លោក ត្រាំ លើក​ឡើង​ជា​ថ្មី​ទៀត​ថា​អាមេរិក​អាច​បញ្ចប់​សង្រ្គាម​អ៊ីរ៉ង់​ក្នុង​រយៈ​ពេល​ពី​២​ទៅ​៣សប្តាហ៍​ទៀត

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​អាច​បញ្ចប់​ការ​វាយ​ប្រហារ​យោធា​របស់​ខ្លួន​​​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុង​រយៈ​ពេល​ពី​ ២ ទៅ ៣ សប្តាហ៍​ទៀត ហើយ​ទីក្រុង​តេហេ​រ៉ង់​មិន​ចាំបាច់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ជា​លក្ខ​ខណ្ឌ​មុន ដើម្បី​ឱ្យ​ជម្លោះ​នេះ​ថយ​ចុះ​កម្តៅ​នោះ​ទេ។

ការ​ថ្លែង​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​សេចក្តី​ថ្លែង​ការណ៍​ដែល​ផ្លាស់​ប្តូរ និង​ជួន​កាល​មាន​ភាព​ផ្ទុយ​គ្នា​ពី​ទីក្រុង​វ៉ាស៊ីន​តោន អំពី​របៀប​ដែល​សង្រ្គាម​ដែលឥឡូវនេះឈានចូលដល់សប្តាហ៍ទី៥ អាចនឹងបញ្ចប់ទៅ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី​៣១ខែ​មីនា​ថា៖ «យើង​នឹង​ចាក​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ» ដោយ​លោក​បាន​បន្ត​ថា ការចាកចេញនេះអាច​នឹង​កើត​ឡើង «ក្នុង​រយៈ​ពេល​ពី​រ​អាទិត្យ​ ឬ​បី​អាទិត្យ​ទៀត»។

នៅពេលត្រូវបានសួរថា តើជោគជ័យផ្នែកការទូតជាមួយអ៊ីរ៉ង់គឺជាលក្ខខណ្ឌមុនសម្រាប់សហរដ្ឋអាមេរិកក្នុង​ការបញ្ចប់ប្រតិបត្តិការដែលខ្លួនបានដាក់ឈ្មោះថា «Operation Epic Fury» ឬយ៉ាងណា? លោក ត្រាំ បានឆ្លើយថា វាមិនមែនជាលក្ខខណ្ឌនោះទេ។

លោកបានមានប្រសាសន៍ថា៖ «អ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ច​ព្រមព្រៀងទេ គឺមិនបាច់​ទេ។ ពួក​គេមិ​ន​ចាំបាច់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ខ្ញុំ​ទេ»។

ក្រោយមក សេតវិមានបានប្រកាសថា លោក ត្រាំ នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ​អាមេរិក «ដើម្បីផ្ដល់​ព័ត៌​មាន​ថ្មីដ៏សំខាន់ស្តី​ពី​ប្រទេសអ៊ីរ៉ង់» នៅវេលាម៉ោង ៩ យប់ម៉ោងនៅ​អាមេរិក​នាថ្ងៃទី១ខែ​មេសា។

ពីមុន ទីក្រុង​វ៉ាស៊ីនតោន ធ្លាប់បានគំរាមបង្កើនប្រតិបត្តិការ​យោធា ប្រសិនបើទីក្រុង​តេហេរ៉ង់មិនព្រមទទួល​យកក្រប​ខ័ណ្ឌបទឈប់បាញ់ ១៥ ចំណុចរបស់សហរដ្ឋអាមេរិក ដែលមានតម្រូវការស្នូលក្នុងចំណោម​នោះ គឺអ៊ីរ៉ង់ត្រូវ​ប្តេជ្ញា​មិន​ស្វែងរកអាវុធនុយក្លេអ៊ែរ បញ្ឈប់រាល់ការចម្រាញ់អ៊ុយរ៉ាញ៉ូម និងបើកច្រក​សមុទ្រ Hormuz ឡើងវិញទាំង​ស្រុង។

កាលពីព្រឹកថ្ងៃទី​៣១ខែ​​មីនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា លោក ត្រាំ មានឆន្ទៈក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ រីករាលដាលពេញ​តំបន់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងគំរាមកំហែងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដុនដាប។

កាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃ៣១មីនាថា សហព័ន្ធអារ៉ាប់រួម (UAE) កំពុងរៀបចំជួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការបើកច្រកសមុទ្រ Hormuz ដោយប្រើកម្លាំងបាយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការបិទផ្លូវនាវាចរណ៍ដែលជាកន្លែងឆ្លងកាត់ប្រមាណមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកជារៀងរាល់ថ្ងៃ។

យោងតាមរបាយការណ៍ដដែល សហព័ន្ធអារ៉ាប់រួមកំពុងស្វែងរកសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់សកម្មភាពនេះ ហើយបានស្នើឱ្យសហរដ្ឋអាមេរិកកាន់កាប់កោះយុទ្ធសាស្ត្រនានា។

ខណៈពេលដែលសហរដ្ឋអាមេរិកបាននិយាយថា ការចរចាជាមួយអ៊ីរ៉ង់កំពុងបន្ត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃទី៣១ខែ​មីនាថា លោកបានទទួលសារផ្ទាល់​​ពីបេសកជនពិសេសរបស់សហរដ្ឋ​អាមេរិក លោក Steve Witkoff ប៉ុន្តែសារទាំងនោះមិនមែនជា «ការចរចា» នោះទេ។ នេះបើយោងតាមទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាដែលបានដកស្រង់សម្តីលោក។

លោកបានបន្ថែមថា សារទាំងនោះរួមមានការគំរាមកំហែង ឬការផ្លាស់ប្តូរទស្សនៈ​ដែល​ផ្ញើ​តាម​រយៈ «មិត្ត​ភក្តិ»។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃទី​៣១ខែ​មីនា បានឆ្លើយតបវិញជាមួយនឹងការគំរាមកំហែងថ្មីប្រឆាំងនឹងក្រុមហ៊ុនអាមេរិកនៅក្នុងតំបន់ ចាប់ពីថ្ងៃទី១ខែ​មេសា​តទៅ។

អ៊ីរ៉ង់​បានរាយបញ្ជីអាជីវកម្មចំនួន ១៨ រួមមាន Microsoft, Google, Apple, Intel, IBM, Tesla និង Boeing ដែលនឹង​ក្លាយជាគោលដៅ ចាប់ពីម៉ោង ៨ យប់ ម៉ោងនៅទីក្រុងតេហេរ៉ង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ