អាជ្ញាធរ​ខេត្ត​បាត់​ដំបង​រង​ការ​រិះ​គន់​ក្រោយ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​មួយ​អង្គ​ដោយ​​សារ​​ការ​​បញ្ចេញ​​មតិ

ខណៈ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​៦នាក់​ មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ​នោះ ​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​បាត់​ដំបង បែរ​ជា​សស្រាក់​សស្រាំ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​មួយ​អង្គ សកម្ម​​​លើក​ឡើង​ពី​​បញ្ហា​សង្គម និង​រឿង​​ថៃ​ឈ្លាន​ពាន​ទឹក​ដី។

ព្រះសង្ឃគង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្តបច្ឆា ព្រះ​នាម ជា វុទ្ធី ត្រូវ​បាន​អាជ្ញា​ធរ​ឯក​សណ្ឋា​ន​ស៊ី​វិល​​រុញ​ចូល​ឡាន​ភ្លាមៗ បន្ទាប់​ពី​ព្រះអង្គ​ចេញ​ពី​ជួប​ព្រះ​ចៅអ​ធិការ​វត្ត​ពោធិ៍​វាល នៅ​ប្រហែ​ល​ម៉ោង​​៨​ព្រឹក។

បើតាមព្រះសង្ឃមួយអង្គស្ថិតក្នុងហេតុការណ៍ព្រឹកនេះ បាន​បញ្ជាក់​ថា អាជ្ញាធរ​ពុំ​បាន​បង្ហាញ​​​ដីកា​ ឬ​ប្រា​ប់​​​ពី​មូ​ល​ហេតុនៃការចាប់ព្រះកាយព្រះអង្គ ជា វុទ្ធី ឡើយ ហើយ​ក៏​មិន​បាន​ប្រាប់​ថា​នឹង​នាំព្រះ​កា​យ​ទៅ​​ទីណា រហូតដល់​មានដំណឹង​ថា​ព្រះ​អង្គត្រូវបានចាប់ផ្សឹក​នៅ​ម៉ោង​ប្រហែល​៩ព្រឹក។

ព្រះសង្ឃអង្គនោះមានសង្ឃដីកាថា៖ «មិននឹកស្មានថាគេឱ្យលោក​ឡើង​ឡាន​ហើយ​ចាប់​ផ្សឹក​អ៊ីចឹង[…] ឡាន​​របស់​អាជ្ញាធរ មា​ន​ម៉ូ​តូផង មាន​ឡានផង ច្រើនដែរប្រហែលបួនដប់នាក់​នោះ។ […] ដូច​​អត់​​មាន​ប្រាប់​​អីផង គេគ្រាន់​តែនិ​មន្តលោកឱ្យឡើង​ឡាន ហើយ​អាត្មា​ខំ​ជិះ​តាម​ឡាន​​ដែរ ប៉ុន្តែ​អត់​ឃើញ​ឡាន រហូត​​​ដល់លេ​ចឮ​ដំណឹងថាចាប់ផ្សឹកបាត់ហើយ»។

អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស​​អាដហុក (ADHOC) លោក យិន ម៉េងលី បាន​បញ្ជាក់​ប្រាប់វីអូឌីថា ព្រះតេជ​ព្រះ​គុណ ជា វុទ្ធី ពិត​ជា​ត្រូវ​បាន​ផ្សឹក​ពិត​មែន ខណៈ​​អាជ្ញា​ធ​រ​ក៏បាន​បញ្ជូន​លោក​ទៅ​តុលាការ​ខេត្ត​បាត់​ដំបង​ផង​ដែរ។

លោកថា៖ «លោកត្រូវបានផ្សឹក ហើយបញ្ជូន​ទៅតុលាការ​ហើយ»។

ព្រះតេជព្រះគុណ ជា វុទ្ធី គឺជា​សកម្មជន​ភេទ​សង្ឃ​មួយ​អង្គ​ដែល​តែង​តែ​បញ្ចេញ​មតិ​ឈឺ​ឆ្អាល នឹង​ប​​ញ្ហា​​សង្គម​ជាតិ ខណៈ​ព្រះ​អង្គ​​ក៏ជាពលរដ្ឋអ្នកសារព័ត៌មានសកម្មផងដែរ។

ពលរដ្ឋនៅខេត្តបាត់ដំបង ធ្លាប់សាង​ផ្នួសជាង១០​វស្សា គឺ​លោក ព្រហ្ម សិលា រិះ​គន់​ទង្វើ​អាជ្ញាធ​រ​ខេត្ត​​បាត់​ដំបង ថា​ទុរយស និង​អគុណ​ធម៌ ជាន់​ឈ្លី​ទាំង​ច្បាប់​ជាតិ និង​ពុទ្ធ​វិន័យ។ លោក​បាន​​ពន្យល់​ថា ការ​ចាប់​ផ្សឹក​អាច​ធ្វើ​បាន​ លុះ​ត្រា​ព្រះ​សង្ឃ​អង្គ​នោះ ប្រព្រឹត្ត​ខុស​នឹង​បរាជិក​ទាំង​៤ ដែល​មា​​នចែ​ង​ក្នុង​ព្រះ​ត្រៃ​បិដក។ 

លោក ព្រហ្ម សិលា និយាយថា៖ «ការចាប់ផ្សឹកព្រះសង្ឃនៅបាត់ដំបងហ្នឹង គឺ​មិន​ត្រឹម​ត្រូវ​តាម​ព្រះ​វិន័យ​ទេ ដោ​យ​សា​រ​ព្រះ​សង្ឃ​អង្គ​នោះ មិន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ត្រូវ​ទោស​បរា​ជិក រហូត​ដល់​ថ្នាក់​អស់​​ភេទ​ជា​ព្រះ​សង្ឃ​ទេ ហើយ​ការ​ចាប់​ផ្សឹក​​បែប​នេះ ​គឺ​ជា​​ការ​ចាប់​ផ្សឹក​ដោយ​បង្ខំ ហើយ​ប្រ​សិន​បើបុ​គ្គ​ល​​ដែ​​ល​គេត្រូ​វ​បង្ខំ​ឱ្យ​ផ្សឹក​ហ្នឹង នៅ​អាឡោះ​អាល័យ​​ភេ​ទ​ជា​ព្រះ​សង្ឃ គឺ​នៅ​តែ​ហៅ​ថា ជា​ព្រះ​សង្ឃ​ដដែល ទោះ​បី​ជា​គេ​បង្ខំ​ឱ្យ​ស្លៀក​ពាក់​ខោ​អាវ​ក៏​ដោយ»។

លើសពីការបំពានច្បាប់កំពូលរបស់ជាតិ ដែលចែងថា ព្រះសង្ឃ​​ក៏មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​​បញ្ចេញមតិ ពលរដ្ឋ​ខាង​លើបន្ថែមថា ករណីចាប់ផ្សឹកព្រះសង្ឃ នៅពេលនេះ គឺ​ស្មើ​នឹង​បំផ្លិច​​បំផ្លា​ញ​ព្រះ​ពុ​ទ្ធ​​សាសនា និងជាន់ឈ្លីលើការលះ​បង់​របស់​ព្រះសង្ឃ ដែល​ខំ​ការ​ពារ​អត្ត​សញ្ញា​ណ​ជា​តិ​ខ្មែរ​​រាប់​រ​​យឆ្នាំ​​​កន្ល​ង​​មក។ ករណី​នេះ លោក​ស្នើ​ឱ្យ​មេដឹកនាំ​កំពូល​កម្ពុជា​ គឺ​លោក ហ៊ុន សែន ពិនិត្យ​​លើក​​រណី​​​នេះ​​ឡើង​វិញ។

លោក ព្រហ្ម សិលា ថ្លែងថា៖ «ជាចុងក្រោយ គឺសូមស្នើដល់មេដឹកនាំកម្ពុជា (លោក ហ៊ុន សែន) ដែល​​​ជាអតី​ត​​ក្មេង​វត្ត ធ្លាប់​ស៊ី​បាយ​បាត្រ ធ្លាប់​បម្រើព្រះ​​សង្ឃ​ ដឹង​ទុក្ខ​ធុរៈ​ព្រះ​សង្ឃ​ហ្នឹង គួរ​តែ​យោគ​យល់ ហើយ​​និង​អធ្យា​ស្រ័យ​ ហើយ​និង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ព្រះ​សង្ឃ​ដែល​ធ្វើការ​សង្គម ឬ​ក៏​មាន​មន​សិការ​ជាតិ។ ហើយ​បើ​យើង​មើល​ទៅ​លើ​ប្រវត្តិ​ដើម​វិញ អក្សរ​សាស្ត្រ​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ ដែល​អាច​គង់​វង្ស​នៅ​បាន​ គឺ​ដោយ​សារ​តែ​មាន​ការ​ចូល​រួម​អភិរក្ស​ដាច់​អហង្ការ ​ពី​សំណាក់​ព្រះ​សង្ឃ​នៅ​តាម​វត្ត​អារាម​ហ្នឹង ដែល​បាន​បន្ត​កេរ​មរតក​វប្ប​ធម៌ អក្សរ​សាស្ត្រ​អី ដល់​យើង​ប្រើ​សព្វ​ថ្ងៃ​ កុំ​អី​ហ្នឹង គឺ​បារាំង​បង្ខំ​យើង​ឱ្យ​​ប្រើ​អក្សរ​ឡា​តាំ​ងដូ​ច​យួន ដូច​អី​បាត់​ទៅ​ហើយ»។

នៅមុនការចាប់ព្រះកាយ ព្រះតេជព្រះគុណ ជា វុទ្ធី ធ្លាប់ប្រាប់ទៅមនុស្សជិតស្និទ្ធព្រះអង្គថា មាន​អ្ន​កគំ​រាមឱ្យព្រះ​អង្គចុះចូលជាមួយគណបក្សកាន់អំណាច តែព្រះអង្គមិនព្រម រហូតត្រូវ​បាន​មន្ទីរធម្មការ និងសា​សនាខេត្ត​បាត់ដំបង និមន្តទៅជួបនៅវត្តពោធិ៍វាល និង​ឈាន​​ដល់ការ​ចាប់​ផ្សឹក ហើយវា​យខ្នោះ​បញ្ជូនទៅតុលាការ។

វីអូឌី មិនអាចទាក់ទងស្នងការនគរបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ និង ប្រធាន​​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបាត់ដំបង លោក គុណ សម្បត្តិមុនីរតន៍ ដើម្បីសុំកា​រ​​អត្ថាធិ​ប្បាយ​​លម្អិត​ជុំវិញ​ករណីនេះបានទេ នៅថ្ងៃទី១ ខែមេសា។ ​

នេះមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ព្រះស​ង្ឃ មាន​ទាំង​ការ​ជេរ​ប្រមាថ ហិង្សា និង​ចាប់​ផ្សឹក​ដាក់​ពន្ធនា​គារ រាល់​ព្រះស​ង្ឃ​អង្គ​ណា​ដែល​ចូល​រួម​សកម្ម​ភាព​នយោ​បាយ​ និង​ការ​បញ្ចេញ​មតិ។

ស្របពេលដែលកម្ពុជាកំពុងញាំញីដោយបញ្ហាទាំងក្នុងតំបន់ និងសកល ជាពិសេស​គឺ​ជន​បង្ក​គ្រោះ​​ថ្នា​ក់​​ចរា​ចរណ៍​សម្លាប់​​ជីវិត​មនុ​ស្ស​ជាច្រើ​ន​នាក់ បន្ត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ ទាម​ទារ​ឱ្យ​​អាជ្ញាធរ​ខេត្ត​បាត់​​ដំបង និង​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ដោះ​ស្រាយ​បញ្ហា​​ពិ​ត​​ប្រា​កដ​នៅ​ចំពោះ​មុខ ជា​ជាង​បិទ​ខ្ទប់​សំឡេង​រិះ​គន់​ និង​ការ​បញ្ចេ​ញ​មតិ​ដែល​គ្រាន់​​​តែ​មាន​បំណ​​ង​ច​ង់​​​កែ​លម្អ​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ