សាលាឧទ្ធរណ៍បាត់ដំបងមិនឱ្យអ្នក​កាសែត​រាយ​ការណ៍​រឿង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នៅ​ក្រៅ​ឃុំ

សាលាឧទ្ធរណ៍​បាត់ដំបង តម្កល់សេចក្តីសម្រេច​របស់​សាលា​ដំបូងខេត្តបន្ទាយ​មានជ័យ​ ទុក​​ជា​បាន​​ការ ដោយ​​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន​អនឡាញមួយ​​រូប លោក ហែម វណ្ណា នៅជាប់ឃុំ​ក្នុងពន្ធនាគារដដែល ដែលការណ៍​នេះ សង្គមស៊ីវិល​​យល់ថាជាការ​បន្តរឹតត្បិត​សេរីភាព​សារព័ត៌មាន​ ដែល​​កំពុង​តែ​ធ្លាក់ចុះខ្លាំង​។

កាលពីថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ សាលាឧទ្ធរណ៍បាត់ដំបង បានលើក​សវនាការ​លើនីតិវិធី​​​នៃ​ការ​​ស្នើ​​សុំ​​នៅ​​ក្រៅ​ឃុំ​​ជាបណ្តោះអាសន្ន របស់​អ្នកសារព័ត៌មាន លោក ហែម វណ្ណា ហើយ​ប្រកាស​សាលដីកា នៅថ្ងៃ​ទី០២ ខែ​មេសា​នេះ។

អនុប្រធាន​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី បានឱ្យដឹងថា ក្នុងកា​រប្រ​កាស​សាលដីកា នៅព្រឹកនេះ សាលាឧទ្ធរណ៍បាត់​ដំបង​បាន​សម្រេច​ឱ្យ​លោក ហែម វណ្ណ នៅបន្តជាប់ឃុំជា​បណ្តោះអាសន្ន​​ដដែល ដូចការ​សម្រេច​របស់សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ។

ការណ៍នេះ លោក​បង្ហាញ​កា​រសោក​ស្តាយចំពោះការ​សម្រេច​របស់សាលាឧទ្ធរណ៍បាត់ដំបង ខណៈលោកថា អ្នកសារព័ត៌​មាន​​រូបនោះ បានបំពេញ​លក្ខខណ្ឌទៅតាម​គោលការណ៍​ច្បាប់​ក្នុងការ​ស្នើសុំនៅ​ក្រៅឃុំ​​ ដោយ​មានមុខរបរនិងទីលំនៅ​ច្បាស់លាស់ មានគ្រួសារ និងការសន្យា​ពីការ​មិនរត់គេច​ជាដើម។

លោក យិន ម៉េងលី ថ្លែងថា៖ «ចឹងលក្ខខណ្ឌ​របស់អ្នកសារព័ត៌មាននេះ គប្បី​តែ​ដោះលែងឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​​ជា​​បណ្តោះ​អាសន្ន​សិន​ ហើយទី​២ វា​ជាមុខ​មាត់របស់តុលាការ ក៏ដូចជា​រដ្ឋាភិបាល​ដែរ នៅក្នុងការ​សម្រប​ស្រួល​បញ្ហា​អ្នកសារព័ត៌មាន​នេះ។ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​បើក​លំ​ហ​​​ថែម​​ទៀត ពាក់ព័ន្ធ​នឹង​សេរីភាព ​ទាំង​អ្នកសារព័ត៌មាន ទាំង​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​បញ្ចេញ​​មតិ»។

លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំបណ្តោះខ្លួនជាអាសន្ននៅពន្ធនាគារ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចោទ​ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ «ស្តាប់​ឫ​ថត​ពាក្យ​​សម្ងាត់​ឯក​ជន» បន្ទាប់ពីលោកចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។

លោកបានចុះផ្សាយពេលនោះថា “ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា ជាអ្នកបម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់ ជាទីអាថ៍កំបាំង នៅខាងក្រោយបន្ទាយកងរាជ​អាវុធហត្ថ ក្រុងប៉ោយប៉ែត។ ករណី​​នេះ ត្រូវ​បាន​គេស​ង្ស័យ​ថា​អា​ច​ជា​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ បង្ខំ​ឲ្យ​ធ្វើ​ការ​​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scammer)” ។

នាយកទទួលបន្ទុកកិច្ចកា​រទូទៅនៃអង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ លោក អំ សំអាត ឱ្យ​ដឹង​ដែរថាហេតុផល​​ដែលតុលាការ​​មិនអនុញ្ញាត​ឱ្យលោក ហែម វណ្ណា នៅក្រៅ​ឃុំ​ជាបណ្តោះអាសន្ននោះ គឺ​​​ធានាការ​ស៊ើបអង្កេត​ទៅតាម​នីតិវិធីឱ្យបានល្អ ជៀសវាង​ជន​ត្រូវ​ចោទ​ធ្វើការ​គាបសង្កត់ឬត្រូវ​រ៉ូវជាមួយជនជាប់​ចោទ​ដទៃ​​​ទៀត​​ ខណៈ​សំណុំរឿង​នេះ​ក៏​​មិន​ទាន់បិទការ​ស៊ើបសួរ​នៅឡើយ។

តែយ៉ាងណា លោក​​បង្ហាញ​ការ​សោក​ស្តាយ​ ចំពោះវិធានរបស់តុលាការ​​​ដែល​​​មិ​ន​ប្រើ​ប្រាស់​​​ច្បាប់​ស្តីពីរបបសារព័ត៌មាន ទៅលើលោក​​ ហែម វណ្ណា ដែល​មាន​អាជ្ញាប័ណ្ណ និងបំពេញការ​ងារ​វិជ្ជាជីវៈជាអ្នកសារព័ត៌មាន​ តែ​បែរ​​ជា​ប្រើប្រាស់​ក្រម​​ព្រហ្ម​ទណ្ឌដាក់​ទោស​អ្នក​សារព័ត៌មាន​ទៅវិញ ដែល​មិន​ស្រប​តាម​គោលការណ៍ច្បាប់ និង​ជាការ​រឹតត្បិត​លើលំហសេរីភាព​សារព័ត៌​មាន​។ ​

លោក អំ សំអាត បន្ត​ថា៖ «ការ​ដែលចាប់ ការ​ចោទប្រកាន់ និងការ​​ឃុំខ្លួនទៅលើអ្នកសារព័ត៌​មាន​​នេះ វាធ្វើ​ឱ្យ​​ប៉ះពាល់​ធ្ងន់ធ្ងរសម្រាប់សិទ្ធិ និងសេរីភាព​ ឬក៏លំហសេរីភាព​នៃ​អ្នកសារព័ត៌​មាន​​​ទៅវិញ​ ហើយវានាំ​ឱ្យ​ការ​រិះគន់​ច្រើន​ទៅ​លើ​​រឿងនេះ​ទេ អីចឹង​ខ្ញុំ​យល់ឃើញថា រឿង​នេះគួរតែ​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​»។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញរឿងនេះពីអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នកនាំពាក្យសាលាឧទ្ធរណ៍​បាត់ដំបងបានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ​២០២៦ អ្នកសម្របសម្រួល​សមាគម​អាដហុកប្រចាំ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ធ្លាប់បានដាក់​​លិខិត​ស្នើទៅកាន់​​ប្រធាន​​សាលា​​ដំបូ​ង​ខេត្ត​បន្ទាយ​មានជ័យ ឱ្យ​ពិចារ​ណា និង​​ជួយ​​អន្តរា​​គម​ន៍​​​​ដោះ​លែង ​លោក ហែម វណ្ណា ឱ្យ​មាន​សេរីភាព​វិញ ដោយសារ​អ្នកសារ​ព័ត៌មាន​រូបនេះ បាន​ចូលរួមយ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​ ក្នុង​កា​រ​​កំចាត់​​អំពើ​ឆបោក​តាម​អនឡាញ​ចេញពីកម្ពុជា ស្រប​តាម​ប្រតិបត្តិការ​ XXL (ប្រតិ​បត្តិ​ការ​បោស​​សម្អាត Online Scam ​ខ្នាត​ធំ​) ខណៈការ​ចុះផ្សាយ​ព័ត៌មាន​របស់​គាត់ ស្រប​ទៅតាម​ក្រម​សីល​ធម៌​ វិជ្ជា​ជីវៈ តែមាន​​​កំហុសបច្ចេក​​ទេស ​​ដោយ​​​សារ​តែ​យក​សំដី​របស់​គេ​មក​ដាក់​ក្នុងកា​រ​ផ្សាយ ​​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត។

ចំណែក ​អង្គការ​​សង្គមស៊ីវិលជាតិ ​និង​អន្តរជាតិ​ចំនួន ២២​​ស្ថាប័ន ក៏ធ្លាប់​​បាន​​អំពាវនាវកាល​ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ​ឱ្យ​​​​ដោះលែង​​លោក ហែម វណ្ណា ផងដែរ ​ដោយ​ថា ការ​ចាប់​ខ្លួន​អ្នកសារ​ព័ត៌មាន​រូប​នេះ ហាក់បង្ហាញពី​និន្នការ​​របស់រដ្ឋាភិបាល ​ក្នុង​ការ​រឹតត្បិត​សំឡេង​សមាជិក​​​​​អ្នក​សារព័ត៌មាន តាមរយៈការ​​​ប្រើប្រាស់​​​ក្រម​ព្រហ្ម​ទណ្ឌ ជំនួសពីការ​​​ប្រើ​ប្រាស់​​យន្តការ​ច្បាប់​ស្តីពី​​របប​សារព័ត៌​មាន។​

ពួកគេបានស្នើ​ឱ្យ​ប្រើប្រាស់​​ច្បាប់​ស្តីពីរបប​សារព័ត៌មាន​ ក្នុងការ​ដោះស្រាយ​វិវាទ​ដែល​ពាក់ព័ន្ធ​នឹង​​ការ​ងារ​សារព័ត៌​មាន ជំនួស​​ឱ្យ​កា​រប្រើ​ប្រាស់​បទ​ចោទ​ព្រហ្ម​ទណ្ឌ និង​ការ​ពារ​សេរីភាព​សារព័ត៌​មាន ព្រមទាំងធានាថា អ្នកសារព័ត៌​មាន​​​​អាច​អនុវត្ត​ភារកិច្ច​វិជ្ជាជីវៈ​របស់​ខ្លួន ដោយ​គ្មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​រំខាន ការ​គំរាម​កំហែង ការ​រឹតត្បិត ឬការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ