ក្រុមមេដឹកនាំគណបក្សភ្លើងទៀន នៅថ្ងៃទី១ខែមេសានេះ បានអះអាងថា ក្រសួងមហាផ្ទៃបានផ្តល់ជម្រើសថា បើចង់នាំគណបក្សភ្លើងទៀនទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧និង២០២៨ខាងមុខ មានតែចុះបញ្ជីគណបក្ស តែថា ជម្រើសនេះ ក្រុមការងាររបស់ខ្លួនត្រូវការពេល ដើម្បីពិភាក្សាថាតើត្រូវដើរផ្លូវណាដើម្បីអាចទៅដល់ទីលានបោះឆ្នោតបាន។
នេះជាជំនួបលើកទី៥ហើយ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជជែកពីលទ្ធភាពឱ្យគណបក្សប្រឆាំងនេះ អាចមានឈ្មោះចូលរួមការបោះឆ្នោតឡើងវិញ។ ទោះយ៉ាងណា ក្រសួងមហាផ្ទៃបន្តបដិសេធសំណើរបស់គណបក្សភ្លើងទៀននេះដដែល និងណែនាំឱ្យគណបក្សនេះចុះបញ្ជីឈ្មោះគណបក្សថ្មី។
ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ហុង សុខហួរ ថ្លែងក្រោយជំនួបជាមួយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន នាទីស្ដីការក្រសួងនៅព្រឹកថ្ងៃទី១ ខែមេសា ឱ្យដឹងថា ក្រសួងមហាផ្ទៃបានជំរុញឱ្យគណបក្សភ្លើងទៀនចុះបញ្ជីឈ្មោះគណបក្សថ្មី ដើម្បីអាចចូលរួមការបោះឆ្នោតបានឡើងវិញ ប៉ុន្តែ លោកថា ការសម្រេចយ៉ាងណាត្រូវជជែកជាមួយថ្នាក់ដឹកនាំគណបក្សជាមុនសិន ខណៈគណបក្សមានជម្រើសទី២របស់ខ្លួនរួចហើយនោះ។
លោក ហុង សុខហួរ ថ្លែងថា៖ «អញ្ចឹងពេលនេះ ម៉ោងនេះ យើងមានជម្រើសតែមួយទេ គឺផ្តល់បេសកកម្មទៅឱ្យគណបក្សភ្លើងទៀន អឺ គណបក្សឆន្ទៈខ្មែរ»។
ក្រៅពីបញ្ហាលិខិតស្នាមដែលក្រសួងមហាផ្ទៃប្រើជាលេសដដែលៗនេះ លោក ហុង សុខហួរ ក៏លើកឡើងពីការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាផងដែរ ដែលករណីនេះកំពុងជាប់គាំង ដោយសារដីកាការពាររបស់តុលាការ ជុំវិញសមាជិកភាពសមាជិកក្រុមប្រឹក្សារបស់ខ្លួន។
ចំណែក អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ឱ្យដឹងថា លោកខកចិត្តចំពោះលទ្ធផលដដែលៗនៃកិច្ចប្រជុំនេះ ប៉ុន្តែលោកថា ក្នុងនាមជាគណបក្សនយោបាយត្រូវខំឱ្យអស់ពីលទ្ធភាព។ ទោះជាយ៉ាងណា លោកនៅប្រកាន់ជំហរស្នើឱ្យក្រសួងមហាផ្ទៃចម្លងសេចក្តីប្រកាសទុតិយតា នៃសេចក្តីប្រកាសលេខ ១៩៣ ដែលគណបក្សភ្លើងទៀនបានចុះបញ្ជី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ និងស្នើឱ្យក្រសួងមហាផ្ទៃធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចចម្លងប្រកាសទុតិយតាឱ្យគណបក្សនយោបាយដែលបាត់សេចក្តីប្រកាសរបស់ខ្លួនបាន។
លោក លី សុធារ៉ាយុត្តិ អះអាងថា ការបាត់សេចក្តីប្រកាសរបស់ខ្លួនមិនមែនជាចេតនា ឬការធ្វេសប្រហែសទេ ប៉ុន្តែឯកសារនោះតម្កល់នៅអគាររបស់គណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធរចុះបិទ ហើយពួកលោកពុំអាចទៅយកមកវិញបាន។
លោកថា៖ «យើងអត់បោះបង់ការតស៊ូរបស់យើងទេ ទោះបីជាជំនួបនេះជាជំនួបលើកទី៥ ហើយលទ្ធផលដដែល ប៉ុន្តែយើងអត់ទាន់បានបោះបង់ការតស៊ូរបស់យើងទេ នៅតែបន្តការទាមទារ ស្នើធ្វើយ៉ាងណាឱ្យគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតនាពេលអនាគត»។
ជុំវិញករណីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ ជាការបង្កបញ្ហាលំបាកដល់គណបក្សភ្លើងទៀន។ លោកបន្តថា ស្ថានភាពគណបក្សក្រៅរដ្ឋាភិបាលពិបាកនៅក្នុងការតស៊ូមតិ ឬចរចាដោះស្រាយបញ្ហាជាវិជ្ជមានណាស់ បើមេដឹកនាំរដ្ឋាភិបាលនៃបក្សកាន់អំណាច និងគណបក្សប្រឆាំងគ្មានឆន្ទៈរួម។ ទន្ទឹមនឹងនេះលោកជំរុញឱ្យគណបក្សក្រៅរដ្ឋាភិបាល បង្រួបបង្រួមអ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីឱ្យបានសំឡេងរួមធំ អាចតស៊ូមតិជាមួយគណបក្សកាន់អំណាចបាន។
លោក សេក សុជាតិ ថ្លែងថា៖ «រឿងរ៉ាវទាំងអស់នេះ វាទាមទារឱ្យមានកម្លាំងជាក់ស្តែង ទើបអាចមានការចរចាមួយ ដែលអាចនិយាយគ្នាទៅវិញទៅមកដោយត្រង់ និងដាក់បញ្ហានៅលើតុ ដើម្បីរកចំណុចរួម ហើយបើសិនជានៅតែបន្តបែបនេះ ខ្ញុំគិតថា គ្រប់យ៉ាងនឹងគ្មានលទ្ធផលវិជ្ជមាន សម្រាប់គណបក្សក្រៅរដ្ឋាភិបាលទេ»។
គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បិទសិទ្ធិមិនឲ្យចូលរួមការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រោមហេតុផលបច្ចេកទេសថា គណបក្សនេះបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្ស។ ទោះយ៉ាងណា គណបក្សភ្លើងទៀន បានចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ធម្មតា ហើយមានពលរដ្ឋជិត ២លាននាក់បានគាំទ្រ និងបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ ២ពាន់នាក់។
ការណ៍នេះត្រូវបានគេមើលឃើញថា គណបក្សកាន់អំណាចខ្លាចចាញ់ការបោះឆ្នោតជាតិ ទើបប្រើលេសមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនៅពេលនោះបាន ហើយបន្តប្រើលេសដដែលនេះរាំងស្ទះដំណើររបស់គណបក្សប្រឆាំងដ៏មានឥទ្ធិពលនេះ បន្ទាប់ពីខ្លួនរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧៕









