ប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ បានក្លាយជាគោលដៅថ្មី និងជាកន្លែងពួនសម្ងំរបស់ឧក្រិដ្ឋជនអនឡាញ ដែលបានរត់ចេញពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង សៅ ឆៃណា ម៉នីង ប៉ុស្តិ៍ (South China Morning Post) នៅថ្ងៃទី២៩ ខែមីនា។
សៅ ឆៃណា ម៉នីង ប៉ុស្តិ៍ ចុះផ្សាយដោយយោងតាមការសម្ភាសន៍ជាមួយជនជាតិឥណ្ឌូនេស៊ីពីរនាក់ ឈ្មោះ អាប់ឌុល (Abdol) និង ហាហ្វីស (Hafiz) ដែលកំពុងរង់ចាំការអន្តរាគមន៍ពីស្ថានទូតប្រចាំនៅកម្ពុជា។
លោក ហាហ្វីស (Hafiz) បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងន័យដើមថា៖ «ប្រសិនបើពួកគេមិនជាប់គុក ពួកគេនឹងមិនបញ្ឈប់ឡើយ។ ពួកគេនឹងផ្លាស់ទីទៅកន្លែងផ្សេងប្រាកដ ១០០ ភាគរយ»។
មិនខុសពីការចុះផ្សាយរបស់កាសែតខាងលើ កាលពីថ្ងៃទី១៦ ខែមីនា ជនជាតិចិនចំនួន១០នាក់ ត្រូវបានកម្លាំងល្បាតរបស់ថៃឃាត់ខ្លួន បន្ទាប់ពីបានឆ្លងពីកម្ពុជាចូលខេត្តចាន់បុរី ភាគខាងកើតប្រទេសថៃ ដែលនៅជាប់ព្រំដែនកម្ពុជា។ តាមការសាកសួរបឋម អាជ្ញាធរថៃបានបង្ហាញថា បុគ្គលទាំងនោះធ្លាប់ធ្វើការក្នុងបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត ហើយរត់គេចពីការបង្ក្រាប និងឆ្លងចូលប្រទេសថៃដោយខុសច្បាប់។
ពីរថ្ងៃក្រោយមក ជនជាតិចិនមួយក្រុមទៀត មានគ្នា ៧នាក់ ត្រូវបានប៉ូលិសចាប់បាននៅត្រើយម្ខាងនៃប្រទេសថៃ ក្នុងខេត្តកញ្ចនាបុរី (Kanchanaburi) ជិតព្រំដែនមីយ៉ាន់ម៉ា ដែលអះអាងថាពួកគេរត់ចេញពីប្រទេសកម្ពុជា។
ចេញពីខេត្តកញ្ចនាបុរី ពួកគេនឹងចូលទៅដល់ ផាយ៉ាតងស៊ូ (Payathonzu) ដែលជាទីក្រុងឆបោក ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលទីនេះគឺជា ជម្រកសម្រាប់ជនភៀសខ្លួនមកពីទូទាំងតំបន់មេគង្គ រង់ចាំការត្រឡប់ចូលធ្វើការនៅឧស្សាហកម្មអនឡាញវិញ។
អ្នកតាមដានឧក្រិដ្ឋកម្មអនឡាញ លោក ជុំ ឧទិត្យ ប្រាប់វីអូឌីថា ឧស្សាហកម្មខុសច្បាប់នេះ នឹងវិលត្រឡប់មកកម្ពុជាវិញ ព្រោះការបង្ក្រាបមិនបានកើតចេញពីឆន្ទៈរដ្ឋ តែគឺដោយសារសម្ពាធអន្តរជាតិ និងល្បិចដែលថៃយកករណីនេះជាលេសឈ្លានពានទឹកដី។
លោកបន្តថា ទោះបីមេខ្លោង គឺលោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួន តែរដ្ឋាភិបាលកម្ពុជា មិនបានជីកឬសគល់ទៅដល់អ្នកពាក់ព័ន្ធផ្សេងទៀត ដូចជា លោក លី យ៉ុងផាត់ លោក ទ្រី ភាព និងលោក កុក អាន ឡើយ។
លោក ជុំ ឧទិត្យ និយាយថា៖ «ការចាប់ខ្លួនហ្នឹង វាគ្រាន់តែជាការធ្វើឱ្យផុតពីការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធដែលជារដ្ឋអាជ្ញា ឬក៏រដ្ឋអំណាចនៅក្នុងប្រទេសកម្ពុជាយើងតែប៉ុណ្ណោះឯង ហើយនិងដើម្បីលាងខ្លួនជម្រះខ្លួនតែប៉ុណ្ណោះឯង ខណៈដែលអ្នកពាក់ព័ន្ធធំៗដែលស្និទ្ធនឹងមេដឹកនាំយើងហ្នឹងមិនត្រូវបានចាប់ខ្លួនទេ ហើយក៏មិនត្រូវបានស៊ើបអង្កេតតទៅទៀតបើនិយាយទៅ។ អញ្ចឹងមានន័យថា កម្រិតនៃការបោសសម្អាតរយៈកាលកន្លងមកនេះ យើងឃើញថាបោសសម្អាតដើម្បីជារូបភាពនៃការសម្តែងតែប៉ុណ្ណោះឯង»។
តំណាងការិយាល័យអង្គការសហប្រជាជាតិស្តីពីការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ អ្នកស្រី រីបេកកា មីលលើ (Rebecca Miller) លើកឡើងថា ដ្បិតការអនុវត្តច្បាប់ជះឥទ្ធិពលលើឧក្រិដ្ឋកម្មអនឡាញ តែវាក៏នាំឱ្យមានការផ្លាស់ប្ដូរទីតាំងផងដែរ។ អ្នកស្រីបន្តថា បណ្ដាញឧក្រិដ្ឋជនទាំងនោះ គឺមានភាពរហ័សរហួនក្នុងការធ្វើសកម្មភាពនៅពេលមានការបង្ក្រាបរបស់រដ្ឋាភិបាល។
មកទល់ពេលនេះ ឱសានវាទយន្តការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ XXL របស់រដ្ឋាភិបាល កំពុងខិតជិតមកដល់នៅខែមេសាខាងមុខនេះ។
តាមក្រសួងយុត្តិធម៌ រយៈពេល៨ខែចុងក្រោយនេះ តុលាការបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកតាមអនឡាញសរុបចំនួន ៧៩សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរកម្ពុជា បានកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ភាគរយដែលឧក្រិដ្ឋជនអនឡាញវិលមកកម្ពុជាវិញ គឺខ្ពស់បំផុត ប្រសិនបើការបង្ក្រាបធ្វើឡើងគ្រាន់ជារូបភាពកាត់បន្ថយសម្ពាធពីអន្តរជាតិ។ លោកជំរុញឱ្យរដ្ឋាភិបាលបង្កើនការបោសសម្អាត ដោយហ៊ានវះកាត់ផ្ទៃក្នុង ជាជាងផ្ដោតតែទៅលើចំនួនជនបរទេសដែលចាប់បាន ឬចាកចេញពីកម្ពុជា។
លោកថា៖ «ប្រសិទ្ធភាពនៃជោគជ័យនៃការបង្ក្រាបវាមិនអាចវាស់វែងបានត្រឹមតែចំនួនមនុស្សដែលត្រូវបានបញ្ជូនចេញនោះទេ ឬក៏ចំនួនកុំព្យូទ័រដែលត្រូវបានដកហូតប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវវាស់វែងលើការវះកាត់មេខ្លោងធំៗ និងការលុបបំបាត់បណ្តាញពុករលួយដែលផ្តល់ជម្រកឱ្យឧក្រិដ្ឋជនទាំងនោះ» ។
បើតាមលោក សេង វណ្ណលី ការដឹកនាំក្នុងអាណត្តិលោក ហ៊ុន ម៉ាណែត នឹងត្រូវបានវិនិច្ឆ័យផ្អែកលើលទ្ធផលនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដោយលោកជំរុញឱ្យរដ្ឋាភិបាលយកឱកាសនេះ កែទម្រង់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសន្តិសុខឱ្យមានតម្លាភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយស្មោះត្រង់ ជាជាងការលាក់បាំងទំហំពិតប្រាកដនៃបញ្ហាដែលកំពុងញាំញីសង្គម៕









