ឃាតកម្មនៅ​​ខេត្ត​ព្រះ​សីហនុ​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ខណៈ​​ខ្មាន់​​កាំភ្លើង​​មិន​ទាន់​ចាប់​ខ្លួន

ប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល និយាយ​ថា ក្រុង​ព្រះ​​សីហនុ ដែល​​​ជា​​ប៉ូល​សេដ្ឋ​កិច្ច​របស់​កម្ពុជា ​បណ្តុំ​​​ទៅ​​ដោយ​​​​​​ជន​​ជាតិ​ចិន​នោះ ពេល​នេះហា​ក់​ក្លាយ​ជា​កន្លែង​គួរ​ឱ្យ​ភ័​យ​​ខ្លាច ក្រោ​យ​មាន​ហេតុ​ការណ៍​បាញ់​​សម្លាប់​ មេ​​​ឧ​ក្រិ​ដ្ឋ​​ជន​អន​ឡាញ ជាង​មួយ​សប្តាហ៍​​ម​ក​នេះ សមត្ថ​កិច្ច​​​មិ​ន​​​​ទាន់​អាច​ចាប់​ខ្មាន់​កាំ​ភ្លើង​បាន។

កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថៅកែកាស៊ីណូម្នាក់ នៅខេត្តព្រះសីហនុ ដែលគេដឹងថា​ជា​មេឧក្រិដ្ឋ​ជន​អន​ឡាញ ជនជាតិតៃវ៉ាន់ ​ឈ្មោះ​Lin Bingwen ត្រូវខ្មាន់កាំភ្លើងបាញ់​សម្លាប់ ​ក្នុងសង្កាត់លេខ១ ក្រុង​​ព្រះសីហនុ ហើយ​មក​​ដល់​ពេលនេះ ​សមត្ថកិ​ច្ច​មិ​​ន​ទាន់ចាប់​​បានខ្មាន់កាំភ្លើងនៅឡើយ។

ជុំវិញឃាតកម្មនេះ អ្នកស្ត្រី រាម បុប្ផា ​រស់នៅសង្កាត់​១ ក្រុង​ព្រះសីហនុ ​បាននិយាយថា មូលដ្ឋាននេះ មាន​បញ្ហា​ជាច្រើន​បានកើតឡើង ដូច​ជា​ គ្រឿ​ង​​ញៀ​ន ពេស្យាចារ ស្គែម​អនឡាញ ចោរកម្ម ​ជាដើម ​ដែលគាត់ចង់​ឃើញមានការទប់ស្កាត់​ឱ្យមានប្រសិទ្ធភាព ​​។

អ្នកស្រីថា៖ «​សំខាន់គឺអាជ្ញាធរមូលដ្ឋាន ​នៅតាមមូលដ្ឋានទាំងអស់ហ្នឹង គឺគាត់ត្រូវតែតាមឃ្លាំមើ​ល​ដោ​យ​ប្រុ​ង​​ប្រយ័ត្ន ​និងនៅតែរឹត​បណ្តឹង ដើម្បីការពារសន្តិសុខ​សណ្តាប់ធ្នាប់​ ឲ្យមានការអនុវត្ត​ពេញ​លេញ រហូ​ត​​ដោយកុំ​បន្ធូរ​ដៃ ដើម្បីស្តារមុខមាត់ប្រទេសជាតិយើងឡើងវិញដែរ »។

​​ចំណែក ម្ចាស់អាជីវកម្ម​បំរើវិស័យទេសចរណ៍ លោក ឌួង សុភារិទ្ធ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និយាយ​ថា លោក​​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព ព្រោះ​មានឃាតកម្មកើតឡើង រួមទាំងបញ្ហាជាច្រើនទៀត ដែលបង្ក​​ឡើងដោយជន​ជាតិ​​ចិន។ យ៉ាងណា លោកចង់ឃើញ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​លុប​បំបាត់​ភាព​ភ័យ​ខ្លាច។​

លោកថា៖ «មានហានិភ័យណាស់ៗ ហើយបើសិនជាគេអាចជម្លៀសចេញពីប្រទេសហ្នឹងបាន អ្នកវិនិ​យោ​គ​​​រក​ស៊ីត្រឹម​​ត្រូវ គេនឹងចេញហើយ សូម្បីតែជនបរទេស មានកាំភ្លើងកាន់គ្រប់ដៃ​ទៅ​ហើយ ដល់ពេលអ​ញ្ចឹង​វាអត់មានសុវត្ថិ​ភាព​សោះ​ជុំវិញខ្លួន។ រកស៊ីជាមួយចិនឥឡូវ​យើងក៏មិនដឹងថា គួរ​បន្តរ​កស៊ី​ជា​មួយ​ទៀត ឬ​​ក៏​បញ្ឈប់​ការ​រកស៊ី​ជាមួយ ព្រោះមើលឃើញថា ពួកវាចូលមកខេត្ត​ព្រះ​សី​ហនុ ដូចអត់​ឃើញ​មួ​យ​ណា​ត្រឹម​ត្រូវ​ផង ព្រោះពួកវាសុទ្ធតែអាច​​មាន​ប្រដាប់អាវុធគ្រប់ដៃអញ្ចឹង?។ បើតែយ៉ាង​ៗហ្នឹង​ច​ង់​បាន​​​​អ្ន​ក​វិ​និយោគ​ច្បាស់​លាស់ត្រឹមត្រូវខាងផ្នែកទេស​ចរណ៍ ឬ​មួយ​ក៏​សណ្ឋាគារអីហ្នឹងដូច​ជាពិ​បាក​ណា​ស់​បង! »។

ដោយឡែក ស្នងការនគរបាលខេត្តព្រះសីហនុ លោក សរ រដ្ឋា បាន​អះអាងថា មកដល់ពេលនេះ សមត្ថកិ​​ច្ច​មិ​​ន​​​ទាន់​ចាប់ខ្លួនខ្មាន់កាំភ្លើងទាំងនោះបាននៅឡើយទេ តែថា កម្លាំង​ជំនាញ​​បាន​​កំណត់​​មុខ​​សញ្ញា​​​​ខ្មាន់​កាំ​ភ្លើង​​ទាំង​​នោះ​ហើយ។ នេះ​បើតា​ម​កា​រចុះផ្សា​យ​របស់កាសែតក្នុងស្រុក កាលពីថ្ងៃទី៣១ខែមីនា។

​​​​ចំណែក នាយកប្រតិបត្តអង្គការ​សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ និយាយថា ការដែល​ជន​ដៃដល់រុតរួចដោយ​​សុវត្តិភាព ក្នុងហេតុការណ៍បាញ់សម្លាប់មនុស្ស ហើយមក​ដល់ពេល​នេះ សមត្ថកិច្ចនៅមិនទាន់​ចាប់ខ្លួនខ្មាន់កាំ​ភ្លើង​បាន វាជាក្តីបារម្ភធំ​សម្រាប់​​សុវត្ថិភាព​​ពលរដ្ឋ និងអ្នកវិ​និ​​យោគ​នៅ​​តំបន់​នេះ។

យ៉ាងនេះក្តី លោកថា ដើម្បីស្តារទំនុកចិត្តឡើងវិញ រដ្ឋា​ភិ​បាល​ត្រូវពង្រឹងប្រសិទ្ធភាព​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និង​យន្ត​ការ​គ្រប់​គ្រង​ជនបរទេស។

លោកថា៖ ​«ដំណើររឿងនេះ ឃាតករបានសម្លាប់មនុស្ស ហើយគេចខ្លួនដោយសុវត្ថិភាព។ អញ្ចឹង​សួរ​ថា វិធាន​​ការគ្រប់​គ្រង​អាវុធជាតិផ្ទុះ សម្រាប់ជនដែលមិនមានសមត្ថកិច្ច វាស្ថិតនៅ​ក្នុងកំរិតណា?។ យើង​មើលថា វាកំពុងស្ថិតនៅក្នុងស្ថានភាពមួយគួរឲ្យបារម្ភ​មែនទែន​ ហើយជាមួយគ្នានោះដែរ ការកា​រពារសុ​វត្ថិ​ភាពដល់អ្នកវិនិយោគទុននៅ​ខេត្តទេសចរណ៍ ដូចជា ខេត្តព្រះសីហនុអីនេះ ខ្ញុំគិតថា គួរតែត្រូវបាន​អាជ្ញា​ធរ​​យ​កចិត្ត​ទុកដាក់រិតបន្តឹង ដើម្បីការ​ពារ​សុវត្ថិ​ភាព​ដល់​អ្នក​វិនិយោគ ហើយឈានទៅបង្ក្រាបឧក្រិដ្ឋជន ដែល​​​បង្កការបាញ់សម្លាប់ហ្នឹង!​»។

ប្រហាក់ប្រហែលនេះដែរ អ្នកស្រាវជ្រាវការសិក្សាផ្នែកផ្នត់គំនិត និងស្រាវជ្រាវ លោក សេក សុជាតិ ចាត់​ទុក​ឃាតកម្ម​នៅក្រុងព្រះសីហនុនេះ ​បានធ្វើឲ្យ​ប៉ះពាល់​ដល់មុខមាត់ និងកិត្តិយស​ប្រទេ​សកម្ពុ​​ជាធ្ងន់ធ្ងរ​ និងប​ង្ហា​ញ​ពី​​ភាពកម្សោយ​នៃការគ្រប់គ្រង។

លោកគូសបញ្ជាក់ថា ដើម្បីរំលុតការភ័យខ្លាចពីសំណាក់មហាជននិងអ្នកវិនិយោគ សមត្ថកិច្ចស្ថាប័ន​​ពាក់​ព័ន្ធ ​គួរ​ពន្លឿនចាប់ខ្លួនខ្មាន់កាំភ្លើងមកផ្តន្ទាទោស និងទប់ស្កាត់អំពើពុករលួយផងដែរ ។​

លោកថា៖ «បទល្មើសនេះបង្ហាញឲ្យឃើញពីចំណុចខ្សោយខ្លាំងកម្ពុជា មានអសន្តិសុខខ្ពស់ ហើយអ្ន​ក​ដែល​​រកស៊ីគឺគេខ្លាចមានបញ្ហាដល់ជីវិត ដោយសារតែបញ្ហាសន្តិសុខនៅកម្ពុជា​​​បែបសេរីពេក។ សេរីនេះ គឺនៅ​ត្រង់​ថា ការសម្លាប់មនុស្ស​នៅចំកណ្តាលទីក្រុង ហើយ​បែរជាឲ្យជនដៃដល់រួចខ្លួន ហើយមិនទាន់​មាន​​ការចាប់ខ្លួនដើម្បីស៊ើបអង្កេត និង​បញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅឡើយ»។

​មេឧក្រិដ្ឋជនអនឡាញតៃ​វ៉ាន់ម្នាក់ឈ្មោះ Lin Bingwen ត្រូវបានខ្មាន់កាំភ្លើងបាញ់​សម្លាប់​​នៅ​​ក្រុ​ងព្រះ​​សីហ​នុ កាល​ពី​យប់​ថ្ងៃ​​ទី២៣ ខែមីនា ឆ្នាំ២០២៦។

​គម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើ​ពុករលួយ OCCRP ធ្លាប់បានរាយការាណ៍ថា Lin Bingwen បាន​រត់គេចខ្លួន ពីការតាមចាប់របស់សមត្ថកិច្ចតៃវ៉ាន់ ក្នុងបទល្មើសល្បែងអនឡាញខុសច្បាប់ ក្នុងទំហំទឹកប្រាក់​ប្រមាណ ១.០៣​ពាន់​លាន​ដុល្លារ និង​​​បទ​ប្រតិបត្តិការផ្ទេរលុយខុសច្បាប់តាមប្រព័ន្ធធនាគារ។

បើ​តាមប្រភពនោះ សមត្ថកិច្ចតៃវ៉ាន់រកឃើញថា Lin Bingwen បានផ្ទេរលុយខុសច្បាប់ប្រមាណ ២១.៧ពាន់​លានដុល្លារ ដែលជាប់ទាក់ទង​ទៅនឹងប្រតិបត្តិការល្បែងអនឡាញ។

​មេឧក្រិដ្ឋល្បែអនឡាញដែលគេបាញ់សម្លាប់ក្នុងក្រុងព្រះសីហនុនេះ ក៏ជាអ្នករកស៊ីក្នុងទីផ្សារងងឹតក្នុងទីក្រុងម៉ាកាវ​ និង​បានយកលុយខុសច្បាប់ទៅលាងក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់តៃវ៉ាន់។

លើសពីនេះ មេឧក្រិដ្ឋជនរូបនេះ ក៏មានភាគហ៊ុន​រកស៊ី​ជាមួយដៃគូសហការរបស់​ជនជាតិចិនក្នុងវិស័យកាស៊ីណូ និងសណ្ឋាគារក្នុងទីក្រុងព្រះសីហនុដែរ។​

ជុំវិញបញ្ហានេះ ​អ្នកជំនាញភូមិសាស្រ្តនយោបាយបាយ លោក សេង វណ្ណលី ធ្លាប់និយាយថា ករណី​បាញ់​សម្លា​ប់​​​មេ​ឧក្រិដ្ឋជន ​ជនជាតិ​តៃវ៉ាន់នៅ​ក្រុង​ព្រះសីហនុនេះ គឺជា​ការ​ឆ្លុះបញ្ចាំង​​​ពី​ភាព​ធូររលុង​នៃ​ប្រព័ន្ធ​គ្រប់​គ្រ​ង​​​រដ្ឋបាល និង​សន្តិសុខ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោកគូសបញ្ជក់ថា វត្តមាន​ឧក្រិដ្ឋជន​ឆ្លងដែន ​ដែល​មាន​ដីកាចាប់ខ្លួន ប៉ុន្តែ​អាច​ចូល​មក​ជ្រកកោន និង​បន្ត​អាជីវ​កម្ម​​​បន​ល្បែងស៊ីសង​នៅ​កម្ពុជា​ដោយ​សេរី រហូត​ឈាន​ដល់​មាន​ករណី​បាញ់សម្លាប់​គ្នា​នេះ ​បង្ហាញថា កម្ពុ​ជា​​កំពុង​​មាន​វិបត្តិ​សន្តិសុខ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។

លោកថា៖ «ករណីនេះ ​ឆ្លុះបញ្ចាំង​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គឺ​ត្រូវ​បាន​បំផ្លាញ​ដោយ​ឧក្រិដ្ឋជន ដោយសារតែ​​​ពួកគេ​បាន​ប្រើប្រាស់​ឥទ្ធិពល​លុយកខ្វក់ ​ទិញ​សិទ្ធិ​ជ្រកកោន​លើទឹក​ដី​ខ្មែរ និង​ដើម្បី​ទទួល​បាន​ការ​ការ​ពារ​​​ពី​​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ