មន្ត្រី​អាវុធ​ហត្ថ​ម្នាក់​នៅ​កំពង់ធំ​​រង​​ការ​​ចោទ​ថា​​យក​លុយ​​ពលរដ្ឋ​​ជាង​១ម៉ឺន​ដុល្លារ​ដើម្បី​រត់ការ​ចូល​ក្រប​ខណ្ឌរដ្ឋ

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​ក្រពើ ឃុំ​ទួល​គ្រើល​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​​​កំពង់ធំ ​អំពាវនាវ​ឱ្យ​មេបញ្ជាការ​កង​រាជ​​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស លោក សៅ  សុខា ជួយ​អន្តរាគមន៍​​ក្នុង​ករណី​​មន្ត្រី​អាវុធ​ហត្ថ​ម្នាក់​​នៅ​ខេត្ត​កំពង់ធំ​ឈ្មោះ រស់ តឿ បាន​​យក​លុយ​ពួកគាត់​ជាង ១ម៉ឺនដុល្លារ (១៤ ០០០ដុល្លារ) ជា​ថ្នូរ​រត់​ការ​កូនប្រុស​របស់​​គាត់ ឱ្យ​បម្រើ​ការ​ងារ​​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ការពារ​ជាតិ​ ក៏ប៉ុន្តែ​មិន​ជោគជ័យ​ជិត​២​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ក្រពើ ខេត្តកំពង់ធំ អ្នកស្រី អ៊ាវ លា វ័យ ៤៩ ឆ្នាំ លើក​ដៃ​សំពះ​ស្នើ​សុំ​​កិច្ច​អន្តរាគមន៍​ពី​លោក សៅ សុខា ព្រោះ​​ថវិកានោះ គ្រួសារ​អ្នកស្រី​បាន​ខ្ចី​បុល​​ពី​​ធនាគារ ដោយ​យកប្លង់ដី​ ​និង​ផ្ទះ​ធ្វើ​ជា​ទ្រព្យ​បញ្ចាំ។

អ្នកស្រី​អះអាង​តាមវីដេអូផ្សព្វផ្សាយ​តាមបណ្តាញសង្គមថា មក​ទល់​ពេល​នេះ ​អ្នកស្រី​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​សង​បំណុល​​ធនាគារនោះទេ ហើយអ្នកស្រី​ទទូច​ឱ្យ លោក រស់ តឿ ត្រូវសង​ប្រាក់​ជូន​គ្រួសារ​លោក​វិញ។

អ្នកស្រីថា៖ «គាត់​អត់​បាត់​ទេ លុយ​ខ្ញុំ​បើ​កូន​ខ្ញុំ​អត់​បាន​កើត​ការ​អី​ គាត់​ឱ្យ​មក​វិញ ១០០ លុយ​ខ្មែរ​ក៏​អត់​បាន​​ដែរ ដល់​ហេតុ​អី​ដល់​ខ្ញុំ​សួរ ដល់​គាត់​មាន​គាត់​​ឱ្យ។ អត់​ទាន់​មាន​ គាត់​ចាំ​យក​ពី​គេ​ដែរ តែ​ខ្ញុំ​អត់​ទេ ខ្ញុំ​ដាក់​ហ្នឹង​គាត់ ខ្ញុំ​ដឹង​នឹង​គាត់​ហ្នឹង»។

លិខិត​កិច្ច​សន្យា​១​សន្លឹក​ដែល​វីអូឌី​ទទួល​បាន​មាន​​ស្នាមមេដៃ​ម្ចាស់​​ប្រាក់ ឈ្មោះ អ៊ាវ លា និង​ស្នាម​​មេដៃ​អ្នក​​ទទួល​​ប្រាក់​​ ឈ្មោះ រស់ តឿ មុខ​​របរ​​ជា​​​មន្ត្រី​​អាវុធ​ហត្ថ​ មាន​​តួនាទី​​ជាប្រធាន​មន្ទីរ​ទំនាក់​ទំនង​កិច្ច​ការ​សាធារណៈ​នៃ​បញ្ជា​​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ។

ខ្លឹមសារ​ក្នុង​កិច្ច​សន្យា​នោះ មន្ត្រី​អាវុធ​ហត្ថ លោក រស់ តឿ បាន​ទទួល​​ប្រាក់ ១ម៉ឺន ៤ពាន់ដុល្លារ (១៤.០០០) នៅ​ថ្ងៃ​ទី​១៣ ខែ​​មិថុនា ឆ្នាំ​២០២៤។ ក៏​ប៉ុន្តែ​​មក​ទល់​ពេល​នេះ កូន​ប្រុស​អ្នកស្រី អ៊ាវ លា ​និង ស្វាមី គ្មាន​ឈ្មោះ​ក្នុង​ក្រប​ខណ្ឌ​​ក្រសួង​​ការពារ​ជាតិ​នៅ​ឡើយ​ទេ​ជិត២ឆ្នាំមកហើយ។ ពួកគាត់​រៀបរាប់ក្នុងវីដេអូថា ពេលនេះ​ពួកគាត់​ទាល់​ច្រក​​គ្មាន​លទ្ធភាព​រក​ប្រាក់​សង​បំណុល​ធនាគារ​។

ប្តី​អ្នកស្រី អ៊ាវ សា និយាយ​ថា៖ «អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ជួយ​ដោះស្រាយ ឱ្យ រស់ តឿ រក​លុយ​កាក់​ឱ្យ​ខ្ញុំ​​វិញ ព្រោះ​ខ្ញុំ​រាល់​ថ្ងៃកំ​ពុង​វេទនា អត់​មាន​លុយ​បង់​អង្គការ​​(ធនាគារ) ព្រោះ​ខ្ញុំ​រាល់​ថ្ងៃ​គ្មាន​មុខ​របរ រក​អី​​បាន​​ទេ មាន​តែ​កាប់​ជន្លេន ដើរ​ធ្វើ​ការ​ចម្ការ​បញ្ចាំ​គេ​អស់​រលីង​ហើយ»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ​​ពី​មន្ត្រី​អាវុធ​ហត្ថ លោក រស់ តឿ  បាន​នៅ​ឡើយ​ទេ​​នៅ​ថ្ងៃ​ទី០១ខែ​មេសា ដោយ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នកលើក។

ចំណែក​​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​វីអូឌីយ៉ាង​ខ្លី​​ថា​ កងអាវុធ​លើ​ផ្ទៃ​ប្រទេស​កំពុង​​ចាត់​វិធានការ​រឿង​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​ មន្ត្រី​អាវុធ​ហត្ថ​រូបណាប្រព្រឹត្ត​ល្មើស​ច្បាប់​នឹង​ចាត់វិធានការ​តា​ម​​ច្បាប់។

លោកថា៖ «យើង​កំពុង​ធ្វើ​ហ្នឹង​ហើយ អាហ្នឹង​បើ​គាត់​ធ្វើ​ល្មើស​ច្បាប់​ អនុវត្ត​ច្បាប់»។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចកា​​រ​ទូ​ទៅ​​អង្គការ​លីកាដូ លោក អំ សំអាត ពន្យល់​ថា​ ករណី​នេះ​​ជា​អំពើ​ពុក​រលួយ​​​ដោយ​អ្នក​រត់​ការ និង​អ្នក​ទទួល​ប្រាក់​​សំណូក​​ត្រូវ​មាន​ទោស​ដូចគ្នា​ ក៏ប៉ុន្តែ​ពលរដ្ឋ​អាច​មាន​ទោស​ស្រាល​ជាង​ដោយ​សារ​គាត់​អាចមិននឹងដឹងពីច្បាប់។

លោក​ថា កង​រាជ​រាជ​អាវុធ​ហត្ថ​គួរតែពន្លឿន​ស៊ើប​អង្កេត​ករណី​នេះ​ និង​ដោះស្រាយ​ ចៀសវាសង​កុំ​ឱ្យ​កើត​មាន​លើក​​ក្រោយ​ទៀត  ព្រោះ​ប៉ះពាល់​មុខ​មាត់​កង​រាជ​រាជ​អាវុធ​ហត្ថ។

លោក អំ សំអាត ថ្លែងថា៖ «បាទ​! នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​នេះ​ហើយ​ ជាពិសេស​កង​រាជ​រាជ​អាវុធ​ហត្ថ ត្រូវ​​មាន​ការ​បើក​ការ​ស៊ើប​ករណី​នេះ ដើម្បី​ស្វែង​រក​ការ​ពិត នឹង​ចាត់​វិធានការ​ច្បាប់​ ដើម្បី​ជា​គំរូ ទប់ស្កាត់​ករណី​នេះ ចៀស​វាង​កុំ​ឱ្យ​មាន​អំពើ​ទាំង​អស់​នេះ​កើត​ឡើង​ក្រោយ​ទៀត ​ពលរដ្ឋ​រងគ្រោះ»។

កន្លងទៅ រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ លោក ហ៊ុន ម៉ានី បាន​ដាក់​ចេញ​គន្លឹះ​ពង្រឹង​ធនធាន​មនុស្ស និង​ប្រសិទ្ធ​​ភាព​ការងារ​សាធារណៈ​ ដោយ​រួម​ចំណែក​លើក​កម្ពស់​យុត្តិធម៌​សង្គម​ ​ជំរុញ​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​​បម្រើ​ការងារ​រដ្ឋ ប្រកប​ដោយ​គុណភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​​ប្រសិទ្ធភាព ស្រប​តាម​និយាម​នីតិវិធី​​ប្រតិបត្តិ។

រីឯ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជ​ការ​ និងកងកម្លាំងប្រដាប់អាវុធផ្អែក​លើ​​សមត្ថភាព ដោយ​លោក ហ៊ុន ម៉ានី បញ្ជាក់​​​​ថា ការ​ប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រី​រាជការ​ មិន​ចាំបាច់​ត្រូវ​ស្គាល់​អ្នក​ធំ និងមាន​ខ្សែនោះទេ តែ​ចាំ​បាច់​ត្រូវ​មាន​សមត្ថភាព។

ក៏ប៉ុន្តែ​ពលរដ្ឋ​សង្កេត​ឃើញ​ថា ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នៅមាន​តិចតួច​នៅ​ឡើយ​ ខណៈ​ដែល​អំពើ​​ពុក​រលួយ​នៅ​តែ​កើត​មាន​ច្រើន ទាល់តែផ្ទុះរឿងល្បីតាមបណ្តាញសង្គម ទើបអាជ្ញាធរចាត់វិធានការមួយៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ