ប្រទេស​អេស្ប៉ាញ​បិទ​ដែន​អាកាស​ចំពោះ​យន្ត​ហោះ​អាមេ​រិក​​ដែល​​ពាក់​​ព័ន្ធ​​នឹង​​សង្រ្គាម​​អ៊ីរ៉ង់

រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ទីក្រុង​ម៉ាឌ្រីត លោក​ស្រី ម៉ារហ្គារីតា រ៉ូប្លេស​ (Margarita Robles) បាន​មាន​ប្រសាសន៍​ថា ប្រទេស​អេស្ប៉ាញ​បាន​បិទ​ដែន​អាកាស​របស់​ខ្លួន ចំពោះ​យន្ត​ហោះ​អាមេរិក​ដែល​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​ប្រទេស​​អ៊ីរ៉ង់។

លោក​ស្រីបា​ន​បន្ត​ថា «យើង​នឹង​មិន​អនុញ្ញាត​ឱ្យប្រើប្រាស់ [មូលដ្ឋានទ័ព] Morón និង Rota សម្រាប់​សកម្ម​ភាព​ណាមួ​យ​ដែល​ពាក់​ព័ន្ធ​នឹង​សង្រ្គាម​ក្នុង​ប្រទេស​អ៊ីរ៉ង់​​នោះ​ទេ» ដោយ​បន្ថែម​ថា អេស្ប៉ាញ​បាន «បញ្ជាក់​រឿង​នេះ​យ៉ាង​ច្បាស់​ទៅ​កាន់​រដ្ឋាភិ​បាល​អាមេ​រិក​តាំង​ពី​ដំបូង​មក​ម្ល៉េះ»។

រដ្ឋមន្ត្រីការបរទេសលោក José Manuel Albares បានថ្លែងថា គោលបំណងនៃ​ការ​សម្រេច​ចិត្ត​នេះ គឺ​ដើម្បី​ «មិន​ធ្វើ​អ្វី​ដែល​អាច​ជំរុញ​ឱ្យ​មានកា​រកើ​ន​ឡើង​នៃ​សង្រ្គាម​នេះ»។

សហរដ្ឋអាមេរិក មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗនោះទេ ប៉ុន្តែប្រធានាធិបតី Donald Trump ធ្លាប់​បាន​គំរាម​កំហែង​ដាក់​ទណ្ឌ​កម្ម​លើ​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ទាំង​ស្រុង ប្រឆាំង​នឹង​ប្រទេស​អេស្ប៉ាញ ចំពោះ​ការ​ប្រឆាំង​នឹង​សង្រ្គាម​​អ៊ីរ៉ង់​នេះ។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅចុងខែកុម្ភៈមក នាយករដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក Pedro Sánchez គឺ​ជា​អ្នក​ប្រឆាំង​ដ៏​សកម្ម​បំផុត​ម្នាក់​ចំពោះ​ការ​វាយ​ប្រហារ​របស់​អាមេ​រិក និង​អ៊ីស្រាអែ​ល​លើ​អ៊ីរ៉ង់ ដោយ​ហៅ​សកម្ម​ភាព​ទាំង​នោះ​ថា​ជា​ការ «មិន​ទទួល​ខុស​ត្រូវ» និង «ខុស​ច្បាប់»។

កាលពីដើមខែមីនា លោក Sánchez បាននិយាយថា អេស្ប៉ាញបានបដិសេធមិន​ឱ្យ​អាមេរិក​ប្រើ​ប្រាស់​មូល​ដ្ឋាន​ទ័ព​រួម​គ្នា​ពីរ​ គឺ Rota និង Morón ដែល​ស្ថិត​នៅក្នុ​ង​តំបន់ Andalusia នោះ​ទេ។

កាលពីថ្ងៃទី​២៥ខែ​មីនា​​សប្តាហ៍​មុន លោក​ក៏​បាន​ប្រកាស​ផង​ដែរ​ថា៖ «រាល់​គម្រោង​ហោះ​ហើរ​ទាំង​អស់​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​ប្រតិ​បត្តិ​ការ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​បដិ​សេធ – គឺ​គ្រប់​គម្រោង​ទាំង​អស់ រួម​ទាំង​យន្ត​ហោះចា​ក់​ប្រេង​​ផង​ដែរ»។

លោកបានមានប្រសាសន៍ថា៖ «យើងជាប្រទេសដែលមានអធិបតេយ្យ​ភាព ដែល​មិន​ប្រាថ្នា​ចង់​ចូល​រួម​ក្នុង​សង្រ្គាម​ខុស​ច្បាប់​ឡើយ»

យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកមួយចំនួន ដែលពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានដាក់​​ពង្រាយ​​នៅ​មូល​ដ្ឋាន RAF Fairford ក្នុងតំបន់ Gloucestershire នៃចក្រភពអង់គ្លេស បន្ទាប់ពីនាយក​រដ្ឋមន្ត្រី Sir Keir Starmer បានប្រកាសកាលពីថ្ងៃទី១ ខែមីនាថា ចក្រភពអង់គ្លេសបានយល់ព្រម​តាម​សំណើរបស់សហរដ្ឋ​អាមេរិក។

យន្តហោះដែលហោះចេញពីទីនោះ នឹងត្រូវបង្ខំឱ្យហោះវាងឧបទ្វីបអាយប៊ីរៀ (Iberian) ភាគច្រើន ដោយ​ហោះ​កាត់​មហា​សមុទ្រអាត្លង់ទិកខាងកើត ឬប្រទេសបារាំងជំនួសវិញ។

កាសែតអេស្ប៉ាញ El País បានរាយការណ៍ថា យន្តហោះទាំងនោះ អាចធ្វើដំណើរឆ្លងកាត់ដែនអាកាសអេស្ប៉ាញ ឬចុះ​ចតនៅមូលដ្ឋានទ័ពបាន លុះត្រាតែមានករណីអាសន្នប៉ុណ្ណោះ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍រយៈពេល ១០ នាទីកាលពីថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានរំលឹក​ដល់សង្រ្គាម​នៅអ៊ុយក្រែន និងហ្គាហ្សា ក៏ដូចជាសង្រ្គាមអ៊ីរ៉ាក់កាលពីជាង ២០ ឆ្នាំមុន ហើយបាននិយាយ​ថា ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញអាចសង្ខេបបានថា «ទេចំពោះសង្រ្គាម»។

ក្រោយមកនៅក្នុងខែមីនា ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសអេស្ប៉ាញបាននិយាយថា ទីក្រុងតេអេរ៉ង់នឹងទទួលយក​សំណើ​ពីទីក្រុងម៉ាឌ្រីតទាក់ទងនឹងការឆ្លងកាត់ច្រកសមុទ្រ Hormuz ពីព្រោះអេស្ប៉ាញ «បានប្តេជ្ញាចិត្តចំពោះច្បាប់អន្តរ​ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ