លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលសកម្មនិយាយពីបញ្ហាព្រំដែន ត្រូវសាលាឧទ្ធរណ៍កាត់ឱ្យបន្តមានទោស ដូចតុលាការជាន់ទាប និងដកសិទ្ធិធ្វើនយោបាយ ការណ៍នេះ ជំរុញឱ្យមានការលើកឡើងថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងដើរផ្ទុយពីបំណងពលរដ្ឋ ដែលចង់អ្នកនយោបាយផ្សះផ្សាជាតិ ដើម្បីរួមគ្នាទប់ទល់ទៅនឹងបរទេសឈ្លានពានទឹកដី។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បាននិយាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោក រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២៥។
លើសពីនេះ សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានបន្ថែមការផ្តន្ទាទោសលើ លោក រ៉ុង ឈុន ដោយបានដកហូតសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ តាមបញ្ញតិ្តមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ ។ លោក រ៉ុង ឈុន សុំមិនទាន់ធ្វើអត្ថាធិប្បាយ ដោយសំអាងថា មិនទាន់បានដឹងរឿងនេះនៅឡើយ ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ឱ្យសេចក្តីសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ បញ្ជាក់កាន់តែច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានបំណងផ្សះផ្សាជាតិ តាមបំណងពលរដ្ឋ ដើម្បីរួមគ្នាទាមទារទឹកដី ពីថ្ងៃឈ្លានពាននោះទេ។
មួយវិញទៀត លោកថា វិធានរបស់តុលាការនេះ ក៏ឆ្លុះបញ្ចាំងផងដែរថា មេដឹកនាំបក្សកាន់អំណាចខ្លាចស្រមោលខ្លួនមិនហ៊ានប្រកួតអំណាចតាមគន្លងប្រជាធិបតេយ្យទេ ព្រោះបានធ្វើប្រជាពលរដ្ឋឈឺចាប់ រងភាពអាស្រូវ ពុករលួយ និងធ្វើឱ្យបាត់បង់ទឹកដីទៅវៀតណាម និងថៃថ្មីៗនេះ។
លោកថា៖ «ខ្លាចស្រមោលខ្លួនឯងដោយសារបក្ខពួកអ្នកកាន់អំណាច ក្រុមគ្រួសារលោក ហ៊ុន សែន បច្ចុប្បន្នពាក់ព័ន្ធអំពើពុករលួយបក្ខពួកនិយម គប់គិតបំផ្លិតបំផ្លាញធនធានធម្មជាតិ និងចូលរួមចំណែកធ្វើឱ្យបាត់បង់ទឹកដី។ អីចឹងប្រជាប្រិយភាពអស់ហើយ មិនអាចស្តារមុខមាត់បានទេ ម្លោះហើយបានជាប្រើមធ្យោបាយទុចរិតនានា ដើម្បីកុំឱ្យអ្នកនយោបាយដទៃមិនឱ្យប្រកួតជាមួយខ្លួន»។
យ៉ាងណា លោកជំរុញឱ្យរដ្ឋាភិបាលមិនប្រញាប់កែខ្លួនតាមបំណងពលរដ្ឋ ដោយថាសម័យទំនើបនេះ រដ្ឋាភិបាលមិនអាចបិទបាំងរឿងអាស្រូវជាច្រើនបានទេ ដូចបញ្ហាពុករលួយ ការរំលោភដីធ្លី ការប្រើប្រាស់ប្រព័ន្ធតុលាការពង្រីកអយុត្តិធម៌សង្គម រួមទាំងធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងជាដើម ថ្ងៃណាមួយ ជនរងគ្រោះនឹងចុះតាមដងផ្លូវទាមទារយុត្តិធម៌។
សម្រាប់ប្រធានអង្គការប្រជាធិបតេយ្យនៅប្រទេសអូស្ត្រលី លោក ស៊ឹង សែនករុណា និយាយថា លោកមិនភ្ញាក់ផ្អើលរឿងនេះទេ ដោយលោកដឹងថា តុលាការជារបស់បក្សកាន់អំណាច ហើយធ្វើតាមការបង្គាប់បញ្ហាជារបស់ក្រុមគ្រួសារលោក ហ៊ុន សែន តែប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា ក្នុងស្ថានភាពដែលថៃឈ្លាពានដូចបច្ចុប្បន្ន មេដឹកនាំដែលស្រឡាញ់ជាតិ មេដឹកនាំដែលចេះការពារជាតិ មិនប្រើមធ្យោបាយបែបនេះទេ គឺត្រូវបើកលំហប្រជាធិបតេយ្យ បង្រួបបង្រួមជាតិ តែផ្ទុយទៅវិញ បើបន្តកាត់ទោសខ្មែរគ្នាឯង វាមិនខុសពីការចូលដៃជាមួយបរទេសឈ្លានពាននោះទេ ។
លោកថា៖ «ពីព្រោះគេខ្លាចកម្ពុជាទៅបានវាលុះត្រាតែគេមើលឃើញថា កម្ពុជាមានសាមគ្គីជាតិរឹងមាំ ប៉ុន្តែបច្ចុប្បន្នអត់ទេ ប្រទេសជាតិធ្លាក់ក្នុងស្ថានភាពដុនដាបប៉ុណ្ណឹងហើយ នៅតែអាចធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយខ្មែរដូចគ្នាបាន ដែលអានេះគេហៅថា ចូលរួមបំផ្លាញជាតិដោយប្រយោល ចូលរួមជាមួយប្រទេសជិតខាងឱ្យឈ្លានពានទៅលើប្រទេសយើងបន្តទៅទៀត អាហ្នឹងគេឃើញកាន់តែច្បាស់»។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំប្រតិកម្មឆ្លើយតបជុំវិញ ការលើកឡើងនេះបានទេ។
យ៉ាងនេះក្តី បើតាមលីកាដូ ការតម្កល់ការផន្ទាទោស លោក រ៉ុង ឈុន ធ្វើឡើងជុំវិញការចោទប្រកាន់ថា លោក រ៉ុង ឈុន បានបញ្ចេញមតិទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ។
លោក រ៉ុង ឈុន ដែលជាសកម្មជនសិទ្ធិការងារ និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិចាស់វស្សាមួយរូប ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីឆ្នាំ២០២១ និងធ្លាប់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ១៥ ខែផងដែរ ។
ការផ្តន្ទាទោសជាលើកទីពីរ ចំពោះបទចោទ ញុះញង់ ដដែលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ហើយសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ដោយដាក់ទោសពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក) និង ដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតរបស់លោក ជាអចិន្ត្រៃយ៍ ។
លោក រ៉ុង ឈុន និងមេធាវីរបស់លោក មិនមានវត្តមានក្នុងសវនាការនារសៀលនេះទេ ហើយមេធាវីរបស់លោកបានសរសេរលិខិតស្នើសុំពន្យារពេលសវនាការ តែត្រូវបានតុលាការបដិសេធ៕









