រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា បន្តប្រើដៃតុលាការកម្ចាត់ខ្មែរដូចគ្នា ដើម្បីពង្រឹងអំណាច លើទីលានប្រកួតខ្វះសុចរិតភាព ហាក់មិនខ្វល់ខ្វាយប្រើយន្តការអន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យថៃដកកងទ័ពចេញពីដីខ្មែរជាង៥០កន្លែង ទោះពេលនេះថៃ ពង្រីកការឈ្លានពានដីខ្មែរតាមទំនើងចិត្តក្តី។
ការរិះគន់នេះ កើតមានឡើងខណៈនៅព្រឹកថ្ងៃទី១ខែមេសានេះ អាជ្ញាធរខេត្តបាត់ដំបងបានកោះហៅព្រះសង្ឃមួយអង្គព្រះនាម ជា វុទ្ធី ទៅសាកសួរហើយចាប់ផ្សឹក វ៉ៃខ្នោះភ្លាមៗ បញ្ជូនទៅតុលាការទាំងព្រឹក បន្ទាប់ពីព្រះសង្ឃអង្គនេះ បានបញ្ចេញមតិលើបណ្តាញសង្គម ពាក់ព័ន្ធនិងបញ្ហាព្រំដែនកម្ពុជា-ថៃ។
លើសពីនេះ កាលពីថ្ងៃទី៣១ខែមីនា សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ជាមួយគ្នានេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបន្ថែមការផ្តន្ទាទោសលើ លោករ៉ុង ឈុន ដោយបានដកហូតសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា អតីតមេដឹកនាំសហជីពរូបនេះបានបញ្ចេញមតិ ទាក់ទងនឹងការបោកប្រាស់តាមអនឡាញ និងបញ្ហាព្រំដែន កម្ពុជា-វៀតណាម។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី បានថ្លែងថា លោកមិនមានអ្វីចម្លែកចំពោះការសម្រេចរបស់តុលាការកម្ពុជានោះទេ ពីព្រោះតុលាការនេះ មិនមែនជាតុលាការដែលមានវិជ្ជាជីវៈមានចំណេះជំនាញច្បាប់ ហើយប្រកាន់នូវជំហ៊យុត្តិធម៌តាមផ្លូវច្បាប់ ក្នុងការកាត់សេចក្តីនោះទេ។ លោកបញ្ជាក់ថា គ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថា តុលាការនេះគឺជាឧបករណ៍បម្រើនយោបាយឱ្យមេដឹកនាំគណបក្សកាន់អំណាច។
លោកថា៖ «មេដឹកនាំគណបក្សកាន់អំណាចហ្នឹងឯង ដែលជាអ្នកត្រួតត្រាគ្រប់គ្រង ហើយធ្វើសេចក្តីសម្រេចជំនួសឱ្យតុលាការហ្នឹង ចង់ដើរតួផ្តល់នូវយុត្តិធម៌ទៅឱ្យអ្នកនយោបាយក៏អត់អាចធ្វើទៅបានដែរ ពីព្រោះវាអាចអស់តំណែងអស់អំណាច។ អ៊ីចឹងគ្មានអីក្រៅពីធ្វើការសម្រេចសេចក្តីតាមការគូសវាសរបស់មេដឹកនាំបក្សនយោបាយ ឬមេដឹកនាំប្រទេសដែលកាន់កាប់អំណាចនឹងទេ។ សម្រាប់ខ្ញុំ អត់មានអីចម្លែកទេ បើគាត់ចង់ដកសិទ្ធិនយោបាយទៅលើអ្នកនយោបាយរូបណាមួយ អាចធ្វើបានគ្រប់ពេលគ្រប់វេលា»។
សម្រាប់ លោក ករុណា ការធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គឺគ្មានឥទ្ធិពលអ្វីជាមួយគណបក្សកាន់អំណាចនោះទេ ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ និងការបន្តធ្វើទុក្ខបុកម្នេញឥតឈប់ឈរលើមេដឹកនាំ និងសកម្មជននយោបាយបក្សប្រឆាំង ដែលមានប្រជាប្រិយភាព រហូតដល់ពួកគេភាគច្រើនបានភៀសខ្លួនទៅក្រៅប្រទេសអស់ និងការបន្តឃុំខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព មិនឱ្យមានសេរីភាពធ្វើនយោបាយ។
លោកថា នៅក្នុងស្ថានភាពដែលថៃកំពុងតែឈ្លានពានកម្ពុជាបែបនេះ មេដឹកនាំដែលស្រឡាញ់ជាតិពិតប្រាកដ គេមិនប្រើអំណាចកម្ទេចកម្ចាត់បំផ្លាញខ្មែរគ្នាឯង ដូចរដ្ឋាភិបាលគ្រួសារហ៊ុននៃបក្សប្រជាជនកំពុងតែបន្តធ្វើនាពេលបច្ចុប្បន្ននេះទេ។
លោកថា៖ «មិនមែនធ្វើមធ្យោបាយបែបនឹងនោះទេ គឺត្រូវបើកនូវលំហប្រជាធិបតេយ្យធ្វើការបង្រួបបង្រួមជាតិកុំឱ្យឃើញរូបភាពបែកបាក់ជាតិ ពីព្រោះកាលណាយើងធ្វើការសម្រេចចិត្តដាក់ទោសទណ្ឌធ្វើទុកបុកម្នេញ ទៅលើមេដឹកនាំនយោបាយបន្តទៅទៀត វាស្មើនឹងយើងកំពុងបំផ្លាញជាតិហើយ។ ហើយឱ្យបណ្តាប្រទេសសត្រូវដែលជាអ្នកជិតខាងហ្នឹង គេកាន់តែបានចិត្តគេលែងខ្លាចកម្ពុជាហើយ ពីព្រោះគេខ្លាចកម្ពុជាទៅបាន លុះត្រាតែកម្ពុជាបង្ហាញអំពីភាពរឹងមាំសាមគ្គីជាតិរឹងមាំ។ តែបច្ចុប្បន្នអត់ទេ ស្ថានភាពប្រទេសធ្លាក់ចុះដុនដាបប៉ុណ្ណឹងហើយ នៅអាចធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយដូចគ្នាតទៅទៀតបាន នេះជារឿងមួយដែលគេហៅថាចូលរួមបំផ្លាញជាតិដោយប្រយោល ចូលរួមជាមួយប្រទេសជិតខាងឱ្យឈ្លានពានទៅលើប្រទេសជាតិយើងបន្តទៅទៀត អាហ្នឹងកាន់តែគេឃើញច្បាស់»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែងថា សាលាឧទ្ធរណ៍ភ្នំពេញ ជាតុលាការផ្តេសផ្តាស ដែលធ្វើអ្វីៗទៅតាមតែបញ្ជាពីមេដឹកនាំបក្សកាន់អំណាច ខណៈលោកហ៊ុន សែនដែលត្រូវបានលើកបន្តុបដោយវៀតណាម កំពុងប្រើគ្រប់មធ្យោបាយដើម្បីកម្ទេចខ្មែរគ្នាឯង ធ្វើឱ្យខ្មែរចុះខ្សោយ បើទោះបីជាទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត តែងតែនិយាយពីការបង្រួបបង្រួមជាតិក្តី។ លោកថា ករណីលោក រ៉ុង ឈុន នេះជាករណីសំខាន់ណាស់ ដោយសារស្ទើពេញមួយជីវិតរបស់គាត់ បានធ្វើការតស៊ូមតិដើម្បីសេរីភាព ដើម្បីយុត្តិធម៌សង្គម និងដើម្បីការពារបូរណៈភាពទឹកដី ដោយមិនដែលឃើញគាត់ធ្វើសកម្មភាពអ្វីដែលក្បត់ជាតិនោះទេ។ ប៉ុន្តែបែរជាត្រូវបានគេចោទប្រកាន់ទាំងអយុត្តិធម៌បំផុត។
បន្ថែមពីនេះ បើតាម លោក ម៉ែន ណាត ការបន្តធ្វើទុក្ខបុកម្នេញលើលោក រ៉ុង ឈុន ជាការឆ្លុះបញ្ចាំងថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ខ្លាចស្រមោលខ្លួនឯង ពីព្រោះពួកគាត់គ្មានសមត្ថភាពដឹកនាំប្រទេសឱ្យបានជឿនលឿននិងធ្វើឱ្យបាត់បង់ទឹកដីជាបន្តបន្ទាប់។
លោកថា៖ «មេដឹកនាំបច្ចុប្បន្នក្រុមគ្រួសារ លោក ហ៊ុន សែន និងបក្ខពួកអ្នកកាន់អំណាចទាំងអស់ សុទ្ធតែពាក់ព័ន្ធនឹងអំពើពុករលួយបក្ខពួកនិយមគប់គិតបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមចំណែកនៅក្នុងបញ្ហាទឹកដីធ្វើឱ្យបាត់បង់។ អ៊ីចឹងហើយបើនិយាយពីប្រជាប្រិយភាពក្នុងរឿងនេះ គឺបាត់បង់អស់ហើយ មិនអាចស្តារមុខមាត់បានទៀតទេ។ ម្ល៉ោះហើយបានជាប្រើមធ្យោបាយទុច្ចរិតនានា ទប់ស្កាត់អ្នកដទៃនឹងមិនឱ្យប្រកួតប្រជែងនយោបាយជាមួយខ្លួន ហើយប្រើមធ្យោបាយយោធាកម្លាំង ដើម្បីបង្ក្រាបពលរដ្ឋគ្នាឯងហ្នឹងមិនឱ្យងើប ឬក៏មិនឱ្យតស៊ូមតិឬបញ្ចេញមតិយោបល់ ដើម្បីការពិតដើម្បីយុត្តិធម៌ទេ»។
វីអូឌី មិនអាចទាក់ទង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី១ខែមេសានេះ។
ប៉ុន្តែលោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់វីអូឌីកាលពីសប្តាហ៍មុនដោយបានបដិសេធចំពោះការរិះគន់ដែលថា មេដឹកនាំគណបក្សប្រជាជនលូកដៃចូលច្រៀតជ្រែកអំណាចរបស់តុលាការ។ លោកអះអាងថា តុលាការធ្វើការដោយឯករាជ្យ ហើយអ្នកនយោបាយដែលត្រូវបានកាត់ទោសឱ្យមានទោស ដោយសារតែពួកគេបានប្រព្រឹត្តខុសច្បាប់។
យ៉ាងណាក្តី លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ លើកឡើងថា ចំណាត់ការរបស់តុលាការលើ លោក រ៉ុង ឈុន គឺគ្មានអ្វីចម្លែកនោះទេ ដោយសារតែតុលាការកម្ពុជា គឺជាអ្នកអនុវត្តគោលនយោបាយរបស់គណបក្សកាន់អំណាច ក្នុងការកម្ទេចអ្នកនយោបាយប្រឆាំងដែលជាគូប្រជែង។ លោកថា ពេលនេះលោករ៉ុង ឈុន ប្រៀបដូចជាមនុស្សស្លាប់មួយចំហៀងខ្លួន ដោយសារតែតុលាការបានដកសិទ្ធិធ្វើនយោបាយរបស់គាត់។
លោកថា៖ «ដោយឡែកវោហាសាស្ត្រនយោបាយនៃការរួបរួមសាមគ្គីរបស់ លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាភាសាប្រជាភិថុតិ ហើយមានតែទ្រឹស្តីប៉ុណ្ណោះ រីឯការប្រែក្លាយទៅជាសកម្មភាពជាក់ស្តែងមិនអាចកើតមានឡើយ។ ជាតឹកតាងយើងឃើញថា គណបក្សប្រឆាំង ឬក៏អ្នកដែលរិះគន់ពីបញ្ហាអសកម្មនៃការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត នៅតែត្រូវបានចាប់ខ្លួន និងទទួលរងការចោទប្រកាន់ជាបន្តបន្ទាប់»។
សម្រាប់ លោក ចាន់ឡូត ការបន្តធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើ លោក រ៉ុង ឈុន ក៏ដូចជាគណបក្សកម្លាំងជាតិ ប្រាកដណាស់លោកអាចទូស្សទាយបានថា គណបក្សកម្លាំងជាតិ នឹងមិនអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨បានទេ ហេតុដូច្នេះជម្រើសសម្រាប់គណបក្សនេះ គឺមានតែទៅរួបរួមជាមួយគណបក្សប្រឆាំងផ្សេងទៀត។
ចំណែក លោក មួង ណារ៉េត អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម ក៏ថ្លែងដែរថា ការសម្រេចរបស់តុលាការក្នុងការដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍របស់ លោក រ៉ុង ឈុន គឺជារឿងអយុត្តិធម៌ហួសហេតុ និងជាការបង្ហាញថា លោក ហ៊ុន សែន ខ្លាចប្រជាប្រិយភាពរបស់លោក រ៉ុង ឈុន ខណៈលោកថា នៅលើពិភពលោកនេះ គ្មានរដ្ឋាភិបាលណាមួយគេធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋខ្លួនឯង មិនឱ្យធ្វើនយោបាយបែបនេះនោះទេ។
លោកថា៖ «សហគមន៍អន្តរជាតិគេស្តាប់មកហ្នឹង គេថាយើងជាប្រទេសអាក្រក់មែនទែន។ ចាប់មេដឹកនាំគណបក្សប្រឆាំងដាក់គុកដូច លោក កឹម សុខា ២៧ឆ្នាំ អត់ឱ្យសិទ្ធិធ្វើនយោបាយឥឡូវមកលោក រ៉ុង ឈុនអីបន្តិចបន្តួចអស់ហើយ ចុងក្រោយគេដូចលោក រ៉ុង ឈុន ដូចជាមនុស្សនយោបាយចុងក្រោយគេ ទៀត! កាត់ដៃកាត់ជើងអត់ឱ្យធ្វើនយោបាយទៀត។ តើយើងចង់បានអីឱ្យប្រាកដខ្ញុំកំពុងតែឆ្ងល់? ហេតុអីបានជាអស់លោកខ្លាចស្រមោលខ្លួនឯងម្ល៉េះ លោក រ៉ុង ឈុន មានតែខោមួយចង្កេះ ហើយយើងមានស្អីគ្រប់យ៉ាងមានតុលាការ មានប៉ូលីស មានប៉េអឹម មានប្រព័ន្ធផ្សព្វផ្សាយទៅខ្លាចលោក រ៉ុង ឈុន ម្នាក់ឯងរកតែផ្ទះនៅអត់បាន។ នេះជាចំណុចខ្សោយបំផុតរបស់រដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកដឹកនាំកាន់អំណាច»។
លោក មួង ណារ៉េត បានចោទសួរថា តើកម្ពុជាអាចមានសុខសន្តិភាព មានការឯកភាពជាតិមានការរីកចម្រើនបានដែរទេ បើអ្នកកាន់អំណាចមាត់និយាយពីការបង្រួបបង្រួមជាតិ ប៉ុន្តែធាតុពិតជាក់ស្តែងឃើញតែបង្កើតឱ្យមានអំពើអយុត្តិធម៌បង្កការឈឺចាប់ដល់ពលរដ្ឋខ្លួនឯង។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានសរសេរនៅលើបណ្តាញសង្គមរបស់លោកបន្ទាប់ពីចេញពីចូលខ្លួនទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យមានការរើសអើងរវាងកម្មករយួន និងខ្មែរ» នៅថ្ងៃទី១ខែមេសានេះ បានចោទសួរថា តើពេលវេលាណាត្រូវបានស្រាយចំណងចេញ? សេរីភាពដែលមិនពេញលេញ ក្នុងទីលានប្រកួតប្រជែងនយោបាយ បែបគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នឹងទៅជាយ៉ាងណា សម្រាប់អ្នកនយោបាយជំនាន់ថ្មី ឬអ្នកជំនាន់ក្រោយ?។
ប៉ុន្តែទោះយ៉ាងណា លោកថា លោកមិនរុញរាឡើយ ពីព្រោះជីវិតនយោបាយរបស់លោក បានដាក់ជូនជាតិមាតុភូមិដ៏កំសត់មួយនេះរួចទៅហើយ គឺតស៊ូមតិដោយអហិង្សា មិនយកខ្មែរណាជាសត្រូវ ដើម្បីសេរីភាព និងសន្តិសុខមនុស្សជាតិ៕









