អ្នកឃ្លាំ​មើល​ឱ្យរដ្ឋ​កាត់​ទោស​មន្ត្រី​ពុក​រលួយ​ដើម្បី​លុប​បំបាត់​​វប្បធម៌​​គំរាម​​អ្នក​​កាសែត

ក្រុម​អ្នក​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​សារ​ព័ត៌​មាន ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​បោស​សម្អាត​មន្ត្រី​ពុ​ក​រលួយ​ ជំរិត​ទារ​ប្រាក់​ពី​ជន​បរទេស ក្នុង​យុទ្ធនា​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ដើម្បី​មុខ​មាត់​ប្រទេស ជាជាង​ទុក​ឱកាស​ឱ្យ​ពួក​គេ​ទម្លាក់​កំហុក​ដាក់​អ្នក​កាសែត ដែល​បាន​រាយ​ការណ៍​រឿង​អាស្រូវ​ពុក​រលួយ។​

ថ្មីៗ​នេះ លោក យួន ឈីវ ចាងហ្វាងសារព័ត៌មាន Koh Kong Hot News ប្រឈម​នឹង​បណ្តឹង​ចោទ​ប្រ​កាន់​ចំ​នួន​ពីរ ពី​មន្ត្រី​នៅ​ខេត្ត​កោះ​កុង និង​ខេត្ត​ពោធិ៍​សាត់ ក្រោយ​ធ្វើ​សេចក្តី​រាយ​ការណ៍​​រឿង​អាស្រូវ​ពុក​រលួយ ជំ​រិត​ទារ​ប្រាក់​ជន​ជាតិ​​ចិន ក្នុង​ប្រតិ​បត្តិ​ការ​ចុះអ​នុវ​ត្ត​​ច្បាប់ រក​ប​ទ​ល្មើស​ឆបោកតាមអនឡាញ ។

លោក យួន ឈីវ ឱ្យដឹងថា រូបគាត់ រងការចោទ​ពីបទ ​បរិហាកេរ្តិ៍ ​ទោះ​បីការចុះផ្សាយរបស់លោក គោរពវិជ្ជាជីវៈ យោង​​តាម​ប្រភពពីជនរងគ្រោះ និង​ស្វែងរកការបំ​ភ្លឺពីមន្ត្រីដែល​រងការចោទ គឺអភិបាល​រងខេត្តកោះ​កុង លោក ហាក់ ឡេង ក៏​ដោយ។

លោកថា អត្ថបទ​ចុះផ្សាយថ្ងៃទី២០ ខែ​​មីនា ឆ្នាំ២០២៦  ដែលបានចុះផ្សាយតាមប្រភពជនរង​គ្រោះថា ពួកគេ​​៧នាក់ ដែលមាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ តែ​ត្រូវ​មន្ត្រី​រូប​នោះ បញ្ជូន​ទៅ​ដោះ​ស្រាយ​នៅ​ស្នង​ការ​ខេត្ត​កោះ​កុង ខណៈពួកគេទាំងនោះ បានទិញ​សំបុត្រយន្តហោះ ត្រៀម​​​វិល​ទៅ​កាន់​​​​​ប្រទេសចិន​វិញ នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​​២០២៦ តែបែរ​​​ជាត្រូវ​សមត្ថកិច្ច ដក​​ហូត​យក​លិខិតឆ្លងដែន ។

រឿងដាច់ដោយឡែកមួយទៀត លោកថា ប្រភពបានបានអះអាងមក​ថា លោក ហាក់ ឡេង ​បានដោះលែង​ជន​ជាតិចិន​ចំនួន ៤នាក់ ដែល​គ្មានលិខិតឆ្លងដែន ជាថ្នូរ​នឹងតម្រូវឱ្យ​បង់ប្រាក់​​ចំនួន ​​៤​ម៉ឺន​​​​ដុល្លារ​សហអាមេរិក និងបញ្ហាមិនបក្រតីផ្សេងទៀត ប្រហាក់​ប្រហែលគ្នា​នេះ ពាក់ព័ន្ធនឹងសមត្ថកិច្ច​នៅខេត្តពោធិ៍សាត់។

លោកបន្តថា ជុំវិញសេចក្តីរាយការណ៍នេះ លោក​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ស្នង​ការ​ខេត្ត​ពោធិ៍​សាត់ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ ករណី​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បន្ទាប់​មក​នៅថ្ងៃទី២ ខែ​មេសា ឆ្នាំ​២០២៦ ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ស្នង​ការ​នគរបាល​ខេត្ត​កោះ​កុង តាម​បណ្តឹង​របស់​រដ្ឋ​បាល​ខេត្ត​នេះ ។

យ៉ាងណា អ្នកកាសែត​រូបនោះ ចង់ឃើញរដ្ឋាភិបាល​ផ្តល់​យុត្តិ​ធម៌​ឱ្យ​លោក និង​ចាត់​វិធាន​ការ​លើ​មន្ត្រី​ខិល​ខូច ដើម្បី​លើក​ទុក​ចិត្ត​ដល់អ្នកដែលបានជួយផ្សព្វផ្សាយសំឡេងជនរងគ្រោះ ។

លោកថា«ខ្ញុំមិន​មានចេតនាណាញុះញង់ ឬបង្កឲ្យមានផលប៉ះពាល់អ្វីមួយទេ គឺ​យោងតែ​​ទៅ​​​តា​​ប្រភព។ តែមិនបានឲ្យខ្ញុំកែតម្រូវណាមួយឲ្យបានច្បាស់លាស់ទេ តែបែរជាទៅប្តឹងយើងខ្ញុំវិញ។​ កុំចេះតែ​​ងា​​ប្តឹ​​ង កុំចេះ​​តែ​ងាកៗ​​ចេះ​តែចាប់ចង ពាក់ព័ន្ធនឹងការធ្វើព័ត៌មានកន្លងមកនេះ»

វីអូដី នៅមិនអាចទាក់ទង លោក ឈិត រតនៈ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង និងខេត្តពោធិ៍សាត់ ​ដើម្បី​​បំ​ភ្លឺ​​​ជុំវិញ​ករណី​ខាង​លើ​​បាន​ទេ​គិតត្រឹមម៉ោងផ្សាយនេះ។

ប៉ុន្តែ​ លោក ហាក់ ឡេង ធ្លាប់បដិសេធការចោទនេះ​នៅពេល​សារព័ត៌មាន Koh Kong News សាក​សួរ​ជុំ​វិញ​​ការ​ចោទ​ពី​ជន​រង​គ្រោះ។

លោកថា​៖ «ខ្ញុំឆ្លើយដោយខ្លី បើសិនរឿងហ្នឹងជារឿងពិត អ្នកណាធ្វើអ្នកហ្នឹង​ទទួល​​ខុសត្រូវ ហើយ​​ឲ្យសួរទៅ​​ម្ចាស់ផ្ទះ ឬម្ចាស់​​គោលដៅទាំងអស់ហ្នឹងទៅ​​យើងបើកសិទ្ធិឱ្យ»

ដោយឡែក លោក តិល សាមុត អ្នកសារព័ត៌មាន​នៅ​គេហទំព័រ «បាយ៉ងថែមស៍» និយាយថា យុទ្ធនាការ​​លុប​បំ​បាត់ Scam Online នឹង​មិន​ជោគ​​ជ័យទេ បើរដ្ឋាភិបាលមិនចាត់វិធានការមន្ត្រីពុករលួយ ហើយ​ទាំង​អ្នក​រាយ​​ការណ៍​ពី​អំពើ​​ពុក​​រលួយ​រង​ការ​គំរាម​កំហែង​នោះ។

លោកថា«មនុស្សដែលខិលខូចនេះ មិនសប្បាយចិត្តជាមួយអ្នក[...]ផ្សព្វផ្សាយ​ព័ត៌​មាន​ពិតទេ។ គាត់​​តែង​​​​តែរិះរកគ្រប់មធ្យោបាយ ដើម្បី​កាច់បំបាក់អ្នកហ៊ាននិយាយការពិតហ្នឹង។ នេះ​​ជាបទពិសោធន៍របស់​ខ្ញុំគឺតែងតែជួបរឿងបែបហ្នឹង»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ​និយាយ​ថា អ្នកសារព័ត៌មានមានវិជ្ជាជីវៈ​​ជា​តួ​អង្គ​សំខាន់ ចូលរួមជំរុញអភិបាលកិច្ច ហើយថា បើរដ្ឋាភិបាលមានឆន្ទៈលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញ​ពិត​មែន ត្រូវ​បើក​ការស៊ើបអង្កេត​រក​ការ​ពិត ហើយ​ចាត់​វិធាន​ការ​លើ​មន្ត្រី​ខិលខូច ទើបជោគជ័យ។

លោកថា«ខ្ញុំគិតថា ត្រូវមានគណៈកម្មការពិសេសមួយពីថ្នាក់ជាតិ​ ពីអគ្គស្នងការនគរបាលជាតិ ស៊ើប​​អង្កេត​​អំពីបញ្ហានេះ។ ថាតើ​ហេតុអ្វី​​បាន​​ជាកើតមានបញ្ហានេះកើតឡើង […] ហើយ​​​នៅ​​ខេត្តកោះ​​កុងក៏​​ដូ​​​គ្នា​​ដែរ គឺត្រូវធ្វើការស៊ើបអង្កេតថែមទៀតពីបញ្ហានេះ មិនត្រឹមតែកោះហៅអ្នកសារព័ត៌មានទៅទេ? »

មួយវិញទៀត លោកថា រដ្ឋាភិបាលមិនត្រូវបណ្តែតបណ្តោយរឿងនេះ​បានទៀតទេ ដោយថា អំពើ​ពុក​រលួយ​ជា​​ការ​គំរាម​កំហែង​ដល់​លំហូរ​ភ្ញៀវ​ទេសចរ និងអ្នកវិនិយោគនៅកម្ពុជា។

លោកថា៖ «យើងធ្វើអញ្ចឹង ធ្វើឲ្យភ្ញៀវទេសច​ភ័យខ្លាច​រអារ ជាពិសេសភ្ញៀវទេសចរចិន ដែលគេចង់​​ចូល​ទ​ស្សនាប្រទេសយើងហ្នឹង។ មកដល់ឱ្យតែឃើញចិន យើងចាប់ផ្តើមឆែកឃាត់​ឬយ៉ាង​​ម៉េច?រឿងនេះត្រូវធ្វើ​​​ការស៊ើបអង្កេត ហើយបកស្រាយឲ្យបានច្បាស់លាល់​ ថាតើជនបរទេសដែលចូលមកស្រុកខ្មែរ ត្រូវដក​ហូតលិខិតឆ្លង​ដែនឬក៏យ៉ាងម៉េច?​[…]អីចឹងបានខ្ញុំទាមទារឲ្យមាន​ការ​​ស៊ើប​អង្កេត​មួយ ដើម្បី​លុប​លា​ង​ទាំងអស់គ្នា។ មិនត្រឹមតែកោះហៅអ្នកសារព័ត៌មាននោះទេ»

ចំណែក ​លោក អំ សំអាត ​នាយកទទួលបន្ទុកកិច្ចការទៅនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ មើល​​ឃើញ​ថា កន្លង​មក មាន​អ្នក​សារ​ព័ត៌​​មា​ន​ជា​ច្រើន​រូប បាន​រង​គ្រោះ​ដោយ​សារ​​ការ​បំពេញ​វិជ្ជា​ជីវៈ ​​ចុះយ​​ក​ព័ត៌​​មាន ឬ​ក៏​ផ្សព្វ​ផ្សាយ​ព័ត៌​មាន ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​​ត្រូវ​​បាន​តុលាកា​​រចោទ​​ប្រកាន់​ពីប​ទ​ល្មើស​​​ព្រហ្ម​ទណ្ឌ​ផ្សេងៗ។

លោកបន្តថា ​អ្នកសារព័ត៌មាន គឺ​​​មានច្បាប់​ស្តីពី​របបសារព័ត៌មាន ដែលត្រូ​វលើក​យក​មកអនុវត្ត ដោយមិន​ត្រូវ​យក​​ច្បាប់ព្រហ្មទណ្ឌ មកអនុវត្តចំពោះអ្នកសារ័ពត៌មានឡើយ។ ប៉ុន្តែលោកថា ជារឿយៗ ​អាជ្ញាធរមិនដែលយក​ច្បាប់ស្តីពីរបបសារព័ត៌មាននេះ មកអនុវត្តចំពោះអ្នកសារព័ត៌មានជា​មុនទេ គឺគេប្រើប្រាស់ក្រមព្រហ្ម​ទណ្ឌ ដែលជាការដាក់ទោសទណ្ឌជាប់ពន្ធនាគារ ដែលថានេះជាបញ្ហាដែលធ្លាប់បានកើតឡើង ។

លោកថា«បញ្ហានេះ គឺវាជះឥទ្ធិពលមិនល្អទៅដល់សិទ្ធិសេរីភាព​​សារ​ព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ដែលគេហៅ​ថា ការរិតត្បិតនៃលំហរសេរីភាពសារព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់នៅក្នុងការផ្តល់ព័ត៌មាន និង​ការ​ទទួល​​ព័ត៌មានរបស់ប្រជាពលរដ្ឋ »

សម្រាប់ លោក អំ សំអាត យុទ្ធនាការបង្ក្រាបឬលុបបំបាត់បទ​ល្មើស Scam Online របស់​​ប្រ​មុខ​​ដឹក​​នាំ​រ​​ដ្ឋាភិ​បាល ទំនង​ជា​នឹងមិនទទួលជោគជ័យច្រើនទេ បើសិនជា​គ្មានការចូលរួមចំណែក ផ្តល់ព័​ត៌មាន​ពិតពី​​ប្រជា​ពលរដ្ឋ និងអ្នកសារព័ត៌មានឲ្យបានទូលំទូលាយ​នោះទេ។

លើសពីនេះ លោក មឿន ឈាន​ណារិទ្ធ សាស្ត្រា​ចារ្យផ្នែកសារព័ត៌មាន បាន​ឲ្យដឹងដែរថា​ បើ​យោ​ង​តា​ម​មាត្រា​​១០ នៃ​​ច្បាប់ស្តីពី​​របប​សារ​ព័ត៌​មាន​​កម្ពុជា បុគ្គលណាមួយ ដែលយល់​ថាអ្នក​សារព័ត៌​មាន បាន​ចុះ​ផ្សាយ​អ​ត្ថបទ​មិនពិត ហើយ​មានលក្ខណៈ​បរិហារ ​ធ្វើ​ឲ្យ​ខូច​​​កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់បុគ្គ​លនោះ​​ គឺ​​បុគ្គ​ល​រូប​នោះ អាច​មាន​សិទ្ធិដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ។ ហើយ​​តុលាការ​អាច​​សម្រេច​​​ចំ​នួន ​៣ករណី៖ ទី១​៖ អាចសុំឲ្យអ្នកសារព័ត៌មានកែតម្រូវ។ អាចសុំឲ្យ​​អ្នកសារ​​ព័ត៌មានសុំអភ័យ​ទោស និងទី៣ អាចឲ្យ​អ្នក​សារ​​ព័ត៌​​មាន​​​សង​ជំងឺចិត្ត នៅ​ក្នុងរយៈពេល៧ថ្ងៃ។​ ​

ទោះយ៉ាងណា ក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីលើកតម្កើង​នូវសេរីភាពសារព័ត៌មាន ក៏ដូចជា​សេរី​ភាព​​​​​បញ្ចេ​​​ញ​មតិ គឺ​អាជ្ញាធរត្រូវមានការអត់ធ្មត់​ខ្ពស់បំផុត ចំពោះ​ការ​ដាក់​ទោស ឬការប្តឹងផ្ត​ល់ចំពោះ​អ្នក​សារ​ព័ត៌​​​មាន។

លោកថា៖ «ការដាក់ទោស និងការប្តឹងផ្តល់ណាមួយ​ចំពោះអ្នកសារព័ត៌មាន គឺត្រូវ​សមមាត្រ​នឹង​ទោស​កំហុស​របស់​អ្នក​សារ​ព័ត៌​មាន​ ជាពិសេស​ការ​ដាក់​ទោស ឬ​ការ​ប្តឹង​ផ្តល់​ណា​មួយ​ គឺ​ត្រូវ​សម​មាត្រ​នឹង​ទោស​កំហុស​របស់​អ្ន​​ក​សា​រ​ព័ត៌​​មាន ជាពិសេស​​​​​​ចំពោះ​តុលាការ ពីព្រោះ​ការ​ប្រកប​អាជីព​សារ​ព័ត៌​មាន​ដោយ​វិជ្ជា​ជីវៈ​របស់​​អ្នក​​​សា​រ​ព័​ត៌​មាន គឺ​កំហុស​​របស់អ្នកសារព័ត៌មាន គឺជា​កំហុស​ដោយសុចចិត្ត។ គឺអ្នកសារព័ត៌មាន មិន​មា​ន​គំនុំ​​គុំ​គួន ចង់សងសឹកអ្នកណាមួយនោះឡើយ »។

ដោយឡែក លោក ណុប វី នាយកប្រតិបត្តិ សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (CamboJa) បានចាត់ទុក ​ការកោះ​ហៅ​​អ្នក​​​សារ​ព័ត៌​​មាន​​​​ទៅ​បំភ្លឺ​​​​​​​លើ​​ការ​ចុះ​ផ្សាយ​ព័ត៌​​មាន​​រស៊ើប​អ្វី​មួយ ​​ដែល​ពាក់​ព័ន្ធ​​កិច្ច​ការ​ងារ​ របស់​សមត្ថ​កិច្ច​​ឬ​អាជ្ញាធរ ស្ទើរ​​ក្លាយ​​ជា​ទម្លាប់​​​ទៅ​​ហើយ នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន​។

លោកបញ្ជាក់ថា ជានិច្ច​ជា​​កាល​គេ​​​ឃើញ អាជ្ញាធរតែងជ្រើសរើសយកការដាក់ពាក្យបណ្ដឹង ប្រឆាំងនឹងអ្ន​ក​សារព័ត៌​មាន ដែលហ៊ានផ្សព្វផ្សាយ​នូវ​ចំណុច​​អវិជ្ជ​មាន​អ្វី​​មួយ​​​​​។ ជាក់ស្តែងដូចជាករណី​ភាព​មិន​ប្រក្រតី​ ដែល​កើត​ចេញ​ពី​ការ​ចុះ​អនុ​វត្ត​យុទ្ធនា​ការ​បង្ក្រាប Scam Online​​​ នៅខេត្តកោះ​កុង និងពោធិ៍សាត់​​ជាដើម។

សម្រាប់លោក ណុប វី សមត្ថកិច្ច ឬរដ្ឋបាលទាំងថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ គួរ​តែ​​ផ្តល់​​​ការ​​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារ​ព័ត៌​មាន​​ដែល​​បាន​ចូល​​រួម​​សហការ ផ្តល់របាយការណ៍​ពីចំណុ​ចអវិជ្ជ​​មាន​នានា ដើម្បីឈានទៅ​លុប​បំបាត់​បទល្មើស Scam Online ជាមួយ​រដ្ឋា​ភិបាល ​ជាជាង​​​មក​គម្រាមប្រើ​​ពាក្យបណ្តឹង ប្រឆាំង​អ្នក​កាសែត​ទាំង​នោះ។

លោក​ថា​​«ដូច្នេះបើមានការប្តឹងផ្តល់​ការចោទប្រកាន់បែបនេះ ខ្ញុំយល់ឃើញថា ជាសកម្មភាព​មួយបន្តុបង្អាក់ ចំពោះ​ចំណាត់​​ការរបស់រដ្ឋាភិបាល​[…]ក្នុងការដោះស្រាយ​លើករណី Scam Olineនេះ។ ហើយស្ថាប័ន​​​ពាក់​​ព័ន្ធគួរតែផ្តល់ព័ត៌មានបន្ថែម ជាជាងជ្រើសយក​ការប្តឹងផ្តល់ ដែលអាច​បន្តុចបង្អាក់​ទៅដល់ដំណើ​​ការនៃការចូលរួមចំណែករបស់វិស័យសារព័ត៌មាន »

យ៉ាងណា ការលើកឡើងខាងលើ​ហាក់​ស៊ីគ្នា​ទៅនឹ​ង​របាយ​ការណ៍​នានា ដែល​រក​ឃើញ​ថា សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​ បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បន្ទាត់​នយោបាយ ងាក​ចេញ​ពី​គន្លង​ប្រជា​ធិប​តេយ្យ​ជិត​១០​ឆ្នាំ​មក​នេះ ហើយ​រអិល​ទៅ​រក​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម ដែល​ប្រព័ន្ធ​ច្បាប់​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ឧបករណ៍​នយោ​បាយ​របស់​អ្នក​មាន​អំណាច។

ជុំវិញបញ្ហានេះ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ អង្គការ​អ្នកសារព័ត៌មានគ្មានព្រំដែន​ ​ហៅកាត់ RSF បានទម្លាក់​​ចំណាត់ថ្នាក់សេរីភាព​សារព័ត៌មានរបស់​កម្ពុជានៅ​ឆ្នាំ២០២៥​ ចំនួន ១០លេខ ពោល​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​១៥១ នៅ​ឆ្នាំ​២០២៤ ម​ក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។

ចំណែក ការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បីដាក់ទោសអ្នកកាសែត ដែលបានស៊ើប​អង្កេត និង​រាយ​ការណ៍ពី​បញ្ហា​រសើប​​ក៏​ត្រូវ​បាន RSF បញ្ចូល​ទៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ