មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for Strategicand International Studies-CSIS) បានបញ្ចេញរបាយការណ៍វិភាគដ៏សំខាន់មួយ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមចំណងជើងថា «ការប្រើប្រាស់ទិន្នន័យដើម្បីឈ្នះក្នុងយុគសម័យនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ» ដែលដកស្រង់ចេញពីមេរៀនជាក់ស្តែងក្នុងប្រទេសកម្ពុជា។
សេចក្តីផ្តើមនៃរបាយការណ៍នេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកកំពុងតែស្ថិតក្នុងស្ថានភាពចាញ់ប្រៀបក្នុងការដណ្តើមឥទ្ធិពលសកលជាមួយចិន ដោយសារតែអាមេរិកខ្វះការយល់ដឹងស៊ីជម្រៅអំពីតម្រូវការ និងទស្សនៈពិតប្រាកដរបស់ប្រជាជននៅតាមសហគមន៍មូលដ្ឋាន។
ខ្លឹមសារសំខាន់ជារួមនៃស្ថាប័ន CSIS ក្នុងរបាយការណ៍នេះ គឺការបង្ហាញថា ករណីក្រុងព្រះសីហនុដែលកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈការវិនិយោគខ្នាតធំរបស់ចិន គឺជាមេរៀនដ៏សំខាន់សម្រាប់អាមេរិកក្នុងការរៀបចំយុទ្ធសាស្ត្រថ្មី។
របាយការណ៍ដដែល បានសង្កត់ធ្ងន់ថា ដើម្បីអាចប្រកួតប្រជែងបាន អាមេរិកចាំបាច់ត្រូវប្រើប្រាស់ការវិភាគទិន្នន័យឱ្យបានល្អជាងមុន ដើម្បីយល់ពីរបៀបដែលការវិនិយោគបរទេសមានឥទ្ធិពលលើការយល់ឃើញរបស់ពលរដ្ឋក្នុងតំបន់។ ការសិក្សានេះ ចង់បង្ហាញថា ការប្រើប្រាស់ទិន្នន័យច្បាស់លាស់នឹងជួយឱ្យអាមេរិកអាចកសាងភាពជាដៃគូអន្តរជាតិដ៏ស្មុគស្មាញ និងបង្កើនប្រសិទ្ធភាពនៃការចូលរួមរបស់ខ្លួននៅក្រៅប្រទេសឱ្យចំគោលដៅជាងមុន។
ការវិភាគរបស់ CSIS នេះហាក់ដូចជាការទទួលស្គាល់ដោយត្រង់ៗថា កន្លងមកអាមេរិកពិតជាដើរមិនទាន់ចិនមែននៅក្នុងស្រុកខ្មែរ ជាពិសេសគឺការខ្វះការយល់ដឹងពីអ្វីដែលកើតឡើងនៅតាមមូលដ្ឋានពិតប្រាកដ។ គេប្រើពាក្យថាខ្វះទិន្នន័យ ដើម្បីពន្យល់ពីមូលហេតុដែលអាមេរិកទប់ទល់ឥទ្ធិពលចិនមិនឈ្នះ ប៉ុន្តែសម្រាប់លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយវិញ ការយល់ឃើញបែបនេះ គឺវាយឺតពេលបន្តិចទៅហើយ ព្រោះតថភាពនៅមូលដ្ឋានវាបានប្រែប្រួលខ្លាំងអស់ទៅហើយ។
អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ របាយការណ៍នេះហាក់ដូចជាមើលឃើញការតស៊ូ និងការឈឺចាប់របស់ពលរដ្ឋខ្មែរ ត្រឹមតែជាតួលេខសម្រាប់យកទៅរៀបចំយុទ្ធសាស្ត្រប្រជែងអំណាចជាមួយចិនតែប៉ុណ្ណោះ។
ការដែលគេយកក្រុងព្រះសីហនុមកធ្វើជាឧទាហរណ៍ គឺពិតជាត្រូវចំគោលដៅ ព្រោះទីក្រុងនេះគឺជាកន្លែងដែលចិនបានចាក់លុយវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្រោមគម្រោងខ្សែក្រវាត់ និងផ្លូវ រហូតប្រែមុខមាត់ថ្មីទាំងស្រុង។ ប៉ុន្តែសម្រាប់ លោក វណ្ណលី ការរីកដុះដាលនៃអគារខ្ពស់ៗ និងកាស៊ីណូស្អេកស្កះទាំងនោះ វាមិនបានផ្តល់ផលចំណេញដល់មនុស្សទូទៅឡើយ ផ្ទុយទៅវិញវាបាននាំមកនូវការបណ្តេញពលរដ្ឋចេញពីដីធ្លី និងការបាត់បង់សិទ្ធិម្ចាស់ស្រុក។
ការដែលអាមេរិកផ្ដោតខ្លាំងតែលើរឿងធ្វើម៉េចឱ្យឈ្នះឥទ្ធិពលចិន អាចនឹងធ្វើឱ្យគេមើលរំលងតម្លៃនៃជីវិតមនុស្សពិតប្រាកដដែលកំពុងរងគ្រោះដោយសារការវិនិយោគទាំងនោះ។ និយាយឱ្យសាមញ្ញទៅ អាមេរិកមិនអាចឈ្នះចិត្តខ្មែរបានឡើយ ប្រសិនបើគេនៅតែចាត់ទុកកម្ពុជាគ្រាន់តែជាសនរភូមិសម្រាប់សាកល្បងឥទ្ធិពលឬជាឈ្នាន់សម្រាប់បម្រើនយោបាយការបរទេសរបស់ខ្លួន។
ពលរដ្ឋខ្មែរចង់បានការអភិវឌ្ឍដែលមានយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ មិនមែនចង់ក្លាយជាកូនអុកនៅលើក្តារអុករបស់មហាអំណាចដែលគិតតែពីផលប្រយោជន៍ចាញ់ឈ្នះរវាងគ្នាគេនោះទេ។ ប្រសិនបើការចូលមករបស់អាមេរិកគ្រាន់តែដើម្បីដណ្តើមពិន្ទុពីចិន នោះវានឹងមិនមានអ្វីប្លែកសម្រាប់ម្ចាស់ស្រុកឡើយ ព្រោះសុខទុក្ខរបស់រាស្ត្រនៅតែជាបញ្ហាបន្ទាប់បន្សំដដែល។
ការរីកចម្រើនយ៉ាងលឿននៅក្រុងព្រះសីហនុ ដែលយើងឃើញមានអគារខ្ពស់ៗ និងកាស៊ីណូស្អេកស្កះនោះ គឺជាអ្វីដែលរដ្ឋាភិបាលតែងតែយកមកបង្អួតថាជាមុខមាត់នៃភាពស៊ីវិល័យ។ ប៉ុន្តែបើមើលឱ្យដិតដល់ទៅ វាមិនខុសពីដាវមុខពីរនោះទេ ព្រោះការអភិវឌ្ឍនេះបានក្លាយជាឧបករណ៍ដែលរុញច្រានពលរដ្ឋម្ចាស់ស្រុក និងអ្នករកស៊ីតូចតាចឱ្យចេញពីទីក្រុងខ្លួនឯង ដើម្បីទុកកន្លែងឱ្យអ្នកវិនិយោគបរទេសមកគ្រប់គ្រងផ្ដាច់មុខទៅវិញ។
នៅពេលដែលគេនិយាយពីការវិនិយោគខ្នាតធំដែលជួយប្តូរមុខមាត់សេដ្ឋកិច្ច គេហាក់ដូចជាមើលរំលងការពិតដែលថា ក្រុមអ្នកមានអំណាចបានប្រើប្រាស់គម្រោងដែលខ្វះតម្លាភាពទាំងនេះ ដើម្បីពង្រឹងលុយកាក់ និងអំណាចនយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការបណ្ដោយឱ្យមានឧស្សាហកម្មដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ រួមទាំងសំបុកឆបោកតាមអនឡាញ បង្ហាញថា រដ្ឋាភិបាលបានយកសេចក្តីសុខ និងសន្តិសុខរបស់ប្រជាជន ទៅដូរជាមួយលុយវិនិយោគដែលមានប្រភពមិនច្បាស់លាស់។
ការអភិវឌ្ឍបែបនេះ ផ្ដល់ផលចំណេញឱ្យតែមនុស្សមួយក្រុមតូចដែលនៅជិតស្និទ្ធនឹងអំណាច ខណៈដែលប្រជាជនទូទៅត្រូវបាត់បង់ឱកាស និងសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ស្រុក។ និយាយឱ្យចំទៅ វាគឺជាការអភិវឌ្ឍដែលមើលឃើញតែតួលេខលុយកាក់ និងអគារ ប៉ុន្តែបែរជាមើលមិនឃើញពីទុក្ខវេទនារបស់ពលរដ្ឋដែលត្រូវបាត់បង់ទីជម្រក និងមុខរបរប្រចាំថ្ងៃរបស់ពួកគេឡើយ។
វាមានការទាស់ទែងគ្នាយ៉ាងខ្លាំងរវាងបំណងរបស់អាមេរិកដែលចង់កែសម្រួលយុទ្ធសាស្ត្រប្រកួតប្រជែងរបស់ខ្លួននិងបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរដែលចង់បានឯករាជ្យម្ចាស់ការនិងប្រជាធិបតេយ្យពិតប្រាកដ។ ប្រសិនបើអាមេរិកគ្រាន់តែប្រើទិន្នន័យដើម្បីចង់យកឈ្នះចិត្តគេ ឬចង់បង្អួតឥទ្ធិពលដាក់ចិនតែមួយមុខ នោះវាមិនខុសពីការចាត់ទុកខ្មែរត្រឹមតែជាកូនអុកនៅលើក្តារល្បែងរបស់មហាអំណាចនោះឡើយ។ ចំពោះលោក វណ្ណលី អ្វីដែលអាមេរិកខ្វះខាតមិនមែនជាតួលេខក្នុងក្រដាសទេ ប៉ុន្តែគឺជាការយល់ពីទុក្ខលំបាករបស់រាស្ត្រដែលកំពុងរងសម្ពាធរវាងបំណុលបរទេសដែលកេងប្រវ័ញ្ច និងការបង្ក្រាបពីសំណាក់រដ្ឋាភិបាលខ្លួនឯង ដែលចូលចិត្តយកពាក្យ «ការអភិវឌ្ឍជាតិ» មកធ្វើជាលេសបិទបាំងអំពើពុករលួយ។
នៅពេលដែលការសាងសង់ស្ពាន ឬផ្លូវថ្នល់នីមួយៗ ត្រូវបានគេមើលត្រឹមតែថា «តើអ្នកណាជាអ្នកសាងសង់?» ឬ «តើវាបម្រើឱ្យបក្សសម្ព័ន្ធមហាអំណាចណា?» នោះការអភិវឌ្ឍបែបនេះគឺបម្រើតែប្រយោជន៍មហាអំណាចដែលកំពុងជាន់ជើងគ្នាប៉ុណ្ណោះ។ វាមិនបានគិតគូរដល់ផលប្រយោជន៍ និងសេចក្តីសុខយូរអង្វែងរបស់ប្រទេសម្ចាស់ផ្ទះឡើយ។
និយាយឱ្យចំទៅ បញ្ហាសន្តិសុខ និងការដណ្តើមឥទ្ធិពលគ្នារបស់មហាអំណាច បានធ្វើឱ្យតម្លៃនៃជីវិត និងសិទ្ធិសេរីភាពរបស់ពលរដ្ឋម្ចាស់ស្រុក ក្លាយជារឿងបន្ទាប់បន្សំ ដែលគេអាចដោះដូរបានគ្រប់ពេលដើម្បីតែប្រយោជន៍នយោបាយសកលរបស់ពួកគេ។
ជាចុងក្រោយ ការដែលអាមេរិកមិនអាចធ្វើការជាមួយកម្ពុជាឱ្យមានប្រសិទ្ធភាព វាមិនមែនមកពីខ្វះព័ត៌មានតែម្ដងនោះទេ ប៉ុន្តែវាជាបរាជ័យនៃគុណតម្លៃ និងគោលការណ៍ច្បាស់លាស់របស់ខ្លួនឯងទៅវិញទេ។ ទោះបីជារបាយការណ៍របស់ CSIS និយាយត្រូវថា អាមេរិកកំពុងចាញ់ប្រៀបចិនមែន ប៉ុន្តែដំណោះស្រាយមិនមែនគ្រាន់តែជាការធ្វើឃោសនាឱ្យល្អមើល ឬប្រើទិន្នន័យឱ្យទំនើបជាងមុននោះឡើយ។ ការដែលរបបភ្នំពេញងាកទៅរកចិនទាំងស្រុង គឺជាការគិតគូរយ៉ាងច្បាស់ដើម្បីការពារខ្លួនពីសម្ពាធរឿងសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃប្រជាធិបតេយ្យដែលបស្ចិមលោកធ្លាប់ទាមទារ។
ប្រសិនបើគោលដៅរបស់អាមេរិកគ្រាន់តែចង់ឈ្នះឥទ្ធិពលត្រឡប់មកវិញ នោះគេអាចនឹងបណ្ដោយឱ្យខ្លួនឯងមើលរំលងរាល់បញ្ហាអភិបាលកិច្ចដែលកំពុងកើតឡើងសព្វថ្ងៃ។ ការចូលរួមដែលល្អពិតប្រាកដ គឺអាមេរិកត្រូវហ៊ានផ្ដល់អាទិភាពលើការស្ដារសិទ្ធិសេរីភាព និងសិទ្ធិការងារឱ្យពលរដ្ឋខ្មែរឡើងវិញ ទោះបីជាការធ្វើបែបនេះមិនសូវចំណេញខាងនយោបាយជាមួយរដ្ឋាភិបាលក៏ដោយ។
វាកាន់តែប្រសើរជាងការដែលអាមេរិកគ្រាន់តែរត់ដេញតាមចិន ក្នុងល្បែងប្រកួតប្រជែងមួយដែលមិនបានគិតគូរពីសុខទុក្ខរបស់រាស្ត្រ ហើយចុងក្រោយមានតែនាំទៅរកភាពអន្តរាយទាំងអស់គ្នា។ ចំពោះសហរដ្ឋអាមេរិកវិញ ក៏គួរតែចៀសវាងការបង្ហាញមុខមាត់ដែលហាក់ដូចជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ នៅពេលដែលការលើកទឹកចិត្តពិតប្រាកដរបស់ខ្លួនហាក់ដូចជាការភ័យខ្លាចបាត់បង់ការគ្រប់គ្រងពិភពលោកទៅឱ្យប្រទេសចិន។
តាមទស្សនៈលោក សេង វណ្ណលី ចំណាប់អារម្មណ៍ភ្លាមៗចំពោះទិន្នន័យមូលដ្ឋាន ហាក់ដូចជាមិនសូវមានខិតខំប្រឹងប្រែងពិតប្រាកដដើម្បីជួយប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាហាក់ដូចជាយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ប្រទេសនេះ ជាឈ្នាន់យុទ្ធសាស្ត្រដើម្បីការពារផលប្រយោជន៍សកលរបស់អាមេរិកទៅវិញ។
ប្រសិនបើគ្មានការប្តេជ្ញាចិត្តចំពោះការផ្តល់អំណាចពិតប្រាកដដល់ប្រជាជនកម្ពុជា លើសពីផលប្រយោជន៍របស់ក្រុមឥស្សរជនកាន់អំណាចនោះទេ យុទ្ធសាស្ត្រថ្មីណាមួយរបស់អាមេរិកទំនងជានឹងត្រូវបានគេមើលឃើញថា គ្រាន់តែជាការជ្រៀតជ្រែកពីបរទេសមួយស្រទាប់ទៀត នៅក្នុងប្រទេសមួយដែលកំពុងមានការធុញទ្រាន់រួចទៅហើយ ក្នុងការក្លាយជាសមរភូមិតំណាងឱ្យមហាអំណាចសកល។
និយាយឱ្យចំទៅ ការដែលមហាអំណាចព្យាយាមមកដណ្តើមឥទ្ធិពលគ្នាដោយប្រើលេសថា ចង់ជួយពលរដ្ឋ វាមិនមែនជារឿងថ្មីសម្រាប់ខ្មែរឡើយ ហើយបើការចូលមកនោះមិនបាននាំមកនូវយុត្តិធម៌សង្គមពិតប្រាកដទេ វានៅតែជាល្បែងនយោបាយដដែលៗ ដែលរាស្ត្រគឺជាអ្នករងគ្រោះមុនគេ។
សរុបមក ទាំងការវិនិយោគរបស់ចិន និងយុទ្ធសាស្ត្រទិន្នន័យរបស់អាមេរិក សុទ្ធតែត្រូវបានគេមើលឃើញថា មានរបៀបវារៈផ្ទាល់ខ្លួនរៀងៗខ្លួន។
បំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ស្រុក គឺការរស់នៅដោយមានសេចក្តីថ្លៃថ្នូរមានសិទ្ធិសេរីភាពពេញលេញ និងមិនស្ថិតក្រោមឥទ្ធិពលបង្គាប់បញ្ជារបស់បរទេសណាមួយ ដែលចង់យកកម្ពុជាធ្វើជាឈ្នាន់ ដើម្បីផលប្រយោជន៍ខ្លួនឯងនោះទេ។ បើអាមេរិកពិតជាចង់ផ្លាស់ប្តូរការយល់ឃើញរបស់ពលរដ្ឋខ្មែរមែន គេត្រូវបង្ហាញឱ្យឃើញពីសកម្មភាពជាក់ស្តែងដែលបម្រើដល់ផលប្រយោជន៍មនុស្សជាតិ មិនមែនគ្រាន់តែជាការរត់ដេញតាមឱ្យទាន់មហិច្ឆតារបស់ចិននៅក្នុងតំបន់នោះឡើយ៕









