថាធិប្បា​យ​បំភ្លៃ​ខុស​ខ្លឹម​សារ​ពិត ដោយ​មួលបង្កាច់​ថា កម្ពុជា​សុខ​ចិត្ត​កាត់​ដី​ឱ្យ​តែ​ថៃឈប់​ឈ្លាន​ពាន តែថៃមិនព្រម»

អ្នកនាំពាក្យក្រសួង​ការបរទេស ​បាន​​បដិសេធ​​និង​ច្រាន​ចោល​ទាំង​ស្រុង​​ចំពោះការបំភ្លៃ​​និង​ចេតនា​ទុច្ចរិត​ផ្សេងៗ​ ​ដោយ​បញ្ជាក់​ថា នៅ​គ្រប់​វេទិការជាតិ​​និង​អន្តរ​ជាតិ​ លោក ​ប្រាក់ សុខុន​ ​តែង​តែរំលឹកថា ប្រទេស​កម្ពុជា​​និង​​ថៃ​ មាន​ព្រំដែន​​អន្តរជាតិ​​​កំណត់​តាម​​ផែនទី​​​គូស​ដោយ​គណៈ​​កម្មការ​​​កំណត់​ព្រំដែន​​ឥណ្ឌូ​ចិន-សៀម​ ដែល​​បង្កើតឡើង​តាម​អំណាច​នៃអនុសញ្ញា​​ឆ្នាំ​​១៩០៤ ​និង​​​សន្ធិសញ្ញា​ឆ្នាំ​​១៩០៧ ​រវាង​បារាំង​និង​សៀម ហើយ​​បាន​​បញ្ជាក់​​ពី​ជំហ​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ព្រំ​ដែន​ ដោយ​​ផ្អែក​​​តាម​​សន្ធិ​សញ្ញា​ និង​​អនុ​សញ្ញា​អន្តរ​​ជាតិ​​ទាំង​នេះ។​

លោក ​អ៊ុំ សំអាន ​តំណាង​រាស្ត្រគណបក្ស​ប្រឆាំង​ដែល​មាន​ជំនាញ​កិច្ចការព្រំដែន ​​បានថ្លែងថា ទឹក​​​ដី​កម្ពុជា​​នឹង​​នៅ​​​តែ​បន្តបា​ត់​​បង់​ ​​បើ​​ប្រជាជន​​កម្ពុជា​​​មិន​​ទម្លាក់​​គ្រួសារ​ហ៊ុន​​ចេញ​ពីតំណែង​ទេ​នោះ ​​ពីព្រោះ​ដូច​បាន​ឃើញ​​ស្រាប់​ហើយ ​រដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន គ្មាន​សមត្ថភាព​ការពារ​ទឹក​ដី​ទេ។

លោកថា៖ «អាហ្នឹង​​យើង​​​ឃើញ​ជាក់​ស្តែងហើយ​ឃើញទេ? អត់​មាការ​ទប់​ស្កាត់​ការរារាំង​ដាក់ទូរ​កុងតឺន័រ​ការ​រាយ​បន្លាលួស​ការជីកប្រឡាយ​ ថៃ​គេរំលោភ​យក​ដី​ខ្មែរ​យើង​អត់​មានការ​រារាំងទេ​ ចឹងមាន​ន័យ​ថា ត្រកូលហ៊ុន​​​សុខចិត្ត​យល់​ព្រម​ជាមួយគេ​ កាត់​ទឹកដី​ខ្មែរ​ទៅ​ឱ្យ​ថៃ ​ហើយ​តើ​ដើម្បី​ឱ្យ​ថៃ​ជួយ​រក្សា​អំណាច​របស់​ត្រកូលហ៊ុន»

ជាមួយគ្នា​នេះ​ លោក ​ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បានហៅ​ការថ្លែង​របស់​លោក ​ប្រាក់ សុខុន នៅ​ឃុំ​ថ្មដា​ ​ថា​ដូច​គ្នា​​ទៅ​​នឹង​អ្វី​​ដែល​ លោក​ ហ៊ុន សែន ​ធ្លាប់​​កាត់​​ទឹក​​​ដី​ខ្មែរ​នៅ​ព្រំដែន​ខាង​កើត​ទៅឱ្យ​វៀតណាម ដើម្បី​ដឹង​គុណ​វៀត​ណាម ​ដូច​កាល​ពីពេល​កន្លង​មក​​ផងដែរ ​ដែល​នេះជាការព្រួយ​បារម្ភ​ពី​ហានិ​ភ័យ​​​នៃ​​បូរណភាព​​ទឹ​ក​​ដី​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រួសារ​​ហ៊ុន។

លោកថា៖ «បើ​រដ្ឋាភិបាល​លោ​ក​ ហ៊ុន សែន ​លោក​ ហ៊ុន ម៉ាណែត ​រក្សា​ជំហ​ដូច្នេះ​មែន​​ យើង​​បារម្ភ​ថា ការ​​រក្សា​បូរណ​ភាព​​​ទឹក​ដី​​របស់​​ខ្មែរ​ ​នឹង​មើល​ទៅ​ជាហានិភ័យ​ខ្ពស់​​ណាស់ ​នៅ​ក្រោម​អំណាច​​ក្រុម​​គ្រួសារ​​លោក​​ហ៊ុន សែន​។ ម្ល៉ោះ​​ហើយ​​​សូម​ប្រជា​ពល​រ​ដ្ឋ​​ខ្មែរ​​ទាំង​​អស់​ ​ទាំងក្នុង​និងក្រៅ​ស្រុក​នឹង​នាំគ្នា​ដាក់​​សម្ពាធ​រដ្ឋាភិ​​បាល​នេះ​ឱ្យ​​មែ​ន​​ទែន ​កុំឱ្យទទួល​​យក​លក្ខខណ្ឌ​ណា​មួយ​​របស់​ថៃ ​ក្នុងការ​ដោះ​ដូរទឹកដីព្រំដែន​​ដើម្បី​ទទួល​យក​សន្តិភាព​របស់​ក្រុម​គ្រួសារ​ហ៊ុន គឺ​ធ្វើឱ្យ​បាត់​បង់​បូរណ​​ភាព​​ជាតិ ​បូរណ​​ភាព​​ទឹក​ដី​ ជាអំពើ​ក្បត់​ជាតិ»។

បើតាម​អ្នកឃ្លាំមើល បច្ចុប្បន្ននេះ ថៃ​បាន​រាយលួស​បន្លា ដាក់​កុងទីន័រ និង​ជីក​​ប្រឡាយ ពង្រីក​ព្រំដែន​ថ្មី តាម​​ផែន​​​ទី​ដែល​​ថៃ គូស​ដោយ​ឯកតោភាគី រួមទាំង​ធ្វើ​ហេដ្ឋារចនា​សម្ព័ន្ធ រំលោភ​យក​​​ដីខ្មែរ​ជាង៥០ ទីតាំង ក្រោយ​​មាន​បទ​ឈប់បាញ់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២៥ មកទាំង​គ្មាន​ការរំខាន​ពី​ក្រសួង​ការពារជាតិ​កម្ពុជា។ លោក ម៉ែន ណាត លើកឡើង​ថា មូលហេតុ​ដែល​ប្រទេស​ថៃ អាច​ឈ្លាន​ពាន​កម្ពុជា និង​កូរ​ស្ថាន​ការណ៍​បាន​បែប​នេះ គឺ​ដោយសារ​កត្តា​ធំៗ​ចំនួន​២ គឺ ​ទី១. ​កត្តា​ខាងក្រៅ បណ្ដាលមកពី​សណ្ដាប់ធ្នាប់​ពិភពលោក ​កំពុង​​មាន​ភាព​ច្របូក​ច្របល់ ដោយសារ​សង្គ្រាម។​ ទី​២.​ គឺ​កត្តា​ខាងក្នុងគឺ​កម្ពុជា​ខ្លួនឯង​ផ្ទាល់​ មាន​កម្សោយ​វិស័យ​​ការពារ​ជាតិ និង​មានកេរ្តិ៍ឈ្មោះ​អាក្រក់ ​នៅ​លើ​ឆាក​អន្តរជាតិ។

ជាមួយគ្នា​នេះ ​លោក ​មួង ណារ៉េត ​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តាញ​​សង្គម​ បាន​ចាត់​ទុកសម្តី​លោក ​ប្រាក់​ សុខុន ថា​​ជាការផ្តេកផ្តួល​ទៅលើ​ទស្សនៈ​​កម្ម​ផល​ ដោយ​មិន​បាន​ប្រើសិទ្ធិការពារ​ខ្លួន​បណ្តោយ​​ឱ្យ​ថៃ​​រំលោភ​ឈ្លាន​​ពាន​​ចូល​មក​​ដណ្តើម​កាន់​កាប់​ទឹក​ដីខ្មែរ​តាម​អំពើ​ចិត្ត ​​ចាប់​តាំងពីក្រោយ​បទ​ឈប់​បាញ់ ​ថ្ងៃទី​២៧ ខែធ្នូ ​ឆ្នាំ​២០២​៥មក​។​

សម្រាប់​លោក ​មួង ណារ៉េត ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃនេះ​មិន​អាច​​នៅ​បន្តចរចាទ្វេភាគី​​បាន​ទៀត​ទេ ​​ពី​ព្រោះ​ការ​​ចរចា​​ទ្វេភាគី​​ប្រើ​ពេល​​​អស់ ​២៦ឆ្នាំមក​ហើយ ​មិន​ទទួល​បាន​លទ្ធផល​​ជាដុំកំភួ​ន​អ្វី​ឡើយ ខណៈ​ដែល​​ភា​គីថៃ​​តែង​​តែ​រំលោភ​បំពាន​កិច្ច​ព្រម​ព្រៀង​ ​រហូត​ដល់​ពេល​ចុង​ក្រោយ​បាន​​វ៉ៃចូល​កាន់កាប់​ទឹក​ដី​កម្ពុជា​​​ក្នុង​ជម្រៅ​​យ៉ាង​ជ្រៅ​​។​

លោកថា៖ «ហើយ​ខ្ញុំ​នៅ​តែនិយាយ​ដដែល​ខ្ញុំនិយាយ​ទាល់​តែខ្សោះ​ខ្លួន​ក៏នៅ​តែនិយាយដែរ ​ព្រោះ​អីវាអត់​ឃើញ​មាន​ជម្រើ​សអីសោះ ​មើលប្រាប់​ម៉ោម៉ិច​លោកប្រាក់ សុខុន​ថា ទៅ​លួង​លោមគេ​អង្វគេថា ទៅបើ​បាន​ខ្លះ​​​ក៏ឱ្យ​ខ្លះ​ចុះ​អត់​អីទេ​ មើ​គាត់​​និយាយ​ចឹង​ហើយហ្នឹង​។ ​បើ​បាន​ខ្លះ​ក៏ឱ្យ​គេ​ខ្លះទៅ​យើង​​រើ​ផ្ទះ​យើង​ចេញមក​នៅ​ខាង​យើង​ទៅ​ធ្វើ​ម៉េច​បើ​វាស់ទៅ​បាន​គេ​​ ហើយ​គេ​នៅ​តែ​មិន​ព្រម​ហើយ​គេវ៉ៃយើង​ទន្ទ្រាន​យើង ​ហើយ​យើង​នៅ​តែប្រាប់​គេថា ចរចាទៀត​ទៅ​ វាអត់មាន​សង្ឃឹម​អីសោះ​តែម្តង ​ដូចថាវាធ្វើឱ្យ​យើង​នឹង​វាអន់​ពេក»

សម្រាប់​ លោក ​មាជ សុវណ្ណារ៉ា ​ប្រធានគណបក្ស​ជំនាន់​ថ្មី​ ​ដែល​ធ្លាប់​ជាអតី​ត​ទាហាន​តស៊ូរបស់​​លោក​តាសឺន សាន នៅ​​​តាម​តំបន់​ព្រំដែនកម្ពុជា​ថៃ​ កាលពីសម័យ​សង្គ្រាម​ បាន​ប្រាប់​វីអូឌី​នៅថ្ងៃ​ទី​៣០ខែ​​មីនា​នេះ​ថា សម្តី លោក ​ប្រាក់ ​សុខុន គឺ​ជាសម្តីអ្នក​ការទូត​សម្តី​​ដែល​មិន​ដាក់​ឈ្នួន​ផ្ទុះ ​​ឬក៏​ចាប់​​កំហុស​ទម្លាក់​កំហុស​​នោះទេ​ ពីព្រោះ​នៅពេល​នេះ​ពិភពលោក​សុទ្ធ​តែបាន​ដឹងហើយ​ថា ថៃ​បាន​ឈ្លាន​ពាន​រំលោភ​ចូល​ជ្រៅ​​មកក្នុង​ដែន​អធិបតេយ្យ​ភាព​កម្ពុជា។

លោកថា៖ «ចឹងខ្ញុំថាសម្តីលោក​ ប្រាក់​ សុខុន ​ជាសម្តីការទូត​សម្តីបែប​​សន្តិភាព អូសទាញឱ្យថៃងាកមក​រក​តុចរចា​​ យើង​មិន​អាច​ដោះស្រាយ​បញ្ហា​ ​ដើម្បី​បញ្ចប់​សង្គ្រាម​ដោយ​ការ​ធ្វើ​សង្គ្រាម​ទេ ​គឺបញ្ចប់​សង្គ្រាម​​ដោយ​​​ក្តី​ស្រឡាញ់​​ ដោយ​​សន្តិភាព​ ដោយ​អាច​ទទួល​​យក​បាន​ជាទ្វេភាគី ចៀសវាង​ឯកតោភាគី​​ឬពហុភាគី​​តាម​​ច្បាប់​​អន្តរ​ជាតិ​​ដែល​មាន​សេនាធិការជា​អង្គការសហប្រជាជាតិ​»។

សូមបញ្ជាក់ថា លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បាន​ថ្លែងកាលពីថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២៥ ​និង​តែង​​តែ​​ថ្លែង​ជាបន្តបន្ទាប់​​​នាពេល​កន្លងមក​ថា កម្ពុជា​មិន​ចង់​បាន​ទឹក​ដីអ្នក​ណា​នោះទេ ហើយ​​កម្ពុជា​ក៏​មិន​ឱ្យ​​បាត់​បង់​ទឹកដី​របស់​ខ្លួន​សូម្បី​១មិល្លីម៉ែត្រ​​ ទៅ​ប្រទេស​ជិត​ខាង​នោះ​ដែរ។

លោកថា៖ «កម្ពុជាមិនចង់បានដីអ្នកណាមួយ​មិល្លី​ម៉ែត្រក៏​ប៉ុ​ន្តែមិន​ឱ្យអ្នកឯង​មក​បំពាន​១មិល្លី​ម៉ែត្រ​បាន​ដែរ​ នេះ​ជា​កា​រ​ប្តេជ្ញា​ចិត្ត​របស់​យើង»

ប៉ុន្តែ​​លោក​អ៊ុំ សំអាន បាន​ថ្លែងថា កម្ពុជា​មិន​បាន​បាត់​បង់​ទឹក​ដី​១​មិល្លីម៉ែត្រ​នោះ​ទេ​ ប៉ុន្តែ​​បាន​បាត់​បង់​រាប់​រយ​គីឡូ​ម៉ែត្​រ​ការ៉េ។​ លោក​ថា បើបូក​បញ្ចូលគ្នា​ទាំង​ព្រំដែន​គោក​ចំនួន​៥១​ទី​តាំង​ ​​ដែល​ថៃ​ទើប​ដណ្តើម​កាន់​កាប់​ថ្មីៗនេះ និង​​​កោះ​គជ់​ បូករួម​​ទាំង​ផ្ទៃ​សមុទ្រ​ខ្មែរ​ដែល​ថៃកំពុង​កាន់​​កាន់ ​គឺមាន​ទំហំប៉ុនខេត្ត​តាកែវ​រហូត​​ដល់​​៧​ដង។

សូម​បញ្ជាក់ថា តាមក្រមព្រហ្មទណ្ឌកម្ពុជា​មាត្រា​៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ដែន​​ដីជាតិទាំងស្រុង ឬ​មួយផ្នែក ជា​អំពើ​ក្បត់ជាតិ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ