បទបញ្ជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ជាប់សែស្រឡាយមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ត្រូវគេជឿថា វាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ ពីប្រព័ន្ធច្បាប់ស្ថិតក្រោមអំណាចបុគ្គល ជំរុញឱ្យការអនុវត្តច្បាប់មានស្ដង់ដារពីរ រវាងក្រុមគ្រួសារអ្នកមានអំណាច និងពលរដ្ឋ។
ក្រោយមានគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាក្រុមរហូតដល់ ៥នាក់ និងកូនក្នុងផ្ទៃម្នាក់ កាលពីថ្ងៃទី២៧ ខែមីនា បង្កឡើងដោយកូនមន្ត្រីជាន់ខ្ពស់នគរបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យមានប្រតិកម្មចម្រុះពីអ្នកប្រើប្រាស់បណ្តាញសង្គមព្រោងព្រាត។ នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កក្រើកមួយទៀត ដែលបង្កឡើងដោយកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ។ ប៉ុន្តែ ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។
មន្ត្រីនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការអនុវត្តច្បាប់មិនស្មើភាពបានបង្កឱ្យមានស្ដង់ដារពីរ និងមានការរិះគន់បែបនេះ។ លោកបន្តថា ពលរដ្ឋតែងតែប្រើប្រាស់បណ្ដាញសង្គមរិះគន់មន្ត្រីអនុវត្តច្បាប់ ផ្ទុយទៅវិញ បើករណីខ្លះដែលពលរដ្ឋមិនអើពើ វានាំឱ្យការអនុវត្តច្បាប់មិនមានប្រសិទ្ធភាព ពិសេសចំពោះជនបង្កដែលមានសែស្រឡាយអ្នកមានអំណាច និងមានលុយជាដើម។
លោកថា៖ «ចំណុចនេះ យើងឃើញថា វាទៅជាមហាជនបានប្រើប្រព័ន្ធបណ្ដាញសង្គមហ្នឹង ធ្វើជាតុលាការដើម្បីវិនិច្ឆ័យទៅវិញ។ ដែលចំណុចនេះ វាមិនមែនជារឿងល្អសម្រាប់សង្គមជាតិទេ អ្វីដែលសំខាន់ ប្រទេសយើងយើងមានច្បាប់ អញ្ចឹងការអនុវត្តច្បាប់ឱ្យមានសមភាព ស្មើភាពគ្នាចំពោះមុខច្បាប់ វាជារឿងមួយដែលធ្វើឱ្យសង្គមយើងហ្នឹងមានការគោរពច្បាប់ មានការខ្លាចរអានឹងច្បាប់ ទោះបីជាអ្នកបង្កឬក៏អ្នកប្រព្រឹត្តហ្នឹង មានឋានន្តរសក្ដិ ឬក៏មានខ្នងបង្អែកឯណាក៏ដោយ ច្បាប់គឺច្បាប់»។
បន្ថែមពីនេះ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តច្បាប់ឱ្យតឹងរ៉ឹង កុំចាំមានបញ្ជាពីមេដឹកនាំកំពូល ហើយបើសិនជាអាជ្ញាធរណាមិនអនុវត្តច្បាប់ដោយតម្លាភាព ឬដោយស្ដង់ដារពីរនោះ មន្ត្រីមានសមត្ថកិច្ចត្រូវមានវិធានការលើក្រុមមន្ត្រីទាំងនោះតាមច្បាប់កំណត់ ដើម្បីបញ្ចៀសបញ្ហាកើតឡើងដដែលៗ។ យ៉ាងណាក៏ដោយ លោកគាំទ្រប្រមុខរាជរដ្ឋាភិបាល ដែលមើលឃើញនូវភាពអសកម្មជុំវិញការអនុវត្តច្បាប់រកយុត្តិធម៌ដល់ជនរងគ្រោះ។
នៅព្រឹកថ្ងៃទី៣១ ខែមីនា លោក ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត ដើម្បីរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ យកមកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
សាររបស់លោក ហ៊ុន ម៉ាណែត មិនមែនថ្មីទេ។ កន្លងទៅ លោកក៏ធ្លាប់បញ្ជាដាច់ណាត់ដូចគ្នានេះដែរ ដើម្បីចាប់ខ្លួនជនបង្កនៅនឹងកន្លែង ខណៈមន្ត្រីអមដំណើរបានទះដៃកងរំពងគាំទ្រសម្ដីលោក ហ៊ុន មាណែត។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «កន្លងទៅ អារឿងបុកមនុស្សអីនឹង នៅចាំបាច់សុំគោលការណ៍? ខ្ញុំសុំចេញបទបញ្ជាអញ្ចេះ បើសិនជាមានបទល្មើសជាក់ស្តែង ឧទាហរណ៍ បើកឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ ចាប់តែម្តងទៅ ឃាត់ខ្លួនតែម្តងទៅ! ហើយបើគាត់តវ៉ា វ៉ៃខ្នោះតែម្តងទៅ! បាទ ហើយកូនប៉ូលិសធ្វើចុះ មិនបាច់ចាំសុំទៅស្នងការទេ ចាប់ចុះ!» ។
វីអូឌី ពុំអាចសុំការបំភ្លឺជុំវិញការតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍នេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេ នៅថ្ងៃទី៣១ ខែមីនា។
ប៉ុន្តែ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ស្នងការរងខេត្តបន្ទាយមានជ័យ លោក ស៊ីវ សុជាតិ ជាឪពុក បានចូលបំភ្លឺដល់ស្នងការខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ មីនា ខណៈជនបង្កជាកូនប្រុសបន្តគេចខ្លួន។
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកមោងឫស្សី ដែលសម្លាប់មនុស្ស៦នាក់ កាលពីយប់ថ្ងៃទី២៧ ខែមីនា ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញលិខិតកោះហៅម្ចាស់រថយន្ត លោក ស៊ីវ ជ័យសិទ្ធិ រស់នៅរាជធានីភ្នំពេញ ដែលជាកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ លោក ស៊ីវ សុជាតិ មកបំភ្លឺនៅស្នងការខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមេសា។
ការកោះអញ្ជើញជនសង្ស័យរបស់សមត្ថកិច្ចខេត្តបាត់ដំបង ក៏រងការរិះគន់ពីពលរដ្ឋតាមបណ្ដាញសង្គមជាច្រើន ខណៈករណីជនបង្កជាពលរដ្ឋសាមញ្ញ គឺត្រូវបានសមត្ថកិច្ចចុះចាប់ខ្លួនភ្លាមៗ ដោយមិនទុកពេលវេលាកោះហៅចូលបំភ្លឺនោះឡើយ។
អ្នកស្រាវជ្រាវកិច្ចការសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ករណីនេះ ជាការអនុវត្តច្បាប់ស្ដង់ដារពីរ សូម្បីតែលិខិតរបស់ប៉ូលិសដែលហាក់ដូចជាប្រើពាក្យមានការយោគយល់ជាងជនសាមញ្ញធម្មតា។ លោកបន្តថា ករណីនេះ មិនមែនត្រូវហៅមកបំភ្លឺទេ គឺត្រូវចាប់ខ្លួនតែម្ដង ព្រោះវាករណីស្លាប់មនុស្សដល់ ៦នាក់។
លោកថា៖ «កូនមន្ត្រីធំៗខ្លះ គេមិននិយាយទាំងអស់ទេណា វាតែងតែមានរឿងអាក្រក់អញ្ចឹងញឹកញាប់កើតឡើង ហើយគេសួរថា តើមន្ត្រីធំៗទាំងអស់ហ្នឹងគាត់ប្រដៅកូនគាត់យ៉ាងម៉េច។ ហើយគេលើកឡើងបន្ថែមមួយទៀតដែលកាន់តែធ្ងន់បន្តិច គេថា ជាញឹកញាប់ក្នុងប្រពៃណីខ្មែរយើង កូនមន្ត្រីធំៗទាំងអស់ហ្នឹង គឺច្រើនតែបញ្ជូនទៅឲ្យកាន់តំណែង តែងតាំងឲ្យកាន់តំណែងតាមបក្សពួកនិយម គ្រួសារនិយមអីនៅតាមស្ថាប័នរដ្ឋ ឬក៏ស្ថាប័នរបស់ខ្លួនណា។ អញ្ចឹងគេសួរថា តើពួកនោះអាចនឹងយកវប្បធម៌និទ្ទណ្ឌភាពទៅប្រើការនៅពេលដែលខ្លួនឯងហ្នឹង បានទៅជាមន្ត្រីរបស់រដ្ឋាភិបាលដែរយ៉ាងម៉េចនៅក្នុងស្ថាប័នដែលគេតែងតាំងណា»។
លោកបន្តថា ករណីនេះ នឹងបង្កលប៉ះពាល់វែងឆ្ងាយ បើការអនុវត្តច្បាប់មានស្ដង់ដារពីរ។ លើសពីនេះ លោកប្រៀបធៀបថា អ្នកមានលុយ គឺអាចរួចខ្លួន ដូចករណីកូនប្រុសអភិបាលស្រុកកងមាស ដែលបើកបរស្រវឹងបុកក្មេងឱ្យរបួសធ្ងន់ ហើយឧកញ៉ាខ្លះមានឈ្មោះជាប់គុក ប៉ុន្តែមកដេកម៉ាស៊ីនត្រជាក់នៅក្រៅជាដើម។
របាយការណ៍ក្នុងឆ្នាំ២០២៥ បង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ១ ៤៦៧នាក់ ស្លាប់ដោយសារគ្រោះថ្នាក់។ ក្នុងនោះការបើកបរហួសល្បឿនកំណត់ គឺជាមូលហេតុឈានមុខគេ។ ក្រៅពីនេះ មានកត្តាមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។
ចំណែកអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សរសេរលើហ្វេសប៊ុកថា គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ លែងជាឧបទ្ទវហេតុទៀតហើយ វាបានក្លាយទៅជាសកម្មភាពភេរវកម្ម ដែលឆក់យកជីវិតពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ៕









