អ្នកតាមដាន និយាយថា ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអនឡាញថ្មីរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលសភាទើបអនុម័ត ជាឧបករណ៍បំភាន់ភ្នែកអន្តរជាតិ មិនមានប្រសិទ្ធភាពបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ នៅកម្ពុជានោះទេ ដរាបណាមេឧក្រិដ្ឋជនដែលអន្តរជាតិចង្អុលមុខចំៗ មិនត្រូវបានចាប់ខ្លួន ។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៦ បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានសំឡេងគាំទ្រ ១១២លើ១១២សំឡេង។
បើតាមរដ្ឋសភា សេចក្តីព្រាងច្បាប់នេះមាន៥ជំពូក និង២៤មាត្រា ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន។ ជាងនេះទៅទៀត សេចក្ដីព្រាងច្បាប់ ក៏នឹងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះផងដែរ។
អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្ស វឌ្ឍានា ដែលជាប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានឡើងថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភាថា សេចក្តីព្រៀងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តិដ៏សំខាន់សម្រាប់បំពេញចន្លោះប្រហោងនៃក្របខណ្ឌព្រហ្មទណ្ឌ និងឆ្លើយតបទៅនឹងការវិវត្តនៃបទល្មើសបច្ចេកវិទ្យា។ ច្បាប់នេះនឹងបង្កើនប្រសិទ្ធភាពដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្ក្រាបបានទាន់ពេលវេលា និងការពារផលប្រយោជន៍ប្រជាពលរដ្ឋបានជាអតិបរមា។
លោកថា៖ «ច្បាប់ស្តីពីការប្រឆាំងការឆបោកបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺមានគោលបំណងបង្កើតជាវិធានព្រហ្មទណ្ឌបំពេញបន្ថែមលើក្របខណ្ឌព្រហ្មទណ្ឌដែលមានស្រាប់ ដើម្បីផ្តន្ទាទោសនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ឱ្យសមល្មមទៅនឹងបទល្មើសឆបោកក្នុងទម្រង់ថ្មីនេះ ដែលបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ និងម្យ៉ាងទៀតលើកកម្ពស់ប្រសិទ្ធភាពនៃវិធានផ្នែកនីតិវិធីដែលមានចែងក្នុងក្រមនីតិវីធីព្រហ្មទណ្ឌជាធរមាន ដោយអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចាំបាច់ និងបន្ទាប់សមស្របឱ្យបានទាន់ពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ»។
បើតាម លោក អង្គ វង្សវឌ្ឍនា ប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ បានដាក់អាទិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ និងបានចូលរួមក្នុងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។ លោកថា កម្ពុជាក៏រងផលប៉ះពាល់យ៉ាងខ្លាំងទាំងសន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងច្បាប់ឆបោកអនឡាញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៦ខែមីនាថា ច្បាប់នេះនឹងចងកាតព្វកិច្ចមួយចំនួន ហើយម្ចាស់ទីតាំងក៏នឹងទទួលខុសត្រូវដែរ មិនអាចនិយាយថាខ្លួនជួលផ្ទះអត់ដឹងអ្វីនោះទេ បូករួមទាំងអ្នកដែលជាអ្នកប្រមូលមនុស្សទៅធ្វើការនៅតាមទីតាំងអនឡាញ ក៏ប្រឈមចំពោះមុខច្បាប់ផងដែរ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកការឆបោកអនឡាញថា ជាសេដ្ឋកិច្ចខ្មៅដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌ស ដូចជាទេសចរណ៍ និងការវិនិយោគផ្សេងៗជាដើម ដែលត្រូវតែបង្ក្រាបឱ្យអស់។
លោកថា៖ «សេដ្ឋកិច្ចខ្មៅកាន់តែរីកវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌ស វាធ្វើឱ្យប្រទេសជាតិយើងមានការលំបាក។ អ៊ីចឹងបានជាខ្ញុំសូមឱ្យមានការយោគយល់ ការចូលរួម យើងត្រូវធ្វើការវះកាត់ និងរួមគ្នាដើម្បីធ្វើការបោសសម្អាតបញ្ហាScamនេះ ឱ្យចេញពីប្រទេសយើងទាំងអស់គ្នា ដើម្បីឱ្យជាតិខ្មែរយើងទាំងមូលប្រទេសខ្មែរយើងទាំងមូលកុំឱ្យពាក់ព័ន្ធជាមួយអាហ្នឹង ហើយឥឡូវនេះការខិតខំប្រឹងប្រែងរបស់យើងគឺបានទទួលផលផ្លែផ្កាហើយ ខ្ញុំក៏សូមអរគុណណាស់ជូនទៅដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត ដែលបានអនុវត្តហើយសូមបន្តតទៅទៀត»។
ប៉ុន្តែយ៉ាងណាក្តី លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានប្រាប់វីអូឌីនៅថ្ងៃទី៣១ខែមីនានេះថា ការអនុម័តច្បាប់ថ្មីនេះ ធ្វើឡើងហាក់គ្រាន់តែជាការបង្គ្រប់កិច្ច ដើម្បីជួយលាងជម្រះមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ជាជាងរៀបចំផែនការទុកជាមុនឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ ការប្រញ៉ាប់ប្រញ៉ាល់ចេញច្បាប់នៅនាទីចុងក្រោយ មុនពេលដល់ការកំណត់នៃការបង្ក្រាបក្នុងខែមេសា បង្ហាញថា វាគ្រាន់តែជាការបង្កើតសម្បកច្បាប់ ដើម្បីឱ្យប្រតិបត្តិការបង្ក្រាបដែលកំពុងធ្វើរាល់ថ្ងៃមើលទៅហាក់ដូចមានមូលដ្ឋានច្បាប់ត្រឹមត្រូវតែប៉ុណ្ណោះ។
អ្នកវិភាគរូបនេះ បន្តថា បើចង់ឱ្យច្បាប់នេះមានប្រសិទ្ធភាពមែន ច្បាប់នេះគួរតែមានតាំងពីមុនពេលចាប់ផ្តើមបង្ក្រាបដើម្បីកំណត់ឱ្យបានច្បាស់ថា នណារធ្វើអ្វីនិងត្រូវមានសិទ្ធិធ្វើតាមរបៀបណា មិនមែនទើបមកបង្កើតនៅពេលកំពុងផ្អើលនោះទេ។
លោកថា៖ «ចំពោះការរំពឹងថា បទល្មើសឆបោកនឹងរលាយអស់ទាំងស្រុងក្នុងពេលឆាប់ៗនេះ គឺជារឿងពិបាកជឿជាក់ណាស់ ជាពិសេសនៅតាមតំបន់ព្រំដែន ដែលមានបណ្តាញអ្នកមានអំណាចនៅពីក្រោយខ្នងយ៉ាងស្មុគស្មាញ ទោះបីជាមានការចាប់ខ្លួនបញ្ជូនមនុស្សជាច្រើន ឬក៏បិទទីតាំងបានខ្លះក៏ដោយ ប៉ុន្តែដរាបណាគេមិនទាន់អាចកម្ទេចឫសគល់ និងអ្នកការពារធំៗនៅពីក្រោយបានទេ ក្រុមឆបោកទាំងនោះគ្រាន់តែប្តូរទីតាំងទៅកន្លែងផ្សេងទៀត ឬទៅតំបន់សម្ងាត់ជាងមុនដែលគេមើលមិនឃើញតែប៉ុណ្ណោះ»។
សម្រាប់ លោក វណ្ណលី ការកំណត់គោលដៅថាត្រូវតែលុបបំបាត់ឱ្យអស់ក្នុងខែមេសា ហាក់ដូចជាការដាក់បន្ទុកខ្ពស់ពេកដែលមិនសូវស្របតាមការពិតនៅឡើយ។ ចំណែកការអនុវត្តច្បាប់ទៅថ្ងៃមុខ វានឹងក្លាយទៅជាការសាកល្បងដ៏ធំមួយថាតើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ៊ានប៉ះពាល់ដល់មេក្លោងពិតប្រាកដនៃឧក្រិដ្ឋកម្មនេះដែរឬទេ?
លោកថា៖ «ឬការដាក់ទោសធ្ងន់ៗគ្រាន់តែលើក្រដាស ប៉ុន្តែគ្មានការអនុវត្តជាក់ស្តែង គឺវាគ្មានន័យអ្វីទាល់តែសោះ ប្រសិនបើអ្នកដែលត្រូវបានចាប់បានជាជនរងគ្រោះ ឬអ្នកធ្វើការតាមមជ្ឈមណ្ឌលឆបោកថ្នាក់ទាប ចំណែកឯអ្នកមានអំណាចនៅពីក្រោយខ្នង ដែលសម្រួលដល់មជ្ឈមណ្ឌលធំៗ នៅតែអាចរស់នៅក្រៅសំណាច់ច្បាប់ដដែល។ ប្រសិនបើច្បាប់នេះ ប្រើបានតែលើជនបរទេស ឬក្រុមតូចតាច ដើម្បីគ្រាន់តែបង្ហាញអន្តរជាតិឱ្យឃើញថា ខ្លួនកំពុងតែធ្វើការនោះ វានឹងក្លាយទៅជាច្បាប់ដែលបង្កើតឡើងគ្រាន់តែជាការកែលម្អមុខមាត់ ជាជាងការផ្តល់យុត្តិធម៌ពិតប្រាកដដល់សង្គម»។
ជាមួយគ្នានេះ លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគ ក៏ហាក់យល់ស្របទៅនឹងការលើកឡើងរបស់ លោក វណ្ណលី ផងដែរ ដោយថ្លែងថា នេះគ្រាន់តែជារបៀបដែលគណបក្សប្រជាជនកម្ពុជា តែងតែអនុវត្តនៅពេលដែលមានសម្ពាធខ្លាំងក្លាពីសហគមន៍អន្តរជាតិ ឬក៏ប្រតិកម្មខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។
លោកថា ជាឧទាហរណ៍ជាក់ស្តែង នៅពេលដែលកម្ពុជាទទួលរងនូវការរិះគន់ខ្លាំង ពាក់ព័ន្ធបញ្ហាអំពើពុករលួយដែលកាលនោះ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានរៀបចំឱ្យមានច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានដាក់ឱ្យប្រើកាលពីឆ្នាំ២០១០ ហើយមានការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបោកបញ្ឆោតភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាពិតជាមានឆន្ទៈនៅក្នុងការលុបបំបាត់អំពើពុករលួយ។ ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះ កម្ពុជានៅតែជាប្រទេសដែលមានអត្រាអំពើពុករលួយខ្ពស់បំផុតលើពិភពលោក និងនៅក្នុងតំបន់។
បើតាម លោក ចាន់ឡូត ច្បាប់ឆបោកអនឡាញនេះ ក៏នឹងដូចច្បាប់ប្រឆាំងនឹងអំពើពុករលួយផងដែរ ដោយលោកឃើញជំហរបស់ លោក ហ៊ុន ម៉ាណែត តាំងតែពីដើមមក តែងតែបដិសេធហើយបានចោទប្រកាន់អ្នកដែលបង្ហាញការពិតពីអំពើឆបោកមួយនេះ ថាជាអ្នកមានចេតនាញុះញង់ឬក៏បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ឬក៏រដ្ឋាភិបាលនៃគណបក្សប្រជាជនទៅវិញ។ ប៉ុន្តែចុងក្រោយ លោក ហ៊ុន ម៉ាណែត ខ្លួនឯងបែរជាប្រកាសទទួលស្គាល់ថា កម្ពុជាពិតជាមានអំពើមួយនេះពិតប្រាកដមែន។
លោកថា៖ «ការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនេះ ទំនងមិនមានប្រសិទ្ធភាពរយៈពេលវែងនោះទេ ហើយឧក្រិដ្ឋកម្មមួយនេះ អាចត្រឡប់មកវិញហើយខ្លាំងក្លាជាងមុនថែមទៀត ដរាបណា លោក ហ៊ុន ម៉ាណែត មិនព្យាយាមរៀបចំឱ្យរដ្ឋាភិបាលរបស់ខ្លួនក្លាយទៅជារដ្ឋាភិបាលសុចរិត។ អ្នកពាក់ព័ន្ធដែលមាននៅក្នុងបញ្ជីខ្មៅរបស់សហគមន៍អន្តរជាតិ នៅតែមានសេរីភាព ដរាបនោះបញ្ហាការបោសសម្អាតប្រភពឧក្រិដ្ឋកម្មនៅកម្ពុជា ក៏មិនអាចទៅរួចដែរ ដូចយើងឃើញហើយនៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកក្តី ឬសហគមន៍អន្តរជាតិក្តី សុទ្ធតែមានមន្ត្រីគ្រាក់ៗក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយអ្នកជំនួញដែលមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជា ហើយអ្នកទាំងអស់នោះ កំពុងតែពួនសម្ងំហើយរស់នៅយ៉ាងមានសេរីភាពនៅលើទឹកដីនៃប្រទេសកម្ពុជា»។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ ត្រូវតែបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឱ្យអស់។ បើតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ចេញកាលពីពេលថ្មីៗនេះ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេក្លោងនិងបក្ខពួកចំនួន៦៩៧នាក់។ ក្នុងចំណោមនោះ មានជនជាតិចិនច្រើនជាងគេ បន្ទាប់មកមានជនជាតិវៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងថៃជាដើម រួមទាំងមេក្លោងជនជាតិចិនកាន់សញ្ជាត្តិខ្មែរ លោក ចេន ហ្ស៊ី ដែលជាអតីតទីប្រឹក្សា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលត្រូវបានចាប់បញ្ជូនទៅប្រទេសចិនផងដែរ។
ប៉ុន្តែយ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនឧកញ៉ា ហ៊ុន តូ បងប្អូនជីដូនមួយ លោកហ៊ុន ម៉ាណែត ឧកញ៉ាទ្រី ភាព ឧកញ៉ាលី យ៉ុងផាត់ និងឧកញ៉ាកុក អាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗជិត៣០នាក់ផ្សេងទៀត ដែលសិ្នទ្ធនឹង លោក ហ៊ុន សែន ហើយមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរកឃើញថា បានគប់គិតគ្នារកស៊ីឬធ្វើជាខ្នងបង្អែកឱ្យឧក្រិដ្ឋជនអនឡាញអន្តរជាតិ ដើម្បីរកប្រាក់ចំណូលឱ្យគ្រួសារហ៊ុន និងគណបក្សប្រជាជនកម្ពុជាណាម្នាក់នៅឡើយទេ៕









