អាជ្ញាធរ​​ខេត្ត​​ព្រះ​វិហារ​​គំរាម​​បណ្តេញ​​ពលរដ្ឋ​​ជិត​៤​០០​​គ្រួសារ​​​ដើម្បី​​បើក​​​ផ្លូវ​​ឱ្យ​​ក្រុម​ហ៊ុន​​ចិន​​វិនិ​យោគ

ពលរដ្ឋ​​ជាង​ ​១០០​​នាក់ ​​នៅ​​ខេត្ត​​ព្រះ​វិហារ នៅ​​ថ្ងៃ​​​ទី​៣០​ខែ​មីនា​ បាន​​លើក​​គ្នា​​មក​ដាក់​ញត្តិ​​​សុំ​កិច្ច​​អន្តរា​គមន៍​​ពី​​លោក​​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ាណែត នៅ​​រាជ​ធានី​​ភ្នំពេញ ​ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​​​គំរាម​បណ្ដេញ​​អ្នកភូមិ​ជិត ៤០០ (៣៩៧)​គ្រួសារ ចេញ​​ពី​ដី​ស្រែ​ចម្ការ​ ដើម្បី​យក​​ដី​​ប្រគល់​​ឱ្យ​​ក្រុម​ហ៊ុន​​ចិន​​វិនិ​យោគ។

ពលរដ្ឋ​ទាំង​នោះ​រស់​នៅ​ស្រុក​សង្គម​ថ្មី និង​​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ​កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ពីទង្វើរបស់អាជ្ញាធរ​​​ខេត្ត​​​ព្រះ​វិហារ ដែលបង្ខំឱ្យ​​អ្នកភូមិ​ជិត ៤០០ គ្រួសារ​ ចាកចេញ​​ពី​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​​ជា​បន្ទាន់ បើ​ពុំ​ដូច្នេះទេ​អាជ្ញាធរ​​នឹង​មាន​វិធានការ​ច្បាប់។ អ្នកភូមិ​ថា អាជ្ញាធរ​ខេត្ត​នេះ បានដាក់សម្ពាធឱ្យ​ពលរដ្ឋ​ទទួល​យក​សំណង​មិន​សរម្យ។

ពលរដ្ឋ​ដែល​ឡើង​ទៅ​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ រស់​នៅ​ស្រុក​សង្គម​​ថ្មី អ្នកស្រី ឡា យ៉ុម ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​​ថា ក្រុម​​ពលរដ្ឋ​​បាន​​ដាក់​​ញត្តិ​​នៅ​​ទីស្តី​​ការ​​គណៈ​រដ្ឋ​មន្ត្រី និង​​ក្រសួង​​ដែន​ដី​​រួច​ហើយ​ ក្នុង​​បំណង​​ឱ្យ​​ស្ថាប័ន​​ទាំង​​នេះ ជួយ​​កាត់​​ឆ្វៀល​​​ដី​​ជូន​​ពលរដ្ឋ​​អាស្រ័យ​ផល​​ចិញ្ចឹម​​ជីវិត។​ 

អ្នកស្រី​ថា​ គ្រួសារ​អ្នកស្រី​មាន​ដី ៩ ហិកតា ធ្វើ​​ចម្ការ​​ជិត ១០​ឆ្នាំ​​មក​​ហើយ​ ​ចាប់​​តាំង​​ពី​​ឆ្នាំ​២០១៧​ រហូត​​មក​​ទល់​​ពេល​​នេះ អាជ្ញាធរ​​បាន​គំរាម​រឹប​អូស​ដី​របស់​គាត់ ដើម្បី​​ប្រគ​ល់​​ឱ្យ​​ក្រុម​ហ៊ុន​វិនិយោគ​​វិញ។

អ្នកស្រី​បញ្ជាក់​ថា​ ជីវភាព​របស់​ពលរដ្ឋ​ពឹង​ផ្អែក​លើ​ដី​ស្រែ​ចម្ការដាំដុះ​ចិញ្ចឹម​ជីវិត​។

អ្នកស្រី ឡា យ៉ុម និយាយ​ថា៖ «ដក​​ហូ​ត​​ដី​​​​ខ្ញុំ​​ឱ្យ​តែ​ថ្លៃ​ពលកម្ម​មួយ​លាន​ម្ភៃ​ម៉ឺន​ តែ​ពួក​ខ្ញុំ​អត់​មាន​ដី​អី​សោះ​ មាន​តែ​ប៉ុណ្ណឹង ខ្ញុំ​ចង់​ឡើង​មក​ជួយ​សម្ដេច​ម៉ែ សម្តេច​ឪ ជួយ​កូន​ ព្រោះ​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ឯង»

កាល​ពី​​ថ្ងៃ​​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៦ អភិបាល​ខេត្ត​ព្រះវិហារស្តីទី លោក មិន ស៊ីថា បាន​​ចេញ​​សេចក្តី​​ជូន​​ដំណឹង​មួយ​ទុក​ពេល​ឱ្យ​ពលរដ្ឋ ១៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី៣០ ខែ​មីនា រហូត​ដល់​​ថ្ងៃ​ទី​១៣ ខែ​​មេសា ឆ្នាំ​២០២៦ ជា​កំហិត​ តម្រូវ​​ឱ្យ​​ពលរដ្ឋ​​​ទាំង​​អស់​ ចាក​​ចេញ​​ពី​ដីដែល​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ ឆាយណាហ្គេត ខស (ខេមបូឌា) អ៊ិន​វេស​​មេន។ អាជ្ញាធរ​​អះអាង​ថា​ ពលរដ្ឋ​ដែល​ចូល មក​រំលោភ​កាន់​កាប់​​​ដី​រដ្ឋ​ ដែល​ចុះ​បញ្ជី​រួចរាល់នេះ ក្រុម​ហ៊ុន​នឹង​ផ្តល់​សំណង​ក្នុង​ ១ហិកតា ៣០០ដុល្លារ​អាមេរិក ឬ១លាន ២សែនរៀល (១.២០០.០០០ ) ​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​វិនិយោគតាម​ផែនការ​មេ​​។

វីអូឌី​ មិន​ទាន់​អាច​ទាក់ទង អភិបាល​ខេត្ត​ព្រះវិហារ​ស្តីទី លោក មិន ស៊ីថា ដើម្បី​សុំការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ស្រុក​រវៀង លោក អ៊ុ យីន ប្រាប់​វីអូឌី​ថា ពលរដ្ឋ​ជិត​ ៤០០គ្រួសារ​ មិន​សុខ​ចិត្ត​ចំពោះ​សេច​ក្តី​​សម្រេច​​របស់​អាជ្ញាធរ​​នោះ​ទេ​ ព្រោះ​ពលរដ្ឋ​ខ្លះ​បាន​ផ្លាស់ទី​លំ​នៅ​ពី​ខេត្ត​បាត់ដំបង កំពង់ចាម និង​កំពង់​ធំ​ មក​រស់​​នៅ​តំបន់​នេះ ​ពឹង​ផ្អែក​លើដីកសិកម្មចិញ្ចឹមជីវិត ដើម្បីរកប្រាក់ដោះបំណុល​ជាង ១០ឆ្នាំ​មក​ហើយ។

លោក​ថា ពលរដ្ឋ​មាន​ដី​ក្នុង​តំបន់​នោះ​ចាប់ ​៣ ហិកតា​ ​ដល់​ជាង ១០ ហិកតា ដោយដាំដុះ​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ ២០១៣។

លោក អ៊ុ យីន និយាយថា៖ «បួន​ដប់​ឆ្នាំ​ជាង​ទៅ​ហើយ ទើប​មក​បណ្ដេញ​គាត់​ ហើយ​បើ​ដី​ហ្នឹង​ដី​ក្រុមហ៊ុន​​ម្តេច​បាន​ឱ្យ​គាត់​មក​រស់​នៅ​បាន​យូរ​ដល់​ម្ល៉ឹង។ គាត់​លក់​ដី​ស្រែ​ចម្ការ​ មក​រស់​នៅ​នេះ​យូរ​មក​ហើយ បងប្អូន​យើង​អត់​ព្រម»។

ខ្លឹមសារ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ចំនួន ១៩៦​នាក់ ក្នុង​ចំណោម​ពលរដ្ឋ ៣៩៧ ​គ្រួសារ ​ដែល​​មាន​​ដី​​អាស្រ័យ​ផល ឋិត​ក្នុង​ឃុំស្តៅ, ​ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី​ និង​ពលរដ្ឋ​ខ្លះ​ទៀត​រស់​​នៅ​ក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​​ទំហំ​សរុបជាង ២ពាន់ហិកតា។ ពួកគាត់​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត កាត់​ឆ្វៀល​ដី​ជូន​​ពលរដ្ឋ ចេញ​​ពី​ក្រុមហ៊ុន ឆាយណាហ្គេត ខស (ខេមបូឌា) អ៊ិនវេសមេន។

អនុ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និងដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី យល់ថា អាជ្ញាធរ​​ខេត្ត​​គួរតែ​សម្រប​សម្រួល​ដោះស្រាយ​រឿង​នេះ​ជាមួយ​ពលរដ្ឋ​ឱ្យ​បាន​សមរម្យ​ ចៀស​វាង​គំរាម​កំហែង និង​ប្រើ​ប្រព័ន្ធ​ច្បាប់​ដាក់​សម្ពាធ​ពលរដ្ឋ  ខណៈ​ដែល​អ្នកភូមិភាគច្រើន​​ជំពាក់​បំណុល​ធនាគារ។

លោកថា៖ «កាល​ដែល​ពលរដ្ឋ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ថ្នាក់​ក្រសួង​ បាន​ន័យ​ថា ពលរដ្ឋ​អត់​មាន​ជំនឿ​​លើ​ថ្នាក់​​ក្រោម​​ជាតិ​​ទៀត​​ទេ។ គាត់​​អស់​​ជំនឿ​​ហើយ​ សូម​ក្រសួង​ពាក់ព័ន្ធ កុំ​បង្វែរ​រឿង​នេះ​ទៅ​វិញ​។ យើង​​កុំ​មើល​លិខិត​បទ​ដ្ឋាន​​គតិ​យុត្តិ​​ជា​គោល​ យើង​មើល​ការ​កាន់​កាប់​ជាក់ស្តែង​ផង»។

កាល​ពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ២០១២ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ជិត ៦ ពាន់​ហិកតា (៥៩៨០ហិកតា​) ឱ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ ឆាយ​ណាហ្គេត ខស (ខេមបូឌា) អ៊ិនវេសមេន ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​ស្រុក​រវៀង និង​​ស្រុក​សង្គមថ្មី​ ខេត្ត​ព្រះវិហារ​ដោយ​វិនិយោគ​ដាំណាំ​កសិឧស្សាហ​កម្ម​រួមមាន កៅស៊ូ, សូត្រ និង ដើម​មន។ ក្រោយ​​មក​ទៀត ក្រុមហ៊ុន​​ចិន​​មួយ​​នេះ​ ទទួល​​សិទ្ធិ​​វិនិយោគ​​ដាំដំណាំ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២០១៧ និង​បាន​​ចុះ​បញ្ជី​ដី​រដ្ឋ​ចំនួន ០៧ប័ណ្ណ លើ​ផ្ទៃ​ដី​ទំហំ​ជិត ៦ ពាន់​ហិកតា(៥ ៨៧១ហិកតា)។

នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រុមពលរដ្ឋតវ៉ា​ជាង ១០០នាក់ បានវិលត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ហើយពួកគាត់ពុំ​​ទាន់​​ទទួល​​​ដំណឹង ពី​ប្រមុខ​រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត នៅឡើយទេថា អាជ្ញាធរជាតិនឹងចុះដោះស្រាយបញ្ហាជូនពលរដ្ឋ​​នៅ​ពេលណា? ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ