នៅក្នុងបរិបទសង្គមកម្ពុជានាស្រទាប់ផ្ទៃខាងលើ យើងសង្កេតឃើញនូវការរីកដុះដាលនៃសំណង់អគារខ្ពស់ៗ និងការហូរចូលនៃរថយន្តទំនើបៗ តម្លៃរាប់សែនដុល្លារ ដែលជារូបភាពតំណាងឱ្យកម្រិតជីវភាពដ៏ខ្ពង់ខ្ពស់របស់ក្រុមឥស្សរជន និងអ្នកមានទ្រព្យធន។
ប៉ុន្តែនៅពីក្រោយពន្លឺដ៏ស្រស់ត្រកាលនេះ គឺជាស្រមោលដ៏ខ្មៅងងឹតនៃ «និទណ្ឌភាព» ឬវប្បធម៌នៃការរួចទោស ដែលបានក្លាយជាជំងឺមហារីកស៊ីរូងផ្ទៃក្នុងប្រព័ន្ធយុត្តិធម៌ និងសីលធម៌សង្គម។
សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងអំពើហិង្សារហូតដល់មានការបាត់បង់ជីវិត ដែលបង្កឡើងដោយមន្ត្រីមានអំណាច ឬសមាជិកគ្រួសាររបស់ពួកគេ បានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិដ៏ជ្រៅនៃអតុល្យភាពអំណាច និងការធ្លាក់ចុះនៃតម្លៃនីតិរដ្ឋ។
ប្រសិនបើយើងពិនិត្យមើលឱ្យចំទៅលើឫសគល់នៃបញ្ហា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយកូនមន្ត្រីជាន់ខ្ពស់ ឬអ្នកមានអំណាច មិនមែនគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យសុទ្ធសាធនោះទេ។ វាកើតចេញពីចិត្តសាស្ត្រនៃអំណាច។ នៅពេលដែលបុគ្គលម្នាក់ធំដឹងក្តីឡើង ក្នុងមជ្ឈដ្ឋានដែលហ៊ុមព័ទ្ធដោយឯកសិទ្ធិ ឃើញឪពុកម្តាយប្រើប្រាស់ឥទ្ធិពលដើម្បីដោះស្រាយបញ្ហាគ្រប់យ៉ាង ពួកគេនឹងបង្កើតនូវសេចក្តីជឿជាក់មួយថា ច្បាប់មិនមែនសម្រាប់ពួកគេឡើយ។
ការបើកបររថយន្តទំនើបក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹង ឬការមើលងាយជីវិតអ្នកដទៃនៅលើដងផ្លូវ គឺជាលទ្ធផលនៃវប្បធម៌ដែលឱ្យតម្លៃលើខ្នងបង្អែកជាជាងការទទួលខុសត្រូវ។ នៅកម្ពុជា យើងតែងតែឃើញនូវរូបភាពដដែលៗ នោះគឺក្រោយការបុកមនុស្សស្លាប់ ជនបង្កដែលជាកូនអ្នកមានអំណាចច្រើនតែរត់គេចខ្លួនពីកន្លែងកើតហេតុ រួចទុកឱ្យឪពុកម្តាយ ឬមេធាវីចេញមុខមកចរចាបញ្ចប់រឿងដោយប្រើប្រាស់ទឹកប្រាក់ ដើម្បីទិញភាពស្ងប់ស្ងាត់ពីគ្រួសារជនរងគ្រោះ។
ជាក់ស្តែង ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ ដែលបង្កដោយយុវជនម្នាក់ត្រូវជាកូនប្រុសរបស់លោកស្នងការរងខេត្តបន្ទាយមានជ័យ បានក្លាយជាផ្ទាំងស៊ីបនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។
សោកនាដកម្មដែលបានផ្តាច់យកជីវិតមនុស្សស្លូតត្រង់រហូតដល់ ៦ នាក់ក្នុងពេលតែមួយនេះ មិនត្រឹមតែជាការបាត់បង់សមាជិកគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងយ៉ាងធំធេងចំពោះប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ក្នុងអាណត្តិរបស់លោក ហ៊ុន ម៉ាណែត ផងដែរ។
អ្វីដែលធ្វើឱ្យសាធារណជនតាមដានមិនដាក់ភ្នែក គឺចំណាត់ការបឋមរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលហាក់បីដូចជាមានភាពរារែក និងមិនទាន់មានភាពច្បាស់លាស់ ក្នុងការបង្ហាញអត្តសញ្ញាណជនបង្កនៅដើមទី ដែលនេះបានបង្កើតជាមន្ទិលសង្ស័យអំពីវប្បធម៌គ្រួសារនិយម និងការការពារបក្ខពួកក្នុងជួរជាន់ខ្ពស់។
នេះគឺជាការបំប្លែងរឿងព្រហ្មទណ្ឌ ឱ្យទៅជារឿងរដ្ឋប្បវេណីតាមរយៈអំណាចទឹកប្រាក់ ដែលវាគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងប្រព័ន្ធយុត្តិធម៌ជាតិ។ និទណ្ឌភាព មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែវាត្រូវបានចិញ្ចឹមបីបាច់ដោយប្រព័ន្ធបក្ខពួកនិយម។ ស្ថាប័នអនុវត្តច្បាប់ ចាប់តាំងពីនគរបាលយុត្តិធម៌ រហូតដល់តុលាការ ជារឿយៗ ស្ថិតក្នុងស្ថានភាពទន់ជ្រាយនៅពេលប្រឈមមុខនឹងបុគ្គលដែលមានខ្សែស្រឡាយជិតស្និទ្ធនឹងអ្នកកាន់អំណាច។
នីតិវិធីច្បាប់ដែលគួរតែរឹងមាំ និងស្មើភាព បែរជាមានភាពបត់បែនតាមឋានានុក្រមនៃឥទ្ធិពលអំណាច។ នៅពេលដែលជនបង្កមានខ្នងបង្អែករឹងមាំ សំណុំរឿងអាចនឹងត្រូវពន្យារពេល ភស្តុតាងអាចនឹងត្រូវកែប្រែ ឬការចោទប្រកាន់ត្រូវបានធ្វើឡើងក្នុងកម្រិតស្រាលបំផុតដែលអាចធ្វើទៅបាន។
ភាពអយុត្តិធម៌នេះ បានបង្កើតឱ្យមានវណ្ណៈពីរនៅក្នុងសង្គម ពោលគឺ វណ្ណៈមួយដែលត្រូវគោរពច្បាប់ដាច់ខាត និងវណ្ណៈមួយទៀតដែលស្ថិតនៅ «លើច្បាប់»។ នៅពេលដែលប្រព័ន្ធយុត្តិធម៌រើសមុខ វានឹងបង្កើតនូវកំហឹងក្នុងចិត្តរបស់ពលរដ្ឋ ដែលយូរៗទៅនឹងក្លាយជាការបាត់បង់ទំនុកចិត្តទាំងស្រុងលើអាជ្ញាធររដ្ឋ និងប្រព័ន្ធយុត្តិធម៌។
លើសពីគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងការប្រើប្រាស់អាវុធខុសច្បាប់ដើម្បីដោះស្រាយជម្លោះដោយសមាជិកគ្រួសារមន្ត្រី ក៏ជាចំណុចដ៏គ្រោះថ្នាក់មួយទៀត។ ការប្រើប្រាស់អំណាច និងមធ្យោបាយរដ្ឋដើម្បីសងសឹកផ្ទាល់ខ្លួន ឬដើម្បីបង្ហាញឥទ្ធិពល គឺជាការរំលោភអំណាចយ៉ាងធ្ងន់ធ្ងរ។
ក្នុងករណីខ្លះ យើងឃើញមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ឬមន្ត្រីក្រោមឱវាទដើម្បីការពារបុគ្គលដែលប្រព្រឹត្តខុស ជំនួសឱ្យការនាំខ្លួនពួកគេមកកាត់ទោស។ នេះគឺជាការបំផ្លាញស្ថាប័នរដ្ឋពីខាងក្នុង។ នៅពេលដែលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយល់ថា កាតព្វកិច្ចរបស់ពួកគេគឺបម្រើបុគ្គល ជាជាងបម្រើច្បាប់ នោះនីតិរដ្ឋគ្រាន់តែជាពាក្យស្លោកដែលគ្មានព្រលឹង។ និទណ្ឌភាពបែបនេះ មិនត្រឹមតែផ្ដល់ភាពអយុត្តិធម៌ដល់ជនរងគ្រោះម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែវាផ្ញើសារទៅកាន់សង្គមទាំងមូលថា «អំណាច គឺជាសិទ្ធិ និងកម្លាំង គឺជាយុត្តិធម៌។
ការចេញមុខអន្តរាគមន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងរឿងក្តីខ្លះៗដែលជារឿងក្តីក្តៅគគុកលើបណ្តាញសង្គម បើទោះបីជាវាផ្ដល់នូវយុត្តិធម៌ភ្លាមៗ ដល់ជនរងគ្រោះ ក៏វានៅតែបង្ហាញពីចំណុចខ្សោយនៃប្រព័ន្ធ។ ប្រសិនបើច្បាប់អាចដើរបានលុះត្រាតែមានបញ្ជាពីនាយករដ្ឋមន្ត្រី ឫប្រធានគណបក្ស នោះមានន័យថា ប្រព័ន្ធតុលាការ និងនគរបាលយើងមិនមានឯករាជ្យភាព និងវិជ្ជាជីវៈពិតប្រាកដឡើយ។
យុត្តិធម៌ដែលកើតចេញពី «មេត្តាធម៌បុគ្គល» មិនមែនជាយុត្តិធម៌ដែលមានចីរភាពនោះទេ។ អ្វីដែលកម្ពុជាត្រូវការ គឺយុត្តិធម៌ដែលកើតចេញពីភាពរឹងមាំនៃប្រព័ន្ធយុត្តិធម៌ ដែលអ្នកទន់ខ្សោយអាចរំពឹងទុកបានថា ពួកគេនឹងទទួលបានការការពារដោយស្មើភាព ទោះបីជាពួកគេត្រូវតតាំងជាមួយអ្នកមានបុណ្យស័ក្តិខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយ។
ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការលុបបំបាត់បក្ខពួកនិយម មិនអាចធ្វើទៅបានឡើយ ប្រសិនបើគ្មានការផ្លាស់ប្តូរផ្នត់គំនិត ពីថ្នាក់លើមក។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវតែបង្ហាញជាគំរូថា សមាជិកគ្រួសារ និងបក្ខពួករបស់ខ្លួនមិនមានអភ័យឯកសិទ្ធិពីច្បាប់ឡើយ ហើយវប្បធម៌ «អន្តរាគមន៍» ដើម្បីជួយសាច់ញាតិដែលប្រព្រឹត្តខុស ត្រូវតែត្រូវបានជំនួសដោយវប្បធម៌ «ទទួលខុសត្រូវ»។
បើមិនដូច្នោះទេ គម្លាតរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋនឹងកាន់តែរីកធំឡើង។ សន្តិសុខសង្គមមិនអាចមានទៅបានឡើយ ប្រសិនបើពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចចំពោះមន្ត្រីដែលខូច និងកូនអ្នកធំដែលទំនើង។
ជារួម ការលុបបំបាត់និទណ្ឌភាព និងអំពើអយុត្តិធម៌ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ឬអំពើឃាតកម្ម បង្កដោយវណ្ណៈអភិជន គឺជាការសាកល្បងដ៏ធំបំផុតសម្រាប់ឆន្ទៈនយោបាយរបស់គណបក្សកាន់អំណាច។ វាមិនមែនគ្រាន់តែជារឿងនៃការដាក់ទោសបុគ្គលម្នាក់ ឬពីរនាក់នោះទេ ប៉ុន្តែវាជារឿងនៃការរុះរើប្រព័ន្ធបក្ខពួកនិយមដែលបានចាក់ឫសយ៉ាងជ្រៅ។
ដរាបណា «បក្ខពួក» នៅតែសំខាន់ជាង «ច្បាប់» ដរាបណាលុយនៅតែអាចទិញសេរីភាពពីអំពើទុច្ចរិតបាន នោះយុត្តិធម៌សង្គមនៅកម្ពុជានៅតែជាសុបិនដ៏ឆ្ងាយវែងអន្លាយ។
ដូច្នេះ រដ្ឋាភិបាលត្រូវតែហ៊ានប្រើប្រាស់ច្បាប់ ដើម្បីកាត់សាច់ស្អុយចេញពីខាងក្នុង មិនថា បុគ្គលនោះមានឋានៈខ្ពង់ខ្ពស់ ឬមានគុណបំណាច់ចំពោះបក្សកម្រិតណាក៏ដោយ ព្រោះមានតែការអនុវត្តច្បាប់ដោយស្មើភាព និងតម្លាភាពទេ ទើបអាចនាំមកនូវសន្តិភាពសង្គមពិតប្រាកដ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជាតិទាំងមូល។
ការបណ្ដោយឱ្យនិទណ្ឌភាពបន្តគ្របដណ្ដប់សង្គម គឺស្មើនឹងការបណ្តុះគ្រាប់ពូជនៃអស្ថិរភាព និងការបែកបាក់ជាតិនៅថ្ងៃអនាគត៕









