ចាប់តាំងពីឆ្នាំ២០២៣ គោលដៅធំរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គឺជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ។ ក្នុងផែនការនេះ វិស័យថាមពលគឺជាគន្លឹះសំខាន់ដើម្បីពង្រីកវិស័យឧស្សាហកម្ម និងការពារបរិស្ថាន។
ប៉ុន្តែបើតាមការសិក្សាឆ្នាំ២០២៤ របស់ អ៊ីនើជី ត្រែតឃឺ អាស៊ី (Energy Tracker Asia) កម្ពុជានៅជួបបញ្ហាធំពីរ គឺកង្វះខាតថវិកាវិនិយោគ និងខ្វះអ្នកជំនាញបច្ចេកទេស។ បន្ថែមលើនេះ លោក សែម រីណូលដ៍ (Sam Reynolds) មកពីវិទ្យាស្ថានសម្រាប់សេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ (Institute for Energy Economics and Financial Analysis-IEEFA) ក្នុងឆ្នាំ២០២៤ បានព្រមានថា ការអភិវឌ្ឍនេះអាចនឹងគាំង បើទីផ្សារមិនមានការលើកទឹកចិត្តគ្រប់គ្រាន់ ហើយនៅតែបន្តប្រើឧស្ម័នធម្មជាតិ (LNG) ដែលមានតម្លៃថ្លៃ ដែលវានឹងប៉ះពាល់ដល់សន្តិសុខថាមពលនៅថ្ងៃមុខ។
យោងតាមការសង្ខេបក្នុងឆ្នាំ២០២២ របស់វិទ្យាស្ថាន ហ្ក្រានថែម (Grantham Research Institute) គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល គឺជាឧបករណ៍ចម្បងសម្រាប់កាត់បន្ថយការប្រើប្រាស់ថាមពលនៅកម្ពុជាឱ្យបាន ១៩% នៅត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះរបាយការណ៍ ពីអ៊េណឺដាតា (Enerdata) ឆ្នាំ២០២៤ បានបញ្ជាក់ថា គោលដៅនេះផ្តោតខ្លាំងលើការកាត់បន្ថយការប្រើប្រាស់ក្នុងវិស័យលំនៅដ្ឋានរហូតដល់ ៣៤% និងក្នុងវិស័យអគារឱ្យបាន ២៥%។
ដើម្បីសម្រេចគោលដៅនេះ កម្មវិធីរបស់UNDPកំពុងជំរុញឱ្យមានការបង្កើតច្បាប់ ឬស្ដង់ដារថាមពលអគារដែលត្រូវតែអនុវត្តតាមជាដាច់ខាត។ ប៉ុន្តែកម្មវិធីនេះ ក៏បានព្រមានដែរថាបើគ្មានការត្រួតពិនិត្យឱ្យបានម៉ត់ ចត់ទេ ស្ដង់ដារថ្មីនេះ អាចនឹងធ្វើឱ្យអាជីវកម្មក្នុងស្រុកចំណាយដើមទុនកើនឡើងនៅដំណាក់កាលដំបូង។
ក្រៅពីនេះ បញ្ហាថវិកានៅតែជាឧបសគ្គធំ។ យោងតាម អ៊ីនើជី ត្រែតឃឺ អាស៊ី ផែនការមេអភិវឌ្ឍន៍ថាមពល ឆ្នាំ២០២២-២០៤០ ត្រូវការប្រាក់រហូតដល់ ៩ ពាន់លានដុល្លារ ប៉ុន្តែត្រឹមដើមឆ្នាំ២០២៤ មានការសន្យាផ្តល់ថវិកាតែ ២,៥ ពាន់លានដុល្លារប៉ុណ្ណោះ។
ការប្រឹងប្រែងពង្រឹងសន្តិសុខថាមពលនៅកម្ពុជា កំពុងជួបភាពផ្ទុយគ្នាមួយចំនួន។ បើទោះជាមានគោលដៅប្រើថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ក៏ដោយ ប៉ុន្តែរបាយការណ៍ឆ្នាំ២០២៤ របស់ អ៊ីនើជី ត្រែតឃឺ អាស៊ី បង្ហាញថា កម្ពុជានៅតែពឹងលើវារីអគ្គិសនីដល់ទៅ ៤៦% ដែលប្រភពនេះងាយរងគ្រោះខ្លាំងនៅពេលមានគ្រោះរាំងស្ងួតបង្កដោយការប្រែប្រួលអាកាសធាតុ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានបញ្ចូលការផលិតថាមពលពីឧស្ម័នធម្មជាតិ ចំនួន ៩០០ មេហ្គាវ៉ាត់ ទៅក្នុងផែនការ។ ប៉ុន្តែលោក សែម រីណូលដ៍ នៃវិទ្យាស្ថាន IEEFA កាលពីឆ្នាំ២០២៤ បានព្រមានថា យុទ្ធសាស្ត្រនេះ អាចធ្វើឱ្យតម្លៃអគ្គិសនីឡើងថ្លៃជាងថាមពលព្រះអាទិត្យរហូតដល់ ៥ ដង ខណៈដែលថាមពលព្រះអាទិត្យក្នុងតំបន់មានតម្លៃទាបបំផុតត្រឹមតែ ០,០៣៩ ដុល្លារប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិលមកពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី ADB ឆ្នាំ២០២៥ ក៏បានសម្ដែងការបារម្ភយ៉ាងខ្លាំងដែរ។ ពួកគេយល់ថា ការបន្តវិនិយោគលើឥន្ធនៈហ្វូស៊ីល នឹងទម្លាក់បន្ទុកហានិភ័យទាំងផ្នែកលុយកាក់ និងបរិស្ថានមកលើប្រទេសអ្នកខ្ចីប្រាក់ ខណៈដែលជម្រើសថាមពលបៃតងដែលមានតម្លៃថោក និងសុវត្ថិភាពជាង បែរជាមិនត្រូវបានយកចិត្តទុកដាក់ឱ្យបានពេញលេញ។
យោងតាមរបាយការណ៍ធនាគារពិភពលោក ចុះផ្សាយក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលមានផែនការប្រើរថយន្តអគ្គិសនីឱ្យបាន៤០% និងម៉ូតូអគ្គិសនី ៧០% នៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ បើទោះជាចំនួនយានយន្តអគ្គិសនីកើនដល់ជាង ១៤,៥០០ គ្រឿង ក្នុងឆ្នាំ២០២៦ ក៏ដោយ ប៉ុន្តែគិតត្រឹមដើមឆ្នាំ២០២៦ កង្វះហេដ្ឋារចនាសម្ព័ន្ធនៅតែជាបញ្ហាធំ ដោយសារមានស្ថានីយសាកថ្ម EV នៅកម្ពុជាមានប្រហែល ២០០ ទីតាំងប៉ុណ្ណោះនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានរកឃើញនូវការប្រែប្រួលគោលនយោបាយពន្ធដារដ៏សំខាន់មួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានប្តូរការបង់ពន្ធផ្លូវប្រចាំឆ្នាំទៅជាប្រព័ន្ធផ្អែកលើកម្លាំងសេះ (Horsepower) វិញ។ យោងតាមបទប្បញ្ញត្តិថ្មីនេះ យានយន្តដែលមានកម្លាំងលើសពី ២០០ សេះ ដែលជាកម្រិតកម្លាំងទូទៅសម្រាប់រថយន្ត EV ទំនើបៗ ត្រូវបង់ពន្ធប្រចាំឆ្នាំចំនួន ៥០០.០០០ រៀល (ប្រហែល ១២៤ ដុល្លារ)។
វិទ្យាស្ថាន CDRI បានរៀបរាប់ថា ការកើនឡើងកម្រិតពន្ធរហូតដល់ ២៣៧,៥% នេះ បានធ្វើឱ្យការលើកទឹកចិត្តឱ្យមនុស្សងាកមកប្រើប្រាស់យានយន្ត ដែលមិនប៉ះពាល់ដល់បរិស្ថានកាលពីមុនមក ក្លាយជាអសារបង់ និងលែងសូវមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទៀតហើយ។
បើតាមការប្រៀបធៀបក្នុងតំបន់ បង្ហាញថា ប្រទេសជិតខាងកំពុងប្រើប្រាស់របៀបកំណត់តម្លៃអគ្គិសនីដែលមានភាពបត់បែនជាងកម្ពុជា។ យោងតាមក្រុមហ៊ុន អ៊ីវី មី (EVme) ឆ្នាំ២០២៥ នៅថៃ គេប្រើប្រាស់កុងទ័រប្រភេទពិសេស ហៅថា Time-of-Use (TOU) សម្រាប់ការសាកថ្មរថយន្តនៅតាមផ្ទះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់ថ្លៃអគ្គិសនីទាបខ្លាំង នៅចន្លោះម៉ោងដែលមិនសូវមានគេប្រើប្រាស់ច្រើន (Off-peak) ដោយតម្លៃធ្លាក់ចុះមកត្រឹមប្រហែល ២,៦បាត ឬ ០,០៧ ដុល្លារក្នុងមួយយូនីតប៉ុណ្ណោះ។ ការណ៍នេះ ជួយជំរុញឱ្យមនុស្សងាកមកប្រើប្រាស់យានយន្ត EV កាន់តែច្រើន។
ស្រដៀងគ្នានេះដែរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងឆ្នាំ២០២៥ ក៏បានចេញច្បាប់ថ្មី ដើម្បីរៀបចំប្រព័ន្ធតម្លៃឱ្យមានតម្លាភាពសម្រាប់ស្ថានីយសាកថ្មរថយន្ត EV ផងដែរ។ ផ្ទុយទៅវិញ បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា ឆ្នាំ២០២៥ កម្ពុជានៅតែបន្តប្រើប្រាស់គំរូ «តម្លៃពិដាន» ពោលគឺ កំណត់តម្លៃខ្ពស់បំផុតតែមួយ។ តម្លៃសម្រាប់ការសាកថ្មធម្មតា(AC)គឺ១.០៥០រៀលឬ០,២៦ ដុល្លារ និងការសាកថ្មលឿន (DC) គឺ ១.៣៥០ រៀល ឬ ០,៣៤ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។ របៀបកំណត់តម្លៃបែបនេះ មិនទាន់មានការលើកទឹកចិត្តដោយបញ្ចុះតម្លៃនៅម៉ោងដែលមិនសូវមមាញឹក ដូចអ្វីដែលប្រទេសថៃ ឬវៀតណាមកំពុងធ្វើនៅឡើយទេ។
អង្គការ ឃ្លីន អ៊ីនើជី ខេមបូឌា (Clean Energy Cambodia) ឆ្នាំ២០២៥ បានសង្កត់ធ្ងន់ថា ដំណើរការផ្លាស់ប្តូរថាមពលនៅកម្ពុជា កំពុងតែដើរយឺត ដោយសារតែកង្វះខាតអ្នកជំនាញបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ។ និស្សិតដែលបញ្ចប់ការសិក្សាភាគច្រើន មិនទាន់មានបទពិសោធន៍ជាក់ស្តែងសម្រាប់ធ្វើការងារបច្ចេកទេសសំខាន់ៗ ដូចជា ការត្រួតពិនិត្យការប្រើប្រាស់ថាមពល ឬការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីនៅឡើយទេ។
ក្នុងពេលជាមួយគ្នា កាលពីឆ្នាំ២០២៤ ធនាគារពិភពលោក ក៏បានចាត់ទុកកង្វះខាតធនធានមនុស្ស ស្ថាប័ន និងថវិកាទាំងនេះ ថាជាឧបសគ្គចម្បងសម្រាប់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ចំណែកឯវិទ្យាស្ថាន CDRI កាលពីឆ្នាំ២០២៤ បានផ្តល់អនុសាសន៍ ឱ្យមានការកែសម្រួលច្បាប់ពន្ធលើកម្លាំងសេះជាបន្ទាន់ ដើម្បីផ្តល់អត្ថប្រយោជន៍ និងការលើកទឹកចិត្តដល់អ្នកប្រើប្រាស់យានយន្ត EV ឡើងវិញ។ ជាចុងក្រោយ វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ បានគាំទ្រឱ្យកម្ពុជាផ្លាស់ប្តូរពីការប្រើប្រាស់ឧស្ម័ន LNG មកជាការប្រើប្រាស់ប្រព័ន្ធផ្ទុកថាមពលថ្មខ្នាតធំវិញ។
ការធ្វើបែបនេះ នឹងអនុញ្ញាតឱ្យយើងទាញយកប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យ ដែលមានតម្លៃថោកនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខថាមពលប្រកបដោយចីរភាពក្នុងរយៈពេលវែង៕









