ប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប បានហៅការធ្វើសង្គ្រាមលើប្រទេសអ៊ីរ៉ង់ថា ជាអំពើខុសច្បាប់ ដោយក្នុងនោះមានប្រទេសខ្លះបានរារាំងយន្តហោះអ៊ីស្រាអែល និងអាមេរិក មិនឱ្យដឹកជញ្ជូនអាវុធឆ្លងកាត់ដែនអាកាសរបស់ខ្លួនឡើយ។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានបើកការវាយប្រហារដោយពាក្យសម្តីយ៉ាងខ្លាំងក្លាលើបណ្តាប្រទេសអឺរ៉ុប ដែលបានបដិសេធមិនចូលរួមក្នុងសង្រ្គាមរបស់លោកប្រឆាំងនឹងអ៊ីរ៉ង់ ដោយក្នុងនោះលោកបាននិយាយចំឈ្មោះចក្រភពអង់គ្លេស និងបារាំង ខណៈដែលទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកមានភាពរកាំរកូស ដោយសារជម្លោះដែលកំពុងរីករាលដាល និងបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោក។
នៅលើគេហទំព័រ Truth Social របស់លោក ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់រដ្ឋាភិបាលទាំងឡាយណាដែលព្រួយបារម្ភអំពីតម្លៃប្រេងឥន្ធនៈថា «ចូរទៅរកប្រេងដោយខ្លួនឯងទៅ» ដោយប្រើកម្លាំងបាយយកពីតំបន់ឈូងសមុទ្រ ដែលជាសម្តីធ្វើឱ្យតម្លៃប្រេងកាន់តែហក់ឡើងខ្ពស់ថែមទៀត។
ក្រោយមកនៅថ្ងៃទី៣១ខែមីនា លោក ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកនឹងបញ្ចប់ប្រតិបត្តិការក្នុងប្រទេសអ៊ីរ៉ង់ «ក្នុងពេលឆាប់ៗនេះ» ដោយលើកឡើងពីកាលវិភាគក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ ខណៈដែលរដ្ឋបាលរបស់លោកកំពុងបន្តការចរចាជាមួយអាជ្ញាធរអ៊ីរ៉ង់។
លោក ត្រាំ ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា ទំនួលខុសត្រូវក្នុងការរក្សាច្រកសមុទ្រ Hormuz ឱ្យនៅបើកចំហ នឹងធ្លាក់ទៅលើប្រទេសដែលពឹងផ្អែកលើច្រកសមុទ្រនេះ។ «វាមិនមែនសម្រាប់យើងទេ… គឺសម្រាប់អ្នកណាដែលប្រើប្រាស់ច្រកសមុទ្រនេះ»។
ជាសញ្ញាបង្ហាញពីការតបតយ៉ាងសកម្មជាងមុនរបស់អឺរ៉ុបចំពោះសង្រ្គាមនេះ វាត្រូវបានលាតត្រដាងកាលពីថ្ងៃទី៣១ខែមីនាថា ប្រទេសបារាំង បានរារាំងយន្តហោះអ៊ីស្រាអែលមិនឱ្យដឹកជញ្ជូនអាវុធឆ្លងកាត់ដែនអាកាសរបស់ខ្លួន ខណៈដែលប្រទេសអ៊ីតាលីបានបដិសេធការសុំអនុញ្ញាតនៅនាទីចុងក្រោយ សម្រាប់យន្តហោះទម្លាក់គ្រាប់បែកអាមេរិកក្នុងការចុះចតនៅកោះ Sicily។
ប្រទេសអេស្ប៉ាញ បានបដិសេធមិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋាន និងដែនអាកាសរបស់ខ្លួនសម្រាប់សង្រ្គាមនេះរួចទៅហើយ ហើយកាលពីថ្ងៃទី៣១ខែមីនា រដ្ឋមន្ត្រីការពារជាតិទីក្រុងម៉ាឌ្រីដ បាននិយាយថា ប្រទេសរបស់ខ្លួននឹងមិន «ទទួលយកការប្រដៅពីនរណាម្នាក់ឡើយ»។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន សម្រាប់សង្រ្គាមដែលរដ្ឋាភិបាលរបស់ខ្លួនហៅថាខុសច្បាប់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែទទួលបានការស្តីបន្ទោសជាសាធារណៈពីលោក ត្រាំ ដែរ។
នៅក្នុងការបង្ហោះរបស់លោកកាលពីថ្ងៃទី៣១ខែមីនា លោក ត្រាំ បាននិយាយថា «បណ្តាប្រទេសទាំងអស់ដែលមិនអាចទទួលបានប្រេងឥន្ធនៈសម្រាប់យន្តហោះដោយសារច្រកសមុទ្រ Hormuz ដូចជាចក្រភពអង់គ្លេស ដែលបានបដិសេធមិនចូលរួមក្នុងការកម្ចាត់មេដឹកនាំអ៊ីរ៉ង់» គួរតែងាកមកទិញប្រេងរបស់អាមេរិកវិញ។
លោកបានផ្តល់យោបល់ថា ពួកគេក៏គួរតែ «បង្កើនភាពក្លាហានដែលបានពន្យារពេលខ្លះ ទៅកាន់ច្រកសមុទ្រនោះ ហើយដណ្តើមយកវាទៅ»។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានអះអាងសារជាថ្មីនូវការអំពាវនាវនេះ ដោយនិយាយថា មានប្រទេសខ្លះ «គួរតែត្រៀមខ្លួនដើម្បីចូលរួមចំណែកលើផ្លូវទឹកដ៏សំខាន់នេះដែរ»។
ផែនការគ្រប់គ្រងច្រកសមុទ្រ Hormuz ដោយប្រើកម្លាំងបាយ ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាមានហានិភ័យខ្ពស់ និងមិនអាចទៅរួច ហើយបណ្តាប្រទេសអឺរ៉ុបបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំលើផែនការទិញប្រេងពីអាមេរិកបន្ថែមទៀត។
ក្នុងការបង្ហោះដាច់ដោយឡែកមួយ លោក ត្រាំ បានរិះគន់ប្រទេសបារាំងដោយសារតែ «មិនអនុញ្ញាតឱ្យយន្តហោះដែលសំដៅទៅអ៊ីស្រាអែល ផ្ទុកទៅដោយគ្រឿងយុទ្ធភណ្ឌ ហោះហើរលើទឹកដីបារាំង» ដោយលោកបានសរសេរថា ប្រទេសនេះ «មិនមានប្រយោជន៍ទាល់តែសោះ»។ ការិយាល័យរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ខ្លួនមាន «ការភ្ញាក់ផ្អើល» ចំពោះការបង្ហោះរបស់លោក ត្រាំ ដោយបញ្ជាក់ថា ទីក្រុងប៉ារីស «មិនបានផ្លាស់ប្តូរជំហររបស់ខ្លួនតាំងពីថ្ងៃដំបូង» នៃសង្រ្គាមមកម្ល៉េះ៕









