សមាគមខេមបូចា​ថា​អ្នក​សារ​ព័ត៌​មាន​ស្ត្រី​បន្ត​រង​​ការ​រំលោភ​​បំពាន

ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​​២០២៥ ចេញ​ផ្សាយ​នៅ​ខែ​មីនា​នេះ សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន ហៅ​កាត់ ខេម​បូចា បាន​កត់​ត្រា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​សរុប​ចំនួន​៦១ កើត​ឡើង​លើ​អ្នក​សារ​ព័ត៌​មា​ន​​ចំនួន ៥៧​នាក់ ក្នុង​នោះ​មាន​អ្នក​សារ​ព័ត៌​មាន​ស្ត្រី ៥​នាក់។

តួលេខនេះ កើនឡើងចំនួន៣នាក់ បើធៀបនឹងឆ្នាំ​​២០២៤ ដែលមានករណីអ្នកសារ​ព័ត៌មាន​ស្ត្រី​រង​គ្រោះ​​​ចំនួន​២​នាក់។ ក្នុងចំណោមការរំលោភបំពាននៅឆ្នាំ២០២៥ ខេមបូចា បាន​កត់​ត្រា​​ករណី​អំ​​ពើ​ហិង្សា​​ផ្អែកលើ​យេ​នឌ័​រ​ចំនួន ១ករណី ដែលអ្នកសារព័ត៌មានស្រ្តីម្នាក់ ដែល​បាន​ជួប​ប្រ​ទះការយា​យី​ផ្លូវ​ភេទ ទាំង​ផ្លូ​វ​កាយ និង​​​ពា​ក្យសំដី ពី​អ្នក​គ្រប់​គ្រង​ជា​បុរស​នៅ​កន្លែង​ធ្វើ​ការ។

ករណីនេះ ខេមបូចា បានផ្ដល់ការគាំទ្រផ្នែកឌីជីថលដល់អ្នក​សារព័ត៌មាននោះ និង​បាន​បញ្ជូន​​ទៅ​អង្គ​ការ​ដៃគូដើម្បី​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់ និង​សុខុមាល​ភាព​ផ្លូវ​ចិត្ត​ទៅ​តាម​សំណើ​របស់​នាង។

យោងតាមរបាយការណ៍ ខេមបូចា ក្នុងរយៈពេល៥ឆ្នាំចុង​​ក្រោយ មាន​ស្ត្រី​អ្នក​សារ​ព័ត៌​មាន​រង​គ្រោះ​​ចំនួន ២៣នាក់ ឬស្មើនឹង៧ភាគរយ​នៃអ្នកសារព័ត៌មាន​ ​ដែល​រង​ការ​យាយី​ក្នុង​ពេល​បំពេញ​ការ​ងារ។​ ក្នុង​​នោះ​​ឆ្នាំ​២០២២ គឺជាឆ្នាំដែល​មានស្ត្រីអ្នកសារព័ត៌មាន​រង​គ្រោះ​ច្រើន​ជាង​គេ​ដល់​ទៅ​៨នាក់។

ក្រៅពីរងការបំពាននៅក្នុងកន្លែងធ្វើការ ការគំរាមកំហែងពេលចុះបំពេញការងារមូលដ្ឋាន ការប្រើ​ប្រាស់​វិធា​ន​ការ​ច្បាប់​ព្រហ្មទណ្ឌ និង​ការ​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​យក​​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនា​គារ ក៏បានក្លា​យ​ជា​ឧបសគ្គ​សម្រាប់​អ្នក​សារ​ព័ត៌​មាន​ស្ត្រី​ប្រឡូក​ក្នុង​វិស័យ​នេះ​ផង​ដែរ។

ចាង​ហ្វាងគេហទំព័រសារព័ត៌មានសំឡេង​ចៅកម្សត់ អ្នកស្រី ធី សុផល ប្រាប់​វីអូឌីនៅថ្ងៃ​ទី​៣១ ខែមីនា ថា អ្នកស្រីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង​យក​ទៅ​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនា​​គារ​អស់​រយៈ​ពេល ៣​យប់ ក្រោម​បទ​ចោទ​កំហែង​ទារ​ប្រាក់ ក្រោយ​អ្នក​ស្រីផ្ស​ព្វ​ផ្សាយ​​អត្ថ​បទ​មួយ​ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០​២៥។ អ្នក​ស្រី​បន្ត​ថា អ្វី​ដែល​កាន់​តែ​ឈឺ​​ចាប់ គឺ​គេ​បាន​ដាក់​ឃុំ​អ្ន​​កស្រី​ជាមួយ​អ្នក​​ទោស​គ្រឿង​ញៀន និ​ង​​បង្ហាញ​ពី​វិសមភាព​នៃ​ការ​ទទួល​បាន​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ។ ករណី​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី​បាក់​ស្បាត​​លែង​ហ៊ា​ន​រាយ​​ការណ៍​រឿង​ក្ដៅ​តទៅ​ទៀត។

អ្នកស្រី ធី សុផល និយាយថា៖ «តាំងពីខ្ញុំបាក់ស្បាតនឹង​​បញ្ហា​នោះ​មួយ​ទៅ ខ្ញុំ​ក៏​លែង​អាន​ព័ត៌​មាន​ក្ដៅ លែង​ធ្វើ ចង់​និយាយ​ថា យើង​បាក់​កន្លែង​នោះ​មួយ​ទៅ យើង​ធ្វើ​តែ​ព័ត៌​មាន​អ្វី​ដែល​ត្រជាក់​ ធ្វើ​​ជា​ព័ត៌​មាន​ពិធីការ ទទួល​អាន​​ព័ត៌​មាន ទទួល​កាត់​ត​វីដេអូ​នៅ​ផ្ទះ​អញ្ចឹង​ទៅ។​ តាំង​ពី​នោះម​ក យើង​ឈប់​ទៅ»។

ជាការកត់សម្គាល់ អ្នកសារព័ត៌មានអនឡាញ ជាពិសេសអ្នកដែល​ផ្សព្វ​ផ្សាយ​លើ​​បណ្តាញ​ស​ង្គម​​ហ្វេស​ប៊ុក ប្រឈម​មុខ​នឹង​ការ​យាយី​ជាង​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ការ​នៅ​តាម​អង្គ​ភាព​បែ​ប​ប្រ​ពៃ​ណី ដូ​ចជា ​កាសែត និងស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ។

អ្នកសារព័​ត៌មានម្នាក់ទៀតមកពីវិទ្យុ​ស្ត្រី កញ្ញា មាស ដា លើក​ឡើង​ថា ការ​រាយ​ការណ៍​​ពី​បញ្ហា​សេរី​ភា​​ព​បញ្ចេញ​​មតិ សិទ្ធិមនុស្ស វិវាទព្រំដែន និងបញ្ហាពាក់ព័ន្ធនឹងអ្នកមានអំណាច​តែង​តែធ្វើឱ្យកញ្ញា​ព្រួយ​បារម្ភពីសុវត្ថិភាព ទោះបីបានគោរពទៅតាមវិជ្ជាជីវៈក្ដី។ កញ្ញា​បន្ត​ថា កញ្ញា​ក៏​ធ្លាប់​រង​​ការ​ប៉ះទ​ង្គិច​ផ្លូវ​ចិត្ត ក្រោយ​ឃើញ​ការ​បញ្ចេញ​មតិ​ជេរ​ប្រទេច​នៅ​ក្រោម​ស្នាដៃ​ព័ត៌​មាន​របស់​កញ្ញា ដែល​បង្ហោះ​លើ​ប​ណ្ដាញ​សង្គម។

កញ្ញា មាស ដា និយាយថា៖ «ដល់​ពេលខ្លះឱ្យខ្ញុំឃើញរូបភាពហ្នឹង​វា​ច្រើន​ ដូច​ជា​ការ​ខំ​មិន​អី​ផ្សេងៗ បើ​ទោះ​បី​ជា​​គេ​​មិ​ន​ឆាត ឬក៏មិនទាក់ទងមកជេរមកស្តីយើង​ដោយផ្ទាល់​អី​ក៏​ដោយ​ ក៏​ប៉ុន្តែ​យើង​ឃើញ​បែប​ប្រ​យោ​លៗ​​​នៅ​​តាម​ខំមិន​ហ្នឹង ពេល​យូរៗ​ទៅ​យើង​មាន​អារម្មណ៍​ថា​វា​ស៊ាំ វា​លែង​អី ក៏​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ទទូច​អ​ត់​ច​ង់​ឱ្យ​​មាន​​រូប​ភាព​បែប​ហ្នឹង​បន្ត​ទៀត​ទេ មក​កាន់​ស្រ្តី​ដែ​​ល​ជា​អ្ន​​កសារព័​ត៌​មាន​ដែល​ក្នុង​​នាម​យើ​ង​​ជាស្ត្រី»។

តាមរបាយការណ៍ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាស្ត្រីមានចំនួនប្រមាណ​ ១៣% នៃ​ចំនួន​អ្នក​សា​រ​ព័ត៌​​មាន​សរុប​ចំនួន ៨ ៧៣២ នាក់ ដែល​ក្រសួង​ព័ត៌​មាន​បាន​ផ្តល់​បណ្ណ​សម្គាល់​អ្នក​សារ​ព័ត៌​មាន​ជូន គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២៥។ ចំនួ​ន​នេះ​មាន​ការ​កើន​ឡើង ៦% បើ​ធៀប​ក្នុង​ឆ្នាំ​២០២៤។

ក្រសួងព័ត៌មាន ធ្លាប់បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានស្ត្រី ឱ្យ​អនុវត្ត​ការ​ងារ​ សម្រប​ខ្លួន​ទៅ​នឹង​​ការ​​វិវត្ត​ក្នុង​សង្គម ដោយ​គោរព​និយាម​វិជ្ជា​ជីវៈ និង​ក្រម​សីល​ធម៌​ស្រ​ប​តាម​ធម្ម​នុញ្ញ​វិជ្ជា​ជីវៈ​​សារ​​ព័ត៌​​មាន។ ក្រៅ​ពី​ផ្ដល់​ការ​​បណ្តុះ​បណ្តាល និង​ឱកាស​ការ​ងារ ក្រសួង​ក៏​បាន​​លើក​ឡើង​ថា ​កា​រគាំ​ពារ​សុវត្ថិ​ភាព និង​សម្រប​សម្រួល​ការ​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​របស់​អ្នក​សា​​រព័ត៌​មា​ន​ជា​ស្ត្រីផ​ង​ដែរ។

វីអូឌី មិនអាចទាក់ទង អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យក្រសួង​ព័ត៌​មាន លោក ទេព អស្នា​រិទ្ធ ដើម្បី​សុំ​ការ​អត្ថា​ធិ​ប្បាយ​បន្ថែមបានទេនៅថ្ងៃទី៣១ ខែមីនានេះ។

ជុំវិញរឿងនេះ នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​(ខេម​បូចា) លោក ណុប វី មាន​​ប្រសាសន៍​ថា លោក​មិន​ទាន់​ឃើញ​រដ្ឋាភិ​បាល​ដាក់​ចេញ​គោល​ការណ៍​ គោល​នយោ​បាយ ឬ​ការ​យក​​ចិត្ត​​ទុក​ដាក់​ជាពិសេស​ណា​មួយ​ទៅ​លើ​អ្នក​សារ​ព័ត៌​មាន​ស្ត្រី​នៅ​ឡើយ​ទេ ខណៈ​​ស្ថាប័ន​សារ​ព័ត៌​មាន​​មួយ​​ចំនួ​ន មិន​ទាន់​យល់​ដឹង​ពី​គោល​ការណ៍​សមភាព​​យេន​ឌ័រ។

ក្នុងន័យ​នេះ លោកជំ​រុញឱ្យ​អ្នកពាក់ព័ន្ធ​កសា​ងបរិយាកាស និង​ទីក​ន្លែង​ការ​ងារ​ដែល​​មាន​​សុវត្ថិ​​ភាព​​សម្រា​ប់​ស្ត្រី​​ជា​អ្នក​​សារ​ព័​ត៌​មាន។

លោក ណុប វី ថ្លែ​ងថា៖ «ហើយមួយវិញទៀត យើងគួរតែដាក់ចេញនូវគោល​នយោ​បាយ​ ដើម្បី​កសា​​ង​គេ​​ហៅ​​ថា ទី​កន្លែង​​ការ​ងារ​មួយ​ដែល​មាន​សុវត្ថិ​ភាព ដូច​ជា ការ​រៀប​ចំ​ឱ្យ​​មាន​គោល​នយោ​បា​យ​ស្ដី​ពី​​សមភាព​​យេន​ឌ័រ គោល​នយោ​​បាយ​ស្ដីពី​ដែល sexual harassment មាន​ន័យ​ថា ការ​ប្រឆាំង​កា​រ​បៀត​បៀ​ន​ផ្លូវ​ភេ​ទ​អីចឹង​ជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ