លោក រ៉ុង ឈុន ថា​មហាជន​នឹង​ផ្តល់​យុត្តិ​ធម៌​ឱ្យ​លោក​ទោះ​តុលាការ​តម្កល់​បទ​ចោទ

លោក រ៉ុង ឈុន ដែល​ស្គាល់​ថា​សកម្ម​​ជំរុញ​តម្លា​ភាព​សង្គម និង​បញ្ហា​ព្រំដែន បាន​និយាយ​ថា លោក​នឹង​បន្ត​ប្តឹង​ទៅ​តុលាការ​កំពូល ប្រឆាំង​នឹង​បទ​ចោទ​ទោះ​ដឹង​ថា​មិ​ន​ឈ្នះ​ក្តី​ក៏​ដោយ តែ​ថា​មហាជន​នឹង​ផ្តល់​យុត្តិ​ធម៌​ឱ្យ​លោក ខណៈ​សាលា​ឧទ្ធរណ៍ តម្កល់​ទោស និង​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ​លោក​ជា​អចិន្ត្រៃយ៍​ក៏​ដោយ។

ក្នុង​សន្និសីទសារព័ត៌មាន នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា​នេះ លោក រ៉ុង ឈុន បាននិយាយថា តាម​ច្បាប់លោកមាន​សិទ្ធិប្តឹងឱ្យសាលាឧទ្ធរណ៍ ឱ្យកាត់ក្តីសំណុំរឿងនេះឡើងវិញ ដោយថា ការតម្កល់បទចោទ​នេះ ឧទ្ធរណ៍​ធ្វើឡើងកំបាំងមុខ ដែលលោកមានសិទ្ធិទាមទារឱ្យកាត់ឡើងវិញ។

លោកបន្តថា បើឧទ្ធរណ៍​នៅតែកាត់ឱ្យលោកចាញ់ក្តី លោកនឹងបន្តប្តឹងទៅតុលាការកំពូលទៀត ប្រឆាំងនឹងបទ​ចោទ​​នេះ ដើម្បីបញ្ជាក់​ថា លោកមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ ទោះលោកដឹងមុនថា មិនអាចឈ្នះ​ក្តី ក្នុងសំណុំរឿងនេះក៏ដោយ។

​សមា្រប់​លោក រ៉ុង ឈុន  ច្បាប់នៅស្រុកខ្មែរ មិនអាក្រក់ទេ តែអ្នកកាត់ក្តីទេ ដែលមិនបាន​ធ្វើ​តាម​វិជ្ជា​ជីវៈ​ ដែល​លោក​ថា ហាក់​បី​ដូច​ទទួលឥទ្ធិពលនយោបាយ។

តែយ៉ាងណា លោកគិតថា មហាជននឹងផ្តល់យុត្តិធម៌ឱ្យ​លោក ដោយសំអាង​អ្វី​ដែល​លោក​បាន​ធ្វើ គឺ​ដើម្បី​ សិទ្ធិ​សេរី​ភាព ប្រជាធិបតេយ្យ សិទ្ធិ​ការងារ និងជំរុញការលើក​​កម្ពស់ជីវភាព​កសិករ មិន​បានបំផ្លាញ​ជាតិ ទោះ​ទេ។

លោកថា៖ «បើទោះបីប្រព័ន្ធច្បាប់មិនផ្តល់យុត្តិធម៌ឱ្យខ្ញុំ ខ្ញុំ​នៅតែសង្ឃឹមថា ប្រជាពលរដ្ឋលោកនឹងផ្តល់យុត្តិ​​ធម៌ឱ្យខ្ញុំ ទោះ​បីគាត់មិនចេញស្តីក៏ដោយ ប៉ុន្តែបេះដូង​របស់​គាត់​រាប់​សិប​ម៉ឺន​លាន​នាក់ គាត់​នឹង​ផ្តល់​យុត្តិ​ធម៌​ឱ្យ​ខ្ញុំ ដោយ​សារ​តែគាត់មើលឃើញថា ខ្ញុំធ្វើដើម្បីឧត្តម​ប្រយោជន៍ជាតិ ​ធ្វើដើម្បីពួកគាត់ ពីព្រោះយើងអត់​​ដែលទៅបំផ្លាញជាតិបន្តិច​ណា​ទេ»។

លោក​សង្កត់​ធ្ងន់​ដែរ​ថា គណបក្ស​ប្រឆាំង​មាន​តួនាទី​សំខាន់​ចូល​រួម​ចង្អុល​បង្ហាញ​ភាព​ខ្វះ​ចន្លោះ​ រាល់​ប​ញ្ហា​​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម ដើម្បីឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចបម្រើពលរដ្ឋ និងប្រទេសជាតិ ។

លោកថា៖ «ដូចករណីឈ្លានពានពីប្រទេសថៃ​អីចឹង យើង​មើលឃើញថា រដ្ឋាភិបាល​ត្រូវ​ប្រើ​ប្រាស់​យន្ត​ការ​ច្បាប់​អន្តរ​ជាតិ ត្រូវ​ប្រើ​ប្រាស់​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ស្តីពី​ដំណោះស្រា​យ​កម្ពុជា។ អាហ្នឹង​បក្ស​ប្រឆាំង​យើង​បាន​ជូន​ប៉ុណ្ណឹង ហើយ​រឿង​សម្រេច​អនុ​វត្ត​មិន​អនុវត្ត​គឺ​ជា​កាតព្វ​កិច្ច​របស់​អ្នក​ដឹក​នាំ​រដ្ឋ​ ប៉ុន្តែបក្ស​ប្រឆាំង​យើង​ត្រូវ​ធ្វើ​ឱ្យ​អស់​លទ្ធ​ភាព»

ជុំវិញភា​ពចម្រូងចម្រាស​នេះ លោក​បណ្ឌិត មាស នី ជា​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាយ​មួយ​រូប​  មើល​ឃើញ​ថា ​បញ្ហា​ដែល​បាន​កើ​​ត​​ឡើងលើ លោក រ៉ុង ឈុន អាចមកពីរដ្ឋាភិបាល​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភា​ព​ច្រើន​ជាង ដែលថាដូចករណីដែលបានចោទប្រកាន់ លោក កឹម សុខា ។

មួយវិញទៀត លោកថា​ ក្នុងការលៈទេសដែល​រដ្ឋាភិបាល​កំពុង​រង​ការ​រិះ​គន់​ខ្លាំង​ពី​បញ្ហា​ព្រំដែន​ ដូច​នេះ​ វិធាន​ទប់​ស្កាត់​ចរន្ត​ខាង​ក្នុង ជា​ជ្រុង​មួយ​ទៀត ដែល​រដ្ឋាភិ​បាល​ព្រួយ​បារម្ភ។

លោកថា៖ «ខ្ញុំគិតថា គណបក្សកាន់អំណាច គាត់​នៅតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ព្រោះ​បញ្ហា​ទាំង​ពីរ​នេះ​វា​អត់​​អា​ច​ចែក​គ្នា​ឲ្យ​ដាច់​បាន​ទេ ព្រោះ​បើ​កាល​ណា​បញ្ហា​ព្រំដែន​នៅ​តែ​ក្តៅ ​គឺ​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​កម្លាំង​នៃ​​ការ​រិះ​គន់​ខាង​ក្នុង​ក៏នៅ​តែ​​កាន់​តែ​​ខ្ពស់។ អញ្ចឹង​សម្រាប់​ខ្ញុំ អ្វី​ដែល​ជា​ការ​សម្រេច​​របស់​តុលាការ​ទៅ​លើ ​លោក រ៉ុង ឈុន នេះ វា​មិន​មាន​អី​ចម្លែក​ទេ។ រឿង​នយោ​បាយ​​ត្រូ​វ​​ហើយ​ បើ​កាល​ណា​រឿង​នយោ​បាយ​មិន​ទាន់​ត្រជាក់ រឿង​ហ្នឹង​ក៏​នៅ​តែ​បន្ត តទៅ​ទៀត​ដែរ។ នេះ​ជា​ការ​យល់​ឃើ​ញ​រប​ស់​ខ្ញុំទេ​!»

​​សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោស លោក រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលបានធ្វើឡើងកាលពី ខែឧសភា ឆ្នាំ​​២០២៥។  ហើយពេលនេះ បានបន្ថែមការផ្តន្ទា​ទោស​លើ លោករ៉ុង ឈុន ដោយ​បាន​ដក​​ហូតសិទ្ធិ​នយោបាយ​ជា​អចិន្រ្តៃយ៍ តាមបញ្ញតិ្តមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ​។

ទាក់ទិនបញ្ហានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បានចាត់ទុកសេចក្តីសម្រេច របស់​សាលាឧទ្ធរណ៍​ បាន​​បង្ហាញ​កាន់តែច្បាស់ថា ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្មានបំណងផ្សះផ្សាជាតិ តាម​បំណង​របស់​ប្រជាពលរដ្ឋ ដើម្បីរួមគ្នាទាមទារទឹកដី​ពីថៃឈ្លានពាននោះទេ។

មួយវិញទៀត លោកថា វិធានរបស់តុលាការនេះ ក៏ឆ្លុះបញ្ចាំងផង​ដែរថា មេដឹកនាំ​បក្សកាន់​អំណាច​ខ្លាច​ស្រមោល​ខ្លួន​ឯង មិន​ហ៊ាន​ប្រកួត​អំណាចតាមគន្លងប្រជាធិបតេយ្យ ព្រោះ​បាន​សាង​កំហុស​ជា​ច្រើន រួម​ទាំង​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិតខាង មានវៀតណាម និងថៃថ្មីៗនេះជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ