ក្នុងពិធីប្រារព្ធខួប២៩ឆ្នាំនៃព្រឹត្តិការណ៍បោកគ្រាប់បែក ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣០ខែមីនានេះ ក្រុមមន្ត្រីគណបក្សប្រឆាំង និយាយថា បក្សកាន់អំណាចត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងផ្សះផ្សាជាតិ ទើបជាតិរស់ ។
ការជំរុញនេះ ចំពេលប្រព័ន្ធយុត្តិធម៌មិនដំណើរការច្រើនទសវត្សរ៍មកនេះ ធ្វើឱ្យកម្ពុជាក្លាយជាសំបុកពួកឧក្រិដ្ឋជន បង្កការភ័យខ្លាចដល់ពលរដ្ឋ គំរាមកំហែងអ្នកវិនិយោគ រួមទាំងការធ្លាក់ចុះខ្លាំងសាមគ្គីផ្ទៃក្នុងជាតិ ធ្វើឱ្យថៃបើកការឈ្លានពានរំលោភយកដីខ្មែរតាមព្រំដែនតាមទំនើងចិត្ត។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងថា អំពើសោកនាដកម្មដ៏ព្រៃផ្សៃនៅមុខមន្ទីររដ្ឋសភាចាស់ បានកើតឡើងអស់រយៈពេល ២៩ឆ្នាំមកហើយ ប៉ុន្តែជនជនរងគ្រោះនៅពុំទាន់ទទួលបាននូវយុត្តិធម៌នៅឡើយ ហើយជនដៃដល់ និងអ្នកនៅពីក្រោយខ្នង នៅតែបន្តមានសេរីភាព ដែលការណ៍នេះបង្ហាញថាកម្ពុជានៅតែបន្តមានវប្បធម៌និទណ្ឌភាព(ភាពគ្មានទោសពៃរ៍)នៅឡើយ។
លោកបន្តថា បើកម្ពុជាមិនលុបបំបាត់វប្បធម៌និទណ្ឌភាពនេះទេ វានឹងបង្កផលប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ គំរាមកំហែងដល់អ្នកវិនិយោគទុន និងប៉ះពាល់ជាច្រើនទៀតដល់សង្គមជាតិ។
លោកបន្តថា៖ «ចឹងដើម្បីកសាងនូវទំនុកចិត្តទាំងប្រជាពលរដ្ឋ ទាំងអ្នកវិយោគទុន ត្រូវតែធ្វើម៉េចលុបបំបាត់នូវនិទណ្ឌភាពឱ្យអស់ […] ហើយបើសិនថាទង្វើឃាតកម្មនិមួយៗ មិនត្រូវបានវែកមុខ ហើយធ្វើឱ្យគេមើលឃើញកម្ពុជាយើងហ្នឹង ហាក់បីដូចជាមិនបានយកចិត្តទុកដាក់នូវរាល់អំពើឃាតកម្ម បើយើងមើលទៅតាំងពីការបោកគ្រាប់បែកនេះ ការបាញ់សម្លាប់លោក ជា វិជ្ជា បាញ់សម្លាប់លោក កែម ឡី បាញ់សម្លាប់លោក ឈុត វុទ្ធី ។ល។និង។ល។ ប៉ុន្តែអ្នកដែលដល់ហ្នឹងមិនត្រូវបានយកមកផ្តន្ទាទោស ហើយអ្នកដែលរួមគំនិតហ្នឹងក៏នៅមានសេរីភាព មិនបានយកមកផ្តន្ទាទោស អីចឹងរាល់ទង្វើទាំងអស់នេះ ត្រូវតែលុបបំបាត់ហើយ»។
គណបក្សកម្លាំងជាតិ នៅថ្ងៃនេះដែរ ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា អំពាវនាវឱ្យរដ្ឋាភិបាលស្វែងរកពួកឧក្រិដ្ឋជនដែលបានវាយប្រហារដោយគ្រាប់បែកដៃទៅលើក្រុមបាតុករអហិង្សា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ យកមកដាក់ទោសតាមច្បាប់ ដើម្បីលុបបំបាត់នូវអំពើនិណ្ឌភាពជាបន្តទៀត និងផ្តល់ពន្លឺយុត្តិធម៌ដល់ជនរងគ្រោះនៃអំពើសោកនាដកម្មនេះ។
ជាមួយគ្នានេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានថ្លែងក្នុងពិធីរំលឹកខួប២៩ឆ្នាំនៃព្រឹត្តការណ៍បោកគ្រាប់បែកនេះដែរថា កម្ពុជាមិនត្រូវទុកស្ថានភាពឱ្យនៅដូចបច្ចុប្បន្ននេះទេ គឺត្រូវតែលុបបំបាត់វប្បធម៌និទណ្ឌភាព បើកលំហរសេរីភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំមនសិការ ព្រមទាំងត្រូវរួបរួមគ្នា ផ្សះផ្សាជាតិ នោះទើបជាតិរស់ និងជាតិខ្លាំង ប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជិតខាង។
លោកថា៖ «ដូច្នេះគឺស្នើសុំឱ្យបើកចំហរលទិ្ធប្រជាធិបតេយ្យ បើកលំហរសេរីភាព ផ្តល់សេរីភាពឱ្យពួកយើងជាពលរដ្ឋជាម្ចាស់ប្រទេសនេះ គឺមានសិទ្ធិសេរីភាពក្នុងការបញ្ចេញយោបល់ រិះគន់ក្នុងន័យស្ថាបនា ទី១។ ទី២ គឺដោះលែងអ្នកទោសនយោបាយទាំងអស់ ដែលជាប់ទោសការធ្វើទុកបុកម្នេញដោយសារសកម្មភាពបញ្ចេញមតិ ដោយសារសកម្មភាពនយោបាយ សកម្មជនបរិស្ថាន ដោះលែងគាត់ឱ្យគាត់មានសិទ្ធិសេរីភាពដើម្បីមកចូលរួមក្នុងការស្តារ កសាងលទ្ធិប្រជាធិបតេយ្យ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ទី២។ ទី៣ គឺបើកផ្លូវឱ្យអ្នកនយោបាយដែលរងការភ័យខ្លាច រងការធ្វើទុក្ខបុកម្នេញ ហើយគាត់ភៀសខ្លួនទៅក្រៅប្រទេស ឱ្យគាត់ចូលមកវិញ ទាំងអស់ហ្នឹងហើយគឺយើងត្រូវការរួបរួមគ្នា ទាំងអស់ហ្នឹងហើយបានខ្មែរខ្លាំង»។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនមិនស្គាល់មុខមួយក្រុម បានវាយប្រហារដោយគ្រាប់បែកដៃចំនួន៤គ្រាប់ ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយ លោក សម រង្ស៊ី ពេលនោះជាប្រធានគណបក្សសម រង្ស៊ី ជំរុញការកែទម្រង់ប្រព័ន្ធតុលាការ។ ព្រឹត្តការណ៍បោកគ្រាប់បែកនៅពេលនោះ បានបណ្តាលមនុស្សយ៉ាងហោច ១៦នាក់ បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម និងជាង១០០នាក់ផ្សេងទៀត បានរងរបួស រីឯជនដៃដល់រដ្ឋាភិបាលរកមិនទាន់ឃើញរយៈពេលជិត៣០ឆ្នាំទៅនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា ការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំង ជារឿងដដែលៗ និងជាសិទ្ធិរបស់ពួកគេ ខណៈដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្ត និងពង្រឹងនីតិរដ្ឋ ។
លោកថា៖ «យើងបានខិតខំធ្វើវា និងខិតខំប្រឹងពង្រឹង ប៉ុន្តែផ្ទុយទៅវិញពួកគេនៅពេលដែលយើងអនុវត្តចំពោះក្រុមរបស់ពួកគេដែលប្រព្រឹត្តខុសច្បាប់ ពួកគេតែងនិយាយថា សុំដោះលែងដោយគ្មានលក្ខខណ្ឌ អីចឹងវាអត់មានស្មើភាពគ្នា ពួកគេចង់តែឱ្យស្មើភាពគ្នា គ្មានវប្បធម៌និទណ្ឌភាព ប៉ុន្តែនៅពេលដែលក្រុមខ្លួនធ្វើខុស គឺថាដឹងតែឱ្យដោះលែងដោយគ្មានលក្ខខណ្ឌតែម្តង ចុះប្រជាជនដទៃទៀតដែលគេធ្វើខុសច្បាប់នោះ ហើយរដ្ឋអនុវត្តច្បាប់នោះ តើយ៉ាងម៉េច អាហ្នឹងពេលខ្លះការនិយាយហ្នឹង គ្រាន់តែឱ្យរួចពីមាត់ គ្រាន់តែថា អ្វីដែលខ្ញុំចង់បញ្ជាក់ហ្នឹងគឺថាយើងបានធ្វើ និងកំពុងធ្វើហើយ ចំពោះរឿងទាំងអស់នេះ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា គ្រប់គណបក្សនយោបាយ ក៏ដូចជាពលរដ្ឋមកពីគ្រប់និន្នាការនយោបាយ សុទ្ធតែស្អប់ខ្ពើមនូវអំពើឧក្រិដ្ឋកម្មនានា និងភាពអយុត្តិធម៌សង្គម ហើយពួកគេតែងតែទាមទារឱ្យមានការស្វែងរកនូវយុត្តិធម៌សម្រាប់ជនរងគ្រោះ ដើម្បីបញ្ចប់នូវបញ្ហានិទណ្ឌភាព និងពង្រឹងប្រព័ន្ធយុត្តិធម៌។
លោកថា៖ «នៅពេលដែលទាំងអស់គ្នាមើលឃើញថាវាជាបញ្ហា នឹងមានការសហការគ្នា ហើយបញ្ចប់នូវអំពើបែបហ្នឹង ជាពិសេសគឺអំពើនិទណ្ឌភាពដែលកើតឡើងនៅក្នុងសង្គម អំពើនិទណ្ឌភាពគឺសំខាន់ណាស់ នៅពេលដែលយើងបំបាត់អំពើនិទណ្ឌភាពបាន គឺនឹងលើកស្ទួយនូវមុខមាត់ក៏ដូចជាតម្លៃដ៏ពិសិដ្ឋនៃប្រព័ន្ធយុត្តិធម៌របស់យើង បើតែកាលណាអំពើនិទណ្ឌភាពនៅតែកើតមាន នោះគឺយើងពិបាកណាស់ក្នុងការនិយាយយុត្តិធម៌សង្គម»។
ការណ៍នេះ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀតក្នុងការលុបបំបាត់អំពើនិទណ្ឌភាព លុបបំបាត់អំពើឧក្រិដ្ឋកម្មកម្មផ្សេងៗ ដើរទៅរកមាគ៌ាមួយក្នុងការធ្វើឱ្យប្រព័ន្ធយុត្តិធម៌មានភាពជឿជាក់ ហើយងាកមករកការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ៕









